ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​រតនគិរី​គ្រោង​តវ៉ា​រុះរើ​បង្គោល​ដី​ក្រុមហ៊ុន​សម្បទាន

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​ភូមិ​តា​លាវ ឃុំ​តាលាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី គ្រោង​លើក​គ្នា​ទៅ​តវ៉ា​រុះរើ​បង្គោល​ព្រំ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហ័ង អាញ អូរយ៉ាដាវ (Hoang Anh Oyadav) ដើម្បី​ទាមទារ​ដី​ជាង ១០​ហិកតារ ជា​ទី​ទួល​សុវត្ថិភាព​របស់​អ្នក​ភូមិ​បន្ទាប់​​ពី​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​យក​ជា​ដី​សម្បទាន​នៅ​តំបន់​នោះ។

អ្នក​ភូមិ​តាលាវ គ្រោង​ធ្វើ​ការ​តវ៉ា​ដោយ​ហិង្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​មិថុនា ដើម្បី​ដណ្ដើម​យក​ដី​ពី​ក្រុមហ៊ុន​មក​វិញ​សម្រាប់​បង្កើត​ភូមិ​ថ្មី ដោយសារ​ភូមិ​ចាស់​ច្រាំងទន្លេ​បាន​បាក់​ជា​បន្តបន្ទាប់។

តំណាង​អ្នក​ភូមិ លោក សុង ប៊ុនអាំ នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​មិថុនា រៀបរាប់​ថា ដី​ទំហំ​ជាង ១០​ហិកតារ​ដែល​អ្នក​ភូមិ​ទាមទារ​នេះ ជា​ដី​ត្រៀម​បម្រុង​របស់​អ្នក​ភូមិ ក៏ប៉ុន្តែ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​យក​តាំង​​ពី​ឆ្នាំ​២០១២ ទោះ​បី​អ្នក​ភូមិ​បាន​តវ៉ា​ជា​ច្រើន​លើក និង​ធ្វើ​លិខិត​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ណា​ក្តី។

លោក​កត់សំគាល់​ថា ដី​តំបន់​នោះ​មាន​សារសំខាន់​សម្រាប់​អ្នក​ភូមិ​​តាំង​ទី​លំនៅ​ថ្មី​ដើម្បី​ជម្លៀស​ក្រុម​គ្រួសារ​ពី​ភូមិ​ចាស់​កំពុង​រងគ្រោះ​ដោយ​បាក់​ច្រាំង​ទន្លេ៖ «ពួក​ខ្ញុំ​ទៅ​ដេញ​ក្រុមហ៊ុន​ពីរ​បី​ដង​ហើយ​គេ​ថា ដោះស្រាយ​ឲ្យ​គ្មាន​អត់​ដោះស្រាយ​ឲ្យ​ទេ ឥឡូវ​នេះ​គេ​ដាំ​របង​ថ្មី​ទៀត​ហើយ ពួក​ខ្ញុំ​ចង់​ទៅ​ដក​ទៀត​ហ្នឹង។ ស្អែក​ពួក​ខ្ញុំ​ធ្វើ​សកម្មភាព»

​ក្រុមហ៊ុន ហ័ង អាញ អូរយ៉ាដាវ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ៩​ពាន់​ហិកតារ​នៅ​ស្រុក​អណ្ដូងមាស កាល​ពី​ឆ្នាំ​២០១១ ក៏ប៉ុន្តែ​ដី​នោះ​បង្ក​ផល​ប៉ះពាល់​ដី​ត្រៀម​បម្រុង​ជា​ទី​ទួល​សុវត្ថិភាព​ប្រជាពលរដ្ឋ​​គ្រា​មាន​ទឹកជំនន់។

​តំណាង​ក្រុមហ៊ុន លោក ថាច់ ភៀន មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ដែល​អ្នក​ភូមិ​ទាមទារ​នោះ គឺ​ជា​ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​រួច​ហើយ បន្ទាប់​ពី​ក្រសួង​កសិកម្ម បាន​ចេញ​អាជ្ញាប័ណ្ណ​សម្បទាន​​ប្រគល់​ឲ្យ​ក្រុមហ៊ុន។

លោក​បន្ត​ថា ក្រុមហ៊ុន​និង​អាជ្ញាធរ​បាន​ពិភាក្សា​គ្នា​ស្វែង​រក​ដី​នៅ​តំបន់​ក្បែរ​នេះ ដើម្បី​ប្ដូរ​ជូន​ប្រជាពលរដ្ឋ​តាំង​ទី​លំនៅ​ថ្មី៖ «អាជ្ញាធរ​មូលដ្ឋាន​ស្រុក​យើង ខេត្ត​យើង មាន​តំណាង​ខេត្ត​ចុះ​ទៅ​ហ្នឹង គាត់​មាន​រៀបចំ​ដី​មួយ​កន្លែង​​ធ្វើ​ភូមិ ធ្វើ​ទីតាំង អាច​កសាង​សាលារៀន មន្ទីរពេទ្យ​ឲ្យ​គាត់​ណា»

​ដូច​គ្នា​នេះ​ដែរ​អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ កត់​សំគាល់​ដែរ​ថា អាជ្ញាធរ​ស្រុក​និង​ខេត្ត​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​រស់​នៅ​របស់​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​គួរ​អត់ធ្មត់​ទុក​​ពេល​វេលា​ឲ្យ​មន្ត្រី​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ។ លោក​បន្ថែម​ថា ដី​ដែល​​ប្រជាពលរដ្ឋ​ស្នើ​សុំ​មួយ​ផ្នែក​ប៉ះពាល់​ដី​ឈូស​ឆាយ​របស់​ក្រុមហ៊ុន និង​មួយ​ផ្នែក​ទៀត​ប៉ះពាល់​ដី​​ប្រជាពលរដ្ឋ​មួយ​ចំនួន​គ្រប់គ្រង​ជា​លក្ខណៈ​ឯកជន ហេតុ​នេះ​អាជ្ញាធរ​កំពុង​ស្វែង​រក​លទ្ធភាព​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ។

លោក នង ដារិទ្ធ៖ «ឯកឧត្តម​អភិបាល​ខេត្ត​ថ្មី ឯកឧត្ដម ថង សាវុន លោក​យក​ចិត្ត​ទុក​ដាក់​ណាស់ គាត់​សួរ​រហូត ហើយ​គាត់​ជំរុញ​ឲ្យ​ដំណើរការ​ហ្នឹង​ឲ្យ​ឆាប់ តាម​សំណូមពរ​គាត់​ហើយ ប៉ុន្តែ​អ្វី​ដែល​គាត់​​ចង់​បាន​លឿន​បំផុត​នោះ យើង​មិន​ទាន់​ធ្វើ​ទៅ​បាន​ទេ»

​ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​តវ៉ា​ដោយ​អហិង្សា ចៀសវាង​មាន​កំហុស​តាម​ផ្លូវ​ច្បាប់ ក៏ប៉ុន្តែ​​លោក​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​តាម​​ប្រកាស​របស់​អន្តរក្រសួង​ស្ដីពី​ការ​ពង្រឹង​ការ​អនុវត្ត​បទបញ្ញត្តិ និង​បច្ចេកទេស​នានា​ទាក់ទិន​ការ​គ្រប់គ្រង​​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា។
លោក ឆាយ ធី៖ «បើសិនជា​មិន​មាន​ការ​គោរព​ទេ គឺ​ជា​ការ​រំលោភ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ហើយ។ គួរ​តែ​អាជ្ញាធរ​យក​ចំណុច​វិជ្ជមាន​ណា​ដែល​មាន​ស្រាប់​មក​អនុវត្ត។ ពលរដ្ឋ​គាត់​មាន​សិទ្ធិ​តវ៉ា ប្រើប្រាស់​វិធានការ​ផ្លូវ​ច្បាប់​ដោយ​អហិង្សា»

​កាល​ពី​ដើម​ខែ​ឧសភា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ចេញ​ប្រកាស​រួមគ្នា​ស្ដីពី​ការ​ពង្រឹង​ការ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នានា​អនុវត្ត​គោល​នយោបាយ​រូបមន្ត​ស្បែក​ខ្លា ដែល​ធានា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ប្រើប្រាស់​អាស្រ័យ​ផល​របស់​​ប្រជាពលរដ្ឋ ដី​ព្រៃ​សហគមន៍ និង​ដី​អភិរក្ស​ដែល​ត្រូវ​រក្សា​ទុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។