បណ្ដឹងទាមទារសំណងផលប៉ះពាល់ដីធ្លីសហគមន៍ភូមិកាឡៃតាវង ឃុំភ្នំកុក ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហុង អាញ់ ម៉ាងយ៉ាង ខេ (Hong An Mang Yang K) អូស បន្លាយអស់រយៈពេលជាង ៥ឆ្នាំ មិនមានដំណោះស្រាយ បើទោះបីអ្នកភូមិតវ៉ាតាមរយៈមន្ត្រីអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល យ៉ាងណាក្តី។
សេចក្ដីរាយការណ៍ចុងក្រោយនេះឲ្យដឹងថា អាជ្ញាធរមូលដ្ឋានបានសម្របសម្រួលឲ្យក្រុមហ៊ុនយល់ព្រមផ្ដល់សំណងសម្រាប់ផលប៉ះពាល់នោះហើយ។
សំណងជាប្រាក់ ២៥០ដុល្លារសម្រាប់ផលប៉ះពាល់ដីប្រជាពលរដ្ឋមួយហិកតារ ត្រូវបានអ្នកភូមិសម្រេចចិត្តទទួលយកដោយសារតែអ្នកភូមិគ្មានជម្រើសធ្វើការប្ដឹងផ្ដល់បន្តទៀត។
កាលពីឆ្នាំ២០០៩ ប្រជាពលរដ្ឋ ៩គ្រួសារបានដាក់ពាក្យប្ដឹងក្រុមហ៊ុន គិរី អភិវឌ្ឍន៍ ពីបទឈូសឆាយទៅលើដីចម្ការរបស់ពួកគាត់ ១៧ហិកតារ។ ការប្ដឹងទារទារសំណងផលប៉ះពាល់នេះបានអូសបន្លាយរហូតបច្ចុប្បន្ន បន្ទាប់ពីក្រុមហ៊ុន គិរី អភិវឌ្ឍន៍ បានផ្ទេរដីសម្បទានរបស់ខ្លួនប្រគល់ទៅឲ្យក្រុមហ៊ុន ហុង អាញ់ ម៉ាងយ៉ាង។ ដោយឡែកក្រុមហ៊ុន ហុង អាញ់ មិនទទួលខុសត្រូវលើការទាមទាររបស់ពលរដ្ឋនោះទេ ដោយលើកហេតុផលថា ក្រុមហ៊ុន ហុង អាញ់ មិនបានឈូសឆាយដីអ្នកភូមិ
ឡើយ។
ប្រជាពលរដ្ឋអ្នករងផលប៉ះពាល់មួយគ្រួសារក្នុងចំណោម ៩គ្រួសារ មានប្រសាសន៍បញ្ជាក់ថា រហូតមកទល់នឹងថ្ងៃទី១៨ ខែមិថុនា មន្ត្រីមូលដ្ឋាន និងតំណាងក្រុមហ៊ុនបានសម្រេចផ្ដល់សំណងប្រមាណ ៥០ភាគរយនៃប្រាក់ទាមទាររបស់ពលរដ្ឋ ទើបអ្នកភូមិយល់ព្រមដោយបង្ខំចិត្ត។
លោកបន្តថា ថ្វីត្បិតពួកគាត់យល់ព្រមទទួលសំណងតិចតួចនេះ ក៏ប៉ុន្តែអ្នកភូមិនៅតែចាត់ទុកថា ដំណោះស្រាយផលប៉ះពាល់នេះមិនផ្ដល់យុត្តិធម៌ដល់អ្នកភូមិឡើយ៖ «គេនិយាយជាមួយខាងខ្ញុំបើ ២៥០លោកឯងយកទេ? បើប្រជាពលរដ្ឋទារ ៥០០ គេមិនសងទេ។ មិនដឹងធ្វើម៉េចទេ ប្រជាពលរដ្ឋពីម្សិលមិញគាត់ព្រមខ្លាចគេមិនសង»។
ទាក់ទិនករណីនេះដែរ តំណាងក្រុមហ៊ុន ហុង អាញ់ ឈ្មោះ ហាយ នៅថ្ងៃទី១៩ ខែមិថុនា បដិសេធមិនឆ្លើយសំណួរវិទ្យុអាស៊ីសេរីទេ។ លោកអះអាងថា ជាប់រវល់៖ «ឥឡូវខ្ញុំកំពុងជាប់រវល់ ខ្ញុំអត់មានពេលទេ សុំទាក់ទងទៅមេឃុំ»។
យ៉ាងណាក៏ដោយ មេឃុំភ្នំកុក លោក លី នឿន មានប្រសាសន៍បញ្ជាក់ថា ប្រាក់ដែលក្រុមហ៊ុនយល់ព្រមផ្ដល់ជូនប្រជាពលរដ្ឋមិនមែនជាប្រាក់សំណងទេ គឺជាប្រាក់ឧបត្ថម្ភដើម្បីបញ្ចប់បញ្ហា ពីព្រោះក្រុមហ៊ុន ហុង អាញ់ មិនមែនជាអ្នកឈូសឆាយដីប្រជាពលរដ្ឋផ្ទាល់ទេ។ លោកថា អាជ្ញាធរខេត្តបានអន្តរាគមករណីនេះ ទើបក្រុមហ៊ុនយល់ព្រមឧបត្ថម្ភប្រាក់ខ្លះជូនអ្នកភូមិ៖ «ជាន់ដានជើងគេ ក្រុមហ៊ុនថា ឲ្យខ្ញុំអត់ប្រាប់ពួកគាត់ បើប្រាប់ពួកគាត់ គាត់កាត់លុយឲ្យប្រជាពលរដ្ឋ»។
ក្រុមហ៊ុន គិរី អភិវឌ្ឍន៍ កាលពីឆ្នាំ២០០៨ បានស្នើសុំដីសម្បទានសេដ្ឋកិច្ចជាង ៨០០ហិកតារនៅឃុំភ្នំកុក។ បន្ទាប់ពីចុះកិច្ចព្រមព្រៀងវិនិយោគដីសម្បទានជាមួយក្រសួងកសិកម្ម ក្រុមហ៊ុននេះបានឈូសឆាយប៉ះពាល់ដើមឈើផលិតទឹកជ័រ ឬដើមច្បោះអ្នកភូមិរាប់រយដើម និងដីស្រែចម្ការអ្នកភូមិមួយចំនួនទៀត។ គ្រានោះក្រុមហ៊ុនបានផ្ដល់សំណងដើមច្បោះមួយដើម ៣ម៉ឺនរៀល ក៏ប៉ុន្តែក្រុមហ៊ុននេះមិនបានផ្ដល់សំណងដីចម្ការអ្នកភូមិដែលក្រុមហ៊ុនឈូសឆាយយកនោះទេ។ បន្ទាប់មកក្រុមហ៊ុនក៏បានផ្ទេរដីរបស់ខ្លួនទាំងអស់ទៅឲ្យក្រុមហ៊ុន ហុង អាញ់ ធ្វើអាជីវកម្មបន្ថែមទៅលើដីសម្បទានក្រុមហ៊ុន ហុង អាញ់ ជាង ៨ពាន់ហិកតារនៅតំបន់ជាប់គ្នានោះ។
ទោះជាយ៉ាងនេះក្តី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី ចាត់ទុកករណីនេះថា ជាអំពើរំលោភសិទ្ធិដីធ្លីជនជាតិដើមភាគតិច ទោះបីមានការផ្ទេរដីទៅឲ្យក្រុមហ៊ុន ហុង អាញ់។
យ៉ាងណាក្ដីលោកថា តាមផ្លូវច្បាប់អ្នកភូមិនៅតែមានសិទ្ធិប្តឹងតវ៉ាសំណងផលប៉ះពាល់ និងការរំលោភសិទ្ធិដីធ្លីអ្នកភូមិដែលក្រុមហ៊ុនពាក់ព័ន្ធបង្កឡើងច្រើនឆ្នាំកន្លងទៅនេះ៖ «សំណងដែលក្រុមហ៊ុនផ្ដល់នេះមិនមែនជាលក្ខណៈសងទេ គ្រាន់តែជាការសម្របសម្រួលកុំឲ្យមានការប្ដឹងផ្ដល់តែប៉ុណ្ណោះ។ ការផ្ដល់ឲ្យ ២៥០ដុល្លារក្នុងមួយហិកតារ មិនសមរម្យទៅនឹងតម្លៃទីផ្សារទេ»។
តាមការគ្រោងទុក ក្រុមហ៊ុន ហុង អាញ់ នឹងទូទាត់ប្រាក់សំណងប្រជាពលរដ្ឋនៅដើមសប្ដាហ៍ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
