អាជ្ញាធរស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយក្រុមពិតជាចូលទៅកាន់កាប់ដីតំបន់ព្រៃសហគមន៍ការពារ បន្ទាប់ពីពួកគេលក់ដូរដីធ្វើស្រែចម្ការផ្ទាល់ខ្លួនអស់។ រីឯសហគមន៍អភិរក្សព្រៃការពារបដិសេធមិនយល់ព្រមប្រគល់ដីព្រៃការពារទៅឲ្យជនជាតិដើមភាគតិចទាំងនោះទេ។
អាជ្ញាធរស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រកឃើញថា ជនជាតិដើមភាគតិច ៩គ្រួសារ បានចូលមកកាន់កាប់ដីព្រៃការពារសហគមន៍ជាង ៨ហិកតារដោយខុសច្បាប់។ ករណីនេះអាជ្ញាធរស្រុកគ្រោងផ្ដល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋទាំងនោះជំនួសការចូលទៅកាន់កាប់ដីព្រៃខុសច្បាប់។
កាលពីថ្ងៃទី២១ ខែកក្កដា ក្រុមសមត្ថកិច្ចចម្រុះនៃអាជ្ញាធរស្រុកអូរយ៉ាដាវ បានចុះស្រង់ស្ថិតិ និងចំនួនដីដែលក្រុមជនជាតិដើមភាគតិចភូមិសោមគល់ ឃុំសោមធំ នាំគ្នាមកកាប់ឆ្ការព្រៃការពាររបស់សហគមន៍ភូមិឡែ ឃុំលំជ័រ ហើយតាំងលំនៅ និងដាំដំណាំលើដីនោះ ខណៈដែលសហគមន៍អភិរក្សព្រៃការពារតវ៉ាឲ្យអាជ្ញាធរដោះស្រាយការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់នេះ។
អភិបាលស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ បញ្ជាក់នៅថ្ងៃទី២៣ ខែកក្កដា ថា អាជ្ញាធរស្រុកនឹងកោះអញ្ជើញអាជ្ញាធរឃុំទាំងពីរមកសម្របសម្រួលរកមធ្យោបាយផ្ដល់ដីនៅទីកន្លែងណាមួយសម្រាប់ប្រជាពលរដ្ឋទាំង ៩គ្រួសារ មានលទ្ធភាពធ្វើកសិកម្មចិញ្ចឹមជីវិតក្នុងលក្ខខណ្ឌនៃការផ្ដល់ដីសម្បទានសង្គមកិច្ច។ លោកថា ក្រុមជនជាតិដើមភាគតិចដែលចូលទៅកាន់ដីព្រៃការពារខុសច្បាប់នេះ ដោយសារពួកគាត់មិនបានយល់ដឹងពីច្បាប់ ហើយធ្វើតាមទម្លាប់កាប់រានព្រៃយកដីកាលណាពីពួកគាត់ត្រូវការដីដាំដុះ៖ «បើពិនិត្យឃើញថា គាត់អត់ឲ្យគាត់ទៅស្នើសុំតាមច្បាប់សម្បទានសង្គមកិច្ចមក។ ជំហរភាគីទាំងពីរអ៊ីចឹងហើយ ប៉ុន្តែពិនិត្យការជាក់ស្ដែងអាជ្ញាធរនឹងរកកន្លែងណាមួយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រជាពលរដ្ឋ ៩គ្រួសារសុំបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី២៣ ខែកក្កដា ក៏ប៉ុន្តែមេឃុំសោមធំ លោក សល់ ទួន ឲ្យដឹងថា ជនជាតិដើមភាគតិចទាំង ៩គ្រួសារមានទីលំនៅក្នុងភូមិសោមគល់ ឃុំសោមធំ ក៏ប៉ុន្តែពួកគេលក់ដីចម្ការផ្ទាល់ខ្លួនអស់ទើបនាំគ្នាទៅកាប់រានយកដីរបស់សហគមន៍ភូមិផ្សេង។
លោកថា នេះជាករណីមួយក្នុងចំណោមករណីដូចគ្នានេះដែរ ដែលជនជាតិដើមលង់ខ្លួនលក់ដីយកប្រាក់បំពេញតម្រូវការតាមវប្បធម៌សម័យថ្មីទីបំផុតពួកគាត់ប្រឈមទៅនឹងបញ្ហាខ្វះដីដាំដំណាំចិញ្ចឹមជីវិត៖ «មិនដែលថា អត់ដីទេ ដីគេមាន គេលក់ៗៗ ឲ្យគេ។ លក់អស់ដីហើយទៅចាប់ដីគេហ្នឹងណា!»។
សហគមន៍ភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ កាលពីដើមខែកក្កដា បានប្រជុំឯកភាពគ្នាគ្រោងនាំគ្នាទៅរុះរើរោងស្នាក់នៅរបស់ជនជាតិដើមភាគតិច ៩គ្រួសារនោះដោយសារតែមិនឃើញសមត្ថកិច្ចចុះដោះស្រាយការកាប់ឆ្ការព្រៃសហគមន៍តាំងលំនៅខុសច្បាប់នេះ។
តំណាងសហគមន៍ភូមិឡែ លោក សល់ ណក មានប្រសាសន៍ថា សមាជិកសហគមន៍ទាំងអស់ឯកភាពគ្នាមិនឲ្យមានការតាំងលំនៅក្នុងតំបន់ព្រៃការពារនោះឡើយ។ លោកកត់សំគាល់ថា តំបន់នោះជាកន្លែងដាំឈើឡើងវិញ ជាសំណងរបស់ក្រុមហ៊ុនសម្បទាន ជា ច័ន្ទរិទ្ធ ដែលបានរំលោភឈូសឆាយព្រៃនោះជាង ៣០ហិកតារកាលពីឆ្នាំ២០១២ ហេតុនេះសហគមន៍រក្សាកន្លែងនោះសម្រាប់ដាំដើមឈើរាប់ពាន់ដើមបន្ថែមទៀត៖ «តាមយោបល់សហគមន៍មិនឲ្យធ្វើទេ ឲ្យគេរុះរើទាំងអស់ ចាំតែអភិបាលស្រុកដោះស្រាយឲ្យ។ ស្រុកវាស់វែងហើយ ប៉ុន្តែគេមិនទាន់ដោះស្រាយ»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្ត រតនគិរី លោក ឆាយ ធី ថ្លែងបញ្ជាក់ថា នេះជាករណីមួយដែលអាជ្ញាធរមូលដ្ឋានត្រូវចាប់អារម្មណ៍ ហើយជួយរកវិធានការអប់រំជនជាតិដើមភាគតិចពីសារសំខាន់នៃដីធ្លី។ លោកថ្លែងថា ជនជាតិដើមភាគតិចនៅសហគមន៍ផ្សេងទៀតនៅខេត្តរតនគិរី បានក្លាយជាជនរងគ្រោះ ព្រោះគ្មានដីធ្លីដោយសារខ្វះការយល់ដឹងលក់ដូរដីទៅឲ្យខ្មែរចំណាកស្រុក៖ «ត្រង់ហ្នឹងហើយដែលធ្វើឲ្យមានទំនាស់ខុសពីទម្លាប់ប្រពៃណី។ ពីមុនគាត់ខ្វះដីគាត់ទៅកាប់ពីកន្លែងនេះ កន្លែងនោះ ឬអាចខ្ចីដីគ្នាបាន។ ឥឡូវគ្រួសារខ្លះគាត់មិនបានគិតគូរច្បាស់ គាត់លក់ហើយ គាត់ចាយវាយធ្វើឲ្យគាត់ខ្វះខាតដី»។
ទោះជាយ៉ាងណាក៏ដោយ តំណាងសហគមន៍ភូមិឡែ បានប្រជុំឯកភាពគ្នាទុកពេលឲ្យអ្នកភូមិដែលចូលទៅតាំងលំនៅខុសច្បាប់ក្នុងព្រៃការពាររហូតដល់រដូវប្រមូលផល ដើម្បីឲ្យអាជ្ញាធររកទីតាំងថ្មីផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់ប្រជាពលរដ្ឋទាំង ៩គ្រួសារនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
