ឧកញ៉ា​មួយ​រូប​ពាក់ព័ន្ធ​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​យក​ដី​ជា​កម្មសិទ្ធិ

0:00 / 0:00

គម្រប​ព្រៃឈើ​ឋិត​​នៅ​ជាប់​នឹង​តំបន់​ព្រំដែន​ខេត្ត​រតនគិរី ក្នុង​ស្រុក​អូរយ៉ាដាវ ជាប់​នឹង​ប្រទេស​វៀតណាម ត្រូវ​បាន​ឧកញ៉ា​មាន​ប្រាក់​មួយ​រូប​ឈូស​ឆាយ​ព្រៃ​អស់​ប្រមាណ​ជាង ៧​ហិកតារ​បន្ថែម​ទៀត ដើម្បី​យក​ដី។ មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​បារម្ភ​ថា ប្រសិន​មន្ត្រី​ជំនាញ​មិន​ទប់ស្កាត់​ទេ ព្រៃឈើ​និង​ដី​នៅ​តំបន់​នោះ នឹង​ត្រូវ​ក្លាយ​ជា​កម្មសិទ្ធិ​អ្នក​មាន​ប្រាក់ មាន​អំណាច។

​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ក្រសួង​កសិកម្ម​ស៊ើប​អង្កេត​ករណី​ឈូស​ឆាយ​ដី​តំបន់​ព្រៃឈើ​នេះ​ជា​បន្ទាន់ ដើម្បី​រក​ឲ្យ​ឃើញ​ពី​ហេតុផល​នាំ​ឲ្យ​មានការ​ឈូស​ឆាយ​តំបន់​គម្រប​ព្រៃ​របស់​រដ្ឋ​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី បាន​ចុះ​អង្កេត​សេចក្ដី​រាយការណ៍​ទាក់ទិន​បទល្មើស​ព្រៃឈើ​នេះ រក​ឃើញ​ថា ដី​ព្រៃ​មួយ​កន្លែង​ឋិត​នៅ​ខាង​កើត​ជាប់​ដី​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​​ក្រុមហ៊ុន ទ្រី ភាព ក្នុង​ឃុំ​សេសាន ត្រូវ​បាន​គេ​ឈូស​ឆាយ​ប្រមាណ​ពីរ​សប្ដាហ៍​កន្លង​ទៅ​នេះ។ ជាមួយ​នោះ​ដែរ ដី​ព្រៃ​ដែល​គេ​ឈូស​ឆាយ​មួយ​ចំហៀង ត្រូវ​បាន​គេ​កាយ​ប្រឡាយ​ខណ្ឌ​ធ្វើ​ព្រំ​ដើម្បី​ហ៊ុមព័ទ្ធ​យក​ដី​នោះ។

លោក ឆាយ ធី ថ្លែង​ថា តំបន់​នោះ​ជា​តំបន់​ព្រៃ​ការពារ​ដោយ​មន្ត្រី​ព្រៃឈើ​ច្រើន​ឆ្នាំ​កន្លង​ទៅ ហើយ​តំបន់​នេះ​ក៏​ជា​តំបន់​ដែល​មន្ត្រី​ព្រៃឈើ​មក​ដក​ហូត​ពី​អ្នក​កាន់កាប់​ដី​បាន​ពី​កាប់​រាន​ព្រៃ​កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ​ដែរ៖ «ការ​ឈូស​ឆាយ​នេះ​យើង​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ថ្នាក់​ជាតិ ពី​ក្រសួង​កសិកម្ម ពី​កា​រុករាន​ដី​ព្រៃ​នៅ​ព្រំដែន​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ព្រោះ​យើង​ពិនិត្យ​ឃើញ​ថា ដី​ព្រៃ​នេះ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ មិន​មែន​ជា​ដី​កម្មសិទ្ធិ​របស់​សហគមន៍​នោះ​ឡើយ»

​យោង​ឯកសារ​ថតចម្លង​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ពី​អ្នកបញ្ជា​គ្រឿងចក្រ​ឈូស​ដី​បង្ហាញ​ថា ព្រៃ​ដែល​គេ​បាន​ឈូស​ឆាយ​នេះ​ជាប់​ទាក់ទិន​ទៅ​នឹង​ឧកញ៉ា​មួយ​រូប​ឈ្មោះ ជួន កុល ដែល​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​តាំង​ពី​ឆ្នាំ​២០០៤។ ដី​នោះ​មាន​ទំហំ​ជាង ១៦​ម៉ឺន​ម៉ែត្រ​ការ៉េ ឋិត​ក្នុង​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ។ ផ្អែក​លើ​លិខិត​ទិញ​លក់​នេះ ឧកញ៉ា ជួន កុល បាន​ធ្វើ​លិខិត​ស្នើ​សុំ​ឈូស​ឆាយ​ដី​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥។ ចំណែក​អភិបាល​ខេត្ត​រតនគិរី លោក ថង សាវុន បាន​ចារ​ឯកភាព​លើ​ការ​ស្នើ​​សុំ​ឈូស​ឆាយ​ដី​នោះ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា មិន​អាច​ទាក់ទង​ឧកញ៉ា ជួន កុល សុំ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ។ ​ក៏ប៉ុន្តែ​អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ ទទួល​ស្គាល់​ថា ការ​ឈូស​ឆាយ​ដី​នៅ​តំបន់​នោះ​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ​ខេត្ត ក៏​ប៉ុន្តែ​ការ​ឈូស​ឆាយ​ពិត​ជា​បាន​ប៉ះពាល់​ព្រៃឈើ​មួយ​ចំណែក​ប្រាកដ​មែន។

លោក​ថា បណ្ដា​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តំបន់​នោះ​ក៏​ពាក់ព័ន្ធ​ឈូស​ឆាយ​ព្រៃ​យក​ដី​ដូច​គ្នា ហេតុ​នេះ​លោក​ទាមទារ​ឲ្យ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា៖ «ខ្ញុំ​នឹង​ចុះ​អនុវត្ត​បង្កើត​គណៈកម្មការ​មួយ​ចុះ​ស្រាវជ្រាវ។ ប៉ុន្តែ​ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ​ដែនដី ខ្ញុំ​ចង់​បង្ក​​លក្ខណៈ​ថា ដី​នៅ​ព្រំដែន​នេះ​ជា​ដី​បម្រុង​របស់​រដ្ឋ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ឯកជន​វិនិយោគ ឬ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គាត់​គ្រប់គ្រង​យូរ​ហើយ ចង់​ឲ្យ​គាត់​អភិវឌ្ឍ​សេដ្ឋកិច្ច»

​ទាក់ទិន​បញ្ហា​នេះ​ដែរ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរយ៉ាដាវ លោក ឡេង យុគ មាន​ប្រសាសន៍​ថា មន្ត្រី​ព្រៃឈើ​មិន​ទាន់​បាន​ចុះ​អង្កេត​ករណី​នេះ​នៅ​ឡើយ។ លោក​ថា ដី​តំបន់​នោះ​មាន​បញ្ហា​ចម្រូងចម្រាស​ច្រើន​លើក​មក​ហើយ ហេតុ​នេះ​មន្ត្រី​លោក​នឹង​ចុះ​ទៅ​ស្រាវជ្រាវ​រឿង​នេះ​បន្ត​ទៀត៖ «កាល​មុន​អាជ្ញាធរ​ចុះ​ទៅ​ដោះស្រាយ​ថា មាន​ប័ណ្ណ​កម្មសិទ្ធិ​វាស់វែង។ ចាំ​មើល​ខ្ញុំ​ស៊ើប​បន្ត​ទៀត​មើល ព្រោះ​រឿង​ហ្នឹង​វា​កើត​ច្រើន​លើក​ហើយ យើង​ចុះ​ទៅ​ប៉ុន្មាន​សា​ហើយ»

​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ លោក ឆាយ ធី កត់សំគាល់​ថា ការ​ឈូស​ឆាយ​ដី​នៅ​តំបន់​នោះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដូចជា​ឯកសារ​ផ្ទេរ​សិទ្ធិ​កាន់កាប់​ដី​របស់​លោក ជួន កុល គឺ​ដី​នៅ​ឃុំ​ប៉ក់ញ៉ៃ ក៏ប៉ុន្តែ​ដី​​​ជាក់ស្ដែង​ដី​ដែល​លោក ជួន កុល បាន​ឈូស គឺ​ឋិត​ក្នុង​ឃុំ​សេសាន។ ម្យ៉ាង​ទៀត​ទីតាំង​ដី​នោះ មន្ត្រី​​​ព្រៃឈើ​មក​បាន​ដក​ហូត​ទុកជា​សម្បត្តិ​រដ្ឋ តាំង​ពី​ឆ្នាំ​២០០៧ ដោយសារ​ដី​នោះ​បាន​មក​ពី​ការ​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់ និង​ដោយ​ឡែក ការ​ឈូស​ឆាយ​ដី​ថ្មី​នេះ​គឺ​បាន​ឈូស​ចូល​ទៅ​តំបន់​ព្រៃឈើ​បន្ថែម​ទៀត ដើម្បី​ពង្រីក​យក​ដី​រហូត​ដល់ ១២​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។