អ្នក​ភូមិ​នៅ​រតនគិរី​ចោទ​ក្រុមហ៊ុន​សម្បទាន​រំលោភ​យក​ដី

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង ២០​គ្រួសារ រស់​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​​សេដ្ឋកិច្ច ហ័ង អាញ លំផាត់ (Hoang Anh Lumphat) ថា​រំលោភ​ដី​ចម្ការ​របស់​ពួកគាត់។ អ្នក​ភូមិ​ទាំង​នោះ​អះអាង​ថា ដី​ទាំ​នោះ​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​ដែល​ទទួល​​បាន​ពី​ការ​វាស់វែង​ដោយ​ក្រុម​និស្សិត និង​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល ប៉ុន្តែ​ខាង​ក្រុមហ៊ុន​នៅតែ​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី​សម្បទាន និង​ប៉ះ​ទៅ​លើ​ដី​ចំណី​ទន្លេ​ថែម​ទៀត។

ប្រជាពលរដ្ឋ​បី​នាក់​តំណាង​ឲ្យ​អ្នក​ភូមិ​ដីឡូត៍ ឃុំ​ជ័យឧត្តម ជាង ២០​គ្រួសារ បាន​មក​ដល់​ការិយាល័យ​​អង្គការ​អាដហុក (Adhoc) ខេត្ត​រតនគិរី ដើម្បី​ស្នើ​សុំ​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ​ធ្វើ​អន្តរាគមន៍​ទៅ​លើ​​ករណី​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​ចោទ​មន្ត្រី​អាជ្ញាធរ​​ស្រុក​ថា​មាន​ភាព​លំអៀង​ទៅ​ខាង​ក្រុមហ៊ុន​ក្នុង​ពេល​ដោះស្រាយ​ទំនាស់​នេះ។

តំណាង​ប្រជាពលរដ្ឋ អ្នកស្រី គង់ គឹមសៀង នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា រៀបរាប់​ថា ដី​ប្រជាពលរដ្ឋ​មាន​​ប័ណ្ណ​កម្មសិទ្ធិ​ពីរ​គ្រួសារ និង​ដី​ប្រជាពលរដ្ឋ​ជាង ១០​គ្រួសារ​ទៀត បាន​កាន់កាប់​ច្រើន​ឆ្នាំ​មក​ហើយ ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​រំលោភ​យក​ក្នុង​នោះ​ក៏​បាន​ឈូស​ឆាយ​ទៅ​លើ​ដំណាំ​ចម្ការ​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ​នៅ​ពេល​ថ្មីៗ​នេះ​ទៀត​ផង។

អ្នកស្រី​បន្ត​ថា ក្រុមហ៊ុន​បាន​បោះ​បង្គោល​របង​ព្រំ​ដី​សម្បទាន​​រំលោភ​យក​ដី​ចំណី​ទន្លេ​ផ្ទុយ​ពី​គោលការណ៍​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច៖ «ប្លង់​ហើយ​ហ្នឹង​វា​ឈូស​ហើយ​វា​ឈូស​ថ្ងៃ​២៣ ហើយ​ដាក់​របង​ព័ទ្ធ​អស់​ព័ទ្ធ​ទាំង​មុខ​ផ្ទះ តែ​ព័ទ្ធ​មុខ​ផ្ទះ​​ខ្ញុំ​ដក​ចេញ​ទៅ។ ប្អូន​ខ្ញុំ​មាន​ដែរ ឈូស​ដីស្រែ​ហ្នឹង​អស់​ទៀត ប្អូន​ខ្ញុំ​មាន​ខ្ទង់​ប្រហែល​មួយ​ហិកតារ​ជាង»

ប្រធាន​ភូមិ​ដីឡូត៍ លោក គង់ ខៀវ មាន​ប្រសាសន៍​គាំទ្រ​ការ​ប្ដឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ ហើយ​ទម្លាក់​​​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​អាជ្ញាធរ​ស្រុក​ថា មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ​បាន​ត្រឹមត្រូវ។

លោក​ថា​ដី​តំបន់​នោះ​អ្នក​ភូមិ​ចូល​ទៅ​កាន់កាប់​ច្រើន​ឆ្នាំ​មុន​ពេល​ក្រសួង​បរិស្ថាន បាន​ផ្ដល់​ដី​សម្បទាន​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន៖ «គាត់​ឈូស​ឆាយ​ចូល​លក្ខណៈ​រំលោភ​យក​តែ​ម្ដង។ ស្រុក​ហ្នឹង​គាត់​បង្កប់​ទុក ខ្ញុំ​ក៏​មិន​ដឹង​ដែរ ព្រោះ​​ខ្ញុំ​ធ្វើ​របាយការណ៍​វា​ហួស​របាយការណ៍​ហើយ»

ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ បាន​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម មាន​ដំណាំ​កៅស៊ូ ដូងប្រេង លើ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ដូនពេញ អាហ្គ្រីកូ (Daun Penh Agrico) លើ​ផ្ទៃដី​ប្រមាណ ៨​ពាន់​ហិកតារ​ក្នុង​តំបន់​ដែន​ជម្រក​​សត្វព្រៃ​លំផាត់ តាំង​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន។

អ្នក​បកប្រែ​និង​ជា​តំណាង​ក្រុមហ៊ុន លោក ឆាយ អៀង បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​អស់​​របស់​ពលរដ្ឋ។ លោក​ថា ក្រុមហ៊ុន​បាន​អនុវត្ត​គោលការណ៍​កាត់​ដី​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​​ចេញ និង​បោះ​បង្គោល​ព្រំ​ដី​សម្បទាន​តាម​ការ​កំណត់​របស់​ក្រសួង​ជំនាញ​បរិស្ថាន៖ «គោលការណ៍​របស់​ក្រុមហ៊ុន ឲ្យ​តែ​ថា ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ គឺ​អត់​មាន​ការ​ប៉ះពាល់​ទេ។ ដី​ដែល​សល់​ពី​មាត់ទន្លេ​មក​គឺ​យើង​ធ្វើ​តាម​ការ​កំណត់​ព្រំ​ទេ»

ចំណែក​អភិបាលស្រុក​លំផាត់ លោក គង់ ស្រ៊ុន អះអាង​ដូច​គ្នា​ថា ក្រុមហ៊ុន​មិន​បាន​រំលោភ​ដី​កម្មសិទ្ធិ​ណា​មួយ​របស់​ពលរដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ប្រជាពលរដ្ឋ​ប្រមាណ ២​គ្រួសារ​នៅ​តំបន់​នោះ​បាន​​ចូល​ទៅ​ដាំ​ដុះ​ក្រោយ​ពេល​រដ្ឋ​បាន​ប្រគល់​ដី​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន។ លោក​កត់សំគាល់​​ថា មន្ទីរ​បរិស្ថាន​គឺ​ជា​ដើម​បណ្ដឹង​ចោទ​ប្រកាន់​អ្នក​ភូមិ​នោះ​តាម​ផ្លូវ​តុលាការ​ពី​បទ​រំលោភ​កាន់​កាប់​ដី​រដ្ឋ​​ខុស​ច្បាប់។

លោក គង់ ស្រ៊ុន៖ «ក្រុមហ៊ុន​ពុំ​មាន​ការ​ប៉ះពាល់​ទេ​ដោយ​មាន​អាជ្ញាធរ​យើង​ចុះទៅ​ពិនិត្យ​ដល់​ទី​តាំង​ទាំង​អស់​គ្នា។ គាត់​ហ្នឹង​បើ​សិន​ថា ដី​ក្រុមហ៊ុន​ហើយ​គាត់​ទៅ​ដាំ​លើ​ហ្នឹង ដល់​ក្រុមហ៊ុន​ទៅ​ឈូស​ទៅ​គាត់​ថា ក្រុមហ៊ុន​ទៅ​រំលោភ​លើ​ដី​គាត់»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី នៅ​ថ្ងៃ​​ពុធ ទី​២៧ ខែ​សីហា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​នេះ​ដើម្បី​ផ្ដល់​យុត្តិធម៌​​ជូន​ពលរដ្ឋ។

លោក​ថ្លែង​ថា ការ​ផ្ដល់​អាទិភាព​ជូន​ប្រជាពលរដ្ឋ​ទាក់ទិន​ទំនាស់​ដីធ្លី គឺ​ជា​យន្តការ​ដែល​​ប្រមុខ​រាជរដ្ឋាភិបាល​ណែនាំ​ឲ្យ​មន្ត្រី​មូលដ្ឋាន​អនុវត្ត​ប្រសិន​ដី​សម្បទាន​មាន​ផល​ប៉ះពាល់​សិទ្ធិ​រស់​​នៅ​របស់​ពលរដ្ឋ​អ្នក​កាន់កាប់​ដី​នោះ៖ «ក្នុង​ពាក្យ​ប្ដឹង​ដែល​ពលរដ្ឋ​ប្ដឹង​មក​អាដហុក គឺ​យើង​អន្តរាគមន៍​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត ជាពិសេស​​អភិបាល​ខេត្ត ដើម្បី​លោក​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់»

កាល​ពី​ខែ​មីនា ក្រុមហ៊ុន ហ័ង អាញ លំផាត់ បាន​កាត់ចេញ​ដី​ជិត ២​ពាន់​ហិកតារ​ពី​ដី​សម្បទាន គ្រា​ដែល​​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំនួន​ពីរ ក្នុង​ឃុំ​ជ័យឧត្តម បាន​ធ្វើ​ការ​តវ៉ា​ទារ​ដី​នោះ​សម្រាប់​ទុក​ជា​ដី​ត្រៀម​បម្រុង​​របស់​អ្នក​ភូមិ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។