ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​អះអាង​ថា​មាន​ការ​ឈូស​កូន​ភ្នំ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ

0:00 / 0:00

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (Adhoc) និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ខេត្ត​រតនគិរី អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស៊ើប​អង្កេត​ករណី​ឈូស​ឆាយ​រាន​ព្រៃ យក​ដី​ភ្នំ​ជា​តំបន់​ព្រៃ​ការពារ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ឡាមិញ ស្រុក​បរកែវ ខេត្ត​រតនគិរី បាន​តវ៉ា​ថា មាន​មនុស្ស​ជួល​ត្រាក់ទ័រ​ឈូស​កូន​ភ្នំ​មួយ ឋិត​នៅ​ទល់​មុខ​ភ្នំ​ដាង ជាប់​នឹង​ខាង​ត្បូង​ផ្លូវ​ជាតិ​លេខ​៧៨អា (78A) លើ​ផ្ទៃ​ដី​ប្រមាណ ៥​ហិកតារ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី នៅ​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​មីនា មាន​ប្រសាសន៍​បញ្ជាក់​ថា គ្រឿងចក្រ​ប្រភេទ​ឈូស​ដី​ត្រូវ​បាន​គេ​ប្រើប្រាស់​ឈូស​រំលំ​ព្រៃ​ឈើ​អស់​ប្រមាណ ១​ហិកតារ នៅ​ជម្រាល​ភ្នំ ប្រសិន​អាជ្ញាធរ​មិន​មាន​វិធាន​ការ​ទប់ស្កាត់​ទាន់​ពេល​វេលា​ទេ ព្រៃ​នៅ​តំបន់​ភ្នំ​នោះ​នឹង​ត្រូវ​គេ​ឈូស​ឆាយ​អស់​គ្មាន​សល់។

លោក​បន្ត​ថា ការ​អង្កេត​ជំហាន​ដំបូង​របស់​លោក គឺ​ការ​ឈូស​ឆាយ​យក​ដី​ភ្នំ​នេះ​មាន​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ថា មន្ត្រី​ស្រុក​បរកែវ ជា​អ្នក​បែង​ចែក​ដី​នេះ​ទៅ​ឲ្យ​មន្ត្រី​សាលា​ស្រុក ហើយ​បន្ទាប់​មក ដី​នោះ​ត្រូវ​បាន​គេ​លក់​ដូរ៖ «នេះ​ជា​ការ​រំលោភ​ទន្ទ្រាន​ឈូស​ឆាយ​ហ៊ុមព័ទ្ធ និង​កាន់​កាប់​យក​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់។ ប្រវត្តិ​ដី​នេះ ប្រជាពលរដ្ឋ និង​មន្ត្រី គាត់​ថា​អាជ្ញាធរ​ស្រុក​ខ្លួន​ឯង​ផ្ទាល់ បាន​យក​ផ្លាក​ទៅ​វាយ​នៅ​ទី​នោះ​ដាក់​ថា​ជា​ដី​រដ្ឋ។ ឥឡូវ​នេះ បែរ​ជា​មាន​ការ​ឈូស​ឆាយ​បំផ្លាញ​ដី​រដ្ឋ ដែល​ទុក​ពី​មុន​មក​ហើយ​ជា​ដី​ភ្នំ​ទៀត»

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​កាម៉ាំង ឃុំ​ឡាមិញ លោក នួ សុណ្ណ មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​បាន​ផ្តល់​ព័ត៌មាន​នេះ​ជូន​អាជ្ញាធរ​ភូមិ​រួច​ហើយ ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​មិន​បាន​ចាត់​វិធាន​ការ​លើ​បញ្ហា​នេះ​ឡើយ។ លោក​បន្ត​ថា សហគមន៍​ចាត់​ទុក​ថា​ជា​ករណី​រំលោភ​បំពាន​ឈូស​ឆាយ​តំបន់​មាន​ព្រៃ​ឈើ​ទ្រព្យ​សម្បត្តិ​រដ្ឋ៖ «សហគមន៍​ហ្នឹង​ពិបាក​ចិត្ត​ដែរ ដល់​មេ​ភូមិ​ធ្វើ​មិន​ដឹង​អ៊ីចឹង។ខ្ញុំ​ចង់​ឲ្យ​គាត់​តវ៉ា​ដែរ តែ​គាត់​ចេះ​តែ​ខ្លាច​គេ​អាង​ទឹក​លុយ​អាង​បុណ្យស័ក្តិ មាន​មុខ​មាន​មាត់​ក្នុង​ស្រុក​ហ្នឹង ចេះ​តែ​ឈូស​ឆាយ​មិន​ដឹង​ដី​សហគមន៍​ដី​ភ្នំ ចេះ​តែ​យក​ផ្ដេសផ្ដាស»

ឆ្លើយ​តប​សេចក្តី​ចោទ​ប្រកាន់​នេះ អភិបាល​ស្រុក​បរកែវ លោក ហេង ប៊ុនថាន់ បដិសេធ​ថា​អាជ្ញាធរ​ស្រុក​មិន​មាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​បែង​ចែក​ដី ឬ​ឈូស​ឆាយ​ភ្នំ​នោះ​ទេ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សាំង មាន​ដី​ចម្ការ​នៅ​តំបន់​នោះ បាន​ជួល​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​ភ្នំ​នោះ ដើម្បី​ពង្រីក​ដី​ធ្វើ​កសិកម្ម៖ «អត់​ដឹង​ដែរ​មិន​ដឹង​មន្ត្រី​ណា។ដី​តា​សាំង តើ​គាត់​ឈូស​នោះ​គាត់​លប់​រណ្ដៅ​ត្បូង​ទេ គាត់​នឹង​ដាំ​ដំឡូង​ត​អ៊ីចឹង​ណា!»

យ៉ាង​នេះ​ក៏ដោយ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​រតនគិរី លោក ផាន់ ភីន ចាត់​ទុក​ការ​ឈូស​ឆាយ​ដី​តំបន់​ព្រៃ​ការពារ​របស់​រដ្ឋ គឺ​ជា​ករណី​ខុស​ច្បាប់៖ «បើ​សិន​ជា​វា​មាន​ព្រៃ គឺ​ខុស​ហើយ ប៉ុន្តែ​បង​អាច​ទូរស័ព្ទ​ទៅ​ឯកឧត្តម​អភិបាល​ខេត្ត សួរ​នាំ​ពី​រឿង​ហ្នឹង​ច្បាស់​ជាង។ ហើយ​បើ​កាល​ណា​ចាំបាច់ គាត់​នឹង​បញ្ជា​កម្លាំង​ហើយ»

ចំណែក​អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​សាកសួរ​មន្ត្រី​មូលដ្ឋាន​នោះ​ហើយ​ថា សេចក្តី​រាយការណ៍​ចោទ​នោះ​មិន​ពិត​ទេ ពីព្រោះ​ដី​នោះ​ប្រជាពលរដ្ឋ​ឈ្មោះ សាំង បាន​កាន់​កាប់​យូរ​ហើយ។ លោក​នឹង​បន្ត​ស្រាវជ្រាវ​ករណី​នេះ​បន្ថែម។

ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​កាម៉ាំង ឲ្យ​ដឹង​ថា ភ្នំ​ដែល​គេ​កំពុង​ឈូស​ឆាយ​ព្រៃ​យក​ដី​ឋិត​ក្នុង​តំបន់​ភ្នំ​ដាង មាន​ភ្នំ​ចំនួន​ពីរ និង​មាន​អូរ​ធម្មជាតិ គឺ​អូរក្រាច និង​អូរឡាមិញ នៅ​ចន្លោះ​ភ្នំ​ទាំង​ពីរ​នេះ។តំបន់​នោះ​មាន​រ៉ែ​ត្បូង​មាន​តម្លៃ ប៉ុន្តែ​ត្រូវ​គេ​ជីក​កកាយ និង​ធ្វើ​អាជីវកម្ម​ដោយ​ម៉ាស៊ីន​ពាក់​កណ្ដាល​ស្វ័យ​ប្រវត្តិ រុករក​ត្បូង​អនាធិបតេយ្យ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។ តំបន់​ភ្នំ​ដាង មាន​ដាក់​បម្រាម​ហាម​កាប់​រាន​ព្រៃ។ ភ្នំ​នេះ​ក៏​ជា​តំបន់​ព្រៃ​ឈើ​នៅ​សេសសល់​ពី​ការ​កាប់​រាន​យក​ដី ដែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​អភិរក្ស​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។