របាយការណ៍៖ ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព បង្ក​ផល​ប៉ះពាល់​ដី​ពលរដ្ឋ​៨៤​គ្រួសារ​នៅ​ពោធិ៍សាត់

0:00 / 0:00

អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ រក​ឃើញ​ថា ក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព នៅ​ខេត្ត​ពោធិ៍សាត់ បាន​អភិវឌ្ឍ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ។

ក្រៅ​ពី​មាន​សកម្មភាព​ឈូស​ឆាយ​រំលោភ​យក​ដី និង​បំផ្លាញ​ផល​ដំណាំ ក្រុមហ៊ុន​នេះ​បាន​គំរាម​កំហែង និង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គាប​សង្កត់​ទៅ​លើ​ប្រជាពលរដ្ឋ​ថែម​ទៀត។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន បដិសេធ​ចំពោះ​ការ​រក​ឃើញ​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ។

របាយការណ៍​សង្ខេប​កម្រាស់ ៣​ទំព័រ​របស់​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ស្ដីពី​ការ​តាម​ដាន​លើ​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន អិម.ឌី.អែស និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង បង្ហាញ​ថា ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ដំណាំ​កសិឧស្សាហកម្ម​របស់​ក្រុមហ៊ុន តាំង​ពី​ឆ្នាំ​២០១០ មក​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ គឺ​ភូមិ​សង្គមថ្មី ភូមិ​កណ្ដាល និង​ភូមិ​ឯកភាព សរុប​ចំនួន ៨៤​គ្រួសារ ក្នុង​នោះ​មាន​តែ ៧​គ្រួសារ​ប៉ុណ្ណោះ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ តាម​រយៈ​បទបញ្ជា​លេខ​០១ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​អំឡុង​ឆ្នាំ​២០១២។

មន្ត្រី​ផ្នែក​ច្បាប់​របស់​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក សំ សុមុនី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ថា ជំហាន​ទី​១ ខាង​លោក​ផ្ទៀងផ្ទាត់​លើ​ទិន្នន័យ​ពលរដ្ឋ​មាន​ផល​ប៉ះពាល់​ពិត​ប្រាកដ​តែ​ទៅ​លើ​ភូមិ​សង្គមថ្មី។ ក្រុម​ការងារ​បាន​ចុះ​ស៊ើប​អង្កេត និង​ទទួល​បាន​ទិន្នន័យ​ពី​ប្រជាពលរដ្ឋ និង​ភាគី​ក្រុមហ៊ុន​មាន​ចំនួន ២១​គ្រួសារ​ដូច​គ្នា ដែល​មាន​ផល​ប៉ះពាល់ ប៉ុន្តែ​ទិន្នន័យ​ពី​ខាង​អាជ្ញាធរ​ស្រុក​មាន​ចំនួន ១៩​គ្រួសារ។ បញ្ហា​នេះ លោក​ចង់​ឲ្យ​ភាគី​ទាំង​បី​ជួប​ជជែក​គ្នា ដើម្បី​ដឹង​ច្បាស់​ពី​ចំនួន​គ្រួសារ និង​ទំហំ​ដី​ប៉ះពាល់​ពិត​ប្រាកដ៖ «៧​គ្រួសារ គឺ​ទទួល​បាន​ការ​វាស់វែង​ពី​ក្រុម​និស្សិត​ក្នុង​ដំណាក់​កាល​សាកល្បង ហើយ​មាន​ចំណុច​មួយ​ចំនួន​ក្នុង ៨៤​គ្រួសារ​ហ្នឹង គឺ​មិន​បាន​ធ្វើ​ការ​វាស់វែង​ទេ។ ដោយ​ឡែក​ក្នុង​ភូមិ​សង្គមថ្មី ក៏​មាន ២០​គ្រួសារ​ដែរ មិន​ទាន់​ទទួល​បាន​ការ​វាស់វែង ប៉ុន្តែ​មាន​ការ​ចុះ​មក​ចុច ជី.ភី.អែស (GPS) តាម​រយៈ​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត ប៉ុន្តែ​មិន​មាន​ការ​វាស់វែង​នៅ​ឡើយ»

ឆ្លើយ​តប​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន អិម.ឌី.អែស លោក អ៊ុំ សាវិន ថ្លែង​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​បាន​គំរាម​កំហែង និង​ប្រើប្រាស់​តុលាការ ដើម្បី​គាប​សង្កត់​លើ​ពលរដ្ឋ​នោះ។ លោក​បន្ត​ថា ចំពោះ​តួលេខ​ដែល​សង្គម​ស៊ីវិល​រក​ឃើញ មិន​ដឹង​ថា​បាន​មក​ពី​ណា​នោះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ជួល​អ្នក​ជំនាញ​មក​ធ្វើ​ការ​សិក្សា​ពី​ផល​ប៉ះពាល់​ក្រុមហ៊ុន​ទាំង​មូល គឺ​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ចំនួន ៥៣​គ្រួសារ​ប៉ុណ្ណោះ​ដែល​ប៉ះពាល់ ប៉ុន្តែ​ក្រុម​និស្សិត​ចុះ​វាស់វែង និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​រហូត​ដល់ ៩៨​ក្បាល​ដី ស្មើ​នឹង​ផ្ទៃដី​សរុប ១៥៧​ហិកតារ៖ «ក្រុមហ៊ុន​ធ្វើ​ការ​គំរាម​កំហែង​តាម​ផ្លូវ​តុលាការ​អី អា​ហ្នឹង​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ទេ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​គាត់​កាប់​រុករាន​ដី​ព្រៃ ហើយ​ខាង​ជំនាញ​ដែន​ជម្រក មន្ត្រី​បរិស្ថាន​ហ្នឹង​គេ​ហាម​ឃាត់​អី​អត់​ស្ដាប់ គេ​ប្ដឹង​កសាង​សំណុំ​រឿង​អី​ទៅ​តុលាការ អា​ហ្នឹង​ខ្ញុំ​អត់​ដឹង​ទេ​ខាង​ក្រុមហ៊ុន​បាទ»

ចំណែក​អភិបាល​ស្រុក​វាលវែង លោក ឆេ ឈីវ បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​អាត់​សំឡេង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ថា ខាង​អាជ្ញាធរ​បាន​ចុះ​ស៊ើប​អង្កេត និង​ដោះស្រាយ​ករណី​នេះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​បញ្ហា​នៅ​តែ​មិន​អាច​ដោះស្រាយ​ចេញ ដោយសារ​តែ​ពេល​ខ្លះ​ខ្វះ​ការ​សហការ​ពី​ប្រជាពលរដ្ឋ។ ប៉ុន្តែ បច្ចុប្បន្ន​ខាង​អាជ្ញាធរ​នៅ​តែ​ព្យាយាម​រក​យុទ្ធសាស្ត្រ ដើម្បី​ដោះស្រាយ​បញ្ចប់​លើ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ មាន​ប្រសាសន៍​ថា ដី​ដែល​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​នោះ គឺ​ជា​ប្រភេទ​ដី​ព្រៃ​មិន​អាស្រ័យ​ផល​ជាក់ស្ដែង។ ចំពោះ​ដី​ដែល​បាន​កាន់​កាប់ និង​អាស្រ័យ​ផល​ជាក់ស្ដែង ខាង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​វាស់វែង​ជូន​តាម​បទបញ្ជា​លេខ​០១ របស់​រដ្ឋាភិបាល​រួច​រាល់​អស់​ហើយ៖ «គោលដៅ​យើង​ទៅ​ធ្វើ​ឲ្យ​នរណា​អាស្រ័យ​ផល​នៅ​ក្នុង​ក្រុមហ៊ុន​ធ្វើ​ទាំង​នេះ គឺ​ជា​បញ្ជា​របស់​រដ្ឋាភិបាល ប៉ុន្តែ​អត់​អាស្រ័យ​ផល​ម៉េច​វាស់វែង​កើត សុទ្ធ​តែ​ព្រៃ​សុទ្ធ​តែ​ឫស្សី​អ៊ីចឹង»

លោក ចេង ឡៃ ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ផ្ទៃ​ដី​ដែល​កំពុង​មាន​ទំនាស់​មិន​អាច​វាស់វែង ឬ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​បាន គឺ​ដោយសារ​តែ​ដី​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ដែន​អភិរក្ស​បរិស្ថាន តំបន់​ស​រវាង​ព្រំដែន​ខ្មែរ​ថៃ និង​មាន​មួយ​ផ្នែក​ពាក់ព័ន្ធ​ជាមួយ​ដី​របស់​ក្រុមហ៊ុន ប៉ុន្តែ​មិន​អាស្រ័យ​ផល​ជាក់ស្ដែង។

ទាក់ទង​ក្នុង​រឿង​ដីធ្លី​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ៨៤​គ្រួសារ មក​ពី​ភូមិ​សង្គមថ្មី ភូមិ​កណ្ដាល និង​ភូមិ​ឯកភាព នៃ​ឃុំ​ថ្មដា ធ្លាប់​ចេញ​មុខ​តវ៉ា​យ៉ាង​ស្វិតស្វាញ​ជាមួយ​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ។ មក​ដល់​បច្ចុប្បន្ន អ្នក​ភូមិ​ទាំង​នោះ​ខ្លះ​ក៏​ទទួល​បាន​ការ​ដោះស្រាយ និង​មាន​មួយ​ចំនួន​មិន​ត្រូវ​បាន​ដោះស្រាយ ខណៈ​ដែល​ពលរដ្ឋ​ខ្លះ​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ពី​បទ​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សង្គមថ្មី ម្នាក់ លោក ប៊ី ប៊ន មាន​ប្រសាសន៍​ថា គ្រួសារ​របស់​លោក​បាន​ធ្លាក់​ដុនដាប​ខ្លាំង​ក្រោយ​ពី​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នៅ​ក្នុង​ឆ្នាំ​២០១០។ លោក​បន្ត​ថា សព្វថ្ងៃ​ជើង​របស់​លោក​ដែល​ត្រូវ​របួស​ដោយសារ​គ្រាប់​មីន នៅ​ពេល​ដែល​លោក​ចូល​ទៅ​ដាំ​ចេក និង​ពង្រោះ​ស្រូវ​នៅ​លើ​ដី​ទំនាស់​នោះ មិន​ទាន់​ដើរ​រួច​នៅ​ឡើយ ហើយ​មាន​ដីកា​ពី​តុលាការ​កោះ​ហៅ​លោក​ឲ្យ​លោក​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ ទាក់ទង​នឹង​កាប់​បំផ្លាញ​ព្រៃ​ធម្មជាតិ នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា៖ «ប៉ះពាល់​ច្រើន​ណាស់​បង​អើយ ខ្វះខាត​គ្រប់​បែប​គ្រប់​យ៉ាង​បង។ ក្រុមហ៊ុន​ហ្នឹង​ចេះ​តែ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ការ ទោះ​ជា​រក​ស៊ី​ក៏​រក​ស៊ី​មិន​បាន ដាំ​ស្រូវ​ក៏​ដាំ​មិន​បាន។ មក​ឥឡូវ​នេះ​ទៀត តុលាការ​គេ​ហៅ​ទៅ​ទៀត រឿង​ថា​ខ្ញុំ​កាប់​ដី​ព្រៃ​បរិស្ថាន។ ការ​ពិត​ខ្ញុំ​ធ្វើ​តែ​ចម្ការ​របស់​ខ្ញុំ​ហ្នឹង​បង»

ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ក្នុង​រឿង​ដីធ្លី​នេះ​ជាច្រើន​ចំណុច ដូចជា ស្នើសុំ​ឲ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ពី​រដ្ឋាភិបាល សុំ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង មិន​ធ្វើ​ការ​ដោះដូរ បញ្ឈប់​សកម្មភាព​គំរាម​កំហែង​គ្រប់​រូបភាព សង​ការ​ខូចខាត​ពី​ការ​ដុត​ផ្ទះ និង​ចម្ការ សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​រឿង​ដីធ្លី និង​ស្នើសុំ​មក​វិញ​នូវ​សម្ភារៈ​ធ្វើ​កសិកម្ម ដែល​អាជ្ញាធរ​បាន​រឹប​អូស​នា​ពេល​កន្លង​មក។

ក្រុមហ៊ុន អិម.ឌី.អែស ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១០ លើ​ទំហំ​ដី​សរុប ២.២៦៥​ហិកតារ នៅ​ខេត្ត​ពោធិ៍សាត់ ដើម្បី​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ដាំ​ដំណាំ​កសិឧស្សាហកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។