ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ២០នាក់ នៅព្រឹកថ្ងៃទី២៣ ខែមីនា នាំគ្នាតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ទាមទារឲ្យអាជ្ញាធរដោះស្រាយ និងផ្ដល់សំណងជូនពួកគាត់។ ពលរដ្ឋបានទាមទារឲ្យអាជ្ញាធរដោះស្រាយជាច្រើនលើកមកហើយ តែពុំទទួលបានលទ្ធផល។ នេះជាលើកទី១៥ហើយដែលពលរដ្ឋនៅក្រុងប៉ោយប៉ែត ទាមទារឲ្យអាជ្ញាធរក្រុងដោះស្រាយសំណងប៉ះពាល់ពីគម្រោងសង់ផ្លូវរថភ្លើងរបស់ពួកគាត់ឲ្យបានឆាប់រហ័ស។
តំណាងអ្នកតវ៉ាម្នាក់រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត គឺលោក វន វ័ន្ត ឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ថា ផ្លូវរថភ្លើងចាប់ផ្ដើមសាងសង់ហើយ តែអាជ្ញាធរពាក់ព័ន្ធពុំបានផ្ដល់សំណងប៉ះពាល់ជូនគ្រួសាររបស់លោកនៅឡើយទេ។
លោកទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធផ្ដល់សំណងតាមតម្លៃដីទីផ្សារ ដើម្បីយកប្រាក់ទៅសង់ទីលំនៅថ្មី ពីព្រោះលោកអះអាងថា ពួកគាត់ក្រីក្រ ពុំមានប្រាក់នោះទេ៖ «អាជ្ញាធរសន្យាខ្យល់បែបនេះពួកខ្ញុំទទួលយកមិនបានទេ។ ខ្ញុំចង់ឲ្យអាជ្ញាធរដោះស្រាយគ្នាឲ្យហើយមុខនឹងចាប់ផ្ដើមសាងសង់»។
ឆ្លើយតនឹងបញ្ហានេះ អភិបាលរងក្រុងប៉ោយប៉ែត លោក ម៉ែន សុភ័ណ មានប្រសាសន៍ថា អាជ្ញាធរក្រុងបាននាំរឿងនេះជម្រាបទៅអន្តរក្រសួង ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋទាំងនោះហើយ។ ប៉ុន្តែលោកបញ្ជាក់ថា ខាងអន្តរក្រសួងពុំទាន់កំណត់ថា នឹងផ្ដល់សំណងដល់ពួកគាត់ប៉ុន្មាននៅឡើយទេ៖ «ពាក្យថាអន្តរក្រសួងគឺមានពាក់ព័ន្ធក្រសួងច្រើន ហើយគេត្រូវជួបពាក់ព័ន្ធទៀត ហើយអត់ទាន់បានគោលការណ៍ច្បាស់លាស់រួមថា នឹងត្រូវយកពួកគាត់ទៅដាក់កន្លែងណានៅឡើយ ព្រោះពួកគាត់ឋិតនៅក្រៅគម្រោង៧ ពីផ្លូវរថភ្លើងដែលត្រូវដោះស្រាយ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ការតវ៉ានេះជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយសារព្រួយបារម្ភខ្លាចអាជ្ញាធរពាក់ព័ន្ធមិនផ្ដល់សំណងប៉ះពាល់ជូនពួកគាត់។
លោក ស៊ុំ ច័ន្ទគា ចាត់ទុកការបកស្រាយរបស់អាជ្ញាធរក្រុងប៉ោយប៉ែត ថាគ្រាន់តែលេសមួយដើម្បីឲ្យរួចពីការទទួលខុសត្រូវមួយគ្រាប៉ុណ្ណោះ៖ «បើអាជ្ញាធរមានចេតនាដោះស្រាយ គឺត្រូវប្រាប់ពួកគាត់ឲ្យបានច្បាស់លាស់ថា នឹងត្រូវដោះស្រាយនៅពេលណា នោះពួកគាត់នឹងមិនតវ៉ាទៀតឡើយ»។
គម្រោងសាងសង់ផ្លូវរថភ្លើងនៅកម្ពុជា ឧបត្ថម្ភថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB) សាងសង់ផ្លូវដែកចំនួន ២ខ្សែ គឺពីភ្នំពេញ ទៅក្រុងព្រះសីហនុ និងពីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្រុងប៉ោយប៉ែត ពីសង្កាត់ផ្សារកណ្ដាល ទៅព្រំដែនកម្ពុជា-ថៃ អាជ្ញាធរចាប់ផ្ដើមឈូសឆាយដីសង់ផ្លូវរថភ្លើងប្រមាណ ៣ខែមកហើយ។ អាជ្ញាធរក្រុងឲ្យដឹងថា គម្រោងនេះនឹងត្រូវបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០១៦។ ទោះជាយ៉ាងណាក៏ដោយចុះ ពលរដ្ឋនៅក្រុងប៉ោយប៉ែត ប្រមាណ ៥០គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងនេះ អាជ្ញាធរពាក់ព័ន្ធពុំទាន់ដោះស្រាយជូនពួកគាត់នៅឡើយ។ អ្នកស្រុករក្សាជំហរថា នឹងតវ៉ាសាជាថ្មីទៀត ប្រសិនបើអាជ្ញាធរមិនព្រមដោះស្រាយជូនពួកគាត់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។