ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ

ដោយ ប្រាជ្ញ ចេវ
2016-01-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​នា​រាជធានី​ភ្នំពេញ ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​បណ្ដេញ​ចេញ នៅ​ពេល​រដ្ឋាភិបាល​សាងសង់​ផ្លូវ​ល្បឿន​លឿន ដោយ​មិន​ផ្ដល់​សំណង ឬ​ផ្ដល់​សំណង​តិចតួច មិន​ដូច​អ្វី​ដែល​ពួកគេ​បាត់បង់។ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​ទាន់​អាច​ឆ្លើយ​តប​ចំពោះ​ការ​ព្រួយបារម្ភ​នេះ​បាន​នៅ​ឡើយ​ទេ ដោយ​លើក​ឡើង​ថា មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​មួយ​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​ឡើយ​ទេ។

ក្រុម​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ព្រួយ​បារម្ភ​ពី​វាសនា​របស់​ពួកគេ​អាច​នឹង​ដូច​ពលរដ្ឋ​តំបន់​បឹងកក់ បុរីកីឡា ឬ​ថ្មគោល ប្រសិនបើ​រដ្ឋាភិបាល​អភិវឌ្ឍន៍​ដោយ​សាងសង់​ផ្លូវ​ប្រភេទ​លឿន​នៅ​តាម​បណ្ដោយ​រថភ្លើង ដោយ​មិន​បាន​ផ្ដល់​សំណង​សមរម្យ​ជូន​ដល់​ពួកគេ។

ប្រជាពលរដ្ឋ​ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ផ្ដល់​សំណង​សមរម្យ​ក្នុង​ករណី​សាងសង់​ស្ពាន​អាកាស​ប៉ះ​ចំ​កន្លែង​ពួកគេ​រស់​នៅ។

ពលរដ្ឋ​ម្នាក់​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង លោក ពុត សារឹទ្ធ កំពុង​ចិត​បន្លែ​ក្បែរ​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​បឹងកក់២ រាជធានី​ភ្នំពេញ។ សព្វ​ថ្ងៃ​លោក​បម្រើ​ការងារ​ជា​សន្តិសុខ​នៅ​ក្រុមហ៊ុន​មួយ។ លោក​រៀបរាប់​ថា ចៅសង្កាត់​មក​បាន​ជូន​ដំណឹង​មក​លោក​ពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ផ្លូវ​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ដែល​ផ្ដល់​សំណង​តិចតួច​ដល់​លោក។

លោក​បញ្ជាក់​ថា លោក​ចង់​បាន​សំណង​សម្រាប់​ការ​ដោះដូរ​ដី និង​ផ្ទះ​របស់​លោក​ទៅ​តាម​តម្លៃ​ទីផ្សារ​ទើប​លោក​ព្រម​ចាកចេញ៖ «ឥឡូវ​នេះ​ភ័យ​រឿង​ដីធ្លី​ទៀត។ អ្នក​ខ្លះ​គេ​យក ២០​ម៉ែត្រ ខ្លះ ១៥​ម៉ែត្រ យក​ទៅ​ធ្វើ​ស្ពាន​អាកាស។ និយាយ​តាម​ត្រង់ បើ​ផ្ដល់​សំណង​ដូច​បឹងកក់ មិន​ចាកចេញ​ទេ»

ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ភាគច្រើន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​លក់​លៀស​ហាល រើស​អេតចាយ អ្នក​ខ្លះ​លក់​ដូរ​បន្តិចបន្តួច​តាម​ផ្ទះ។ នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​នោះ​ដែរ ក៏​ជា​ផ្សារ​ដែល​ពលរដ្ឋ​លក់​បន្លែបង្ការ​នៅ​ពេល​ព្រឹកៗ។

​តាម​រយៈ​ការ​ផ្ដល់​សម្ភាស​មក​វិទ្យុ​អាស៊ីសេរី ពលរដ្ឋ​មិន​បាន​បង្ហាញ​ជំហរ​ប្រឆាំង​ការ​អភិវឌ្ឍ​ទេ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការ​ប៉ះប៉ូវ​ឲ្យ​បាន​ដូច​អ្វី​ដែល​បាត់បង់​ផ្ទះសំបែង និង​ដីធ្លី។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ដែល​ប្រកប​របរ​លក់​ដូរ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ដែរ​នោះ លោកស្រី ស៊ឹម កល្យាណ ប្រាប់​ថា លោកស្រី​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​សំណង​ដូច​នឹង​ករណី​សហគមន៍​បឹងកក់ នោះ​ទេ។ លោកស្រី​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​សំណង​ឲ្យ​បាន​សមរម្យ និង​ដោះដូរ​ទីតាំង​មួយ​ដែល​អាច​រស់​នៅ​បាន៖ «ខ្ញុំ​គិត​ថា គាត់ (រដ្ឋាភិបាល) ជា​អ្នក​ដឹកនាំ អ៊ីចឹង​គាត់​អាច​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន​សមស្រប​តាម​តម្រូវការ​ប្រជាជន​ដែរ មិន​ចង់​បាន​ទាំង​អស់​ទេ ព្រោះ​រដ្ឋាភិបាល​គិត​ផ្ដល់​អ្វី​ដែល​អាច​ធ្វើ​បាន យើង​ចង់​បាន​អ្វី​ដែល​អាច​រស់​នៅ​បាន​សមរម្យ»

របាយការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា ដែល​ធ្វើ​ការងារ​ទាក់ទង​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​នេះ បង្ហាញ​ថា មាន​ពលរដ្ឋ​ជាង ១.០០០​គ្រួសារ​នៅ​តាម​បណ្ដោយ​ផ្លូវ​ប្រវែង​ប្រមាណ ៩​គីឡូម៉ែត្រ បើ​ការ​ពង្រីក​ផ្លូវ​នេះ​មាន​ទទឹង​ប្រវែង ៣​ម៉ែត្រ​កន្លះ។

​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​កូន ៥​នាក់ ដោយ​របរ​លក់​លៀស​ហាល លោកស្រី ចាន់ សុខន  និយាយ​ថា លោកស្រី​សប្បាយ​នៅ​ពេល​ឮ​ដំណឹង​មាន​ការ​សាងសង់​ផ្លូវ​អាកាស​នៅ​លើ​ផ្លូវ​រថភ្លើង។ ស្ត្រី​ដែល វ័យ​ជាង ៥០​ឆ្នាំ​រូប​នេះ បែរ​ជា​ប្រែ​ទឹក​មុខ​ស្រពោន​ឡើង​វិញ ព្រោះ​ខ្លាច​ការ​អភិវឌ្ឍ​ផ្លូវ​នេះ ត្រូវ​បណ្ដេញ​លោកស្រី​ចេញ​ពី​លំនៅឋាន ដូច​ពលរដ្ឋ​ក្នុង​តំបន់​មួយ​ចំនួន​នៅ​ភ្នំពេញ៖ «ឃើញ​មាន​ស្ពាន​អាស​កាស​អ៊ីចឹង​ទៅ​ចេះ​សប្បាយ​ចិត្ត​មើល​ឃើញ​ស្អាត​ល្អ គេ​ចេញ​បើ​គេ​ឲ្យ​លុយ​តិច​ទៅ​បាន​រួច មេម៉ាយ​ចិញ្ចឹម​កូន​ម្នាក់​ឯក​មិន​ងាយ​ទេ ចិញ្ចឹម​កូន​ប្រាំ​នាក់»

អ្នក​នាំ​ពាក្យ​សាលា​រាជធានី លោក ឡុង ឌីម៉ង់ ពុំ​ទាន់​អាច​បញ្ជាក់​ពី​គម្រោង​ផ្ដល់​សំណង​ទាក់ទង​នឹង​ពលរដ្ឋ​ប៉ះពាល់​នៃ​នៅ​ឡើយ​ទេ ហើយ​តួលេខ​នៃ​ពលរដ្ឋ​ប៉ះពាល់​ក៏​មិន​ទាន់​មាន​ដែរ ដោយ​លើក​ឡើង​ថា នៅ​ពេល​នេះ​សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​ជ្រើសរើស​ក្រុមហ៊ុន​ណា​មួយ​បាន ដើម្បី​ទទួល​សិទ្ធិ​វិនិយោគ​នៅ​ឡើយ​ទេ៖ «មិន​ទាន់​ឆ្លើយ​ជូន​បាន​ទេ ព្រោះ​អ្វី​ដែល​សំខាន់​គឺ​យើង​មិន​ទាន់​បាន​កំណត់​ផ្លូវ​ធ្វើ​តាម​របៀប​ណា​ផង ហើយ​មិន​រើស​យក​ក្រុមហ៊ុន​ណា​មួយ​ផង»

ជា​រឿយ​ដី​ផ្ទះ​របស់​ពលរដ្ឋ​ដែល​ត្រូវ​ប៉ះពាល់​នឹង​គម្រោង​អភិវឌ្ឍន៍​អ្វី​មួយ​របស់​រដ្ឋាភិបាល គេ​កម្រ​ឃើញ​ជន​រង​ផល​ប៉ះពាល់​ទទួល​បាន​សំណង​ដូច​អ្វី​ដែល​ពួកគេ​បាត់បង់​ឡើយ។

ដោយ​ឡែក​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់​ថា រដ្ឋាភិបាល​ត្រូវ​បង្កើត​វេទិកា​សាធារណៈ​មួយ​ដើម្បី​ចង់​ដឹង​ថា ពលរដ្ឋ​ចង់​បាន​អី ហើយ​រដ្ឋាភិបាល មាន​លទ្ធភាព​កម្រិត​ណា​ដើម្បី​ផ្ដល់​សំណង។ ជាង​នេះ​ទៅ​ទៀត លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ការ​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​នេះ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ពល​អាច​ទទួល​យក​បាន៖ «រដ្ឋ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​លទ្ធផល​ឈ្នះៗ​ទាំង​អស់​គ្នា ហើយ​ត្រូវ​សិក្សា​ស្រាវជ្រាវ​រក​ផល​ប៉ះពាល់​មួយ​ដែល​ត្រឹមត្រូវ​មុន​ហ្នឹង​ផ្ដល់​សំណង»

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា នឹង​សាងសង់​ផ្លូវ​ប្រភេទ​លឿន​ពី​ភ្នំពេញ ទៅ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ជា​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​ឯកជន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ត្រូវ​បង់​លុយ។ ប៉ុន្តែ​លោក​ថា គម្រោង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា និង​ការ​ចរចា​នៅ​ឡើយ៖ «យើង​ឯកភាព​ជា​គោលការណ៍​ឲ្យ​ធ្វើ​ស្ពាន​អាកាស​ល្បឿន​លឿន​ដើម្បី​កុំ​ឲ្យ​ស្ទះ​ចរាចរណ៍​អ្នក​ឡើង​យន្តហោះ លេង​តាម​ហ្នឹង​ទៅ ហើយ​នាំ​គ្នា​ទៅ​បង់​លុយ​នៅ​លើ​ហ្នឹង​ទៅ»

លើស​ពី​ការ​រក​ឃើញ​របស់​អង្គការ​សមធម៌​កម្ពុជា ក្នុង​សន្ទរកថា​របស់​លោក ហ៊ុន សែន ដដែល​រដ្ឋាភិបាល​លោក​បាន​អនុញ្ញាត​ឲ្យ​សាងសង់​ផ្លូវ​ល្បឿន​លឿន​លើ​គន្លង​ផ្លូវ​រថភ្លើង ទទឹង​ប្រវែង ១៩​ម៉ែត្រ និង​បណ្ដោយ​ប្រវែង ១៣,៦៨៧​គីឡូម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

I know you don't have a place to live,but why don;t you stop to live like that and go to live at countryside and be as a farmer not just city nothing Countryside is a better life for most Cambodian people during 1969 and down not 1975 to 1979.

Jan 20, 2016 06:05 PM

គេហទំព័រ​ទាំងមូល