ពលរដ្ឋ​ស្នើសុំ​លោក ហ៊ុន សែន ជួយ​សង្គ្រោះ​បឹង​កង្កែប​ដែល​សម្បូរ​ព្រៃ​កោងកាង​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​សង្គម​ស៊ីវិល បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត​នៅ​គ្រា​ពួក​គេ​សង្កេត​ឃើញ​ថា ផ្ទៃ​បឹង​កង្កែប និង​ដី​ជុំវិញ​បរិវេណ​បឹង​ធម្មជាតិ​មួយ​នេះ ត្រូវ​បុគ្គល​ឯកជន​ឃុបឃិត​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ខ្លះ ពុះ​ច្រៀក​ជា​ឡូៗ​ចែក​គ្នា និង​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ស្ទើរ​ទាំង​ស្រុង​អស់​ទៅ​ហើយ។

ពួក​គេ​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​សង្គ្រោះ​បឹង​កង្កែប​មាន​ទីតាំង​នៅ​ស្រុក​ព្រៃនប់ ដែល​រង​ការ​រំលោភ​បំពាន មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ បង្ហាញ​កង្វល់​ពី​ការ​បាត់បង់​បឹង​កង្កែប និង​ព្រៃ​កោងកាង​រាប់​រយ​ហិកតារ ដែល​ដុះ​នៅ​ជុំវិញ​បឹង​ធម្មជាតិ​មួយ​នេះ ហើយ​ត្រូវ​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​ឃុបឃិត​ជាមួយ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ និង​អតីត​អភិបាល​ខេត្ត​នេះ ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ទាំង​ផ្ទៃ​បឹង និង​ដី​ចំណី​មាត់​បឹង​ទាំង​មូល។

បុរស​ជា​អ្នក​នេសាទ​ឈ្មោះ លោក កែវ សន សំណូមពរ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ឲ្យ​ជួយ​សង្គ្រោះ​បឹង​កង្កែប មាន​ទីតាំង​នៅ​ក្នុង​ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ឲ្យ​បាន​គង់វង្ស។ លោក​ឲ្យ​ដឹង​ថា បច្ចុប្បន្ន បឹង​កង្កែប​ត្រូវ​គេ​ឃុបឃិត​ពុះ​ច្រៀក​ជា​ឡូៗ​ធ្វើ​កម្មសិទ្ធិ និង​បាន​ចាក់​ដី​បំផ្លាញ​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​យ៉ាង​អនាធិបតេយ្យ និង​គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​ចេញ​មុខ​ទប់ស្កាត់​ទេ៖ « ឥឡូវ​ទីតាំង​បឹង​កង្កែប​ទាំង​មូល​ត្រូវ​គេ​ចាក់​ដី​ចូល​ផ្ទៃ​បឹង បំផ្លាញ​ព្រៃ​កោងកាង​ស្ទើរ​ទាំង​ស្រុង និង​គ្មាន​អាជ្ញាធរ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ​ចេញ​មុខ​ទប់ស្កាត់​ទេ ហើយ​ប្រជាពលរដ្ឋ​មាន​របរ​នេសាទ​សមុទ្រ​ដើម្បី​ចិញ្ចឹម​ជីវិត​ជា​លក្ខណៈ​គ្រួសារ ក៏​ស្ទើរ​តែ​រក​ទីកន្លែង​នេសាទ​ពុំ​មាន ព្រោះ​ផ្ទៃ​បឹង​ទាំង​មូល​បាន​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន​អស់​ទៅ​ហើយ។ សូម​សំណូមពរ​ដល់​ប្រមុខ​ដឹក​នាំ និង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ថែ​រក្សា​បឹង​កង្កែប​ឲ្យ​បាន​គង់វង្ស ដើម្បី​ទុក​ជូន​កូន​ចៅ​ជំនាន់​ក្រោយ​បន្ត​របរ​ចិញ្ចឹម​ជីវិត »

ប្រជា​នេសាទ​ច្រើន​ទៀត ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​បឹង​ធម្មជាតិ ឬ​បឹង​កង្កែប​នេះ​ដែរ ព្រោះ​បច្ចុប្បន្ន​នេះ ផ្ទៃ​បឹង​កង្កែប និង​ដី​ចំណី​មាត់​បឹង​ទាំង​មូល ត្រូវ​គេ​ចាក់​ដី​លុប​ដើម​កោងកាង​សម្រាប់​ចម្ការ​ដូង និង​ធ្វើ​ចម្ការ​ផ្សេងៗ​ទៀត​រាប់​រយ​ហិកតារ ហើយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​ទេ។

ក្រុម​អ្នក​នេសាទ ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ទាំង​នៅ​លើ​ដី​គោក និង​នៅ​លើ​ផ្ទៃ​ទឹក​នៃ​បឹង​កង្កែប​ទាំង​មូល ត្រូវ​គេ​បោះ​បង្គោល​កំណត់​ព្រំ​ដី​នៅ​លើ​ទីតាំង​ជាក់ស្តែង​រៀងៗ​ខ្លួន។

បុរស​អ្នក​នេសាទ​ឈ្មោះ លោក ម៉ា អ៊ី និង​អ្នក​នេសាទ​ឈ្មោះ អេង ប៊ុនឡូ រស់នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្នើ​ដល់​ប្រមុខ​ដឹក​នាំ និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ពាក់ព័ន្ធ ជួយ​ថែ​រក្សា​បឹង​ធម្មជាតិ​បឹង​កង្កែប​ឲ្យ​បាន​គង់វង្ស ព្រោះ​ត្រូវ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ទាំង​ស្រុង​អស់​ហើយ ហើយ​មន្ត្រី​សុរិយោដី​ខេត្ត​នេះ ក៏​មាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឯកជន​មួយ​ចំនួន​ទៅ​លើ​ដី​បឹង​កង្កែប​នេះ៖ « បឹង​កង្កែប​នេះ គឺ​ជា​តំបន់​ប្រកប​របរ​នេសាទ​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ពីរ​ឃុំ គឺ​ឃុំ​រាម និង​ឃុំ​បិតត្រាំង ក្នុង​ស្រុក​ព្រៃនប់ ធ្វើ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ជា​យូរ​លង់​ណាស់​មក​ហើយ។ ហើយ​បច្ចុប្បន្ន ដី​ចំណី​មាត់​បឹង​កង្កែប​នេះ​មួយ​ផ្នែក​ត្រូវ​បាន​បាត់បង់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​កងកេង និង​មួយ​ផ្នែក​ទៀត ត្រូវ​មន្ត្រី​មាន​ឋានៈ​បុណ្យ​ស័ក្តិ​ធំៗ​រហូត​ដល់​មាន​ពាក់​ផ្កាយ ឈូស​ឆាយ​ដី​ចាក់​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ទាំង​ដី​ចំណី​មាត់​បឹង​កង្កែប និង​ផ្ទៃ​បឹង​ទាំង​មូល ឬ​ទាំង​ដី​គោក និង​ដី​ទឹក​ទាំង​ស្រុង​អស់​ទៅ​ហើយ ហើយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​ទេ។ សំណូមពរ​ដល់​ថ្នាក់​ដឹក​នាំ​ជួយ​ថែ​រក្សា​បឹង​កង្កែប​ឲ្យ​គង់វង្ស »

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ ដោយ​បញ្ជាក់​ខ្លី​ថា រដ្ឋបាល​ខេត្ត​នេះ​កំពុង​ពិនិត្យ និង​យក​ចិត្ត​ទុក​ដាក់​សង្គ្រោះ​បឹង​កង្កែប ដែល​ត្រូវ​រំលោភ​បំពាន​នា​ពេល​កន្លង​មក ដើម្បី​ឈាន​ដល់​ស្នើសុំ​គោលការណ៍​ពី​ប្រមុខ​ដឹក​នាំ ឬ​ថ្នាក់​ដឹក​នាំ​ថ្នាក់​ជាតិ​ជួយ​អន្តរាគមន៍។ លោក យន្ត មីន សង្កត់​ធ្ងន់​ថា ករណី​ទន្ទ្រាន​កាន់​កាប់​ទាំង​ដី​ចំណី​មាត់​បឹង និង​ផ្ទៃ​បឹង​កង្កែប​ទាំង​មូល​នេះ អាច​នឹង​មាន​ពន្លឺ​ល្អ ឬ​ឈាន​ដល់​ថ្នាក់​ដឹក​នាំ​ថ្នាក់​ជាតិ និង​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ដាក់​បឹង​ធម្មជាតិ​មួយ​នេះ​ដើម្បី​អភិរក្ស​ក៏​ថា​បាន​នា​ថ្ងៃ​អនាគត៖ « រឿង​ករណី​បឹង​កង្កែប​នេះ ខ្ញុំ​បាន​ពិភាក្សា​គ្នា​ជាមួយ​នាយ​ខណ្ឌ​ជលផល​ខេត្ត​រួច​ហើយ ហើយ​ក៏​បាន​ដាក់​បទបញ្ជា​ទៅ​លោក​អភិបាល​ស្រុក​ព្រៃនប់ លោក ទិត វុទ្ធី ឲ្យ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​រួច​ហើយ​ដែរ ក្នុង​នោះ​ក៏​ឃើញ​មាន​ការ​បោះ​បង្គោល និង​ការ​ចូល​កាន់​កាប់​ដី​ចំណី​មាត់​បឹង​ទាំង​លើ​គោក និង​ក្នុង​ទឹក ដោយ​មាន​បោះ​កំណត់​ព្រំ​ម្ចាស់​ដី​រៀងៗ​ខ្លួន។ បញ្ហា​នេះ សូម​កុំ​ឲ្យ​ប្រជាពលរដ្ឋ​បារម្ភ​អី ព្រោះ​អាជ្ញាធរ ឬ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា ឬ​ឈាន​ដល់​អភិរក្ស​បឹង​កង្កែប​នេះ​នា​ថ្ងៃ​ខាង​មុខ »

បញ្ហា​នេះ​ដែរ តំណាង​សហគមន៍​ដីធ្លី សេ.អ៊ី.ប្រាំ (CI5) រស់នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ លោក ស៊ុន សុផាត បាន​ឲ្យ​ដឹង​ថា ទាំង​ដី​ចំណី​មាត់​បឹង និង​ផ្ទៃ​បឹង​កង្កែប​ទាំង​មូល ត្រូវ​គេ​រំលោភ​ធ្វើ​កម្មសិទ្ធិ​ទាំង​ស្រុង​អស់​ហើយ ហើយ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ក៏​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​មួយ​ចំនួន​រួច​ហើយ​ដែរ។ លោក​ស្ដាយ​ស្រណោះ​បឹង​កង្កែប ដែល​ត្រូវ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​នា​ពេល​កន្លង​មក។

តំណាង​ប្រជាពលរដ្ឋ លោក ស៊ុន សុផាត អំពាវនាវ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ឲ្យ​ជួយ​ដក​ហូត​បឹង​កង្កែប​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ ព្រោះ​បឹង​នេះ​មាន​ដុះ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​រាប់​រយ​ហិកតារ​នៅ​នៅ​ជុំវិញ​បរិវេណ​បឹង​ធម្មជាតិ​មួយ​នេះ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តំបន់​នេះ បាន​ប្រកប​របរ​ធ្វើ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចិញ្ចឹម​ជីវិត​នៅ​លើ​បឹង​កង្កែប​នេះ៖ « សូម​រាជ​រដ្ឋាភិបាល​ជួយ​រំលាយ​ប័ណ្ណ​កម្មសិទ្ធិ​ទាំងអស់​ដែល​មន្ត្រី​សុរិយោដី​ខេត្ត​ព្រះសីហនុ ចេញ​ជូន​បុគ្គល​ឯកជន​នៅ​លើ​ដី​ចំណី​មាត់​បឹង​កង្កែប។ ហើយ​ត្រូវ​ដក​ហូត​បឹង​នេះ​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ ព្រោះ​ទាំង​ផ្ទៃ​បឹង និង​ដី​ចំណី​មាត់​បឹង​កង្កែប​សព្វថ្ងៃ​នេះ ត្រូវ​មន្ត្រី​មាន​លុយ​មាន​អំណាច ឃុបឃិត​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ទាំង​ស្រុង គឺ​ទាំង​នៅ​ដី​ចំណី​មាត់​បឹង​លើ​គោក និង​ផ្ទៃ​បឹង​កង្កែប​នៅ​ក្នុង​ទឹក​សមុទ្រ​ដោយ​បុគ្គល​មួយ​ចំនួន​នោះ បាន​បោះ​បង្គោល​ថ្ម​កំណត់​ព្រំ​ដី​ក្នុង​ទឹក​រៀងៗ​ខ្លួន​ថែម​ទៀត »

លោក ស៊ុន សុផាត ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ទាំង​ដី​ចំណី​មាត់​បឹង និង​ផ្ទៃ​បឹង​កង្កែប​ទាំង​មូល ត្រូវ​គេ​បោះ​បង្គោល​កំណត់​ព្រំដែន​ទាំង​នៅ​លើ​ដី​គោក និង​នៅ​ក្នុង​ទឹក​សមុទ្រ​នៃ​បឹង​កង្កែប​ទាំង​ស្រុង ហើយ​ភាគ​ច្រើន អ្នក​ដែល​មាន​ចំណែក​ដី​នៅ​លើ​បឹង​នេះ គឺ​ជា​មន្ត្រី​នៅ​ស្ថាប័ន​ប្រដាប់​អាវុធ​មាន​ឋានៈ​ពាក់​ផ្កាយ ឈ្មួញ​មាន​ទ្រព្យ​ធន និង​មាន​មន្ត្រី​ជំនាញ​ខ្លះ​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរ​នានា ឬ​មន្ត្រី​ជំនាញ​មួយ​ចំនួន​កំពុង​បម្រើ​ការងារ​នៅ​រដ្ឋបាល​សាលា​ខេត្ត​ព្រះសីហនុ ជាដើម មាន​ចំណែក​ដី​នៅ​ក្នុង​បរិវេណ​បឹង​កង្កែប។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ដី​ជុំវិញ​បរិវេណ​បឹង​កង្កែប ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដៃ​ព្រៃ​កោងកាង​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប​របស់​មន្ត្រី​មាន​អំណាច និង​ឈ្មួញ ឃើញ​មាន​ដាំ​ដំណាំ​ចម្ការ​ដូង​នៅ​លើ​ដី​ចំណី​មាត់​បឹង​កង្កែប និង​បោះ​បង្គោល​ថ្ម​ក្នុង​ទឹក មាន​ភស្តុតាង​ជាក់ស្តែង។ លោក​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បញ្ចេញ​កណ្ដាប់​ដៃ​ដែក ដើម្បី​សង្គ្រោះ​បឹង​កង្កែប និង​ព្រៃ​កោងកាង​ដែល​ដុះ​នៅ​ជុំវិញ​បឹង​កង្កែប ដែល​ជា​បឹង​ធម្មជាតិ​សម្រាប់​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​ឲ្យ​បាន​មក​សភាព​ដើម​វិញ។ ជាង​នេះ​ទៀត ក៏​ត្រូវ​វែក​មុខ​អ្នក​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​លើ​ដី​ចំណី​បឹង​កង្កែប និង​ផ្ទៃ​បឹង​កង្កែប យក​មក​ផ្ដន្ទាទោស ឬ​ដក​ឋានៈ​បុណ្យ​ស័ក្តិ​ដើម្បី​ជា​ការ​ព្រមាន៖ « គួរ​តែ​រដ្ឋាភិបាល​មោឃភាព​ប័ណ្ណ​កម្មសិទ្ធិ​ដី​ទាំងឡាយ​នៅ​ជុំវិញ​បឹង​កង្កែប ឬ​ដក​ហូត​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។ បឹង​នេះ​ឃើញ​នៅ​មាន​ដុះ​ព្រៃ​កោងកាង​ជាច្រើន និង​មាន​ដី​ចំណី​មាត់​បឹង​ខ្លះ ត្រូវ​គេ​ចាក់​ដី ហើយ​ដាំ​ចម្ការ​ដូង​នៅ​លើ​ដី​ចំណី​មាត់​បឹង​កង្កែប​ជាក់ស្តែង។ សំណូមពរ​ដល់​នាយ​ខណ្ឌ​ជលផល​ខេត្ត​ព្រះសីហនុ សូម​ចុះ​មក​ពិនិត្យ​ផ្ទាល់ និង​ជួយ​អភិរក្ស​ព្រៃ​កោងកាង​ដែល​ដុះ​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប​ឲ្យ​គង់វង្ស »

លោក ប៊ួន ណារិទ្ធិ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល ត្រូវ​កោះ​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​ឃុបឃិត ឬ​ឈាន​ដល់​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​លើ​ដី​ចំណី និង​ផ្ទៃ​បឹង​កង្កែប​ដែល​មាន​ដុះ​ព្រៃ​កោងកាង​នៅ​ជុំវិញ​បរិវេណ​នោះ មាន​ដូចជា ត្រូវ​កោះ​អញ្ជើញ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ជាដើម មក​ឆ្លើយ​បំភ្លឺ​ក្នុង​ការ​សម្រួល​ឯកសារ ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។

ផ្ទៃ​បឹង​កង្កែប ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ រូបថត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ RFA/Den Ayuthyea
ផ្ទៃ​បឹង​កង្កែប ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ រូបថត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ RFA/Den Ayuthyea (RFA/Den Ayuthyea)

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ខណ្ឌ​ជលផល​កំពង់សោម និង​អាជ្ញាធរ​ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទទួល​ស្គាល់​ថា ព្រៃ​កោងកាង​នា​មូលដ្ឋាន​នេះ​ពិត​ជា​ត្រូវ​រង​ការ​បំផ្លាញ​ជា​បន្តបន្ទាប់ ហើយ​ឈ្មួញ និង​មន្ត្រី​រដ្ឋាភិបាល​មាន​ឋានៈ​ខ្ពស់ៗ និង​ថ្នាក់​ដឹក​នាំ​នៅ​តាម​ស្ថាប័ន​ខេត្ត​ខ្លះ បាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាន់​កាប់​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប​ពិត​មែន ប៉ុន្តែ​ករណី​នេះ អាជ្ញាធរ​ត្រឹម​ថ្នាក់​ឃុំ​មិន​មាន​លទ្ធភាព​ទប់ស្កាត់​ទេ។

ត្រង់​ចំណុច​នេះ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ក៏​បាន​រិះគន់​ភាព​កម្សោយ​របស់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ​ដែល​មិន​មាន​សមត្ថភាព ឬ​លទ្ធភាព​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់​កាប់​ដី​ចំណី​មាត់​បឹង​កង្កែប និង​ផ្ទៃ​បឹង​ទាំង​មូល ព្រម​ទាំង​ព្រៃ​កោងកាង​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​គង់វង្ស។ លោក​ថា ដី​ព្រៃ​កោងកាង​នៅ​ជុំវិញ​ចំណី​មាត់​បឹង​កង្កែប អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គួរ​តែ​នាំ​គ្នា​ថែ​រក្សា​ដី​ព្រៃ​កោងកាង​មាន​ចំនួន​រាប់​រយ​ហិកតារ​ដែល​ដុះ​ស្រាប់​ឲ្យ​គង់វង្ស ប្រសើរ​ជាង​នាំ​គ្នា​ទៅ​អភិរក្ស ឬ​ដាំ​កូន​កោងកាង​បួន​ដប់​ម្ភៃ​ដើម​ក្នុង​មួយ​ឆ្នាំៗ ដោយ​ធ្វើ​ឲ្យ​តែ​ល្អ​មើល​នោះ​ទេ៖ « ចំណុច​បឹង​កង្កែប​នេះ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ដែល​ជា​តំបន់​មួយ​សម្បូរ​ទៅ​ដោយ​ព្រៃ​កោងកាង ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ មាន​ក្ដាម បង្គា ខ្យង និង​ត្រី​សមុទ្រ ជាដើម ដើម្បី​បម្រើ​ដល់​ប្រយោជន៍​សង្គម​ជាតិ និង​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ។ អាជ្ញាធរ​គ្រប់​ជំនាញ និង​គ្រប់​លំដាប់​ថ្នាក់​មូលដ្ឋាន គឺ​មាន​ភារកិច្ច​ការពារ ឬ​រាយការណ៍​អំពី​បទល្មើស​ផ្សេងៗ​ដាក់​ជូន​រាជ​រដ្ឋាភិបាល ដើម្បី​ការពារ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ឲ្យ​បាន​គង់វង្ស​ទាំងអស់​គ្នា។ ដូច្នេះ មិន​គួរ​ទុក​ឲ្យ​មាន​បុគ្គល ឈ្មួញ និង​មន្ត្រី​ខ្លះ​ធ្វើ​សកម្មភាព​រំលោភ​កាន់​កាប់​ដី​បរិវេណ​បឹង​ធម្មជាតិ បឹង​កង្កែប ដោយ​គ្មាន​ការ​ទប់ស្កាត់​នោះ​ទេ »

ផ្ដើម​ពី​បញ្ហា​នេះ លោក សុខ សុខុម ប្រធាន​អង្គការ ស៊ី.អ៊ិន.រ៉ូ សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍ ឬ​ចេញ​បទបញ្ជា​ទៅ​ថ្នាក់​ដឹក​នាំ​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដើម្បី​ឈាន​ដល់​ថែ​រក្សា​បឹង​កង្កែប និង​ព្រៃ​កោងកាង​នៅ​ជុំវិញ​បឹង​ធម្មជាតិ​មួយ​នេះ​ឲ្យ​បាន​គង់វង្ស និង​អភិរក្ស​ទុក​សម្រាប់​ត្រី​សមុទ្រ​បន្ត​ពូជ​ដូច​ដើម​វិញ។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​សង្គ្រោះ​បឹង​កង្កែប និង​ជួយ​ការពារ​ព្រៃ​កោងកាង​ដែល​ដុះ​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប ដែល​ត្រូវ​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​កំពុង​មាន​តួនាទី​នៅ​ក្នុង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​កងទ័ព​ខ្លះ​នៃ​ស្ថាប័ន​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម រំលោភ​យក​ធ្វើ​កម្មសិទ្ធិ។

បឹង​កង្កែប​ជា​បឹង​ធម្មជាតិ​សម្បូរ​ទៅ​ដោយ​ព្រៃ​កោងកាង​រាប់​រយ​ហិកតារ មាន​ទីតាំង​នៅ​ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឬ​នៅ​ជាប់​ចម្ការ​ដូង ចេង ហេង នា​ឆ្នេរ​សមុទ្រ​រាម។ ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​នេះ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ដល់​ទីតាំង​នោះ បង្ហាញ​ការ​សោកស្ដាយ​ដែល​ព្រៃ​កោងកាង​ដុះ​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប និង​ផ្ទៃ​បឹង​កង្កែប​ទាំង​មូល ត្រូវ​គេ​ទន្ទ្រាន​កាន់​កាប់ ឬ​ពុះ​ច្រៀក​ជា​ឡូៗ​ធ្វើ​កម្មសិទ្ធិ ដោយ​គ្មាន​អាជ្ញាធរ​ពី​ស្ថាប័ន​ណា​មួយ​ក្នុង​ខេត្ត​នេះ​ចេញ​មុខ​ទប់ស្កាត់​ទេ​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។