អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​សម្រេច​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាង​៤០​គ្រួសារ

ដោយ សូត សុខប្រាថ្នា
2015.05.23
តវ៉ា​មុខ​សាលាខេត្ត​បន្ទាយមានជ័យ ៦២០ តំណាង​ពលរដ្ឋ​ក្រុង​សេរីសោភ័ណ តវ៉ា​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥។
Photo provided

តំណាង​ក្រុមហ៊ុន​ជីក​យក​អាចម៍​ដី​នៅ​តំបន់​ភ្នំកងវ៉ា រួម​នឹង​តំណាង​ពលរដ្ឋ​នៅ​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ជាង​៤០​គ្រួសារ​​សម្រេច​យល់ព្រម​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​គ្នា ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា ក្រោម​កិច្ច​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ ខេត្ត​បន្ទាយមានជ័យ។ ការ​សម្រេច​នេះ បន្ទាប់ពី​មាន​ពលរដ្ឋប្រមាណ​៧០នាក់ នាំគ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ក្រុមហ៊ុន​ជីក​ដី​តំបន់​​ភ្នំ បញ្ឈប់​សកម្មភាព​ជីក​ដី​របស់​ខ្លួនតទៅទៀត។

ការ​សម្រេច​ដោះស្រាយ​ពេលនេះ បន្ទាប់​ពី​អាជ្ញាធរ​រក​ឃើញ​ថា ក្រុមហ៊ុន​ជីក​យក​អាចម៍​ដី​មួយ​ឈ្មោះ ញ៉ាំ​សាវួន បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ ពោល​គឺ​ធ្វើ​ឱ្យ​បាក់​ស្រុត​ផ្លូវ​សាធារណៈ​របស់​ពួកគាត់ មិន​អាច​ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​នោះ​បាន ប៉ះពាល់​ដី​ស្រែ​ចម្ការ​ពលរដ្ឋ និង​រក​ឃើញ​ថា​ក្រុមហ៊ុន​នេះ​នៅ​តែមិន​ព្រម​អនុវត្ត តាម​សេចក្តីជូន​ដំណឹង​របស់សាលា​ខេត្ត​ផង។

អភិបាលរង​ក្រុងសិរីសោភ័ណ ទទួល​បន្ទុក​ដីធ្លី​ លោក វ៉ៃ កេងលី មាន​ប្រសាសន៍ថា អាជ្ញាធរ​តម្រូវ​ឱ្យ​ខាង​ក្រុមហ៊ុន​ញ៉ាំសាវួន បញ្ឈប់​សកម្មភាព​ជីយក​​ដី​របស់​ខ្លួន​ជាបន្ទាន់ និង​ត្រូវ​ដឹក​ដីចាក់​បំពេញ​កន្លែង​ដែល​រង​ការខូចខាត និង​ជួសជុល​ផ្លូវ​ជូន​ពលរដ្ឋ​ឡើងវិញ។ លើសពីនេះ​ទៀត អាជ្ញាធរ​មិន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​នេះ បន្ត​សកម្មភាព​ជីក​ដីយក​ទៅ​លក់​បន្ត​ទៀត​ទេ ព្រោះ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ញ៉ាំសាវួន គឺ​ផុត​កំណត់​ទៅហើយ។ ចំណែក​ពលរដ្ឋ​វិញ ក៏​ព្រម​ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ពេល​នេះ​ដែរ៖ «ហើយ​ខេត្ត​បាន​ចេញ​លិខិត​មិន​​ឱ្យ​បន្តអាជ្ញាប័ណ្ណ រហូត​ដល់​ក្រុមហ៊ុន​ទាំង​អស់​ដែល​គេ​ផុត​ដែល​នោះ​គេ​គោរព​ ដោយឡែក​ក្រុមហ៊ុន​ដែល​មាន​ប្រតិកម្ម​ពីពលរដ្ឋ​នេះ​នៅតែ​កកាយ»

អភិបាលរង​ក្រុង​ដដែល​បញ្ជាក់​ថា ប្រសិន​បើ​ក្រុមហ៊ុន​នេះនៅតែ​ហ៊ាន​ធ្វើសកម្មភាព​ខុសពី​កិច្ចសន្យា​នោះ អាជ្ញាធរ​នឹង​ដក​គ្រឿង​ចក្រ​ទុក ព្រម​ទាំង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​តែម្តង។

ការ​អះអាង​ដោះស្រាយ​បញ្ហា​របស់​អាជ្ញាធរ​ជូន​ពលរដ្ឋ​ពេលនេះ ក្រោយ​ពេល​ពលរដ្ឋ​នៅ​ឃុំពង្រ សង្កាត់​កំពុង​ស្វាយ ក្រុងសេរី​សោភ័ណ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​​ជួយ​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​មិនមាន​ដំណោះ​ស្រាយ រហូត​ពលរដ្ឋ​រាប់សិប​នាក់​នាំ​គ្នា​មក​តវ៉ា​ដល់​ខាងមុខ​សាលាខេត្ត​តែម្តង។

តំណាង​ពលរដ្ឋ​នៅ​សង្កាត់​កំពង់ស្វាយ លោក អេម សង្អៃ មាន​ប្រសាសន៍​ថា ពលរដ្ឋ​រីករាយ​នៅ​ពេល​អាជ្ញាធរ ចាត់​វិធានការ​លើ​បញ្ហា​នេះ ព្រោះ​សកម្មភាព​ជីក​ដីភ្នំ​ធ្វើ​អាជីវកម្ម កន្លង​មក​គឺ​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​ប្រជា​ពលរដ្ឋ«ការ​សម្រេច​ហ្នឹង​គឺ​ពេញ​ចិត្ត​ប្រជាពលរដ្ឋ ។ គោលបំណង​ប្រជាពល​រដ្ឋ​បាទ»

យ៉ាង​ណា​ក៏ដោយ លិខិត​កិច្ចសន្យា​របស់​ខាង​ក្រុមហ៊ុន​ញ៉ាំសាវួន បញ្ជាក់​​ចំពោះ​មុខ​អាជ្ញាធរ​ខេត្ត និង ពលរដ្ឋ​ថា ខ្លួន​យល់​ព្រម​បញ្ឈប់​ការ​ជីក​កាយ​យក​អាចម៍​ដី តំបន់​ភ្នំ​កងវ៉ា​ចាប់​ពីថ្ងៃទី២២ ឧសភា តទៅ។ បន្ថែម​ពី​នេះ ក្រុមហ៊ុន​ធានា​ធ្វើ​ផ្លូវ​ដែល​ខូចខាត​ជូន​ពលរដ្ឋ ដោយ​គ្មាន​លក្ខខណ្ឌ និង​ព្រម​រើ​របាំង​ចេញ ពី​ផ្លូវឱ្យ​ពលរដ្ឋ​ចូល​ប្រើប្រាស់​ផ្លូវ​សាធារណៈ​ឡើងវិញ។

ទោះជា​យ៉ាងណា បញ្ហា​នេះ មន្ត្រី​អង្កេត​នៃអង្គ​ការ​ការពារ​សិទ្ធិមនុស្ស​លីការដូ (LICADHO) ខេត្តបន្ទាយ​មានជ័យ ដែល​បាន​តាម​ដាន​រឿង​នេះ លោក ឡេង យ៉េន យល់ថា ប្រសិន​បើពលរដ្ឋ​មិន​នាំគ្នា​ឡើង​ទៅ​តវ៉ា​ដល់​សាលា​ខេត្តទេ ប្រហែល​ជា​ពួកគាត់​មិនទាន់​​ទទួល​បានការ​ដោះស្រាយ​ទេ ពីព្រោះ​បញ្ហា​នេះ​កើតឡើង​ជា​យូរ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​មិន​មាន​វិធានការ​ណា​មួយ​លើ​ក្រុមហ៊ុន​ឱ្យ​មាន​ប្រសិទ្ធិ​ភាពឡើយ បើទោះ​បីជា​ក្រុមហ៊ុន​រំលោភ​លើ​សេចក្តី​ជូន​ដំណឹង​របស់​ខេត្ត​ក៏ដោយចុះ« ខ្ញុំយល់ថា​រាល់​វិវាទ​ទាំងឡាយ ដើម្បី​កុំឱ្យមានស្ថានភាព​សង្គម​វឹកវរ​របៀប​មាន​ពលរដ្ឋ​ឡើង​តវ៉ា​អីហ្នឹង​ អាជ្ញាធរ​គប្បី​មាន​ឆន្ទៈ​ដោះស្រាយ​វិវាទ​ណាមួយ​ដែល​ពួក​គាត់​ទទួល​បណ្ដឹង តាមរយៈ​បណ្ដឹង​ផ្ទាល់​ឬក៏​បណ្ដឹង​បរិហារ​ជាដើម»

លោក​បន្ថែម​ថា អាជ្ញាធរ​គប្បី​ស្រាវជ្រាវ​រក​ក្រុម​ហ៊ុន​កកាយ​ដី​ដទៃ​ទៀត ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​មក​ដោះស្រាយ មិន​ចាំបាច់​ទាល់តែ​ពលរដ្ឋ​នាំគ្នា​តវ៉ា ទើប​មាន​ការ​ដោះ​ស្រាយ​នោះ​ទេ។ បើ​ទោះ​បី​ជា​ការ​អនុវត្ត​កិច្ចសន្យា​របស់​ក្រុមហ៊ុន​ញ៉ាំសាវួន អនុវត្ត​ចាប់​ពីថ្ងៃទី ២២ ឧសភា ក៏ដោយ ក៏​ប្រជា​ពលរដ្ឋ​ នៅតែ​បន្ត​តាមដាន​លើ​ការអនុវត្តកិច្ចសន្យា​របស់​ក្រុមហ៊ុន កកាយ​ដី​តំបន់​ភ្នំនេះបន្ត​ទៀត រហូត​ទាល់​តែ​ការ​អនុវត្ត​កិច្ចសន្យា​នោះ​ប្រជាពលរដ្ឋ​ពេញចិត្ត ទើប​បញ្ហា​នេះ​អាច​បញ្ចប់​បាន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។