អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានធ្វើដំណើរទស្សនកិច្ចទៅដល់ខេត្តព្រះវិហារ ហើយបន្ទាប់ពីអ្នកស្រីបានចំណាយពេលពេញ ១ថ្ងៃ ដើម្បីស្វែងយល់ពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅខេត្តស្ទឹងត្រែង។
នៅឯខេត្តព្រះវិហារ ចាប់តាំងតែពីព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមីនា អ្នកស្រី រ៉ូណា ស្មីត បានជួបប្រជុំជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួន៥ ដើម្បីស្វែងយល់អំពីការរំលោភសិទ្ធិជនជាតិដើមភាគតិច និងការរំលោភសិទ្ធិស្ត្រីនៅខេត្តដាច់ស្រយាលមួយនេះ។
ក្រុមជនជាតិដើមភាគតិចកួយ ប្រមាណ ៥០០នាក់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ បានជួបជុំគ្នាដើម្បីរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដែលបានទៅពិនិត្យមើលតំបន់រស់នៅរបស់ពួកគេ នៅរសៀលថ្ងៃច័ន្ទ ទី២៨ ខែមីនា។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ គឺលោក ឡោ ចាន់។ លោកមានប្រសាសន៍ថា ចាប់តាំងតែពីម៉ោងជាង ១១ព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមីនា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បានទៅដល់ខេត្តព្រះវិហារ ហើយបានជួបប្រជុំជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួន៥។ អង្គការក្រៅរដ្ឋាភិបាលទាំងនោះមាន សមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការពន្លកខ្មែរ អង្គការលើកស្ទួយវប្បធម៌ជនជាតិកួយ អង្គការ ឌី.ភី.អេ (DPA) និងអង្គការអនុផលព្រៃឈើ។ លោក ឡោ ចាន់ បញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំនោះ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ចង់ដឹងអំពីស្ថានភាពរំលោភសិទ្ធិជនជាតិដើមភាគតិច និងការរំលោភសិទ្ធិស្ត្រី៖ « ចុងក្រោយនៃកិច្ចប្រជុំជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារ អ្នកស្រី រ៉ូណា ស្មីត បានសន្យាថានឹងយករបាយការណ៍របស់សង្គមស៊ីវិល ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងខេត្តដាច់ស្រយាល ទៅដាក់ជូនអង្គការសហប្រជាជាតិ »។
សហគមន៍ជនជាតិដើមភាគតិចកួយ ជាច្រើនគ្រួសារ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ដែលទទួលរងការរំលោភដីធ្លីយ៉ាងខ្លាំងពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់ចិន បានសម្ដែងទឹកចិត្តរីករាយ នៅពេលដែលគេឮថាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នឹងទៅពិនិត្យមើលនៅតំបន់ពួកគេ។
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ លោកស្រី រឿង ខាន់ មានប្រសាសន៍ថា កាលពីវេលាម៉ោងជាង ២រសៀល គឺអ្នកស្រី រ៉ូណា ស្មីត បានទៅដល់សហគមន៍របស់ពួកគាត់ហើយ។ លោកស្រី រឿង ខាន់ បញ្ជាក់ថា ចាប់តាំងតែពី ៣ឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន ក្រុមជនជាតិដើមភាគតិចកួយ ចំនួនជាង ៥០០គ្រួសារ បានរងគ្រោះដោយសារក្រុមហ៊ុនចិន ឡាន ហ្វេង (Lan Feng ) ឈូសឆាយរំលោភយកដីស្រែចម្ការ ដើម្បីយកដីទៅដាំអំពៅ។ សហគមន៍ជនជាតិដើមភាគតិចកួយ ចង់ឲ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ជួយដាក់សម្ពាធទៅលើរដ្ឋាភិបាលខ្មែរ ធ្វើយ៉ាងណាឲ្យពន្លឿនការចុះបញ្ជីដីធ្លីជាសមូហភាពសម្រាប់ពួកគេ ដើម្បីការពារការរំលោភដីធ្លីពីក្រុមហ៊ុនចិន តទៅទៀត៖ « ខ្ញុំឲ្យ អ្នកស្រី រ៉ូណា ស្មីត ជួយស្ដាប់ការរំលោភសិទ្ធិជនជាតិដើមភាគតិច ដែលបងប្អូននឹងលើកឡើង »។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ ឲ្យដឹងថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត ក្រៅតែពីជួបប្រជុំជាមួយអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិចកួយ នៅខេត្តព្រះវិហារ អ្នកស្រីក៏មានគម្រោងជួបជាមួយនឹងក្រុមហ៊ុនចិន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែរ តែមិនបានបង្ហើបឲ្យដឹងពីគម្រោងដែលនឹងជួបពិភាក្សាជាមួយអាជ្ញាធរខេត្តនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។