មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី អំពាវនាវសុំឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស៊ើបអង្កេតការចេញប័ណ្ណកម្មសិទ្ធិប្រមាណ ២០ប្លង់ ដែលពាក់ព័ន្ធក្រុមនិស្សិតអនុវត្តបទបញ្ជាលេខ ០១ ស្ដីពីគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល។
ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីធ្លីទាំងអស់នោះ ត្រូវបានអ្នកភូមិចោទថា មានភាពមិនប្រក្រតីពាក់ព័ន្ធក្លែងឯកសារផ្ទេរសិទ្ធិកាន់កាប់ដី ដែលប៉ះពាល់ទៅលើដីធ្លី និងសិទ្ធិពលរដ្ឋមានដីធ្លីរស់នៅស្របច្បាប់ជាង ១០០គ្រួសារ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមន្ត្រីស៊ើបអង្កេតសមាគមអាដហុក ខេត្តរតនគិរី នៅថ្ងៃទី២៨ ខែតុលា បានរកឃើញប័ណ្ណសំគាល់សិទ្ធិអចលនទ្រព្យជាង ២០ប្លង់ដែលប្រជាពលរដ្ឋជាង ១០០គ្រួសារចាត់ទុកថា ជាប័ណ្ណកម្មសិទ្ធិធ្វើឡើងដោយមិនត្រឹមត្រូវតាមទម្រង់ច្បាប់។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សំគាល់ថា ប័ណ្ណកម្មសិទ្ធិដែលអ្នកភូមិអះអាងថា មានភាពមិនប្រក្រតីនេះ ទាក់ទិនដីជាង ១៨៦ហិកតារដែលអ្នកភូមិចូលទៅរស់នៅតាំងពីឆ្នាំ២០០៧ ក៏ប៉ុន្តែនៅឆ្នាំ២០១២ ខណៈក្រុមនិស្សិតមិនបានវាស់វែងកាត់ដីនោះជូនពលរដ្ឋទេ បែរជាដីនោះត្រូវបានចេញប័ណ្ណកម្មសិទ្ធិ ២០ប្លង់ទៅឲ្យមនុស្សមួយក្រុមដែលមានឈ្មោះ ហ៊ាង សុជាតិ និងក្រុមគ្រួសារ រួមទាំងអ្នកភូមិជនជាតិខ្លះទៀតផង បើទោះបីអ្នកភូមិបានជំទាស់យ៉ាងណាក្ដី។
លោកថា ឈ្មោះ ហ៊ាង សុជាតិ បានចេញមុខប្ដឹងអ្នកភូមិទៅតុលាការពីបទរំលោភចូលទៅកាន់កាប់អចលនទ្រព្យអ្នកដទៃ ហើយតុលាការកំពុងដំណើរការរឿងក្ដីនេះ៖ «លោកមេឃុំអះអាងថា លិខិតដែលឈានទៅដល់ការស្នើសុំធ្វើប្លង់កម្មសិទ្ធិដោយក្រុមនិស្សិត អាចពុំមានលិខិតត្រឹមត្រូវទេ ហើយក៏មានការប្ដឹងតវ៉ាមុនការចេញប្លង់ទៅទៀត ដោយអ្នកភូមិជាង ១០០គ្រួសារ បានដាក់ពាក្យបណ្តឹងទៅក្រុមនិស្សិតផ្ទាល់ជំទាស់ការចេញប្លង់ហ្នឹង ហើយមិនដឹងយ៉ាងម៉េចបានជាចេញប្លង់ទៅឲ្យឈ្មោះ ហ៊ាង សុជាតិ នោះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងឈ្មោះ ហ៊ាង សុជាតិ បានទេ នៅថ្ងៃទី២៨ ខែតុលា ដើម្បីសុំការបំភ្លឺរឿងចោទប្រកាន់នេះ។ ក៏ប៉ុន្តែដីការក្សាការពាររបស់ចៅក្រមសាលាដំបូងខេត្តរតនគិរី កាលពីឆ្នាំ២០១៣ ឈ្មោះ ហ៊ាង សុជាតិ មានប័ណ្ណកម្មសិទ្ធិ ២០ប្លង់ ដែលមានម្ចាស់កម្មសិទ្ធិផ្សេងគ្នាលើដីសរុប ១៨៦ហិកតារ បានប្ដឹងសុំទៅតុលាការដើម្បីរក្សាការពារដីដែលប្រជាពលរដ្ឋបានតាំងទីលំនៅ និងប្ដឹងចោទអ្នកភូមិថា បានរំលោភកាន់កាប់អចលនទ្រព្យរបស់ខ្លួន។
ទាក់ទិនករណីនេះដែរ មេឃុំកិចុង លោក រចំ ឡៃ ទទួលស្គាល់ថា ឯកសារដែលក្រុមនិស្សិតវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនលោក ហ៊ាង សុជាតិ និងប្រជាពលរដ្ឋជនជាតិដើមទាំង ២០ប្លង់ ទំនងមានឯកសារខ្លះត្រូវគេក្លែងបន្លំត្រារបស់មេឃុំ។ លើសពីនេះ លោកទទួលស្គាល់ថា ដីដែលនិស្សិតចេញប័ណ្ណកម្មសិទ្ធិ គឺជាដីរដ្ឋ ហើយប្រជាពលរដ្ឋចំណាកស្រុកចូលមករស់នៅ និងបានធ្វើញត្តិស្នើសុំទៅរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីឲ្យជួយអន្តរាគមន៍ផ្ដល់ដីនោះជូនពលរដ្ឋជាដីសម្បទានសង្គមកិច្ច៖ «មិនត្រឹមត្រូវ មិនប្រក្រតី ប្លង់ហ្នឹងដូចជាប្លង់ក្លែងបន្លំឯកសារគាត់យកទៅនិស្សិតតែម្ដង។ អ៊ីចឹងគាត់ថតចម្លងត្រាខ្ញុំ គាត់ស្កេនទុក ខ្ញុំប៉ាន់ស្មានអ៊ីចឹង»។
ទោះជាយ៉ាងនេះក្តី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តរតនគិរី លោក ទឹម ស៊ីណាត អះអាងថា ក្រុមនិស្សិតនិងមន្ត្រីជំនាញបានចុះស្រាវជ្រាវប្រវត្តិដី និងប្រជាពលរដ្ឋកាន់កាប់ដីតំបន់នោះត្រឹមត្រូវ មុននឹងចេញប័ណ្ណកម្មសិទ្ធិ។ លោកថា ដីដែលមានទំនាស់ គឺជាដីកម្មសិទ្ធិមួយផ្នែករបស់លោក ហ៊ាង សុជាតិ និងមួយផ្នែកទៀតជាដីដែលលោក ហ៊ាង សុជាតិ ទិញពីប្រជាពលរដ្ឋជនជាតិដើមភាគតិច បន្ទាប់ពីក្រុមនិស្សិតចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ៖ «ស្រាវជ្រាវទៅរឿងប័ណ្ណ ០១ របស់យុវជនដែលចេញរួចហើយ ហើយប័ណ្ណហ្នឹងត្រឹមត្រូវតាមនីតិវិធី។ ក្រុមនិស្សិតគេចុះមកស្រាវជ្រាវឃើញអស់ហើយដីហ្នឹង គឺដីរបស់ ហ៊ាង សុជាតិ ត្រឹមត្រូវអស់ហើយ ហ៊ាង សុជាតិ បានទិញពីជនជាតិខ្លះទៀត»។
ប្រជាពលរដ្ឋភូមិបរឡយ ជាង ២០០នាក់ កាលពីថ្ងៃទី២៦ ខែតុលា បានមកប្រមូលផ្ដុំគ្នានៅមុខការិយាល័យសមាគមអាដហុក គ្រោងធ្វើបាតុកម្មនៅមុខតុលាការសាលាដំបូងខេត្ត ខណៈស្ថាប័ននេះរៀបចំបើកសវនាការជម្រះរឿងក្ដីមួយនេះ ក៏ប៉ុន្តែគម្រោងធ្វើបាតុកម្មត្រូវផ្អាកវិញ បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះពន្យារពេលបើកសវនាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
