វិធានការក្ដៅនេះកើតឡើងបន្ទាប់ពីអ្នកភូមិបានរារាំង និងស្នើសុំឲ្យក្រុមហ៊ុន ផ្អាកឈូសឆាយច្រើនលើក ដើម្បីទុកឲ្យអាជ្ញាធរធ្វើការដោះស្រាយ ប៉ុន្តែក្រុមហ៊ុនមិនយល់ស្រប។
គ្រឿងចក្រឈូសឆាយប្រភេទ ប៊ុលដូហ៊្សែរ (Bulldozer) ចំនួន ៥គ្រឿង របស់ក្រុមហ៊ុនសម្បទានឈ្មោះហៅកាត់ថា ក្រុមហ៊ុន ម៉ែន សារុន ឬក្រុមហ៊ុន ៧២ ត្រូវបានប្រជាពលរដ្ឋសហគមន៍ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដកហូតយកសោ និងអាគុយ ដើម្បីបញ្ឈប់គ្រឿងចក្រនេះមិនឲ្យឈូសឆាយព្រៃឈើបានតទៀត។
តំណាងសហគមន៍ លោក រម៉ាស់ ស្វាន នៅថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៣ មានប្រសាសន៍បញ្ជាក់ថា កាលពីរសៀលថ្ងៃសៅរ៍ ទី៤ ខែឧសភា កម្មករជនជាតិវៀតណាម និងខ្មែរ បានបញ្ជាគ្រឿងចក្រ ៥គ្រឿង ឈូសព្រៃការពាររបស់សហគមន៍ជាថ្មី ទើបអ្នកភូមិប្រមាណ ៣០នាក់ បាននាំគ្នាទៅឃាត់ ប៉ុន្តែអ្នកបញ្ជាគ្រឿងចក្របីគ្រឿងបានរត់ចោលគ្រឿងចក្រ ទើបអ្នកភូមិដកហូតយកសោ និងអាគុយមករក្សាទុក ដើម្បីទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ឈូសឆាយព្រៃសហគមន៍។
លោកបន្តថា អ្នកភូមិយល់ព្រមប្រគល់សោ និងអាគុយជូនក្រុមអាជ្ញាធរស្រុកអូរយ៉ាដាវ វិញ នៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីមន្ត្រីអាជ្ញាធរស្រុកបានធ្វើលិខិតធានាមិនឲ្យក្រុមហ៊ុនឈូសឆាយបន្ត និងសន្យាដោះស្រាយបញ្ហានេះជូនអ្នកភូមិ៖ «ថ្ងៃម្សិលប្រជាពលរដ្ឋគេទៅដកកូនសោ ដកអាគុយ។ ២គ្រឿង វាអត់កូនសោ គេដោះអាគុយ។ ៣គ្រឿង គេមានកូនសោ គេដោះកូនសោចេញ គេយកកូនសោវាទៅ»។
សេចក្ដីរាយការណ៍របស់សហគមន៍ភូមិឡំ ឲ្យដឹងថា ក្នុងខែមេសា កន្លងទៅក្រុមហ៊ុន ម៉ែន សារុន បាននាំគ្រឿងចក្រចូលមកឈូសឆាយព្រៃឈើសហគមន៍ការពារត្រៀមសុំចុះបញ្ជីជាព្រៃការពារផ្លូវការសហគមន៍ចំនួន ៣លើក។
តំណាងក្រុមហ៊ុន ម៉ែន សារុន លោក មាស សុគន្ធមុនី មានប្រសាសន៍បញ្ជាក់ថា ព្រៃដែលក្រុមហ៊ុនឈូសឆាយ គឺឋិតក្នុងតំបន់ដីសម្បទានដែលខណ្ឌរដ្ឋបាលព្រៃឈើអនុញ្ញាតឲ្យក្រុមហ៊ុនឈូសឆាយ។
លោកបន្តថា មន្ត្រីព្រៃឈើបានចុះផ្សព្វផ្សាយករណីនេះជូនប្រជាពលរដ្ឋហើយ ប៉ុន្តែអ្នកភូមិនៅតែមិនយល់ស្រប៖ «ពួកគាត់ចេះតែទៅឃាត់ ព្រោះពួកគាត់ចង់ទុកថ្ងៃក្រោយ។ ខ្ញុំឲ្យពួកហ្នឹងផ្អាកឈូសឆាយសិន ចាំមើលគេធ្វើម៉េចទៀត ព្រោះរដ្ឋបាលព្រៃឈើទើបនឹងទៅប្រជុំថ្ងៃមុនហ្នឹងសោះ»។
អធិការរងនគរបាលស្រុកអូរយ៉ាដាវ លោក ងយ ដន មានប្រសាសន៍បញ្ជាក់ថា មន្ត្រីអាជ្ញាធរស្រុកបានធ្វើលិខិតប្រគល់គ្រឿងចក្រ និងសន្យាថា រាយការណ៍ជូនមន្ត្រីជំនាញពាក់ព័ន្ធចុះដោះស្រាយបញ្ហាជូនសហគមន៍។
លោកបន្តថា អាជ្ញាធរស្រុកសំណូមពរឲ្យក្រុមហ៊ុនផ្អាកឈូសឆាយតទៅទៀត ចៀសវាងកើតមានអំពើហិង្សា៖ «ឲ្យត្រាក់ទ័រហ្នឹងដកថយសិន ចាំថ្នាក់ខេត្តចុះដោះស្រាយ ក្រែងលោប្រជាពលរដ្ឋហ្នឹងប្រើអំពើហិង្សា ហើយក៏គាត់ស្ដាប់យើង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា ព្រៃដែលក្រុមហ៊ុនឈូសឆាយជាប្រភេទព្រៃស្រោង ហេតុនេះតាមគោលការណ៍ស្ដីពីសម្បទានសេដ្ឋកិច្ច រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យឈូសឆាយព្រៃស្រោងនោះទេ។
លោកបន្តថា ក្រសួងកសិកម្មគួរត្រួតពិនិត្យករណីនេះ៖ «អ្វីដែលជនជាតិដើមភាគតិចគាត់ការពារដីអភិរក្សរបស់គាត់ ក៏គាត់ចូលរួមចំណែកការពារផ្លូវច្បាប់របស់រដ្ឋដែរ។ បានន័យថា គាត់ជួយៗទប់ស្កាត់»។
របាយការណ៍អង្កេតរបស់មន្ត្រីសមាគមអាដហុក ខេត្តរតនគិរី នៅក្នុងខែមេសា ឆ្នាំ២០១៣ ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចចំនួន បីក្រុម នៅស្រុកអូរយ៉ាដាវ បានរាយការណ៍ថា ក្រុមហ៊ុន ម៉ែន សារុន បានឈូសឆាយព្រៃឈើការពារសហគមន៍ភូមិឡំ ឈូសឆាយដីព្រៃសហគមន៍ភូមិតេន និងឈូសឆាយដីស្រែចម្ការប្រជាពលរដ្ឋភូមិពាក់។
យ៉ាងនេះក្តី តំណាងសហគមន៍ភូមិឡំ ព្រមានថា អ្នកភូមិនឹងប្រើអំពើហិង្សាប្រសិនក្រុមហ៊ុននៅតែរំលោភឈូសឆាយបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
