ពលរដ្ឋ​សង្កាត់​វាលស្បូវ​ស្នើ​អាជ្ញាធរ​ទប់ស្កាត់​កាណូត​បូម​ខ្សាច់​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ

0:00 / 0:00

អ្នក​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​សង្កាត់​វាលស្បូវ ចោទ​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ក្នុង​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់ ថា​មាន​បំណង​បំផ្លាញ​ដី​ផ្ទះ និង​ដំណាំ​ពួក​គាត់ ដោយ​ការ​បូម​ខ្សាច់​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ។ ការ​ចោទ​ប្រកាន់​នេះ នៅ​ពេល​ដែល​កាណូត​ជាច្រើន​គ្រឿង ប្រើ​បំពង់​ទុយោ​មុខ​កាត់​ធំៗ​បូម​រូង​យក​ខ្សាច់​ក្បែរ​ច្រាំង​ទន្លេ។

ចៅសង្កាត់​វាលស្បូវ និង​អ្នក​ភូមិ​អះអាង​ថា រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា កាណូត​បូម​ខ្សាច់​ជាច្រើន​គ្រឿង ចាប់​ផ្តើម​បូម​ខ្សាច់​តាម​ច្រាំង​ទន្លេ​ក្បែរ​វត្ត​ក្តីតាកុយ ហើយ​បាន​បំផ្លាញ​ដី​ច្រាំង​ទន្លេ​មេគង្គ​អោយ​បាក់​ចូល​ទឹក​បណ្ដើរៗ។

ចៅសង្កាត់​វាលស្បូវ អ្នកស្រី យឹម ស៊ីម៉ន ថ្លែង​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ថា គាត់​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ចុះ​ត្រួត​ពិនិត្យ​ជា​ថ្មី​អំពី​សកម្មភាព​កាណូត​ស៊ី​ឈ្នួល​បូម​ខ្សាច់​លក់ កំពុង​តែ​បង្ក​វិនាសកម្ម​ដល់​ច្រាំង​ទន្លេ​មេគង្គ​ក្បែរ​វត្ត​ក្តីតាកុយ ដែល​កាណូត​ទាំង​នោះ​បាន​បូម​យក​ខ្សាច់ ៣​ថ្ងៃ​ហើយ គឺ​បូម​ទាំង​យប់​ទាំង​ថ្ងៃ។ អ្នកស្រី​ថា កាណូត​ទាំង​នោះ​បូម​ខ្សាច់​នៅ​ពេល​យប់ និង​បាន​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ​បាក់​បន្តិច​ម្តងៗ​ចូល​ទឹក។ អ្នកស្រី​ថា អ្នក​ភូមិ​បារម្ភ​ខ្លាច​ផ្ទះ​បាក់​ធ្លាក់​ចូល​ទឹក ក៏​នាំ​គ្នា​ក្រោក​យាម​ផ្ទះ និង​ប្ដឹង​មក​អាជ្ញាធរ​ឲ្យ​ជួយ​អន្តរាគមន៍៖ «ស្មាន​ម៉ែត្រ​មិន​ត្រូវ​ទេ​ទន្លេ គ្រាន់​ថា​វា​បូម​ចូល​ដី​វាល​ស្បូវ ភូមិ​ក្តីតាកុយ គឺ​វា​បូម ២-៣​ថ្ងៃ​ហើយ នៅ​ក្តីតាកុយ ហ្នឹង។ ខ្ញុំ​រាយការណ៍​ទៅ​ខណ្ឌ ២-៣​ថ្ងៃ​ហើយ សុំ​ឲ្យ​ជួយ​ធ្វើ​ម៉េច​កុំ​ឲ្យ​វា​បូម​យប់​ទៀត គាត់​អត់​ងងុយ ហើយ​ណា​មួយ​គាត់​ខ្លាច​បាក់​ច្រាំង​ដែរ​ហ្នឹង»

ពលរដ្ឋ​នៅ​សង្កាត់​វាលស្បូវ លោក សុខ សឿន ឲ្យ​ដឹង​ថា កាណូត​បូម​ខ្សាច់​បង្ក​វិនាសកម្ម​ដល់​ច្រាំង​ទន្លេ​មេគង្គ ដោយ​គ្មាន​អ្នក​ជំនាញ​ពី​ស្ថាប័ន ក្រសួង មន្ទីរ​ពាក់ព័ន្ធ ជួយ​អើពើ​ឡើយ។ អ្នក​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន តវ៉ា​រារាំង​ដោយ​ផ្ទាល់ ចំពោះ​កាណូត​បូម​ខ្សាច់​ក្បែរ​ច្រាំង​ទន្លេ​នេះ ដែល​បណ្ដាល​ឲ្យ​ច្រាំង​បាក់​ចូល​ទន្លេ។ លោក​ស្នើសុំ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល និង​សាលា​រាជធានី​ភ្នំពេញ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បូម​ខ្សាច់ គឺ​សុំ​ឲ្យ​បង្ហាញ​ពី​បទបញ្ជា​នៃ​សិទ្ធិ​បូម​ខ្សាច់ អាច​ឲ្យ​កាណូត​បូម​ពី​ត្រឹម​ណា​ដល់​ត្រឹម​ណា ហើយ​សុំ​ឲ្យ​ចុះ​ពិនិត្យ​មើល​សកម្មភាព​បូម​ខ្សាច់ និង​ដាក់​ពិន័យ​ដល់​ឈ្មួញ​បូម​ខ្សាច់ ដែល​ប្រព្រឹត្ត​ល្មើស​បទបញ្ជា​នោះ​ផង៖ «វា​ឥឡូវ​នេះ​បូម​នៅ​មុខ​វត្ត​ក្តីតាកុយ គឺ​បូម​កៀក​វត្ត​ដែរ​ហ្នឹង ហើយ​បូម​ម៉ាស៊ីន​អា​អ៊ូរ​ហ្នឹង​ច្រើន​មែន​ទែន»

មេ​ភូមិ​ក្តីតាកុយ លោក ប៊ូ ណន ថ្លែង​ថា ជិត​មួយ​សប្ដាហ៍​ហើយ​ដែល​កាណូត​បូម​ខ្សាច់ លួច​ចូល​បូម​ក្នុង​ទឹក​ដី​ភូមិ​នេះ។ លោក​ថា ការ​បូម​ភាគ​ច្រើន​នៅ​ពេល​យប់ កាណូត​បើក​មក​កៀក​ច្រាំង​ទន្លេ​បូម​ខ្សាច់ ប៉ុន្តែ​ពេល​ថ្ងៃ គឺ​កាណូត​វា​បើក​ចេញ​ឆ្ងាយ​ពី​ច្រាំង​ទន្លេ​បន្តិច។ លោក​ថា នៅ​ថ្ងៃ​នេះ​វា​បូម​ទៀត​នៅ​កៀក​ច្រាំង​ក្បែរ​វត្ត​ក្តីតាកុយ ទើប​អ្នក​ភូមិ​តវ៉ា ទោះ​បី​ដី​មិន​ទាន់​បាក់​ខ្លាំង​ក៏ដោយ៖ «តែ​វា​អស់​ខ្សាច់​ទៅ វា​មិន​ដល់​បាត​ទន្លេ តែ​កាល​ណា​ដល់​បាត​ទន្លេ​ទៅ វា​អាច​ជំរាលៗ​ទៅ​វា​អាច​ទៅ​ជា​បាក់​ផ្ទះ ហើយ​វា​អាច​បាក់​តែ​ម្តង​ក៏​មាន​ដែរ គឺ​វា​អត់​ទៀង»

លោកស្រី សៅ សំណាង រស់នៅ​ភូមិ​វាលស្បូវ​ខាង​កើត ឲ្យ​ដឹង​ថា កាល​ពី​សប្ដាហ៍​មុន អ្នក​ភូមិ​តវ៉ា​ដុត​កង់​ឡាន និង​ប្ដឹង​ទៅ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ហើយ​មាន​អភិបាល​រង​ខណ្ឌ​ចុះ​មក​អន្តរាគមន៍​ទាន់​ពេល បាន​ធ្វើ​ឲ្យ​កាណូត​បូម​ខ្សាច់​លើក​ទុយោ​បើក​កាណូត​រត់​ចេញ​ទៅ​ឆ្ងាយ​ពី​ច្រាំង​ទន្លេ។ លោកស្រី​ថា ប្រសិន​បើ​អ្នក​ភូមិ​ក្តីតាកុយ មិន​តវ៉ា​ប្រឆាំង​ខ្លាំងក្លា​ដូច​ពួក​គាត់​ទេ ច្រាំង​ទន្លេ និង​ដី​វត្ត​ក្តីតាកុយ នឹង​ធ្លាក់​ចូល​ទឹក ព្រោះ​អាជ្ញាធរ​មិន​បាន​ដឹង​រឿង នាំ​ឲ្យ​ការ​ចុះ​អន្តរាគមន៍​មិន​បាន​ទាន់​ពេល។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បូម​ខ្សាច់​នៅ​ក្នុង​ទឹក​ដី​រាជធានី​ភ្នំពេញ​ទេ។ លោក​នឹង​រាយការណ៍​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បន្ត​ទៀត ដើម្បី​ត្រួត​ពិនិត្យ​បញ្ហា​នេះ៖ «គឺ​យើង​មាន​ការ​ណែនាំ​ច្បាស់​ណាស់ ហើយ​ខ្សាច់​ដែល​អាច​យក​មក​នេះ គឺ​ថា​ជា​ខ្សាច់​អាច​ការ​បូម​នៅ​ក្រៅ​រាជធានី​ភ្នំពេញ អាច​ដឹក​តាម​សាឡង់​មក ហើយ​បូម​យក​ទៅ​ដាក់​នៅ​ការងារ​អភិវឌ្ឍន៍​ដទៃ»

ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់ ក្នុង​ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ អះអាង​ថា កាណូត​ធុន​ធំៗ​មក​ពី​ប្រទេស​វៀតណាម ប្រមាណ ១០​គ្រឿង បើក​បូម​ខ្សាច់​ក្បែរ​ច្រាំង​ទន្លេ​ចាប់​ពី​កោះ​ពេជ្រ ទៅ​ដល់​កៀនស្វាយ និង​ទៅ​ដល់​ជ្រោយចង្វារ នៅ​ក្នុង​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់ ជា​ប្រចាំ។ នៅ​កណ្ដាល​ទន្លេ​មេគង្គ​មាន​កាណូត ៤​គ្រឿង​ផ្សេង​ទៀត​ឈប់​មួយ​កន្លែង​បូម​យក​ខ្សាច់​ពី​បាត​ទន្លេ​មេគង្គ​រាល់​ថ្ងៃ​ដែរ។

អាជ្ញាធរ​ភូមិ និង​ប្រជាពលរដ្ឋ​សង្កាត់​វាលស្បូវ អះអាង​ថា​នឹង​ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃ​បន្ទាប់ បើ​សិន​ជា​មិន​បណ្ដេញ​កាណូត​បូម​ខ្សាច់ ចេញ​ពី​តំបន់​ក្បែរ​ច្រាំង​ទន្លេ​មេគង្គ ក្នុង​រាជធានី​ភ្នំពេញ​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។