លោក ស ខេង បញ្ជា​ឲ្យ​ទប់ស្កាត់​ការ​ទន្ទ្រាន​កាន់​កាប់​ដី​អនុក្រឹត្យ​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដាក់​បទបញ្ជា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រូវ​ពង្រឹង​សកម្មភាព​ទប់ស្កាត់​ការ​ទន្ទ្រាន​កាន់​កាប់​ធ្វើ​កម្មសិទ្ធិ​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​ក្បាល​ឆាយ។

ក្រុម​មន្ត្រី​អះអាង​ថា បទបញ្ជា​នេះ​ដើម្បី​រក្សា​តំបន់​ក្បាល​ឆាយ​ឲ្យ​បាន​គង់វង្ស ព្រោះ​ជា​ប្រភព​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ទេសចរណ៍​មួយ​នេះ។ ជាង​នេះ ក៏​បាន​ព្រមាន​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​នា​ខេត្ត​នេះ ត្រូវ​បញ្ឈប់ ឬ​ផ្អាក​លើក​សំណើ​សុំ​គោលការណ៍​កាត់​ឆ្វៀល​ដី​តំបន់​នេះ ធ្វើ​កម្មសិទ្ធិ​ដាក់​ជូន​ប្រមុខ​ដឹក​នាំ​ជា​បន្ត​ទៀត។

សារ​ព្រមាន ឬ​បទបញ្ជា​របស់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ធ្វើ​ឡើង​ជា​លាយលក្ខណ៍​អក្សរ និង​តាម​រយៈ​កិច្ច​ប្រជុំ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​រហូត​មក​ដល់​ខែ​សីហា នេះ។

លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន មាន​ប្រសាសន៍​ថា ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​ក្បាល​ឆាយ ទុក​សម្រាប់​រក្សា​ប្រភព​ទឹក​សាប ឬ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ មិន​អាច​មាន​អ្នក​ទន្ទ្រាន​កាន់​កាប់​ធ្វើ​កម្មសិទ្ធិ​ជា​ដាច់ខាត ហើយ​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ល្មើស​នេះ នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់។

នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​នៅ​តាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា នា​សាល​ប្រជុំ​ខេត្ត​នេះ លោក អ៊ុក រ៉ាប៊ុន បាន​ព្រមាន​ទៅ​មន្ត្រី​ជំនាញ​មួយ​ចំនួន​មាន​មន្ត្រី​នៅ​តាម​ស្ថាប័ន​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះសីហនុ ជាដើម ដែល​ធ្វេសប្រហែស​បណ្តោយ​ឲ្យ​មាន​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​អនុក្រឹត្យ​លេខ​៧៦ និង​កាប់​ដើម​ឈើ​នៅ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត ពុះ​ច្រៀក​ជា​ឡូ​លក់​ដូរ​បន្ត និង​ទន្ទ្រាន​ហ៊ុមព័ទ្ធ​របង​ធ្វើ​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ។ កិច្ច​ប្រជុំ​នោះ ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​៧៦ របស់​រាជ​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ ស្ដីពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ព្រែក​ទឹក​សាប​នៅ​តំបន់​ក្បាល​ឆាយ។ ក្នុង​កិច្ច​ប្រជុំ​ដដែល បាន​សម្រេច ពង្រឹង និង​អនុវត្ត​តាម​មតិ​ណែនាំ​ចំនួន ៥​ចំណុច​របស់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រួម​មាន មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​សង់​លំនៅឋាន​នៅ​លើ​ផ្ទៃដី​ទំហំ ៥៥​ហិកតារ ដោយ​តម្រូវ​ឲ្យ​អាជ្ញាធរ​ស្វែងរក​ដី​សម្បទាន​សង្គមកិច្ច​នៅ​ទីតាំង​ផ្សេង ដើម្បី​ចែក​ជូន​ពលរដ្ឋ ក្រៅ​ពី​ដី​ស្ថិត​ក្នុង​តំបន់​អនុក្រឹត្យ​លេខ​៧៦។ ជាង​នេះ ដី​អង្គភាព​រដ្ឋ​ទាំងឡាយ​ដែល​រាជ​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​នា​ពេល​កន្លង​ទៅ គួរ​ដក​ត្រឡប់​មក​វិញ ក្នុង​នោះ​ដី​ក្រសួង​មហាផ្ទៃ ១៨​ហិកតារ បាន​ប្រគល់​ឲ្យ​រដ្ឋ​វិញ​ហើយ ហើយ​ដី​កំពុង​ដាក់​ស្នើសុំ​ការ​អនុញ្ញាត​គ្រប់គ្រង ផ្ដើម​ដោយ​អង្គភាព ឬ​ស្ថាប័ន​រដ្ឋ​នានា​ពី​រាជ​រដ្ឋាភិបាល ត្រូវ​បញ្ឈប់​សកម្មភាព ឬ​មិន​គួរ​ឲ្យ​កើត​មាន​ទៀត​ទេ។

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​ឱកាស​ផ្ទេរ​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ នា​សាល​ប្រជុំ​សាលា​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤។
លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​ឱកាស​ផ្ទេរ​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ នា​សាល​ប្រជុំ​សាលា​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤។ (RFA/Chin Chetha)

ចំណែក​រោងចក្រ​ដែល​ស្ថិត​ក្នុង​តំបន់​អនុក្រឹត្យ​លេខ​៧៦ ត្រូវ​រក្សា​ទុក​ដដែល ព្រោះ​បើ​រដ្ឋ​ដក​ហូត​ពី​ក្រុមហ៊ុន​វិញ គឺ​ត្រូវ​សង​ថវិកា​ទៅ​ម្ចាស់​រោងចក្រ​មាន​ទឹក​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​រដ្ឋ​មិន​មាន​ថវិកា​ផ្តល់​ជូន​ម្ចាស់​រោងចក្រ​ទៅ​តាម​សំណង​ផ្លូវ​ច្បាប់​នោះ​ទេ។ បន្ថែម​លើ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រូវ​សហការ​គ្នា​រុះរើ​ខ្ទម ឬ​ផ្ទះ​មាន​នៅ​រាយប៉ាយ​ចេញ​ពី​ដី​អនុក្រឹត្យ​៧៦ តំបន់​ក្បាល​ឆាយ​ឲ្យ​អស់៖ «លទ្ធផល​នៃ​កិច្ច​ប្រជុំ ក៏​បាន​សម្រេច​មិន​ឲ្យ​មាន​មន្ត្រី​ពាក់ព័ន្ធ​ស្ថាប័ន​ណា​មួយ​លើក​គំនិត​ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​កាត់​ឆ្វៀល​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​ក្បាល​ឆាយ ដែល​មាន​ការ​ទន្ទ្រាន​កាន់​កាប់​រួច​ហើយ ដាក់​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​ទៀត​ទេ។ ហើយ​តាម​ការ​ណែនាំ​ពី​សម្ដេច​ក្រឡាហោម ស ខេង គឺ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​សង់​លំនៅឋាន​នៅ​លើ​ដី​ទំហំ ៥៥​ហិកតារ​នៅ​តំបន់​ក្បាល​ឆាយ ដែល​បាន​កាប់​ទន្ទ្រាន​ហើយ​ទៀត​ទេ និង​តម្រូវ​ឲ្យ​អាជ្ញាធរ​រក​ដី​ទីតាំង​ផ្សេង​សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​ឲ្យ​ចាក​ចេញ​ពី​តំបន់​នោះ»

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ លោក សុខ សកល មេ​បញ្ជាការ​កងទ័ព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ ដែល​មាន​ភារកិច្ច​ថែ​រក្សា ឬ​ឃ្លាំ​មើល​សកម្មភាព​ទន្ទ្រាន​ដី​អនុក្រឹត្យ​នេះ​ធ្វើ​កម្មសិទ្ធិ បាន​បង្ហាញ​ពី​ការ​ខ្វះខាត​មធ្យោបាយ និង​អាហារ​ហូប​ចុក​សម្រាប់​ផ្តល់​ជូន​កង​កម្លាំង​ក្រោម​ឱវាទ ដែល​ចុះ​អនុវត្ត​ការងារ​របស់​ខ្លួន​ជា​អចិន្ត្រៃយ៍។ លោក​ចាត់​ទុក​សកម្មភាព​ទន្ទ្រាន​ដី​អនុក្រឹត្យ​លេខ​៧៦ និង​សកម្មភាព​កាប់​ដើម​ឈើ​នៅ​តំបន់​នេះ ថា​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ហើយ​មាន​មន្ត្រី​កំពុង​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល និង​កំពុង​បម្រើ​ការងារ​ក្នុង​រដ្ឋបាល​សាលា​ខេត្ត​ព្រះសីហនុ មួយ​ចំនួន​អាច​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​នេះ។ ជាង​នេះ មន្ត្រី​មាន​អំណាច​ទាំង​នោះ តែង​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​នៅ​ពេល​កម្លាំង​របស់​លោក​ចុះ​អនុវត្ត​ការងារ​ការពារ​ដី​អនុក្រឹត្យ​លេខ​៧៦ ហើយ​ចាប់​បាន​ជន​ប្រព្រឹត្តិ​ល្មើស​ម្តងៗ៖ «យើង​ពិបាក​ក្នុង​ការ​បង្ក្រាប​ណាស់​បទល្មើស​ទន្ទ្រាន​កាន់​កាប់ ឬ​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​តំបន់​ក្បាល​ឆាយ​លេខ​៧៦ នេះ ព្រោះ​បទល្មើស​នេះ​ទាល់​តែ​ខ្មោច​ស្រុក​ឲ្យ​ដៃ ទើប​ខ្មោច​ព្រៃ​វា​ហ៊ាន។ សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​តំបន់​ក្បាល​ឆាយ​នេះ គឺ​មាន​ទាំង​អ្នក​តូច​ដល់​អ្នក​ធំ ហើយ​នៅ​ពេល​កម្លាំង​ចុះ​បង្ក្រាប និង​ចាប់​ខ្លួន​ជនល្មើស​ទន្ទ្រាន​ដី​រដ្ឋ​នេះ​ម្តងៗ មាន​អ្នក​ចេញ​មុខ​អន្តរាគមន៍ និង​មាន​បញ្ហា​ប្រឈម​សម្រាប់​អ្នក​អនុវត្ត​ច្បាប់ ឬ​ទប់ស្កាត់​សកម្មភាព​ល្មើស​ទាំង​នេះ។ បទល្មើស​នេះ​ហាក់​បី​ដូចជា​មាន​ការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ​អ៊ីចឹង»

ស្រដៀង​គ្នា​ដែរ លោក ឌី សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះសីហនុ បាន​លើក​ឡើង​ក្នុង​អង្គ​ប្រជុំ ចំពោះ​មុខ​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ អំពី​ផល​វិបាក និង​កង្វះ​ខាត​មធ្យោបាយ​ចុះ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​ក្បាល​ឆាយ​កន្លង​មក។ ផល​វិបាក និង​បញ្ហា​ប្រឈម​ទាំង​នោះ​មាន​ដូចជា ខ្វះ​មធ្យោបាយ និង​ថវិកា​សម្រាប់​ចុះ​បំពេញ​ការងារ ក្នុង​នោះ ក្រុម​ជន​ខិលខូច​នៅ​មាន​មហិច្ឆតា​រំលោភ​កាន់​កាប់​ដី​រដ្ឋ​តំបន់​ក្បាល​ឆាយ​ជា​បន្តបន្ទាប់។ ជាង​នេះ នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​រុះរើ​ខ្ទម ឬ​ផ្ទះ​ដែល​គេ​សង់​អនាធិបតេយ្យ​នៅ​លើ​ដី​អនុក្រឹត្យ​កន្លង​មក ត្រូវ​ក្រុម​ជន​ខិលខូច​គំរាម​កំហែង ឬ​ដាក់​ការ​គាប​សង្កត់​មក​លើ​សមត្ថកិច្ច។ បន្ថែម​លើ​នេះ អាជ្ញាធរ​ខេត្ត ឬ​រដ្ឋាភិបាល មិន​ទាន់​មាន​យន្តការ​ដោះស្រាយ​ករណី​រំលោភ​យក​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​ហាម​ឃាត់​នេះ​ឲ្យ​បាន​ច្បាស់លាស់ និង​កិច្ច​គាំពារ​ផ្នែក​ច្បាប់​នៅ​មាន​កម្រិត ដែល​ឈាន​ដល់​ដាក់​ទោស​ទណ្ឌ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ប្រព្រឹត្តិ​ល្មើស ឬ​នៅ​ពី​ក្រោយ​សកម្មភាព​ទន្ទ្រាន​ដី​អនុក្រឹត្យ​នេះ​ទេ៖ «បញ្ហា​ប្រឈម​របស់​សមត្ថកិច្ច គឺ​ក្រុម​ជន​ខិលខូច​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ទន្ទ្រាន​កាន់​កាប់​ដី​តំបន់​អនុក្រឹត្យ​លេខ​៧៦ នៅ​ក្បាល​ឆាយ​ជា​រៀង​រាល់​ថ្ងៃ។ ទោះ​បី​ក្រុម​ការងារ​បាន​ខិតខំ​ការពារ និង​ទប់ស្កាត់​បែប​ណា​ក្តី ក៏​នៅ​មាន​ជន​ល្មើស​លួច​កាប់​ទន្ទ្រាន​ជា​បន្តបន្ទាប់»

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ឃុន សាវឿន មន្ត្រី​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ដែល​តាម​ឃ្លាំ​មើល​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​អនុក្រឹត្យ​តំបន់​ក្បាល​ឆាយ បាន​ចាត់​ទុក​សកម្មភាព​ទន្ទ្រាន​ហ៊ុមព័ទ្ធ​របង ឬ​ពុះ​ច្រៀក​ជា​ឡូៗ​លក់​ដូរ​ជូន​ពលរដ្ឋ​នា​ពេល​កន្លង​មក គឺ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះ បាន​អះអាង​ថា លោក សូរ ជុងហ៊ួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ ត្រូវ​ប្រជាពលរដ្ឋ​ចោទ​ថា មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ ជា​ឡូៗ និង​លក់​បន្ត​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ទីតាំង​ក្នុង​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ និង​ខេត្ត​ព្រះសីហនុ៖ «ចំណុច​ដី​អនុក្រឹត្យ​លេខ​៧៦ ទុក​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ ហើយ​ជាពិសេស​ដែល​មាន​អ្នក​ទន្ទ្រាន​ពុះ​ច្រៀក​លក់​បន្ត​មាន​ក្រុម​គ្រួសារ លោក សូរ ជុងហ៊ួរ ជាដើម​ហ្នឹង គឺ​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​ពិនិត្យ​មើល​ឡើង​វិញ។ ប៉ុន្តែ​អាជ្ញាធរ​មាន​ទាហាន និង​មេ​ព្រៃ​ជាដើម ទៅ​ចាប់ៗ​តែ​ពលរដ្ឋ​អ្នក​ទៅ​ទិញ​ដី​ហ្នឹង​ទៅ​វិញ មិន​ចាប់​អ្នក​លក់​ទេ»

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុង​កិច្ច​ប្រជុំ​ពង្រឹង​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​៧៦ ស្ដីពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ព្រែក​ទឹក​សាប នៅ​តំបន់​ក្បាល​ឆាយ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុង​កិច្ច​ប្រជុំ​ពង្រឹង​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​៧៦ ស្ដីពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ព្រែក​ទឹក​សាប នៅ​តំបន់​ក្បាល​ឆាយ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥។ (RFA/Den Ayuthyea)

យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ព្រមាន​ថា អ្នក​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​អនុក្រឹត្យ​លេខ​៧៦ នឹង​ត្រូវ​ផ្ដន្ទាទោស ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រូវ​សហការ​គ្នា​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​ដី​អនុក្រឹត្យ​លេខ​៧៦ ជា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ​ឲ្យ​បាន​គង់វង្ស​ជា​ដាច់ខាត។ លោក​រដ្ឋមន្ត្រី​បន្ត​ថា ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​ប្រមុខ​ដឹក​នាំ​បាន​ដាក់​ឲ្យ​ថែ​រក្សា គឺ​ជា​ប្រភព​ទឹក​ស្អាត ឬ​ទឹក​សាប​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ដោយ​មិន​អាច​ខ្វះ​បាន​ទេ ព្រោះ​បើ​មិន​ដូច្នេះ​ទេ ខេត្ត​ទេសចរណ៍​មួយ​នេះ​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ​នា​ថ្ងៃ​អនាគត។

លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​អំពាវនាវ​ដល់​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ទប់ស្កាត់ និង​វែក​រក​មុខ​បុគ្គល​នៅ​ពី​ក្រោយ​បទល្មើស​ទន្ទ្រាន​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​ក្បាល​ឆាយ​ជា​ឡូៗ​លក់​ដូរ​បន្ត​នា​ពេល​កន្លង​មក ដើម្បី​ឈាន​ដល់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។

រាជ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ បាន​ចេញ​អនុក្រឹត្យ​លេខ​៧៦ ដោយ​កំណត់​ហ៊ុមព័ទ្ធ​ដី​នៅ​តំបន់​នេះ​មាន​ផ្ទៃ​សរុប ៦.២០២​ហិកតារ ប្រគល់​ភារកិច្ច​ជូន​ក្រសួង​កសិកម្ម ការពារ​ព្រៃ​ធម្មជាតិ និង​ដាំ​ឈើ​នៅ​តំបន់​នោះ​ឡើង​វិញ។ ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រូវ​រួម​គ្នា​ថែ​រក្សា​ឲ្យ​បាន​គង់វង្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។