ប្រជាពលរដ្ឋនៅភូមិភ្នំក្រោម ដែលជាតំបន់ជាប់បឹងទន្លេសាប ចំនួនជាង ៥០នាក់ បានលើកគ្នាមកសាលាសង្កាត់សៀមរាប កាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ ខែឧសភា។ ក្រុមអ្នកភូមិបានដាក់ពាក្យប្ដឹងនៅឯសាលាសង្កាត់ ប្រឆាំងនឹងទាហាននៃយោធភូមិភាគទី៤ មួយក្រុម ដោយថា បានកាន់កាប់ដី ភូមិឋានរបស់ពួកគេ។
ក្រុមប្រជាពលរដ្ឋដែលធ្លាប់រស់នៅតំបន់ខាងត្បូងភ្នំក្រោម អះអាងថា ពួកគាត់ជាង ៨០គ្រួសារ បានស៊ូទ្រាំជ្រកកោនជាមួយអ្នកជិតខាងយ៉ាងពិបាករយៈពេល ២៧ឆ្នាំកន្លងមកហើយ។ បច្ចុប្បន្ន ក្រុមអ្នកភូមិទាំងនោះ កំពុងព្យាយាមតវ៉ាយកដីរបស់ពួកគេមកវិញម្ដងហើយម្ដងទៀត ដោយស្វែងរកជួបអាជ្ញាធរ រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។
កាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ ខែឧសភា ក្រុមអ្នកភូមិបានលើកគ្នាទៅជួបមន្ត្រីសង្កាត់សៀមរាប ដើម្បីសុំឱ្យមន្ត្រីមូលដ្ឋានជួយដោះស្រាយ។
ស្រ្តីអាយុ ៦៧ឆ្នាំម្នាក់ ក្នុងចំណោមអ្នកភូមិជាច្រើនទៀត គឺអ្នកស្រី តូច សាន។ គាត់អះអាងថា រូបគាត់និងអ្នកភូមិបានរស់នៅភាគខាងត្បូងភ្នំក្រោម តាំងតែពីអំឡុងឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។ ក៏ប៉ុន្តែចាប់ពីឆ្នាំ១៩៨៧ កងទ័ពវៀតណាម បានចូលទៅយកតំបន់នោះ ធ្វើជាឃ្លាំងប្រេងសម្រាប់យោធា ហើយតែងបាញ់បំបែកថ្មភ្នំ។ នៅពេលនោះ គឺមេភូមិឈ្មោះ ខាំ អ៊ឹម បានស្នើសុំឱ្យអ្នកភូមិចាកចេញមួយរយៈសិន ហើយបន្ទាប់ពីទាហានវៀតណាម ដកចេញពីកម្ពុជា អ្នកភូមិក៏នាំគ្នាទាមទារយកដីនោះ វិញ ក៏ប៉ុន្តែដីនោះត្រូវទាហាននៃយោធភូមិភាគទី៤ មួយក្រុមកាន់កាប់។
ស្ត្រីអ្នកភូមិ៖ «ដីខ្ញុំ ៨០ (ម៉ែត្រ) ក្បាល បណ្ដោយវា ៨៥ម៉ែត្រ។ ជ្រួលប្របល់នឹងវៀតណាម បាញ់ថ្ម ប្រធានភូមិស្នើឱ្យចេញមួយរយៈសិន ដោះស្រាយខ្លួន។ អ៊ីចឹងហើយបានខ្ញុំសុខចិត្តថយចេញ ខាំ អ៊ឹម ថា ចាំស្រុកសន្តិភាព ដល់សន្តិភាពទៅមិនឃើញឱ្យឯណា ថាទាហានតំបន់៤ គេទៅក្ដាប់ដីនោះយក។ ឥឡូវប្រជាជនមិនសុខចិត្តទេ សុំឱ្យលោកទាំងអស់គ្នាជួយដោះស្រាយឱ្យប្រជាជនមក ពីព្រោះប្រជាជនអត់មានដីនៅទេ។ សព្វថ្ងៃចំណតនិងបងប្អូនទៅរកដីនៅមិនបានទេ បើមិនជឿអស់លោកអញ្ជើញទៅមើលផ្ទះជួរខ្ញុំ រកផ្លូវដើរមិនបានទេ ជ្រកកោននឹងគេ ដាំអីមិនបានហូបទេ»។
អ្នកភូមិភ្នំក្រោម ធ្លាប់ទាមទារយកដីរបស់ពួកគេនៅខាងត្បូងភ្នំ ជាច្រើនលើកមកហើយ ចាប់តាំងតែពីឆ្នាំ១៩៩៧ មក ក៏ប៉ុន្តែមិនមានអាជ្ញាធរណាចេញមុខដោះស្រាយទេ។
កាលពីដើមខែមេសា កន្លងទៅ ក្រុមអ្នកភូមិធ្លាប់លើកគ្នាតវ៉ាប្រឈមមុខនឹងទាហានម្ដងទៀត ដោយសារតែត្រូវការយកដីនោះមកវិញ ដើម្បីសង់ទីលំនៅ។ កាលណោះ អភិបាលរងក្រុងសៀមរាប លោក សូ ប្លាតុង ក៏ធ្លាប់ចុះពិនិត្យម្ដងដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានដំណោះ ស្រាយអ្វីឡើយ។
ចៅសង្កាត់សៀមរាប លោក អ៊ុំ ចាត បានជួបពិភាក្សាជាមួយប្រជាពលរដ្ឋទាំងនោះ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ដោយលោកមានប្រសាសន៍ថា លោកបានដឹងឮជុំវិញរឿងប្រជាពលរដ្ឋមានបញ្ហាដីធ្លីជាមួយទាហាននោះ ប៉ុន្តែលោកជាអាជ្ញាធរថ្នាក់ក្រោមជាតិ មិនមានលទ្ធភាពធំដុំក្នុងការដោះស្រាយទេ។
ចំណែកអភិបាលរងក្រុងសៀមរាប លោក សូ ប្លាតុង ទទួលស្គាល់ថា លោកធ្លាប់ចុះទៅពិនិត្យមើលទំនាស់ដីទីនោះមែន ក៏ប៉ុន្តែទាំងប្រជាពលរដ្ឋ និងទាហាន សុទ្ធអះអាងយកត្រូវរៀងៗខ្លួន ធ្វើឱ្យលោកមិនទាន់ច្បាស់លាស់ថា ដីនោះយ៉ាងដូចម្ដេច?
លោក សូ ប្លាតុង មិនបានបញ្ជាក់ពីដំណោះស្រាយយ៉ាងណាឡើយ ក៏ប៉ុន្តែលោកសន្យាថា នឹងចុះទៅពិនិត្យមើលម្ដងទៀតនៅដើមសប្ដាហ៍នេះ៖ «ថ្ងៃព្រហស្បត្តិ៍ ប្រហែលខាងខ្ញុំចុះទៅជួយមើល ហើយដើម្បីសំណូមពរគាត់យ៉ាងម៉េចជាក់ច្បាស់ទៀត គឺខ្ញុំយកទៅរាយការណ៍ឱ្យខេត្តជួយដោះស្រាយ។
ក្រុមអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដែលតែងឃ្លាំមើលរឿងនោះ សំដែងការព្រួយបារម្ភ ខ្លាចក្រែងមានអំពើហិង្សាអាចកើតឡើងរវាងអ្នកភូមិ និងកងទាហាន ប្រសិនបើអាជ្ញាធរមិនដោះស្រាយបញ្ហានោះដោយសុឆន្ទៈទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
