អាជ្ញាធរ​ខេត្ត​សៀមរាប​រារាំង​ពលរដ្ឋ​មិន​ឲ្យ​មក​តវ៉ា​រឿង​ដីធ្លី​នៅ​ភ្នំពេញ

អាជ្ញាធរ​ ឃុំ​ស្រែណូយ ​​ខេត្ត​សៀមរាប ​បាន​រារាំង​ដំណើរ​ប្រជាពលរដ្ឋ​ប្រមាណ ៨០​នាក់ មិន​ឱ្យ​បន្ត​ឡើង​ទៅ​តវ៉ា​រឿង​ដីធ្លី ​នៅ​ទីក្រុង​ភ្នំពេញ បាន​ទេ ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​ធ្នូ។ ទំនាស់​ដីធ្លី​ រវាង​ប្រជាពលរដ្ឋ និង​ទាហាន​នៃ​វរសេនាតូច​លេខ ២៥៤ បាន​កើត​មាន​រយៈ​ពេល​ជិត ១​ឆ្នាំ​មក​ហើយ ដោយ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ​សមរម្យ​ទេ។

0:00 / 0:00

អ្នក​​ភូមិ​ត្រពាំងក្រសាំង ឃុំ​ស្រែណូយ ប្រមាណ ៨០​នាក់ បាន​​​ធ្វើ​ដំណើរ​​តាម​គោយន្ត​ចំនួន ១០​គ្រឿង កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​ធ្នូ បំណង​ឆ្ពោះ​ទៅ​សាលា​ខេត្ត​សៀមរាប និង​​បន្ត​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​​ទំនាស់​ដី​ស្រែ​ចម្ការ​ជាង ៣០០​ហិកតារ ដោយសារ​ទាហាន​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​​ទៅ​ដាំ​ដុះ ១​រដូវ​មក​ហើយ។ ក៏​ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ត្រូវ​បាន​អាក់​ខាន​​ទៅ​វិញ នៅ​ពេល​ដែល​អាជ្ញាធរ​បាន​រារាំង​​​មិន​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ ដោយ​សន្យា​ថា នឹង​ជួយ​​​ដោះស្រាយ​រឿង​​នោះ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងក្រសាំង គឺ​លោក ភួង សុរិយា។ លោក​បាន​មាន​ប្រសាសន៍​ថា រូប​លោក​និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត មិន​អាច​ទ្រាំ​រស់​នៅ​ដោយ​គ្មាន​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ដូច​ពេល​នេះ​ទេ។ បុរស​ដដែល​បាន​បញ្ជាក់​ថា អ្នក​ភូមិ​របស់​លោក​កំពុង​មាន​ទំនាស់​ដី​ជាង ៣២០​ហិកតារ​ជាមួយ​ទាហាន​នៃ​កងវរសេនាតូច​លេខ ២៥៤ ចំណុះ​ឱ្យ​កងពលតូច​លេខ​៥។ កង​ទាហាន​បាន​​ហាម​​ឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​ដាំ​ដុះ ១​រដូវ​មក​ហើយ។

លោក ភួង សូរិយា៖ «ដី​ដែល​ទាហាន​បាន​រំលោភ​យក​​កន្លង​មក​នៅ​ចំណុច​វាល​សង្កែ​ធំ​ហ្នឹង ចំនួន ៣២០​ហិកតារ ហើយ​ប្រជាជន​មាន​ចំនួន ៩៥​គ្រួសារ ​ហើយ​នៅ​អូរផ្អាវ ប្រជាជន​មាន ១១២​គ្រួសារ ឯ​ដី​មាន ២៥៥​ហិកតារ។ អ៊ីចឹង​បង​ប្អូន​សុំ​យក​ដី​ហ្នឹង​មក​វិញ ហើយ​ចំណុច​ទី​២​ហ្នឹង សុំ​ឱ្យ​រដ្ឋ​អំណាច​ហ្នឹង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​បង​ប្អូន​ស្រប​ច្បាប់ ហើយ​ដី​នៅ​កន្លែង​ណា គឺ​យក​កន្លែង​ហ្នឹង​វិញ»

ស្រប​ពេល​ដែល​ក្រុម​អ្នក​ភូមិ​កំពុង​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​គោយន្ត ដើម្បី​លើក​គ្នា​ទៅ​តវ៉ា​រឿង​ដី​ធ្លី​នោះ អាជ្ញាធរ​បាន​ចេញ​មុខ​កាក់​ពួក​គេ​ឱ្យ​ចូល​ទៅ​សាលា​ឃុំ​ស្រែណូយ និង​ជជែក​រក​ដំណោះ​ស្រាយ​ ដើម្បី​បង្អាក់​កុំ​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

អភិបាល​រង​ខេត្ត​សៀមរាប ​លោក ប៊ុន ថាឫទ្ធិ ដែល​ជា​អ្នក​ទៅ​ជួប​ចរចា​ជាមួយ​អ្នក​ភូមិ​ទាំង​នោះ បាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ដោយ​សន្យា​ថា នៅ​សប្ដាហ៍​ខាង​មុខ អភិបាល​ខេត្ត​សៀមរាប នឹង​ចាប់​ផ្ដើម​ជួប​ពិភាក្សា​រក​ដំណោះស្រាយ។

លោក ប៊ុន ថាឫទ្ធិ បាន​មាន​ប្រសាសន៍​ថា ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​កង​ទាហាន​នោះ បាន​អូស​បន្លាយ​ជា​ច្រើន​ខែ​មក​មែន ក៏​ប៉ុន្តែ​វា​បាន​អាក់​ខាន​ដោះស្រាយ​ដោយសារ​តែ​ជាប់​​រវល់​ការ​បោះ​​ឆ្នោត​កាល​ពី​អំឡុង​ខែ​កក្កដា កន្លង​ទៅ ព្រម​ទាំង​មាន​ការ​ដោះដូរ​អភិបាល​ខេត្ត​ថ្មី​ផង៖ «ឥឡូវ​នេះ ឯកឧត្ដម​អភិបាល​ខេត្ត​លោក​សន្យា​ថា នឹង​កោះ​អញ្ជើញ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​ពិភាក្សា​ដោះស្រាយ​នៅ​ក្នុង​​សប្ដាហ៍​នេះ​ឯង»

​ចាប់​តាំង​តែ​ពី​អំឡុង​ខែ​មីនា ឆ្នាំ​២០១៣​ ប្រជាពលរដ្ឋ​ចំនួន ៩៥​គ្រួសារ ​នៅ​ភូមិ​ត្រពាំងក្រសាំង ឃុំ​ស្រែណូយ ​បាន​កើត​មាន​ទំនាស់​ដីធ្លី​ជាមួយ​ទាហាន​នៃ​កងវរសេនាតូច​លេខ​២៥៤។ ដោយ​កាល​ណោះ​ក្រុម​ទាហាន​បាន​ហាម​ឃាត់​អ្នក​ភូមិ​យ៉ាង​តឹងតែង មិន​ឱ្យ​ចូល​ទៅ​ដាំ​ដុះ​លើ​ដី​របស់​ពួកគេ​ទេ ព្រម​ទាំង​បាញ់​គំរាម​សម្លុត​ទៅ​លើ​អ្នក​ភូមិ​ផង។

កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ កន្លង​ទៅ គណៈកម្មការ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​រួម​គ្នា​ជាមួយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ចុះ​ទៅ​ពិនិត្យ និង​រក​ដំណោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​នោះ​ម្ដង​មក​ហើយ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​ផល​វិជ្ជមាន​ទេ។

កំណត់ហេតុ​​​ចុះ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៣ ​របស់​សាលា​ខេត្ត​សៀមរាប ដែល​កាល​ណោះ ​ ​លោក ស៊ូ ភិរិន្ទ ជា​អភិបាល​ខេត្ត ​បាន​សន្យា​ថា នឹង​ធ្វើ​ការ​ចុះ​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​លាស់ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​កាន់កាប់​ដី​នៅ​មុន​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ គឺ​នឹង​ត្រូវ​ឆ្វៀល​ចេញ​ពី​តំបន់​គ្រប់គ្រង​ដោយ​ទាហាន ព្រម​ទាំង​ប្រគល់​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។