សហគមន៍​មក​ពី​៦​ស្រុក​នៅ​សៀមរាប​លើក​គ្នា​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដី

0:00 / 0:00

ជា​ច្រើន​ឆ្នាំ​មក​ហើយ​ខេត្ត​សៀមរាប មាន​​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជា​ច្រើន​ករណី​ដែល​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​បាន​​នៅ​ឡើយ។ បញ្ហា​ទំនាស់​ដែល​ពិបាក​ដោះស្រាយ​ទាំង​នោះ ​គឺ​​​ភាគ​ច្រើន​កើត​ឡើង​រវាង​ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញាធរ​អប្សរា ​អ្នក​មាន​អំណាច ​និង​​​​ផ្នែក​​​រដ្ឋបាល​ព្រៃ​ឈើ​ជា​ដើម។

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ៤០០​នាក់ មក​ពី​សហគមន៍​ជម្លោះ​ដីធ្លី​ចំនួន ១៤ នៅ​តាម​បណ្ដា​ស្រុក​ខ្លះ បាន​លើក​គ្នា​មក​សាលា​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មិថុនា បំណង​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដី ព្រមទាំង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​សម្រាប់​ពួកគេ​ឱ្យ​បាន​ឆាប់​រហ័ស។

ក្រុម​សហគមន៍​ទាំង​នោះ​មក​ពី​ស្រុក​ចំនួន ៦ របស់​ខេត្ត​សៀមរាប ដូចជា​ស្រុក​បន្ទាយស្រី ស្រុក​អង្គរធំ ក្រុង​សៀមរាប ស្រុក​ប្រាសាទ​បាគង ស្រុក​ជីក្រែង និង​ស្រុក​ស្វាយលើ ជាដើម។ កាល​ពី​ម៉ោង​ប្រមាណ ១០​ព្រឹក ក្រុម​សហគមន៍​បាន​រុញ​ច្រាន​កម្លាំង​ប៉ូលិស​ខ្លះ​ដែល​ដាក់​រាំងផ្លូវ​មិន​ឱ្យ​ពួកគេ​ដង្ហែ​ក្បួន​កាន់​ញត្តិ​ដើម្បី​ដាក់​ជូន​ទៅ​អភិបាល​ខេត្ត​សៀមរាប។

ការ​លើក​គ្នា​របស់​សហគមន៍​ទំនាស់​ដីធ្លី​មក​សាលា​ខេត្ត​សៀមរាប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​បាន​កោះ​ហៅ​តំណាង​ប្រជាពលរដ្ឋ​ទំនាស់​ដីធ្លី ២​ថ្ងៃ​ជាប់ៗ​គ្នា នៅ​ភូមិ​តានី ឃុំ​រុនតាឯក ចំនួន ៧​នាក់ ព្រម​ទាំង​តំណាង​ប្រជាពលរដ្ឋ​និង​សាក្សី​នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ចំនួន ១០​នាក់​ទៀត ទៅ​បើក​សវនាការ​ដេញដោល​ជុំវិញ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​អប្សរា និង​ជាមួយ​ក្រុម​អ្នក​មាន​អំណាច។

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ដង្ហែ​ក្បួន​ពី​តំបន់​អង្គរ​ឃ្យុងយូរ ទៅ​សាលា​​ខេត្ត​សៀមរាប ដើម្បី​ដាក់​ញត្តិ​ជូន​លោក​អភិបាល​ខេត្ត ឱ្យ​ជួយ​ដោះស្រាយ កាល​ពី​ថ្ងៃ​១៧ មិថុនា ២០១៤។
ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ដង្ហែ​ក្បួន​ពី​តំបន់​អង្គរ​ឃ្យុងយូរ ទៅ​សាលា​​ខេត្ត​សៀមរាប ដើម្បី​ដាក់​ញត្តិ​ជូន​លោក​អភិបាល​ខេត្ត ឱ្យ​ជួយ​ដោះស្រាយ កាល​ពី​ថ្ងៃ​១៧ មិថុនា ២០១៤។ (RFA/Hang Savyouth)

តំណាង​អ្នក​ភូមិ​តានី ឃុំ​រុនតាឯក ម្នាក់ ក្នុង​ចំណោម​តំណាង​ផ្សេង​ទៀត គឺ​លោក ហ៊ន ហ៊ុំ។ លោក​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា កន្លង​ទៅ សាលាដំបូង​បាន​កោះ​ហៅ​រូប​គាត់ និង​អ្នក​តំណាង ៦​រូប​ទៀត ទៅ​បើក​សវនាការ​ជុំវិញ​បណ្ដឹង​របស់​អាជ្ញាធរ​អប្សរា ដែល​ចោទ​ពី​បទ​ប៉ះពាល់​ទ្រព្យ​សម្បត្តិ​សាធារណៈ។ ក៏ប៉ុន្តែ​សវនាការ​នោះ​បាន​ពន្យារ​ពេល​ប្រកាស​សាលក្រម​ដោយសារ​តែ​អ្នក​ភូមិ​ច្រើន​រយ​នាក់​បាន​លើក​គ្នា​ទៅ​គាំទ្រ​តំណាង​ពួកគេ។

លោក ហ៊ន ហ៊ុំ បញ្ជាក់​ទៀត​ថា លោក​និង​ប្រជាពលរដ្ឋ ៣៧​គ្រួសារ​ទៀត​រស់​នៅ​ភូមិ​តានី ជា​យូរ​មក​ហើយ មិន​មែន​ជា​អ្នក​ដែល​ទើប​ចំណូល​ថ្មី​ទេ។ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​អាជ្ញាធរ​អប្សរា​ទៅ​ធ្វើ​ភូមិ​អភិវឌ្ឍ​រុនតាឯក ក៏​យក​ដី​បង្ក​បង្កើត​ផល​របស់​ពួកគាត់​ទៅ​ធ្វើ​តំបន់​អភិវឌ្ឍន៍​ដោយ​ទិញ​ពី​ប្រជាពលរដ្ឋ​តម្លៃ ៥០០-​៧០០​ដុល្លារ​ក្នុង ១​ហិកតារ។ ប្រជាពលរដ្ឋ​ចំនួន ៣៨​គ្រួសារ​បាន​ចាប់​ផ្ដើម​តវ៉ា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មិន​ទទួល​យក​ប្រាក់​ទេ គឺ​ចង់​បាន​ដី​ជា​ថ្នូរ ក៏ប៉ុន្តែ​អាជ្ញាធរ​អប្សរា​មិន​ដោះស្រាយ​ទេ។

លោក ហ៊ន ហ៊ុំ៖ «យើង​ទៅ​ធ្វើ​ស្រែ​នៅ​តំបន់​ហ្នឹង គេ​ប្ដឹង​ថា ពួក​ខ្ញុំ​ទៅ​ប៉ះពាល់​កម្មសិទ្ធិ​ទ្រព្យ​សម្បត្តិ​សាធារណៈ។ ដូច្នេះ​ពួក​យើង​ខ្ញុំ​ប្រជាពលរដ្ឋ ៣៨​គ្រួសារ ចង់​ឱ្យ​តុលាការ​រក​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ឱ្យ​ពួក​ខ្ញុំ​បាន​ដី​បង្ក​បង្កើន​ផល​រស់​នៅ»

ចំណែក​ក្រុម​ប្រជាពលរដ្ឋ ១៤៨​គ្រួសារ នៅ​ចំណុច ១០៥ ត្រាំនាគ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប វិញ ក៏​កំពុង​ទាមទារ​ឱ្យ​អាជ្ញាធរ​អប្សរា​កាត់​ប្លង់​បូរី​សណ្ឋាគារ ទេសចរណ៍​វប្បធម៌​ចេញពី​តំបន់​ពួកគេ​កំពុង​រស់​នៅ​ដែរ។

អ្នកស្រី អ៊ី សុនី ជា​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ទី​នោះ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ បាន​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ជំរំ​ជាយ​ដែន​ខ្មែរ-​ថៃ ត្រូវ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ចែក​ដី​ម្នាក់ ១​ប្លង់ៗ​នៅ​ទី​នោះ ក៏ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០០២ អាជ្ញាធរ​អប្សរា​បាន​ប្រកាស​គ្រប់គ្រង​ទី​នោះ ដោយ​ហាមឃាត់​មិន​អ្នក​ភូមិ​ធ្វើ​ផ្ទះ​ធំដុំ​និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទេ។

អ្នកស្រី អ៊ី សុនី៖ «ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​អង្គការ​គ្រប់​ស្ថាប័ន​ជួយ​ដោះស្រាយ​យើង​ខ្ញុំ​ដោយ​ឆ្វៀល​ចេញ​ពី​កន្លែង​នោះ​ឱ្យ​បាន​សម្រេច។ ពិបាក​ទី​១ គឺ​ធ្វើ​ផ្ទះ​មិន​បាន​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដោះដូរ​អី​ក៏​អត់​បាន​ដែរ គឺ​គេ​ហាម​ឃាត់​រហូត។ ផ្ទះ​ធ្លុះធ្លាយ​ចេះ​តែ​នៅ​ទៅ​រស់​ទាំង​វេទនា»

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ដង្ហែ​ក្បួន​ពី​តំបន់​អង្គរ​ឃ្យុងយូរ ទៅ​សាលា​​ខេត្ត​សៀមរាប ដើម្បី​ដាក់​ញត្តិ​ជូន​លោក​អភិបាល​ខេត្ត ឱ្យ​ជួយ​ដោះស្រាយ កាល​ពី​ថ្ងៃ​១៧ មិថុនា ២០១៤។
ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ដង្ហែ​ក្បួន​ពី​តំបន់​អង្គរ​ឃ្យុងយូរ ទៅ​សាលា​​ខេត្ត​សៀមរាប ដើម្បី​ដាក់​ញត្តិ​ជូន​លោក​អភិបាល​ខេត្ត ឱ្យ​ជួយ​ដោះស្រាយ កាល​ពី​ថ្ងៃ​១៧ មិថុនា ២០១៤។ (RFA/Hang Savyouth)

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា សហគមន៍​ទំនាស់​ដីធ្លី​ចំនួន ១៤​កន្លែង បាន​ដាក់​ញត្តិ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ដោះស្រាយ​ចំនួន ១៦​ចំណុច ដូចជា​សហគមន៍​ភូមិ​ត្បែង​ខាងកើត ទាមទារ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ផ្ទៃដី ៥៣​ហិកតារ សម្រាប់​ប្រជាពលរដ្ឋ ១១៨​គ្រួសារ សហគមន៍​ភូមិ​ត្បែង​ខាងលិច ទាមទារ​ដី​ចម្ការ ៥៣​ហិកតារ សម្រាប់​ប្រជាពលរដ្ឋ ១០៥​គ្រួសារ សហគមន៍​ភូមិ​ស្គន់ ទាមទារ​កម្មសិទ្ធិ​ដីធ្លី ១២០​ហិកតារ សម្រាប់​ប្រជាពលរដ្ឋ ១១៧​គ្រួសារ និង​សហគមន៍ ភូមិ​តា​ពេន ទាមទារ​ប័ណ្ណ​កម្មសិទ្ធិ​ដី ១៨៣​ហិកតារ សម្រាប់​ប្រជាពលរដ្ឋ ៩០​គ្រួសារ ដោយ​គេ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ធានា​លើ​ការ​ដោះស្រាយ​ទាំងស្រុង ព្រមទាំង​ឱ្យ​តុលាការ​ខេត្ត​សៀមរាប ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នានា ទៅ​លើ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ និង​ទំនាស់​ដីធ្លី​ទាំង​នោះ​ផង។

ទោះ​យ៉ាង​ណា​អាជ្ញាធរ​ខេត្ត​សៀមរាប នៅ​មិន​ទាន់​ឆ្លើយ​តប​បញ្ហា​នេះ​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​សាលា​ខេត្ត​បាន​ទទួល​យក​ញត្តិ​ទាមទារ​ទាំង​នោះ និង​កំពុង​ជួប​ប្រជុំ​រក​ដំណោះស្រាយ​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ទាំង ១៤​សហគមន៍។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ឃ្លាំមើល​បញ្ហា​ជម្លោះ​ដីធ្លី​សំដែង​ការ​ព្រួយ​បារម្ភ​ជុំវិញ​ភាព​រ៉ាំរ៉ៃ​នៃ​ទំនាស់​ដីធ្លី​ជា​ច្រើន​កន្លែង​នោះ ដោយសារ​វា​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​ក្រៅ​ប្រទេស។

អ្នក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក ចៅ ល័ក្ខវណ្ណា មាន​ប្រសាសន៍​ថា ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​សៀមរាប គឺ​ផ្នែក​ខ្លះ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​អប្សរា ផ្នែក​ខ្លះ​ពាក់ព័ន្ធ​នឹង​រដ្ឋបាល​ព្រៃឈើ ឯ​ខ្លះ​ទៀត​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ពិបាក​ដោះស្រាយ។

លោក ចៅ ល័ក្ខវណ្ណា៖ «បើ​សិន​ជា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នេះ មិន​ទាន់​ដោះស្រាយ​ណា​មួយ​សម​ស្រប​ទេ គឺ​ថា​អ្នក​ភូមិ​នឹង​ធ្វើ​ការ​ទាមទារ​បន្ត​ទៅ​ទៀត អ៊ីចឹង​បញ្ហា​ហ្នឹង វា​ចេះតែ​បន្ត​រ៉ាំរ៉ៃ​រហូត»

ចំណែក​អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ចាន់ ចំរើន មាន​ប្រសាសន៍​ថា ការ​អូស​បន្លាយ​ទុក​ឱ្យ​ទំនាស់​ដីធ្លី​ជា​ច្រើន​សហគមន៍​នៅ​តែ​កើត​មាន​នេះ គឺ​ជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ការ​រស់​នៅ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។ ឯ​បញ្ហា​ម្យ៉ាង​ទៀត គឺ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​តែ​មិន​អាច​កាត់​បន្ថយ​បាន​ទេ៖ «អាច​ធ្វើ​ឱ្យ​គាត់​ខកខាន​ក្នុង​ការ​ដាំដុះ ធ្វើ​ឱ្យ​គាត់​ហ្នឹង​ជួប​ហានិភ័យ​ផ្សេងៗ ហើយ​អាច​បង្ខំ​ឱ្យ​គាត់​ចំណាក​ស្រុក​ដែរ»

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា ស្រប​ពេល​ដែល​ក្រុម​សហគមន៍​ទំនាស់​ដីធ្លី​ជា​ច្រើន​លើកគ្នា​មក​សាលា​ខេត្ត​សៀមរាប គឺ​ក្រុម​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​ទេសចរណ៍​ជាច្រើន ក៏​បាន​ទៅ​ចូល​រួម​ដែរ។ ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ និង​បញ្ឈប់​ការ​ទារ​ថ្លៃ​ពី​រ៉ឺម៉ក ដែល​ចត​នៅ​តាម​ចំណត​នៃ​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង ដូចជា​នៅ​ក្បាលស្ពាន និង​នៅ​ប្រាសាទ​បន្ទាយស្រី​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។