អភិបាលខេត្តព្រះសីហនុ តម្រូវអោយប្រជាពលរដ្ឋដែលទៅតាំងទីលំនៅមិនស្របច្បាប់ក្នុងតំបន់ដីអនុក្រឹត្យលេខ ៧៦ សម្រាប់រក្សាប្រភពទឹកស្អាត ឲ្យរុះរើផ្ទះ ឬសំណង់ផ្សេងៗចេញពីទីតាំងនោះជាបន្ទាន់ ឲ្យបានមុនថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ បើមិនដូច្នេះទេ អាជ្ញាធរនឹងកម្ទេចសំណង់ទាំងនោះចោល ហើយមិនទទួលខុសត្រូវការបាត់បង់សម្ភារៈផ្សេងៗនោះទេ។
មន្ត្រីសង្គមស៊ីវិលមួយចំនួនបានស្នើដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ត្រូវរកដំណោះស្រាយជូនពលរដ្ឋឲ្យបានសមស្របជាមុន មុននឹងរុះរើផ្ទះពលរដ្ឋដែលចូលទៅរស់នៅតំបន់នោះយូរឆ្នាំហើយគ្មានដីសម្រាប់សង់ផ្ទះពិតប្រាកដ។
អាជ្ញាធរខេត្តព្រះសីហនុ ត្រៀមរុះរើផ្ទះ ឬសំណង់ផ្សេងៗដែលប្រជាពលរដ្ឋបានសង់នៅលើដីតំបន់អនុក្រឹត្យលេខ ៧៦ ដែលរដ្ឋហាមឃាត់ទុកសម្រាប់រក្សាប្រភពទឹកស្អាតតំបន់ក្បាលឆាយ ដែលកន្លងមកមានសកម្មភាពកាប់ទន្ទ្រានធ្វើកម្មសិទ្ធិពីជនខិលខូចមួយចំនួន។
វិធានការរបស់អាជ្ញាធរខេត្តនេះត្រូវបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ មានចុះហត្ថលេខា និងបោះត្រាដោយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។ លិខិតដែលយោងតាមអនុក្រឹត្យលេខ ៧៦ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៧ និងលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ព្រមទាំងយោងតាមស្មារតីនៃកិច្ចប្រជុំរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី២០ ខែវិច្ឆិកា។ រដ្ឋបាលសាលាខេត្តនេះបានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅមិនស្របច្បាប់នៅតំបន់ជម្រាលក្បាលឆាយឲ្យបានជ្រាបថា រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការបោសសំអាតការតាំងទីលំនៅមិនស្របច្បាប់នៅក្នុងតំបន់ព្រែកទឹកសាបក្បាលឆាយ ដោយរដ្ឋបាលខេត្តទុកពេលវេលា ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីឲ្យប្រជាពលរដ្ឋរុះរើលំនៅឋានដែលសង់មិនស្របច្បាប់ចេញពីតំបន់ក្បាលឆាយ។ ប៉ុន្តែបើមិនស្ដាប់តាមការណែនាំនេះទេ នៅថ្ងៃផុតកំណត់កាលបរិច្ឆេទនេះ អាជ្ញាធរនឹងចាត់វិធានការចុះរុះរើ និងមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារៈនោះទេ។ ជាងនេះទៀ ក្នុងករណីបងប្អូនប្រជាពលរដ្ឋណាដែលរឹងរុះ ឬប្រឆាំងតបតដោយហិង្សា នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។
យ៉ាងណាក៏ដោយចុះ នៅក្នុងសេចក្ដីជូនដំណឹងមានចុះហត្ថលេខា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រំពឹងថា បងប្អូនប្រជាពលរដ្ឋដែលបានតាំងទីលំនៅមិនស្របច្បាប់នៅក្នុងតំបន់ដីអនុក្រឹត្យលេខ ៧៦ រដ្ឋហាមឃាត់ នឹងចូលរួមសហការជាមួយរដ្ឋបាលខេត្តដើម្បីអនុវត្តសេចក្ដីជូនដំណឹងនេះឲ្យទទួលបានប្រសិទ្ធភាព និងជោគជ័យ។
ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិលមួយចំនួន នាខេត្តព្រះសីហនុ បង្ហាញជំហរថា មិនជំទាស់សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តនេះទេ ប៉ុន្តែស្នើឲ្យការអនុវត្តឲ្យស្មើភាពគ្នារវាងអ្នកក្រីក្រ និងអ្នកមានអំណាច។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ ស៊ី.អិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម មានប្រសាសន៍ថា អាជ្ញាធរខេត្តព្រះសីហនុ មុននឹងចុះរុះរើលំនៅឋានមិនស្របច្បាប់របស់ពលរដ្ឋចេញពីតំបន់ដីអនុក្រឹត្យលេខ ៧៦ គួរត្រូវជូនដំណឹងដល់ពលរដ្ឋបានដឹងឲ្យបានទូលំទូលាយជាមុន។ ជាងនេះទៀត ក៏ត្រូវសម្របសម្រួល និងស្វែងរកដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនប្រជាពលរដ្ឋដែលខ្វះដីសង់លំនៅឋានពិតប្រាកដ៖ «តាមការកត់សម្គាល់របស់ខ្ញុំ ខ្ញុំយល់ថា ឯកឧត្ដមអភិបាលខេត្តព្រះសីហនុថ្មី លោក យន្ត មីន គាត់មានថ្វីដៃល្អក្នុងការចាត់វិធានការទៅលើការរំលោភដីសាធារណៈរបស់រដ្ឋនៅពេលកន្លងមក។ ដូច្នេះខ្ញុំជាសង្គមស៊ីវិលសង្ឃឹមថា សេចក្ដីជូនដំណឹងចេញថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ឯកឧត្ដមអភិបាលខេត្ត គឺជាវិធានការដ៏តឹងរ៉ឹង និងមានការគិតគូរបានត្រឹមត្រូវ។ ខ្ញុំគាំទ្រចំណាត់ការនេះ»។
បន្ថែមលើនេះ លោក សុខ សុខុម ប្រធានអង្គការ ស៊ី.អិន.រ៉ូ ក៏ស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ ត្រូវរកមូលហេតុ ឬអ្នកនៅពីក្រោយបទល្មើសកាប់ទន្ទ្រានដើមអាកាស្យារំលោភយកដីរក្សាប្រភពទឹកសាបតំបន់ក្បាលឆាយអនាធិបតេយ្យកន្លងមក ត្រូវនាំមកទទួលខុសត្រូវចំពោះមុខច្បាប់។ លោកសង្កត់ធ្ងន់ថា អ្នកនៅពីក្រោយសកម្មភាពកាត់ព្រៃ និងពុះច្រៀកដីអនុក្រឹត្យលេខ ៧៦ ជាឡូត៍ៗ ដើម្បីលក់ដូរបន្តទៅឲ្យប្រជាពលរដ្ឋជាអ្នករងគ្រោះ ត្រូវតែនាំយកមកផ្ដន្ទាទោសឲ្យខាងតែបាន៖ «យើងសំណូមពរដល់អាជ្ញាធរខេត្តត្រូវប្រកាសសេចក្ដីជូនដំណឹងស្ដីពី ការរុះរើសំណង់ ឬផ្ទះសង់លើដីអនុក្រឹត្យលេខ ៧៦ រដ្ឋហាមឃាត់ឲ្យបានទូលំទូលាយតាមរយៈមីក្រូ ចុះទៅមូលដ្ឋានកំពុងមានទំនាស់ និងបិទផ្សាយនៅតាមភូមិ ឬសង្កាត់ជាដើម ដើម្បីឲ្យពលរដ្ឋបានដឹង និងចូលរួមសហការជាមួយអាជ្ញាធរ ឬឈានដល់បង្ហាញឯកសារពាក់ព័ន្ធនៅក្នុងការចូលទៅតាំងទីលំនៅក្នុង តំបន់រដ្ឋហាមឃាត់នាពេលកន្លងមក»។
មន្ត្រីសិទ្ធិមនុស្សរូបនេះបានគាំទ្រសកម្មភាពការពារដីអនុក្រឹត្យលេខ ៧៦ សម្រាប់រក្សាប្រភពទឹកស្អាតរបស់រដ្ឋបាលខេត្តព្រះសីហនុ ពេលនេះ ប៉ុន្តែស្នើឲ្យអនុវត្តឲ្យបានស្មើភាពគ្នារវាងអ្នកមានទ្រព្យធន មន្ត្រីមានអំណាចកំពុងបម្រើការងារនៅក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន ឲ្យបានស្មើភាពគ្នាជាមួយប្រជាពលរដ្ឋក្រីក្រ ហើយខ្វះដីសង់ផ្ទះពិតប្រាកដ។
ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនដែលបានចូលទៅតាំងទីលំនៅក្នុងដីអនុក្រឹត្យតំបន់ក្បាលឆាយ ក៏បានសំណូមពរដល់អាជ្ញាធរខេត្តព្រះសីហនុ ត្រូវអនុវត្តសេចក្ដីជូនដំណឹងរបស់ខ្លួនតែទៅលើអ្នកទន្ទ្រានកាន់កាប់ដីព្រៃតំបន់ក្បាលឆាយក្នុងពេលថ្មីៗ។ ជាងនេះ ក៏ត្រូវមានការអនុគ្រោះដល់ពលរដ្ឋខ្វះដីសង់ផ្ទះពិតប្រាកដ ហើយបានទៅរស់នៅក្នុងតំបន់នេះជាច្រើនឆ្នាំកន្លងមក។
ពលរដ្ឋស្នើមិនបង្ហាញអត្តសញ្ញាណដែលមានផ្ទះ និងដី នៅក្នុងតំបន់ដីអនុក្រឹត្យលេខ ៧៦ តំបន់ក្បាលឆាយ បានបង្ហាញចម្ងល់ថា ហេតុអ្វីបានជារដ្ឋបាលខេត្តព្រះសីហនុ មានវិធានការតែទៅលើពលរដ្ឋក្រីក្រខ្វះដីសង់ផ្ទះពិតប្រាកដ ប៉ុន្តែមិនបានចាត់ការទៅមន្ត្រីមានអំណាចដែលបានពុះច្រៀកដីអនុក្រឹត្យលក់ដូរជាឡូត៍ៗយ៉ាងអនាធិបតេយ្យទៅវិញ។ ជាងនេះទៀត ក្រុមមន្ត្រី និងសាច់ញាតិដែលបានរំលោភដីរដ្ឋតំបន់ក្បាលឆាយ បែរជារដ្ឋបាលខេត្ត មិនបាននាំខ្លួនទៅទទួលខុសត្រូវនៅចំពោះមុខច្បាប់ទៅវិញ៖ «ពួកខ្ញុំជាប្រជាជនទាំងអស់ គ្នាដែលកំពុងសង់ផ្ទះនៅលើដីរដ្ឋហាមឃាត់នេះ សូមស្នើដល់អាជ្ញាធរមេត្តាជួយយោគយល់ដល់ពលរដ្ឋក្រីក្រផង។ ម្យ៉ាងតម្រូវជម្លៀសពលរដ្ឋឲ្យទៅរស់នៅតំបន់អូរត្រជាក់ចិត្ត ស្ថិតក្នុងស្រុកស្ទឹងហាវ គឺមានចម្ងាយរាប់សិបគីឡូម៉ែត្រពីទីប្រជុំជនក្រុងព្រះសីហនុ និងគ្មានអភិវឌ្ឍន៍អ្វីទាំងអស់។ ជាងនេះក្រុមប្រជាពលរដ្ឋពួកគាត់មានជីវភាពក្រីក្រ មិនមានលទ្ធភាពទៅតាំងទីលំនៅតំបន់ឆ្ងាយ ហើយគ្មានសាលារៀន ទីផ្សារ ឬមន្ទីរពេទ្យនោះទេ»។
យ៉ាងណាក៏ដោយចុះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរនឹងការពារតំបន់ដីអនុក្រឹត្យលេខ ៧៦ សម្រាប់រក្សាប្រភពទឹកស្អាតប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ឲ្យបានគង់វង្ស។ លោកបន្តថា ដីតំបន់អនុក្រឹត្យនេះ រដ្ឋបាលខេត្តមិនអនុញ្ញាតឲ្យមានកម្មសិទ្ធិនោះទេ។ ដូច្នេះស្នើដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធដីអនុក្រឹត្យនេះត្រូវលះបង់មហិច្ឆតាទន្ទ្រានកាន់កាប់ដីតំបន់ក្បាលឆាយតទៅទៀត ហើយប្រគល់ដីតំបន់នេះជូនរដ្ឋគ្រប់គ្រងវិញ៖ «អាជ្ញាធរមិនអនុញ្ញាតឲ្យមានសំណង់សង់នៅ លើដីអនុក្រឹត្យលេខ ៧៦ សម្រាប់រកសម្រាប់រក្សាប្រភពទឹកស្អាត ទុកប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ទាំង នៅតំបន់ក្បាលឆាយនោះទេ។ ដូច្នេះស្នើឲ្យប្រជាពលរដ្ឋត្រូវរុះរើសំណង់ផ្សេងចេញពីដីទីតាំង នោះឲ្យអស់។ ជាងនេះសម្រាប់ពលរដ្ឋ ដែលរស់នៅពិតប្រាដកក្នុងតំបន់នោះ ហើយខ្វះដីសង់ផ្ទះពិតប្រាកដ ត្រូវទៅចុះឈ្មោះតាមរយៈមេភូមិ ឬឃុំសង្កាត់ ដើម្បីឈានដល់ស្នើសុំគោលនយោបាយបែងចែកដីសង្គមកិច្ចជូនពលរដ្ឋទាំង នោះ»។
កន្លងមកនេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក៏ធ្លាប់អំពាវនាវដល់ប្រជាពលរដ្ឋដែលខ្វះដីសង់លំនៅឋានពិតប្រាកដ ហើយបានទៅទន្ទ្រានកាប់ព្រៃដីតំបន់ក្បាលឆាយសង់ផ្ទះខុសច្បាប់ ឲ្យទៅចុះឈ្មោះជាមួយអាជ្ញាធរភូមិឃុំ ឬសង្កាត់ ដើម្បីទទួលបានដីសម្បទានសង្គមកិច្ច ដែលអាជ្ញាធរត្រៀមផ្ដល់ជូនមានទីតាំងនៅតំបន់អូរត្រជាក់ចិត្ត ស្រុកស្ទឹងហាវ សម្រាប់សង់លំនៅឋានជំនួសវិញ។
បញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានស្នើដល់ផ្នែកពាក់ព័ន្ធ មានសង្គមស៊ីវិល និងប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយអាជ្ញាធរដើម្បីរក្សាដីអនុក្រឹត្យលេខ ៧៦ ដែលរាជរដ្ឋាភិបាលដាក់ឲ្យថែរក្សាប្រភពទឹកស្អាតឲ្យបានគង់វង្ស។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៧ បានចេញអនុក្រឹត្យលេខ៧៦ ដោយកំណត់ហ៊ុមព័ទ្ធដីនៅតំបន់នេះមានទំហំផ្ទៃដីសរុបជាង ៦.២០២ហិកតារ ដោយប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម ជួយថែរក្សាការពារព្រៃធម្មជាតិ និងដាំឈើនៅតំបន់នេះឡើងវិញ។
បញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែកញ្ញា ក៏បានព្រមានធ្ងន់ៗទៅលើមន្ត្រីរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធបទល្មើស រំលោភយកដីឆ្នេរសមុទ្រ រំលោភបឹងព្រែកទប់ និងដីអនុក្រឹត្យលេខ៧៦ ជាដើម ឲ្យដកខ្លួនជាបន្ទាន់។ ជាងនេះ លោក ស ខេង ក៏បានដាក់បទបញ្ជាដល់លោក យន្ត មីន ត្រូវបង្កើនសកម្មភាពការពារដីអនុក្រឹត្យលេខ ៧៦ ឲ្យបានគង់វង្ស និងត្រូវដកហូតដីទន្ទ្រានកាន់កាប់នៅពេលកន្លងមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
