ក្រសួង​កសិកម្ម​ជំរុញ​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​យក​ដី​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​បី​ចែក​ពលរដ្ឋ​វិញ

0:00 / 0:00

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​លិខិត​ផ្ញើ​ជូន​មន្ទីរ​កសិកម្ម ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ចុះ​សម្របសម្រួល​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ ចំនួន​៣ មក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ស្រែ​ចម្ការ​វិញ។

ការ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ យក​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ជា​ដី​សង្គមកិច្ច ចែក​ជូន​ប្រជាពលរដ្ឋ​វិញ​នោះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​ចំនួន​៣ មាន​អង្គរ ស៊ូហ្គើរ (Angkor Sugar) ទន្លេ ស៊ូហ្គើរ (Tunle Sugar) ខេន អែន ស៊ូហ្គើរ (Can and Sugar) បាន​ប្រកាស​ក្ស័យ​ធន​រយៈពេល​ជិត ២​ឆ្នាំ​មក។

ពលរដ្ឋ​ដែល​បាត់បង់​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ដោយសារ​តែ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​រំលោភ​យក​នៅ​ខេត្ត​ឧត្តរមានជ័យ ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ​បែងចែក​ដីធ្លី​ដែល​ដកហូត​ពី​ក្រុមហ៊ុន មក​ឲ្យ​ពួក​គេ​វិញ​បាន​ឆាប់​រហ័ស ពោល​គឺ​ឲ្យ​ទាន់​ពេល​ធ្វើ​ស្រែ​ចម្ការ​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ។

ការ​ទាមទារ​ឲ្យ​ពន្លឿន​ការ​ចែក​ដី​សម្បទាន​សង្គមកិច្ច​មក​ឲ្យ​ពួក​គេ​បាន​ឆាប់​រហ័ស​នេះ ពីព្រោះ​តែ​តាំង​ពី ៨​ឆ្នាំ​មុន​រហូត​មក​ដល់​ពេល​នេះ អ្នក​រងគ្រោះ​បាត់បង់​លំនៅឋាន និង​ស្រែ​ចម្ការ​ជាច្រើន​គ្រួសារ​ដោយសារ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​រំលោភ​យក គឺ​ពុំ​ទាន់​មាន​ដី​ថ្មី​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​ទេ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ឧត្តរមានជ័យ គឺ​លោក សូត្រ សុខឃាង។ លោក​មាន​ប្រសាសន៍​ថា រយៈពេល​កន្លះ​ខែ​មក​នេះ រូប​លោក​បាន​ទទួល​លិខិត​ពី​ក្រសួង​កសិកម្ម ដែល​ជំរុញ​ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ យក​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​៣ មក​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទទួល​រង​ការ​ប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​ទាំងនោះ​វិញ។

មន្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេច​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ ចុះ​ធ្វើ​ការ​សម្របសម្រួល​ផ្ទាល់​ជាមួយ​តំណាង​ពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី​ទាំងនោះ ហើយ​ឲ្យ​ដាក់​ពាក្យ​ស្នើសុំ​ដីធ្លី​តាម​រយៈ​គណៈកម្មការ​សម្បទាន​ដី​សង្គមកិច្ច​ខេត្ត​ឧត្តរមានជ័យ៖ « យើង​បាន​ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ម្ដង​ហើយ​នៅ​សាលា​ខេត្ត​ឧត្តរមានជ័យ ហើយ​ក៏​សុំ​ឲ្យ​គាត់​ធ្វើ​បញ្ជី​អំពី​ចំនួន​អ្នក​ប៉ះពាល់​ដីធ្លី​ឲ្យ​ពិតប្រាកដ។ ឥឡូវ​កំពុង​រង់ចាំ​បញ្ជី​របស់​ប្រជាពលរដ្ឋ ដើម្បី​ដាក់​ទៅ​អភិបាល​ខេត្ត សុំ​គោលការណ៍​បែងចែក​ដី »

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​លិខិត​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ យក​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​៣ គឺ​ក្រុមហ៊ុន អង្គរ ស៊ូហ្គើរ (Angkor Sugar) ទន្លេ ស៊ូហ្គើរ (Tunle Sugar) និង ខេន អែន ស៊ូហ្គើរ (Can and Sugar) ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​វិញ។ ការ​ចេញ​លិខិត​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​៣ បាន​ប្រកាស​ក្ស័យ​ធន ហើយ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​នេះ តែង​ដាក់​ពាក្យ​ស្នើសុំ​ដី​ធ្វើ​កសិកម្ម​ជា​ញឹកញាប់។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​កំពុង​អនុវត្ត​តាម​លិខិត​របស់​ក្រសួង​កសិកម្ម ដែល​ជំរុញ​ឲ្យ​យក​ដី​ផ្នែក​ខ្លះ​ពី​ក្រុមហ៊ុន​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​រក​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​រស់នៅ​លើ​ដី​ទាំងនោះ​មុន​ពេល​ដែល​ក្រុមហ៊ុន​កាន់កាប់ ថា​តើ​អ្នក​ប៉ះពាល់​ទាំងនោះ​មាន​ប៉ុន្មាន​គ្រួសារ​មិន​ទាន់​ដោះស្រាយ និង​ប៉ុន្មាន​គ្រួសារ​បាន​ដោះស្រាយ​រួច​ហើយ ជាដើម៖ « យើង​បាន​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ហើយ។ ពិនិត្យ​ទី​១ ឲ្យ​គ្រប់គ្រង​ទិន្នន័យ​ប្រជាពលរដ្ឋ​ដែល​តវ៉ា។ ហើយ​ទី​២ យើង​ផ្ទៀងផ្ទាត់​ចំនួន​អ្នក​ប៉ះពាល់​នេះ​ជាមួយ​នឹង​អាជ្ញាធរ​ភូមិ ឃុំ ដើម្បី​រៀបចំ​ចែក​ដី​សម្បទាន​សង្គមកិច្ច »

អភិបាល​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំង​៣ នោះ គឺ​ទំហំ​ជាង ១.៨០០០​ហិកតារ ហើយ​កាល​ពី​ជាង ៨​ឆ្នាំ​មុន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​សំរោង និង​នៅ​ស្រុក​ចុងកាល់ ចំនួន​ប្រមាណ ១.២០០​គ្រួសារ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ចង់​ឃើញ​អាជ្ញាធរ​ដោះស្រាយ និង​ចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​វិញ​ឲ្យ​បាន​ឆាប់​រហ័ស។ លោក​គាំទ្រ​ចំពោះ​អាជ្ញាធរ​ដែល​កំពុង​រៀបចំ​គោល​នយោបាយ​បែងចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​វិញ​តាម​រយៈ​ដី​សម្បទាន​សង្គមកិច្ច​នេះ៖ « ជា​ការ​ល្អ​មួយ​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ដី​សម្បទាន​សង្គមកិច្ច​មក​ឲ្យ​ប្រជាពលរដ្ឋ​វិញ​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ដី​ប្រើប្រាស់​ដោយ​សុវត្ថិភាព »

ទោះ​ជា​យ៉ាង​ណា តំណាង​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី​ខ្លះ មិន​ចង់​ទទួល​យក​ដី​ពី​អាជ្ញាធរ​របស់​រដ្ឋ​មក​វិញ​តាម​រយៈ​ដី​សម្បទាន​សង្គមកិច្ច​ទេ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរបាត់មាន់ សង្កាត់​កូនក្រៀល ក្រុង​សំរោង លោកស្រី ហួយ ម៉ៃ មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ជូន​ដំណឹង​មក​រូប​គាត់ ព្រម​ទាំង​ឲ្យ​ដើរ​ចែក​សេចក្តី​ជូន​ដំណឹង​ចំពោះ​រឿង​ចែក​ដីធ្លី​នេះ​ទៅ​ដល់​អ្នក​ភូមិ​ជាច្រើន​ទៀត។ ទោះ​យ៉ាង​ណា លោកស្រី ហួយ ម៉ៃ បញ្ជាក់​ថា អ្នក​ភូមិ​របស់​គាត់​ចំនួន ២១៤​គ្រួសារ​ដែល​បាត់បង់​ដី​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ជាង ១.០០០​ហិកតារ​ដោយសារ​ក្រុមហ៊ុន​ស្ករ​អំពៅ​រំលោភ​យក​នោះ គឺ​មិន​ចង់​បាន​ដី​ដែល​អាជ្ញាធរ​ចែក​ជា​សម្បទាន​សង្គមកិច្ច​ទេ ពីព្រោះ​គាត់​យល់​ថា ការ​ចែក​តាម​រយៈ​ដី​សម្បទាន​សង្គមកិច្ច គឺ​មាន​ន័យ​ថា​ពួក​គាត់​ជា​អ្នក​ដែល​ពុំ​ធ្លាប់​មាន​ដីធ្លី។ ពួក​គាត់​មិន​មែន​គ្មាន​ដីធ្លី​ទេ គឺ​មាន​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ត្រឹមត្រូវ ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​រំលោភ​យក​កាល​ពី ៨​ឆ្នាំ​មុន ហើយ​ពួក​គាត់​ចង់​ឲ្យ​អាជ្ញាធរ​ប្រគល់​ដី​ដែល​បាត់បង់​នោះ​មក​ពួក​គាត់​វិញ៖ « ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ ធ្វើ​ម៉េច​ឲ្យ​បាន​សមស្រប​នឹង​ប្រជាពលរដ្ឋ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​បាត់បង់​ដី ហើយ​អាជ្ញាធរ​ដោះស្រាយ​ពី​មុន​មិន​គ្រប់​ចំនួន គឺ​ឲ្យ​បន្ថែម​ជូន​ដូច​អ្នក​ដែល​ទទួល​បាន​ថ្មីៗ​ដែរ »

អ្នក​ភូមិ​អូរបាត់មាន់ ចង់​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ពន្លឿន​ការ​ប្រគល់​ដី​មក​ឲ្យ​ពួក​គេ​ឲ្យ​បាន​ទាន់​រដូវ​វស្សា​ឆ្នាំ​នេះ ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​បាន​ប្រសើរ​ឡើង​វិញ ពីព្រោះ​តែ​ពួក​គេ​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​រយៈពេល ៨​ឆ្នាំ​ហើយ ដោយ​អ្នក​ខ្លះ​បាន​ចេញ​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ និង​ខ្លះ​ទៀត​ដើរ​ស៊ី​ឈ្នួល​គេ​នៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ​ទាំង​លំបាក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។