ពលរដ្ឋសហគមន៍ អេស.អូ.អេស (SOS) រស់នៅជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រមាណ ៣០នាក់ ដាក់ញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អេ.ស៊ី.យូ (ACU) នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ស្នើសុំឲ្យស្ថាប័ននេះសហការជាមួយសហគមន៍ដើម្បីស៊ើបអង្កេតជុំវិញភាពមិនប្រក្រតីរឿងអាជ្ញាធរមិនព្រមផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង ៦០០គ្រួសារ។
ពលរដ្ឋសហគមន៍ អេស.អូ.អេស អះអាងថា ពួកគាត់ធ្លាប់បានតវ៉ាសុំអន្តរាគមន៍ឲ្យផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាច្រើនលើកមកហើយជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនានា តែនៅមិនទាន់ឃើញមានលទ្ធផលណាមួយនៅឡើយ។ ចំណែកឯសង្គមស៊ីវិលរិះគន់ថា អាជ្ញាធរមូលដ្ឋានគ្មានឆន្ទៈដោះស្រាយជម្លោះដីធ្លីនេះឲ្យបានចប់នោះទេ។
តំណាងសហគមន៍ អេស.អូ.អេស លោក កៅ សុវណ្ណ ថ្លែងឲ្យដឹងពីគោលបំណងនៃការដាក់ញត្តិនេះថា លោកស្នើសុំអង្គភាពប្រឆាំងអំពើពុករលួយជួយអន្តរាគមន៍ស៊ើបករណីមិនប្រក្រតីដែលពលរដ្ឋសង្ស័យចំនួន ២ចំណុច គឺទី១ ការមិនព្រមផ្ដល់កម្មសិទ្ធិពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងការមិនគោរពតាមសេចក្ដីជូនដំណឹង (ស.ជ.ណ) លេខ៦០២ ដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។
តំណាងសហគមន៍ អេស.អូ.អេស យល់ថា អង្គភាពប្រឆាំងអំពើពុករលួយ គឺជាបន្ទាត់វាស់វែងអំពើពុករលួយ និងជាកញ្ចក់ឆ្លុះបញ្ចាំងជូនសង្គម។ ហេតុនេះ សហគមន៍លោករំពឹងថា អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនមន្ត្រីទៅស៊ើបអង្កេតស្រាយចម្ងល់ជូនពលរដ្ឋ៖ «អង្គភាពប្រឆាំងអំពើពុករលួយ ជួយស្រាវជ្រាវមើល បើសិនជាមានភាពមិនប្រក្រតី ព្រោះអង្គភាពប្រឆាំងអំពើពុករលួយ គឺជាបន្ទាត់ឆ្លុះបញ្ចាំង និងជាក្តីសង្ឃឹមរបស់ពលរដ្ឋ អ៊ីចឹងហើយត្រូវតែដុសក្អែលមន្ត្រីថ្នាក់ក្រោមឲ្យល្អ ដើម្បីផ្ដល់ទីពឹងជូនប្រជាពលរដ្ឋ»។
ទន្ទឹមគ្នានេះ ពលរដ្ឋសហគមន៍ អេស.អូ.អេស លោកស្រី សៅ សុខយាង ឲ្យដឹងថា ការយឺតយ៉ាវមិនព្រមផ្ដល់ដីកម្មសិទ្ធិជូនពលរដ្ឋកំពុងជំរុញឲ្យគ្រួសារពលរដ្ឋមួយចំនួនដែលមានដីធ្លីមិនអាចសាងសង់ផ្ទះបាន និងអ្នកដែលមានផ្ទះក៏មិនអាចជួសជុល លក់ និងបញ្ចាំបាន ដែលធ្វើឲ្យពួកគាត់ជំពាក់បំណុលគេ និងការរឹបអូសផ្ទះពីធនាគារក៏មាន។ លោកស្រីចង់ឃើញអង្គភាពនេះ ស្រាវជ្រាវឲ្យបានច្បាស់លាស់ តើមានអំពើពុករលួយក្នុងការធ្វើប្លង់ដីធ្លីជូនប្រជាពលរដ្ឋដែរ ឬទេ៖ «សូមឲ្យរដ្ឋាភិបាលចេញប្លង់រឹងស្របច្បាប់ឲ្យប្រជាពលរដ្ឋឲ្យបាន ឆាប់ៗ ព្រោះប្រជាពលរដ្ឋរស់នៅសព្វថ្ងៃលំបាក ចង់ធ្វើអីក៏ធ្វើមិនបានដែរ»។
ការតវ៉ា និងដាក់ញត្តិរបស់ពលរដ្ឋសហគមន៍ អេស.អូ.អេស នៅអង្គភាពប្រឆាំងអំពើពុករលួយមិនមានការរារាំងពីសមត្ថកិច្ចនោះទេ។ ផ្ទុយទៅវិញ មន្ត្រីទទួលពាក្យបណ្តឹងនៃអង្គភាពប្រឆាំងអំពើពុករលួយ បានចេញមកជួប និងទទួលញត្តិពីក្រុមពលរដ្ឋ ព្រមទាំងសន្យានឹងបញ្ជូនញត្តិនោះទៅប្រធាន ប៉ុន្តែមិនទាន់អាចដឹងថា មានដំណោះស្រាយយ៉ាងណាទេ។
ឆ្លើយតបបញ្ហានេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនទាន់ដឹងខ្លឹមសារញត្តិពីក្រុមពលរដ្ឋនៅឡើយទេ។ ប៉ុន្តែលោកថា អង្គភាពប្រឆាំងអំពើពុករលួយនឹងពិនិត្យករណីនេះទៅតាមលទ្ធភាព៖ «តាមទម្លាប់របស់អង្គភាពប្រឆាំង អំពើពុករលួយ ពាក្យប្ដឹងដែលយើងទទួលថ្ងៃនេះ ស្អែកព្រឹកយើងតែងតែលើកមក នឹងធ្វើការឆ្លុះបញ្ចាំង នឹងប្រកាសឲ្យដឹង ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ត្រីអង្គភាពប្រឆាំងផ្ទាល់»។
ចំណែកឯនាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ សោកស្ដាយដែលអាជ្ញាធរគ្មានឆន្ទៈដោះស្រាយបញ្ចប់បញ្ហាដីធ្លីក្នុងសហគមន៍ អេស.អូ.អេស និងតំបន់ដទៃទៀត។ លោកស្នើឲ្យរដ្ឋាភិបាលគួរតែបញ្ជាក់ព័ត៌មានជាក់លាក់ណាមួយជុំវិញភាពមិនប្រក្រតីដែលមិនព្រមធ្វើប្លង់នេះ៖ «រដ្ឋាភិបាល គួរតែបញ្ជាក់ឲ្យ ច្បាស់ដែរពីអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋគាត់ព្រួយបារម្ភ ហើយត្រូវតែណែនាំឲ្យអាជ្ញាធរក្រោមជាតិរបស់ខ្លួន ត្រូវតែអនុវត្តតាមការណែនាំ»។
ក្រុមអ្នកតវ៉ាដីធ្លីនៅសហគមន៍ អេស.អូ.អេស អះអាងថា ពួកគាត់ប្ដេជ្ញាថា នឹងនៅតែបន្តតវ៉ាជាថ្មី និងប្រកាសតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀត រហូតទទួលបានដំណោះស្រាយជាសំណងសមរម្យពីរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
