ពលរដ្ឋសហគមន៍ អេស.អូ.អេស (SOS) ដែលរងផលប៉ះពាល់ដីធ្លី និងផ្ទះសម្បែងពីការអភិវឌ្ឍតំបន់សន្តិសុខ និងសុវត្ថិភាពរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការចូលរួមពីអ្នកបឹងកក់ និងបុរីកីឡា ប្រមាណ ៤០នាក់ បាននាំគ្នាដាក់ញត្តិតាមស្ថានទូតមហាអំណាចមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ធ្នូ។
ស្ថានទូតទាំងនោះមាន ស្ថានទូតបារាំង ស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា។ ពលរដ្ឋលើកឡើងថា គោលបំណងនៃការដាក់ញត្តិនេះ គឺស្វែងរកអន្តរាគមន៍ពីបណ្ដាស្ថានទូតលើជម្លោះដីធ្លីរវាងពួកគាត់ និងក្រុមហ៊ុនបារាំង អេស.ស៊ី.អេ (SCA) ដែលទទួលបានសិទ្ធិអភិវឌ្ឍនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
អនុប្រធានសហគមន៍ អេស.អូ.អេស លោក កៅ សុវណ្ណ ថ្លែងឲ្យដឹងពីគោលបំណងនៃការដាក់ញត្តិនេះថា លោកស្នើសុំឲ្យស្ថានទូតទាំងនេះ ជួយអន្តរាគមន៍ចំពោះសំណើរបស់ពលរដ្ឋ ៣ចំណុច។ ខ្លឹមសារក្នុងញត្តិ ពលរដ្ឋសហគមន៍ អេស.អូ.អេស ស្នើសុំប្លង់កម្មសិទ្ធិនៅនឹងកន្លែងសម្រាប់ដី និងផ្ទះដែលសេសសល់ពីការកាត់ផលប៉ះពាល់ ៥ម៉ែត្រ ហើយដីដែលរងផលប៉ះពាល់ រដ្ឋាភិបាលត្រូវទិញតាមតម្លៃទីផ្សារ គឺជាង ២ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណុចទី២ ចំពោះដី និងផ្ទះដែលរងផលប៉ះពាល់ខ្លាំង ឬទាំងស្រុង រដ្ឋាភិបាល ឬភាគីក្រុមហ៊ុន ត្រូវទិញក្នុងតម្លៃទីផ្សារ គឺជាង ២ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ហើយចំណុចចុងក្រោយ សម្រាប់គ្រួសារដែលចង់បានការដោះដូរដី និងផ្ទះ រដ្ឋត្រូវផ្ដល់ដី និងផ្ទះឲ្យពលរដ្ឋតាមទំហំជាក់ស្ដែងផ្ដល់ប្លង់កម្មសិទ្ធិ និងនៅជាប់តាមបណ្ដោយផ្លូវ២០០៤ ចាប់ពីមន្ទីរគណបក្សប្រជាជនកម្ពុជា រហូតដល់សាលាអន្តរជាតិណតប្រ៊ីដ (Northbridge International School)។
លោក កៅ សុវណ្ណ៖ «យើងចង់ឲ្យស្ថានទូតទាំងអស់ ស្ថានទូតអាមេរិក ស្ថានទូតបារាំង និងសហគមន៍អឺរ៉ុប អន្តរាគមន៍ទៅរដ្ឋាភិបាល និងក្រុមហ៊ុន អេស.ស៊ី.អេ ដែលពង្រីកតំបន់សន្តិសុខសុវត្ថិភាពរបស់ព្រលានយន្តហោះហ្នឹង ឲ្យដោះស្រាយសំណងជូនប្រជាពលរដ្ឋតាមអ្វីដែលប្រជាពលរដ្ឋបានស្នើសុំ គឺសុំឲ្យស្ថាប័នទាំងអស់តាមឃ្លាំមើល និងការពារសុវត្ថិភាពតំណាងអ្នកតស៊ូមតិទាំងអស់ហ្នឹង កុំឲ្យមានការចាប់ខ្លួន ឬក៏គំរាមកំហែងលើផ្នែកណាមួយ»។
អនុប្រធានសហគមន៍ អេស.អូ.អេស លោក កៅ សុវណ្ណ បញ្ជាក់ជំហរថា ប្រជាសហគមន៍នឹងតវ៉ាមុខការិយាល័យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ អាយ.អេហ្វ.ស៊ី (IFC = International Finance Corporation) ដែលជាសាខាមួយរបស់ធនាគារពិភពលោក (World Bank) ឲ្យស្រាយបំភ្លឺទាក់ទងនឹងការផ្តល់ប្រាក់កម្ចីទៅឲ្យក្រុមហ៊ុនបារាំង អេស.ស៊ី.អេ សម្រាប់ការអភិវឌ្ឍនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ពលរដ្ឋយល់ថា ការផ្តល់ប្រាក់កម្ចីនេះ ជាចំណែកមួយធ្វើឲ្យពួកគាត់រងផលប៉ះពាល់ពីការអភិវឌ្ឍ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
