អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ​លុប​អក្សរ​SOS​ពី​លើ​ដំបូង​ផ្ទះ​ពលរដ្ឋ​ក្បែរ​ព្រលាន​យន្តហោះ

0:00 / 0:00

នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ក្រុម​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ ជាច្រើន​នាក់ បាន​ចុះ​ទៅ​លុប​អក្សរ​ជា​ភាសា​អង់គ្លេស​ថា អេស.អូ.អេស (SOS) ដែល​អ្នក​សហគមន៍​ថ្មគោល​បាន​សរសេរ​នៅ​លើ​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សហគមន៍ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

អ្នក​ភូមិ​បាន​ហៅ​សកម្មភាព​អាជ្ញាធរ ថា​ជា​ការ​ព្យាយាម​បិទ​បាំង​បញ្ហា​របស់​ពលរដ្ឋ មិន​អោយ​ដំណឹង​បាន​ឮ​ទៅ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ដំណើរ​ត្រឡប់​មក​វិញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ រួម​ទាំង​កង​កម្លាំង​ចម្រុះ បាន​យក​ឆ្នាំ​ពណ៌​ខៀវ​ទៅ​បាញ់​ពី​លើ​អក្សរ អេស.អូ.អេស ដែល​សរសេរ​ដោយ​អ្នក​ភូមិ ធ្វើ​អោយ​ប្រឡាក់​ប្រតាក​មើល​មិន​យល់។

ការ​លប់​ពាក្យ អេស.អូ.អេស នេះ គឺ​បន្ទាប់​ពី​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍​ថ្មគោល បាន​សរសេរ​ពាក្យ​នោះ​នៅ​លើ​ដំបូល​ផ្ទះ ក្នុង​បំណង​ផ្ដល់​ដំណឹង​ទៅ​អោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ត្រឡប់​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) បន្ទាប់​ពី​លោក​បាន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

តំណាង​សហគមន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ម្នាក់ អ្នកស្រី ច្រាយ នីម មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ ហាក់​មាន​បំណង​លាក់​បាំង​ព័ត៌មាន​ពី​តម្រូវ​ការ​របស់​ពលរដ្ឋ មិន​អោយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ដឹង។ លើស​ពី​នេះ អ្នកស្រី​ចាត់​ទុក​ថា អាជ្ញាធរ​នៅ​តែ​ប្រកាន់​អាកប្បកិរិយា​គេចវេស​ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ៖ «ខ្ញុំ​សរសេរ អេស.អូ.អេស នេះ គាត់​ជិះ​យន្តហោះ​ម៉ោ​មើល​ឃើញ​នូវ​សារ​របស់​ខ្ញុំ។ សារ​របស់​ខ្ញុំ គឺ​មាន​ន័យ​ថា សាក់សេស អូហ្វ សូរីដារីធី (Success of Solidarity) មាន​ន័យ​ថា រួម​គ្នា​ដើម្បី​ជួយ​គ្នា ហើយ​ដើម្បី​រួម​គ្នា​ជោគជ័យ។ បើ​គាត់​ឃើញ​សារ​ហ្នឹង គាត់​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួក​ខ្ញុំ។ សហគមន៍​ខ្ញុំ គឺ​ទាមទារ​ចង់​បាន ទី​១ ដី​ដែល​កាត់ ៥​ម៉ែត្រ គឺ​យើង​គិត​១​ម៉ែត្រ​ការ៉េ ២.៥០០ (ដុល្លារ) ដី​ដែល​នៅ​សល់​សុំ​ប្លង់​កម្មសិទ្ធិ ហើយ​អ្នក​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ហ្នឹង គាត់​លក់​ជូន​ក្រុមហ៊ុន និង​រាជ​រដ្ឋាភិបាល ១​ម៉ែត្រ​ការ៉េ ២.០០០​ដុល្លារ។ ហើយ​ចំណុច​ទី​៣ គឺ​សុំ​អភិវឌ្ឍ​នៅ​នឹង​កន្លែង»

ប្រជាពលរដ្ឋ​សហគមន៍ អេស.អូ.អេស (SOS) ដែល​រស់នៅ​ជាប់​របង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សរសេរ​សញ្ញា SOS និង​បិត​រូបថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា លើ​ដំបូល​ផ្ទះ​ទាមទារ​ដោះស្រាយ​បញ្ហា​ដីធ្លី នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
ប្រជាពលរដ្ឋ​សហគមន៍ អេស.អូ.អេស (SOS) ដែល​រស់នៅ​ជាប់​របង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សរសេរ​សញ្ញា SOS និង​បិត​រូបថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា លើ​ដំបូល​ផ្ទះ​ទាមទារ​ដោះស្រាយ​បញ្ហា​ដីធ្លី នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (RFA/Rann Samnang)

អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ មាន​ប្រសាសន៍​ថា ជុំវិញ​ព្រលាន​យន្តហោះ​ជា​ទីតាំង​សុវត្ថិភាព ដែល​មិន​គួរ​ពលរដ្ឋ​ទៅ​សរសេរ​ពាក្យ អេស.អូ.អេស បែប​នេះ​ឡើយ។ លោក​បន្ត​ថា ពលរដ្ឋ​គួរ​តែ​ទៅ​រក​អាជ្ញាធរ​មូលដ្ឋាន ប្រសិន​បើ​ពួក​គាត់​មាន​សំណើ​បែប​ណា​មួយ។ ចំពោះ​បញ្ហា​ទាមទារ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ កំពុង​បន្ត​ស្វែងរក​ដំណោះស្រាយ៖ «តំបន់​ជុំវិញ​ព្រលាន គឺ​យើង​ការពារ​គ្រប់​បែប​យ៉ាង ព្រោះ​ថា ថ្នាក់​ដឹក​នាំ​យើង ភ្ញៀវ​ជាតិ​អន្តរជាតិ​យើង​ចេញ​ចូល​គ្រប់​បែប​យ៉ាង។ បើ​បង​ប្អូន​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត ចង់​បាន​សំណូមពរ​រឿង​អី អោយ​គាត់​សរសេរ​លិខិត​មក​សាលា​ខណ្ឌ ឬ​ទៅ​សាលា​ក្រុង ឬ​ក៏​ទៅ​ក្រសួង​ទៅ មាន​ថ្នាក់​ដឹក​នាំ​កំពុង​តែ​ជួយ​ដោះ។ ការងារ​ជុំវិញ​ព្រលាន​នេះ សំណង់​អនាធិបតេយ្យ​ជុំវិញ​ហ្នឹង យើង​បាន​ធ្វើ​ស្ថិតិ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ហើយ ព្រោះ​យើង​បាន​មាន​គម្រោង​ដោះស្រាយ​យ៉ាង​ម៉េច​ហ្នឹង គឺ​សុំ​គោលការណ៍​ថ្នាក់​លើ បាន​ន័យ​ថា យើង​កំពុង​តែ​ដោះ ព្រោះ​ថា​ជិត​បាន​គោលការណ៍​ថា​ត្រូវ​សង​យ៉ាង​ម៉េចៗ​ចឹង​ណាស់»

យ៉ាង​នេះ​ក្តី តំណាង​សហគមន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បញ្ជាក់​ថា ពួក​គេ​ធ្លាប់​ដាក់​ពាក្យ​ទៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​អោយ​ដោះស្រាយ ប៉ុន្តែ​នៅ​ពុំ​មាន​លទ្ធផល ទើប​ពួក​គេ​រិះរក​មធ្យោបាយ​យ៉ាង​ណា​អោយ​ដំណឹង​នេះ​បាន​ទៅ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពួក​គាត់​សង្ឃឹម​ថា​អាច​ផ្តល់​ដំណោះស្រាយ​បាន។

ក្រៅ​ពី​សរសេរ​អក្សរ អេស.អូ.អេស អ្នក​ភូមិ​បាន​បិទ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា នៅ​លើ​ដំបូល​ផ្ទះ​នោះ​ដែរ។

កាល​ពី​ឆ្នាំ​២០១២ នៅ​ពេល​ដែល លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក មក​កម្ពុជា ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន អ្នក​ភូមិ​បាន​សរសេរ​អក្សរ អេស.អូ.អេស នេះ​ម្តង​រួច​មក​ហើយ ព្រោះ​ចង់​ឲ្យ​ប្រទេស​មហា​អំណាច​ក្រឡេក​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​ដីធ្លី ដែល​រដ្ឋាភិបាល​កម្ពុជា បណ្ដេញ​ពលរដ្ឋ​ពី​លំនៅឋាន​គ្មាន​សំណង និង​ស្នើ​ឲ្យ​ផ្ដល់​ជំនួយ​សង្គ្រោះ​ពួក​គេ​ជា​បន្ទាន់។ បន្ទាប់​ពី​សរសេរ​អក្សរ អេស.អូ.អេស កាល​នោះ អ្នក​ទាំង​នោះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន និង​ឲ្យ​លុប​សញ្ញា​នោះ​ចេញ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។