អ្នកភូមិបឹងកក់ ជួបជុំគ្នានៅព្រឹកថ្ងៃទី១២ មិថុនា ដើម្បីនិយាយពីបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស៊ូកាគូ និងលើកទឹកចិត្តដល់សកម្មជនវ័យចំណាស់ ចំពោះការតស៊ូមតិ ដើម្បីរក្សាដីធ្លីរបស់ខ្លួនអស់រយៈពេល ៧ឆ្នាំកន្លងមក។
អ្នកដឹកនាំក្រុមសកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី ថ្លែងរំឭកឡើងវិញថា ការអភិវឌ្ឍរបស់ក្រុមហ៊ុនស៊ូកាគូ នៅតំបន់បឹងកក់ គឺជាការអភិវឌ្ឍមិនគោរពសិទ្ធិមនុស្ស និងមិនយុត្តិធម៌ ដែលធ្វើឱ្យពួកគាត់ទឹកភ្នែក ដោយការបាត់បង់ដី និងផ្ទះ។
អ្នកស្រី ទេព វន្នី ថ្លែងថា ធនាគារពិភពលោកដែលជាអ្នកធ្លាប់ផ្ដល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ក៏មិនទាន់បានបង្ហាញឆន្ទៈជួយដោះស្រាយបញ្ហាបឹងកក់ដែរ។
អ្នកស្រីព្រមានធនាគារពិភពលោក ចំពោះការផ្ដល់ជំនួយណាមួយ៖ «ហើយបើសិនជាគាត់មានការកែប្រែផ្ដល់ជំនួយប្រាក់កំចី ឬជំនួយផ្សេងៗ ទៅដល់រដ្ឋាភិបាលមុនពេលដែលយើងមានដំណោះស្រាយ យើងសុំប្រាប់ World Bank ថា យើងនឹងតស៊ូជាមួយ World Bank ហើយយើងនឹងដាក់ឈ្មោះ World Bank ថាជា World Bank ឈាម ជញ្ជក់ឈាមប្រជាពលរដ្ឋខ្មែរ»។
អ្នកភូមិបឹងកក់ ក៏បានរិះគន់មន្ត្រីរដ្ឋាភិបាល លោក កែវ រ៉េមី ដែលចង់បង្កើតប៉ូលិសស្ត្រី ដើម្បីទប់ទល់ការតវ៉ារបស់អ្នកភូមិបឹងកក់។ ពួកគាត់ចំអកថា ជាការលើកស្ទួយយេនឌ័រ ខុស។
ទោះជាយ៉ាងណាក្ដី ពួកគាត់បានទទួលកម្មសិទ្ធិខ្លះពីការតស៊ូរយៈពេល ៧ឆ្នាំ។ ការជួបជុំនៅព្រឹកថ្ងៃទី១២ មិថុនា ក៏មានការចូលរួមដោយអ្នកមានបញ្ហាដីធ្លីនៅបុរីកីឡា និងថ្មគោល ព្រមទាំងសកម្មជនការពារសិទ្ធិមនុស្សមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
