ក្រុមនិស្សិតផ្នែកចិត្តវិទ្យានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ មួយក្រុមមានគ្នា ១២នាក់ ចុះជួបពិគ្រោះយោបល់ជាមួយអ្នកភូមិឡពាង ខេត្តកំពង់ឆ្នាំង ដើម្បីជួយបន្ធូរបន្ថយបញ្ហាតានតឹងផ្លូវចិត្តរបស់ពួកគាត់ ក្នុងពេលដែលកំពុងមានបញ្ហាដីធ្លី។
អ្នកភូមិឡពាង ប្រមាណ ៤០ នាក់ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅសហគមន៍បឹងកក់ រាជធានីភ្នំពេញ បានទទួលវិធីបន្ធូរបន្ថយភាពតានតឹងផ្លូវចិត្តមួយគ្រា ក្នុងពេលចូលរួមក្នុងកម្មវិធីរបស់និស្សិតផ្នែកចិត្តវិទ្យា នៅរសៀលថ្ងៃទី ១៦ សីហា។
សកម្មភាពដែលក្រុមនិស្សិតជួបជាមួយអ្នកភូមិឡពាងនោះ រយៈពេលជាងមួយម៉ោង គឺស្ដាប់ការរៀបរាប់អំពីបញ្ហា និងការលំបាករបស់អ្នកភូមិ ការធ្វើពិធីសមាធិរំងាប់ចិត្តជាដើម។ អ្នកភូមិដែលមើលទៅសុទ្ធតែមានទឹកមុខក្រៀមក្រំ ប្រែជាផ្ទុះសំណើចនៅពេលដែលនិស្សិតណែនាំឱ្យអេះខ្លួនឯង។
និស្សិតផ្នែកចិត្តវិទ្យាឆ្នាំទី៤ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញមួយរូប ដែលដឹកនាំការជួបជុំ គឺកញ្ញា គោល សិលា ថ្លែងថា មូលហេតុដែលនាំឱ្យពួកនាងសម្រេចចិត្តធ្វើឱ្យមានកម្មវិធីនេះ ក៏ព្រោះតែសង្កេតឃើញថា ពួកអ្នកភូមិឡពាង ដែលមានបញ្ហាដីធ្លីនៅពេលនេះ កំពុងមានបញ្ហាតានតឹង និងថប់អារម្មណ៍ក្នុងចិត្ត។ ដូច្នេះបញ្ហានេះ គឺជាកត្តាជំរុញឱ្យនិស្សិតផ្នែកចិត្តវិទ្យាគួរតែដើរតួនាទីជាអ្នកផ្សះផ្សា ឬបន្ធូរបន្ថយភាពតានតឹងផ្លូវចិត្តរបស់ពលរដ្ឋដែលរងគ្រោះ ទោះជាបញ្ហាដីធ្លី ឬក៏បញ្ហាអ្វីផ្សេងទៀតក៏ដោយ។
កញ្ញា គោល សិលា៖ «យើងជំរុញខាងផ្សះផ្សាផ្លូវចិត្ត ហើយនិងប្រឹក្សាយោបល់ជាមួយគាត់ ដើម្បីឱ្យគាត់ស្នាមញញឹម មានក្ដីសង្ឃឹម ហើយពួកគាត់ចាប់ផ្ដើមមានផ្លូវចិត្តដ៏ល្អ ដើម្បីតស៊ូរស់នៅជាមួយនឹងប្រទេសមួយ។ បើសិនជាយើងមិនធ្វើសកម្មភាពផ្សះផ្សាផ្លូវចិត្តពួកគាត់ក្នុងពេលនេះទេ ការគិតរបស់ខ្ញុំ យើងគិតថា ពួកគាត់នឹងរងបញ្ហារឹតតែធ្ងន់ធ្ងរ ព្រោះអីបញ្ហាផ្លូវចិត្ត នឹងចាក់ឫសទៅដល់ផ្លូវកាយ។ អ៊ីចឹងនឹងធ្វើឱ្យផ្លូវកាយរបស់គាត់មានបញ្ហា ការបង្កបង្កើតធនធានមនុស្សនៅក្នុងសង្គមខ្មែរ ក៏អត់កើតមានឡើង ហើយហេតុហ្នឹងហើយ យើងគិតមួយទៀតថា សង្គមខ្មែរនឹងពោរពេញទៅដោយមនុស្ស ដែលកើតបញ្ហាផ្លូវចិត្ត។ ហេតុនេះ សិស្សចិត្តវិទ្យាដើរតួនាទីសំខាន់ក្នុងការផ្សះផ្សាផ្លូវចិត្ត ហើយចង់ឱ្យប្រជាពលរដ្ឋក្នុងសង្គមខ្មែរ មានផ្លូវចិត្តដែលល្អ និងមានស្នាមញញឹម»។
អ្នកភូមិឡពាង វ័យ ៧០ឆ្នាំមួយរូប គឺលោកស្រី ហែម អាន ដែលកំពុងពិបាកចិត្តរឿងជម្លោះដីធ្លី មានប្រសាសន៍ថា លោកស្រីមានអារម្មណ៍ធូរស្បើយមួយគ្រានៅពេលបានជួបក្រុមនិស្សិតផ្នែកចិត្តវិទ្យាទាំងនេះ។ ទោះជាដូច្នេះក្ដី លោកស្រី ហែម អាន បញ្ជាក់បន្ថែមថា បញ្ហាប្រឈមរឿងបាត់បង់ដីធ្លីរបស់លោកស្រីដែលមិនទាន់ដោះស្រាយចេញ នៅតែជាកង្វល់ធ្ងន់ធ្ងរនៅឡើយ៖ «គ្រាន់បើមួយភ្លែតដែរហ្នឹងណា... តែមិនដឹងធ្វើម៉េចទៀត។ នៅតែគិតទៀត គិតថាទៅធ្វើការទៅមុខទៀត មិនដឹងយ៉ាងណាទៀត បើខ្ញុំធ្លាប់តែពិបាកអ៊ីចឹងហើយ»។
អ្នកភូមិឡពាង នៅខេត្តកំពង់ឆ្នាំង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងឋាមពល នាំគ្នាដើរមកដាក់ញត្តិតវ៉ាដល់រាជធានីភ្នំពេញ ដើម្បីស្វែងរកអន្តរាគមន៍ពីស្ថាប័ននានា ឱ្យជួយដោះលែងអ្នកភូមិគាត់ ៥រូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងរកដំណោះស្រាយរឿងបាត់បង់ដីធ្លីរបស់ពួកគាត់៕
