ក្រុមហ៊ុន​វៀតណាម​រង​ការ​ចោទ​ថា​ប្រើ​ឧបករណ៍​ឆក់​សម្លាប់​គោ​ក្របី​អ្នក​ស្រុក

0:00 / 0:00

អាជ្ញាធរ​ឃុំ​ស្រែ​គរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម មួយ​ថា បាន​ប្រើប្រាស់​ឧបករណ៍​ឆក់​សម្លាប់​គោ​ក្របី​អ្នក​ភូមិ​ដែល​ចូល​ទៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន។ ចំណែក​តំណាង​ក្រុមហ៊ុន​វិញ បដិសេធ​ថា អ្នក​ដែល​ប្រើប្រាស់​ឧបករណ៍​ឆក់​នោះ មិន​មែន​ជា​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ទេ។

ក្របី​អ្នក​ភូមិ​ពីរ​ក្បាល​ត្រូវ​បាន​គេ​ប្រើ​ឧបករណ៍​ឆក់​សម្លាប់ ខណៈ​ក្របី​ទាំង​នោះ​ចូល​ទៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ យិ តឹង អតីត​ក្រុមហ៊ុន ភូមា ឌី មាន​ទីតាំង​ជាប់​នឹង​ភូមិ​ស្រែគរ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ក្របី​បាន​ប្រទះ​ឃើញ​ក្របី​មួយ​ក្បាល​កាល​ពី​ថ្ងៃ​ច័ន្ទ ដេក​ប្រកាច់​នៅ​ក្បែរ​ចំការ​សណ្ដែក​ក្នុង​ដី​ក្រុមហ៊ុន​ដែល​មាន​រាយ​ខ្សែ​លួស​តូច​ កម្ពស់ ៥០​សង់ទីម៉ែត្រ​ពី​ដី ព័ទ្ធជុំវិញ​ចំការ​ប្រមាណ​មួយ​ពាន់​ម៉ែត្រ​ភ្ជាប់​ជាមួយ​ចរន្ត​អគ្គិសនី​ប្រើ​​ដោយ​អាគុយ​សម្រាប់​ឆក់​សត្វ​គោ​ក្របី​ដើរ​ឆ្លង​ចូល​ទៅ​ចំការ​សណ្ដែក។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ចាត់​ទុក​ថា សកម្មភាព​រាយ​ខ្សែលួស​ភ្ជាប់​ជាមួយ​ចរន្ត​អគ្គិសនី​គឺ​ជា​ចេតនា​ប៉ុនប៉ង​សម្លាប់​សត្វ​ពាហនៈ​អ្នក​ភូមិ និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ដែល​ឆ្លង​កាត់​តំបន់​នោះ​ដោយ​មិន​ដឹង​ខ្លួន។

លោក​ថា ក្របី​អ្នក​ភូមិ​បាត់​ជា​បន្ត​​បន្ទាប់ ហេតុ​នេះ​លោក​ទាមទារ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ៖ «មុន​នឹង​ដាក់​អន្ទាក់​យើង​គួរ​ប្រកាស​មក​អាជ្ញាធរ​ភូមិ ឃុំ មាន​តើ! ហើយ​ឥឡូវ​កាប់​ក្របី​ហ្នឹង​​ថា​មិន​រស់​ទេ ក្របី​មួយ​ទៀត​ប្រជាពលរដ្ឋ​រាយការណ៍ (ថា) កាប់​ក្នុង​ក្រុមហ៊ុន​តែម្ដង។ អស់​ក្របី​២ មួយ​ត្រូវ​អន្ទាក់​ឲ្យ​ម្ចាស់​វា​ទៅ​យក​សែង​ដាក់​គោយន្ត​មក ក្របី​ហ្នឹង​មិន​រស់​ទេ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ តំណាង​ក្រុមហ៊ុន លោក ខាំ វ៉ាន់ បដិសេធ​មិន​ទទួល​ខុស​ត្រូវ​លើ​​បញ្ហា​នេះ​ទេ ដោយ​លើក​ហេតុផល​ថា អ្នក​ដាក់​ខ្សែលួស​ភ្ជាប់​ចរន្តអគ្គិសនី​គឺ​ជា​ប្រជាពលរដ្ឋ​​ចូល​មក​ដាំ​សណ្ដែក​លើ​ដី​ក្រុមហ៊ុន​គ្មាន​ការ​អនុញ្ញាត។

លោក​បន្ត​ថា ឆ្នាំ​នេះ​ក្រុមហ៊ុន​ផ្អាក​ការ​ដាំដុះ​ ពីព្រោះ​ដី​សម្បទាន​មួយ​ផ្នែក​នៅ​តំបន់​នោះ​ឋិត​ក្នុង​តំបន់​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​អាច​ត្រូវ​ទឹក​លិច។ ករណី​នេះ ដី​នៅ​ទំនេរ​ទើប​ប្រជាពលរដ្ឋ​ចូល​មក​​ដាំ​ដុះ​ដោយ​ក្រុមហ៊ុន​មិន​បាន​ដឹង៖ «គេ​មក​ក៏​គេ​មិន​សុំ​ខ្ញុំ​ដែរ ខ្ញុំ​អត់​ដឹង​ទេ។ ខ្សែ​ភ្លើង​អ្នក​ណា​ធ្វើ​ចាប់​អ្នក​ហ្នឹង​ដាក់​គុក​ទៅ ក្រុមហ៊ុន​ម៉េច​ដឹង ព្រោះ​ក្រុមហ៊ុន​មិន​មែន​ហៅ​មក​ធ្វើ គាត់​មក​ធ្វើ​ខ្លួន​គាត់ ដាក់​ខ្លួន​គាត់ អា​នេះ​គាត់​ទទួល​ខុស​ត្រូវ​​ចំពោះ​ខ្លួន​គាត់​ទៅ»

ទាក់ទិន​ករណី​នេះ​ដែរ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្រែគរ លោក ហ៊ត សត ឲ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​ប៉ូលិស​បាន​រក​ឃើញ​ខ្សែលួស​ដាក់​រាយ​តាម​ដី​ចំការ​សណ្ដែក​នោះ ប៉ុន្តែ​ឧបករណ៍​ភ្ជាប់​ចរន្ត​អគ្គិសនី​ត្រូវ​គេ​ដោះ​ចេញ​បាត់។ លោក​អះអាង​ថា ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​ជន​ពាក់ព័ន្ធ​ប្រើ​​ឧបករណ៍​ខុស​ច្បាប់​នេះ ប៉ុន្តែ​មិន​ទាន់​បាន​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ។

លោក ហ៊ត សត៖ «ខ្ញុំ​កំពុង​ឲ្យ​កូន​ចៅ​ខ្ញុំ​ចុះ​ស្រាវជ្រាវ​ស៊ើប​រក​អ្នក​ដែល​ដាក់​ហ្នឹង​ណា ក៏ប៉ុន្តែ​ភស្តុតាង​បាន​សារ​ខ្សែ​បាន​មួយ​ចំនួន​ហើយ ប៉ុន្តែ​អត់​ស្គាល់​ម្ចាស់។ ក្នុង​ដី​ក្រុមហ៊ុន បាន​តែ​ខ្សែ​ភ្លើង​ទេ ក្បាល​និង​អាគុយ​អត់​​បាន​ទេ វា​ដឹងខ្លួន វា​លួច​ដោះ​យក​ទៅ​បាត់»

យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុស ថ្លែង​ថា ទីតាំង​ប្រព្រឹត្ត​​បទល្មើស​គឺ​នៅ​លើ​ដី​ក្រុមហ៊ុន ហេតុនេះ​ម្ចាស់​ក្រុមហ៊ុន​មាន​ចំណែក​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ៖ «បើ​សិន​ធ្វើ​ជា​របង​អាច​ធ្វើ​បាន​សម្រាប់​ការពារ​ផល​ដំណាំ​ក្នុង​ដី​របស់​អ្នក​ឯង​អ៊ីចឹង​ណា ប៉ុន្តែ​បើ​សិន​ដាក់​ជា​ខ្សែភ្លើង​ឆក់​គឺ​វា​ខុស។ ឥឡូវ​វា​ប៉ះពាល់​សត្វ ចុះ​បើ​វា​ប៉ះពាល់​មនុស្ស​តើ​ត្រូវ​ទទួល​ខុស​ត្រូវ​យ៉ាង​ណា​ដែរ?»។

អ្នក​ភូមិ​ស្រែគរ​អះអាង​ដែរ​ថា ចាប់​ពី​ក្រុមហ៊ុន​បោះ​ទីតាំង​ឈូស​ឆាយ​ព្រៃដាំ​កៅស៊ូ​នៅ​តំបន់​នេះ​​ពី​ឆ្នាំ​២០១២ មក គោ​ក្របី​អ្នក​ភូមិ​ប្រមាណ ៣០​ក្បាល បាន​បាត់​មិន​ដឹង​មូលហេតុ។ អ្នក​ភូម​សង្ស័យ​ថា គោ​ក្របី​ពួកគាត់​ចូល​ទៅ​ស៊ី​ស្មៅ​ក្នុង​ដី​សម្បទាន ហើយ​កម្មករ​ក្រុមហ៊ុន​ដាក់​អន្ទាក់ ឬ​ឆក់​សម្លាប់​យក​សាច់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។