ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ចោទអាជ្ញាធរមូលដ្ឋានថា ដោះស្រាយផលប៉ះពាល់នៃការកសាងផ្លូវដោយលំអៀងទៅអ្នកមានប្រាក់ មានអំណាច។ ការចោទប្រកាន់នេះ បន្ទាប់ពីអាជ្ញាធរសង្កាត់សម្រេចអភិវឌ្ឍ ផ្លូវលេខ ៧៧ ភ្ជាប់ផ្លូវលេខ ១៤ ប៉ះចំដីអ្នកភូមិមួយគ្រួសារ ប៉ុន្តែបែរជាពង្វាងរោងកែច្នៃសិប្បកម្មឈើប្រណិតរបស់ជនជាតិវៀតណាម។ អ្នកភូមិសង្ស័យថា ការអភិវឌ្ឍផ្លូវនេះ អាចមានភាពមិនប្រក្រតី។
ពលរដ្ឋមួយគ្រួសាររស់នៅក្រុងស្ទឹងត្រែង ខែត្រស្ទឹងត្រែង អះអាងថា គម្រោងកសាងផ្លូវមួយខ្សែភ្ជាប់ផ្លូវលេខ ១៤ ដែលជាកញ្ចប់ថវិការបស់សង្កាត់ស្ទឹងត្រែង បានបើកឲ្យចរាចរណ៍ជាបណ្តើរៗ ប៉ុន្តែបញ្ហាចម្រូងចម្រាសជាមួយគ្រួសារនេះនៅមិនទាន់បញ្ចប់នៅឡើយ។
ពលរដ្ឋរស់នៅភូមិថ្មលាត សង្កាត់ស្រះឫស្សី លោក ភូ ថងសុំ ចោទប្រកាន់ថា ចៅសង្កាត់ស្ទឹងត្រែង បានកសាងផ្លូវមួយខ្សែលេខ ៧៧ ភ្ជាប់ផ្លូវលេខ ១៤ ឋិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង លម្អៀងទៅឈ្មួញបើកសិប្បកម្មកែច្នៃឈើប្រណិតរបស់ជនជាតិវៀតណាម។ លោកសង្ស័យថា ការអភិវឌ្ឍផ្លូវនេះអាចមានភាពមិនប្រក្រតី ខណៈដែលម្ចាស់សិប្បកម្មជនជាតិវៀតណាម ឈ្មោះ ខាំ ប៊ុនម៉េង ហៅម៉ឺនគឺជាអ្នកមានលុយ-មានអំណាច។
លោកបញ្ជាក់ថា ដីលោកមានទំហំ ២៩ x ៤៣ម៉ែត្រ ដែលគ្រប់គ្រងតាំងពីឆ្នាំ១៩៩១ ហើយលោកបានប្រគល់ជូនរដ្ឋសម្រាប់អភិវឌ្ឍន៍ផ្លូវនូវដីចំនួន ៥ម៉ែត្រ បណ្ដោយ ៤៣ម៉ែត្រ ជាប់ដីវិហារសាសនាគ្រឹះ។ ប៉ុន្តែចៅសង្កាត់ស្ទឹងត្រែង លោក ជា វណ្ណ បានឈូសឆាយដីរហូតដល់ទៅ ១០ម៉ែត្រ បណ្ដោយ ៤៣ម៉ែត្រ ដើម្បីពង្វាងរោងសិប្បកម្មកែច្នៃឈើប្រណិតជនជាតិវៀតណាម។
លោកថា ដីវិហារសាសនាគ្រឹះ បានបើកផ្លូវឲ្យអាជ្ញាធរអភិវឌ្ឍចំនួនទទឹង ៥ម៉ែត្រដែរ តែអាជ្ញាធរបែរជាមិនធ្វើ ព្រោះខ្លាចបុកចំដីជនជាតិវៀតណាម៖ «មុនអភិវឌ្ឍន៍ត្រូវមានការសាកសួរពីប្រជាពលរដ្ឋ គេហៅថា សិក្សាមើលក្នុងគម្រោងដែលត្រូវប៉ះពាល់ មិនប៉ះពាល់។ វាអត់មានតម្លាភាពហ្នឹង ធ្វើការដោយស្ងាត់តែម្នាក់ឯង អត់មានគិតប្រជាពលរដ្ឋយ៉ាងម៉េច ធ្វើឲ្យតែបានតែម្ដង។ អ្នកគោរពច្បាប់ចេះតែគោរព អ្នកមិនគោរពនៅតែមិនគោរព ធ្វើអត់មានតម្លាភាព ធ្វើឲ្យតែបាន។ ព្រោះថា ធ្វើផ្លូវខ្ញុំ គឺលួចមកធ្វើទៀត»។
ចៅសង្កាត់ស្ទឹងត្រែង លោក ជា វណ្ណ បដិសេធការចោទប្រកាន់របស់ពលរដ្ឋដោយអះអាងថា អាជ្ញាធរសង្កាត់បានប្រជុំសម្រេចកសាងផ្លូវលំមួយខ្សែនេះ ដែលតម្រូវទុកដីជូនលោក ភូ ថងសុំ ទទឹង ២១ម៉ែត្រ តែគាត់បដិសេធ។ លោកថា គម្រោងកសាងផ្លូវឆ្នាំ១៩៩៥ របស់មន្ទីរសាធារណៈបានឈូសផ្លូវភ្ជាប់ផ្លូវលេខ ១៤ ទទឹង ៥ម៉ែត្រ។
លោកបញ្ជាក់ថា គម្រោងផ្លូវរបស់អាជ្ញាធរឃុំតែ ៥ម៉ែត្រទេ ចំពោះរបងសិប្បកម្មរបស់ជនជាតិវៀតណាម ជាប់ទ្រូងផ្លូវគឺអាស្រ័យលើមន្ត្រីជំនាញភូមិបាលក្រុងកំណត់៖ «ប្រជុំនេះឯកភាពហើយ ខ្ញុំចុះធ្វើទុកឲ្យគាត់ ២១ម៉ែត្រ ដល់ចុះទៅគាត់ទាមទារឲ្យខ្ញុំធ្វើផ្លូវកាត់ដីខាងវៀតណាម ទៀត។ ខ្ញុំមិនអាចធ្វើបាន ផ្លូវបោះគេ គេមានឯកសារត្រឹមត្រូវ»។
យ៉ាងនេះក្តីម្ចាស់សិប្បកម្មកែច្នៃឈើប្រណិតជាជនជាតិវៀតណាម លោក ខាំ ប៊ុនម៉េង ហៅ ម៉ឺន បញ្ជាក់យ៉ាងខ្លីថា លោកមិនរារាំងការអភិវឌ្ឍរបស់អាជ្ញាធរនេះទេ បើអាជ្ញាធរតម្រូវឲ្យលោកបង្ខិតចូលត្រឹមណា លោកនឹងធ្វើតាមការសម្រេចរបស់អាជ្ញាធរ៖ «ខ្ញុំអត់ដឹងទេអាខាងហ្នឹង ចាំមើលអាជ្ញាធរគេឲ្យខិតដល់ណា ខ្ញុំខិតដល់ហ្នឹង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល ដែលបានចុះអង្កេតករណីនេះ សាទរគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរ តែលោកស្នើឲ្យដោះស្រាយផលប៉ះពាល់ដោយតម្លាភាពផ្ដោតលើច្បាប់អស្សាមិករណ៍ជាមូលដ្ឋាន។
លោកថា ដំណោះស្រាយរបស់អាជ្ញាធរអាចមានភាពមិនប្រក្រតី ខណៈគម្រោងកសាងផ្លូវនេះត្រូវពង្រីកផ្លូវប៉ះពាល់ដល់អ្នកភូមិច្រើនជាងឈ្មួញជនជាតិវៀតណាម ដែលបើកសិប្បកម្មកែច្នៃឈើប្រណិតនៅជាប់ផ្លូវនោះ៖ «អាជ្ញាធរក្រុង ឫសង្កាត់មិនដកពីដីតាម៉េង (ជនជាតិវៀតណាម) ខ្លះទេ វាអត់ស្មើភាពគ្នាទេ»។
អ្នកភូមិឲ្យដឹងទៀតថា ជាច្រើនឆ្នាំកន្លងមក ផ្លូវមួយខ្សែនេះត្រូវបានកាត់ផ្ដាច់ពាក់កណ្ដាល ដោយឆ្ពោះចូលក្នុងសិប្បកម្មកែច្នៃឈើប្រណិតរបស់ថៅកែដែលគេស្គាល់ឈ្មោះហៅក្រៅថា ថៅកែ ម៉ឺន។ច្បាប់អស្សាមិករណ៍ ឆ្នាំ២០១០ មាត្រា ១៩ ចែងថា ការដកហូតកម្មសិទ្ធិលើអចលនវត្ថុសិទ្ធប្រត្យក្សលើអចលវត្ថុ អាចធ្វើទៅបានលុះត្រាណាគណៈកម្មការអស្សាមិករណ៍ បានផ្តល់សំណងដល់ម្ចាស់អចលវត្ថុជាមុនដោយយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
