ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​អាជ្ញាធរ​សង្កាត់​បាវិត​ឃុបឃិត​ជាមួយ​ឈ្មួញ​រំលោភ​ដី

0:00 / 0:00

ពលរដ្ឋ​រស់​នៅ​សង្កាត់​បាវិត ខេត្ត​ស្វាយរៀង ចោទ​ចៅ​សង្កាត់​បាវិត​ថា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​អ្នក​មាន​អំណាច​រំលោភ​យក​ដីធ្លី​ពលរដ្ឋ​ដែល​បាន​កាន់​កាប់​ដី​នោះ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក។ ការ​ចោទ​ប្រកាន់​នេះ កើត​ឡើង​ស្រប​ពេល​ដែល​ដី​ស្រែ​ធ្លាប់​អាស្រ័យ​ផល​របស់​ពលរដ្ឋ​ត្រូវ​បាន​ចៅ​សង្កាត់​ចុះ​ហត្ថលេខា​ឲ្យ​ឈ្មួញ​ធ្វើ​ប្លង់​រឹង​ដោយ​ស្ងាត់ៗ។ មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ចៅ​សង្កាត់​បាន​រំលោភ​ច្បាប់​ដោយ​ទទួល​សំណូក​ពិត​មែន ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ដែល​អូស​បន្លាយ​ជាង ១៥​ឆ្នាំ​មក​ហើយ ឋិត​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត ជិត​ព្រំដែន​កម្ពុជា-​វៀតណាម។ ក្រុម​ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ និង​ស្វែង​រក​យុត្តិធម៌​ខណៈ​ពលរដ្ឋ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ខេត្ត ប៉ុន្តែ​នៅតែ​មិន​ទទួល​បាន​ដំណោះស្រាយ។

តំណាង​ពលរដ្ឋ​រស់នៅ​ក្រុង​បាវិត អ្នកស្រី គុជ ដាវី រៀបរាប់​នៅ​ថ្ងៃ​ទី​៧ មេសា ថា ចៅសង្កាត់​លោក សាញ់ សាខុន បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​បី​នាក់ មាន​ឈ្មោះ​លោក ឃុត សាម៉ុន លោក កៅ ស៊ីវន និង​លោក មុំ តារ៉ា រំលោភ​យ​ដី​ពួក​គាត់​ចំនួន ៣​គ្រួសារ​ចាប់​តាំង​ពី​ឆ្នាំ​២០០០។ អ្នកស្រី​បន្ត​ថា អ្នក​ទាំង​បី​នាក់​នោះ ទី​១ លោក យុត សាម៉ុន គឺ​ជា​មន្ត្រី​ពន្ធដារ ទី​២ លោក កៅ សារ៉ន ជា​ប៉ូលិស​ខេត្ត​ស្វាយរៀង ចំណែក​លោក មុំ តារ៉ា មាន​មុខ​របរ​មិន​ពិត​ប្រាកដ។ អ្នកស្រី​ថា គ្រួសារ​អ្នកស្រី​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ប៉ុន្តែ​មិន​ទ​ទូល​បាន​ដំណោះស្រាយ​ឡើយ ព្រោះ​តែ​បុគ្គល​ដែល​យក​ដី​អ្នកស្រី គឺ​សុទ្ធ​តែ​មាន​ប្លង់​កម្មសិទ្ធិ​អស់​ទៅ​ហើយ ព្រោះ​គេ​ធ្វើ​ដោយ​លួចលាក់។

អ្នកស្រី​អះអាង​ថា ដី​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ធ្វើ​ទៅ​បាន គឺ​ដោយសារ​តែ​ចៅ​សង្កាត់​បាវិត លោក សាញ់ សុខុន អនុញ្ញាត ព្រោះ​តែ​ទទួល​បាន​ផលប្រយោជន៍​ខាង​ក្រៅ។

​ស្ត្រី​ដដែល​បន្ត​ថា ក្រុម​គ្រួសារ​អ្នកស្រី​បាន​គ្រប់គ្រង​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៧៩ បន្ទាប់​ពី​សម័យ ប៉ុល ពត ដោយ​លោក​យាយ​ដែល​ត្រូវ​ជា​មីង​អ្នកស្រី មាន​ឈ្មោះ​ថា យន អឹប បាន​មក​កាប់​ឆ្ការ​នៅ​ពេល​ដែល​ដី​នោះ​សំបូរ​ដោយ​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ឡើយ ហើយ​លោក​យាយ​អ្នកស្រី​បាន​តវ៉ា​ទាមទារ​ដាក់​ពាក្យ​ប្ដឹង​រហូត​ពេល​គាត់​ស្លាប់​នៅ​ឆ្នាំ​២០១០ នៅ​តែ​មិន​ទាន់​ដោះស្រាយ៖ «រឿង​ដាក់​ទៅ​ទទួល ប៉ុន្តែ​កប់​ចោល​ដូច​ខេត្ត​ស្វាយរៀង ក៏​អ៊ីចឹង​ដែរ កប់​ចោល​អត់​រក​ខុស​រក​ត្រូវ​ឲ្យ​យើង​ទេ បើ​ទទួល​ហើយ​យើង​អត់​ដោះស្រាយ អត់​ដោះស្រាយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ទទួល​ធ្វើ​អី​ឯកសារ​ហ្នឹង»

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ ចៅសង្កាត់​បាវិត លោក សាញ់ សាខុន មិន​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​ទេ ដោយ​លោក​ថា មិន​អាច​និយាយ​បាន ព្រោះ​លោក​បាន​កំពុង​មាន​ជំងឺ៖ «បាន​ហើយ​ខ្ញុំ​កំពុង​តែ​ឈឺ​គ្រុន ខ្ញុំ​និយាយ​អត់​បាន និយាយ​អត់​ចេញ អត់​ចេញ​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក ឃុត សាម៉ុន លោក កៅ ស៊ីវន និង​លោក ម៉ុំ តារ៉ា បាន​ទេ នៅ​ថ្ងៃ​ទី​៧ មេសា។

​ទោះ​ជា​យ៉ាង​ណា​ក្តី មាន​ពលរដ្ឋ​ចំនួន ៧០​គ្រួសារ រស់​នៅ​ក្រុង​បាវិត បាន​ផ្ដិត​មេដៃ​ដឹង​ឮ និង​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភា​ជាតិ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៥ ថា ដី​នោះ​គឺ​ជា​ដី​ពលរដ្ឋ​បី​គ្រួសារ​ពិត​មែន ដែល​មាន​ឈ្មោះ​ថា យិន សំអាន ផុន សុមា និង គីត រិទ្ធី។ ជាង​នេះ​ទៅ​ទៀត​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ៧០​គ្រួសារ ដែល​បាន​ផ្ដិត​មេដៃ គឺ​អ្នកស្រី ចាន់ ធី អះអាង​ថា ដី​នោះ​គឺ​ជា​ដី​របស់​ពលរដ្ឋ​បី​គ្រួសារ​ពិត​មែន​ដោយ​សំអាង​ថា អ្នកស្រី​មាន​ដីស្រែ​ដែល​នៅ​ជាប់​នឹង​ដី​ពលរដ្ឋ​មាន​ជម្លោះ ថែម​ទាំង​ធ្លាប់​បាន​ប្រវាស់​គ្នា​ទៅ​វិញ​ទៅ​មក និង​ធ្វើស្រែ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ អ្នកស្រី​សម្ដែង​ក្តី​ខក​ចិត្ត និង​អាណិត​ម្ចាស់​ដី​ដែល​ត្រូវ​បាន​គេ​រំលោភ​យក។

អ្នកស្រី​រំពឹង​ថា ស្នាម​មេដៃ​ពលរដ្ឋ ៧០​គ្រួសារ ដាក់​ជូន​រដ្ឋសភា ពលរដ្ឋ​នឹង​ទទួល​បាន​យុត្តិធម៌​ឆាប់ៗ​ខាង​មុខ៖ «ដូច​ថា​យើង​ប្រវាស់​គ្នា​ម្នាក់​ម្តងៗ ខ្ញុំ​ទៅ​ស្ទូង​ឲ្យ​គាត់ គាត់​ស្ទូង​ឲ្យ​ខ្ញុំ។ ភ្ជួរ​ឡើង​គ្រាប់​ឡើង​អី ដល់​បាន​ស្រួលបួល ឮ​ថា​គេ​យក​គាត់​ដើរ​ប្ដឹង​ដើរ​អី​ហ្នឹង ទាល់​តែ​គាត់​ស្លាប់​ទៅ តែ​ដី​ហ្នឹង​ដី​គាត់​មែន ឃើញ​ថា​កាល​យាយ​នៅ​ដើរ​ប្ដឹងផ្ដល់​រហូត»

ទោះ​ជា​នេះ​ក្តី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន លើក​ឡើង​ថា កន្លង​មក​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ទី​នោះ​ចំនួន ១១​គ្រួសារ ប៉ុន្តែ​មាន​ពលរដ្ឋ​ចំនួន ៩​គ្រួសារ​ទទួល​បាន​ដំណោះស្រាយ ដោយសារ​ការ​អន្តរាគមន៍​ពី​រដ្ឋ​សភា។ ដោយ​ឡែក​ពលរដ្ឋ​បី​គ្រួសារ​ផ្សេង​ទៀត ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ ដោយសារ​ទំនាស់​ដីធ្លី​មាន​ម្ចាស់​ផ្សេង​គ្នា ហេតុនេះ​រង់ចាំ​ពេល​វេលា​ស៊ើប​អង្កេត​ពី​រដ្ឋ​សភា​តាម​ញត្តិ​របស់​ពលរដ្ឋ ដែល​បាន​ដាក់​ជូន​កន្លង​ទៅ៖ «ឈ្មោះ​កាន់កាប់​គ្រប់គ្រង​ដី​នោះ​តាំង​ពី​យូរ​មក​ហើយ អ៊ីចឹង​ហើយ​យើង​នៅ​តាំង​ពី​ជំនួយ​ប៉ុន្មាន​គ្រួសារ​នោះ​មក​តើ!»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ​ទៅ​អភិបាល​ក្រុង​បាវិត ​លោក កែវ សារិត និង​អភិបាល​ខេត្ត​ស្វាយរៀង លោក ជៀង អំ បាន​ទេ ព្រោះ​ទូរស័ព្ទ​ចូល​មិន​ទទួល។

​ទាក់ទិន​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា ឬ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ពាក្យ​បណ្ដឹង​មក​រដ្ឋ​សភា​ច្រើន ប៉ុន្តែ​ប្រសិន​សំណុំ​រឿង​បន្ទាន់​លោក​នឹង​ធ្វើ​លិខិត​អន្តរាគមន៍​ទៅ​ប្រធាន​រដ្ឋ​សភា។

លោក​បន្ត​ថា លោក​នឹង​ចាត់​ឲ្យ​ជំនួយ​ការ​របស់​លោក​ពិនិត្យ​លើ​ពាក្យ​បណ្ដឹង​នេះ។ លោក​នឹង​ចុះ​អន្តរាគមន៍​ជូន​ពលរដ្ឋ​ជា​បន្ត​ទៀត បន្ទាប់ពី​ចូល​ឆ្នាំ​ខ្មែរ​រួច ប៉ុន្តែ​ចាំបាច់​ត្រូវ​ស៊ើប​អង្កេត​ជា​មុន​សិន៖ «យើង​ពិនិត្យ​ហើយ យើង​ប្រមូល​ព័ត៌មាន​ជា​មុន​សិន យើង​ប្រមូល​ព័ត៌មាន យើង​ស៊ើប​អង្កេត​រក​ភស្តុតាង ឯកសារ​ពាក់ព័ន្ធ វា​ជា​មូលដ្ឋាន បាន​យើង​ធ្វើ​អន្តរាគមន៍​បន្តបន្ទាប់​ទៅ​តាម​ហ្នឹង»

ក្នុង​ករណី​នេះ​ដែរ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​កាន់កាប់​ដី​តាំង​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨០ គឺ​ជា​កម្មសិទ្ធិ​របស់​គាត់​យោង​តាម​ច្បាប់​ភូមិបាល។ លោក​បន្ត​ថា សភា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ពលរដ្ឋ​តាម​ផ្លូវ​ច្បាប់។ លោក​កត់​សម្គាល់​ថា កំហុស​ឆ្គង​ដ៏​ធំ​បំផុត​របស់​អាជ្ញាធរ​ដែន​ដី គឺ​មិន​បាន​ចុះ​បញ្ជី​ក្បាល​ដី​ជូន​ពលរដ្ឋ​មុន​ពេល​មាន​ទំនាស់​ដែល​បង្ក​លក្ខណៈ​ឲ្យ​អ្នក​មាន​ប្រាក់ មាន​អំណាច ច្រើន​តែ​មាន​លទ្ធភាព​ធ្វើ​ប្លង់​មុន​ពលរដ្ឋ។ ជាក់ស្ដែង​នៅ​ពេល​មាន​ទំនាស់ ពលរដ្ឋ​ច្រើន​តែ​ចាញ់​ប្រៀប​ជាង​អ្នក​មាន​អំណាច ឬ​អ្នក​មាន​ប្រាក់។

លោក​ថ្លែង​ថា ពលរដ្ឋ​គួរ​តែ​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ឃុំ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ព្រោះ​ក្រុមប្រឹក្សា​ឃុំ​គឺ​ជា​តំណាង​ប្រជាពលរដ្ឋ​អាច​ចូលរួម​ការពារ​ដីធ្លី​ជូន​ពលរដ្ឋ និង​អន្តរាគមន៍​ទៅ​សភា៖ «លើក​លែង​តែ​កាន់កាប់​តាំង​ពី​ឆ្នាំ​២០០១ ទេ បើ​គាត់​នៅ​តាំង​ពី​ឆ្នាំ​៧៩ ៨០ ៨១ អា​ហ្នឹង​របស់​គាត់ ហើយ​ទោះ​បី​ជា​អ្នក​ធំៗ​នៅ​ភ្នំពេញ រាល់​ថ្ងៃ​ហ្នឹង​ក៏​គាត់​មក​កាន់​កាប់​ដែរ គាត់​មក​ចាប់​យក​ដូចគ្នា ផ្ទះល្វែង ផ្ទះ​ទី​ហ្នឹង​មាន​នរណា​ចែក​ឲ្យ​គាត់​ទេ»

​ដី​ពលរដ្ឋ​បី​គ្រួសារ​ដែល​មាន​ទំនាស់ ឋិត​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត។ គឺ​មាន​ដី​របស់​កញ្ញា យិន សំអាន ទំហំ ១៣.៩០០​ម៉ែត្រការ៉េ។ ដី​លោក ផុន សុមា ចំនួន ១.៣០០​ម៉ែត្រការ៉េ ចំណែក​ដី​លោក គិត រិទ្ធី ចំនួន ៦.០០០​ម៉ែត្រការ៉េ ហើយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥ តំណាងរាស្ត្រ​ធ្លាប់​ធ្វើ​លិខិត​ស្នើ​សុំ​ពិភាក្សា​ការងារ​ជាមួយ​អភិបាល​ខេត្ត​ស្វាយរៀង លោក ជៀង អំ ស្ដីពី​បញ្ហា​ជា​ច្រើន​ក្នុង​នោះ ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​និង​ឈ្មោះ ម៉ុំ តារ៉ា ឃុត សាម៉ុន និង​ឈ្មោះ កៅ ស៊ីវន។ ប៉ុន្តែ​ជំនួប​ត្រូវ​បាន​ផ្អាក​ទៅ​វិញ ដោយសារ​លោក​អភិបាល​ខេត្ត​បញ្ជាក់​ថា ការ​ជួប​ដូច្នេះ​លុះត្រាតែ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គឺ​លោក ស ខេង ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។