ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ជាង ២០០គ្រួសារ ដែលរងផលប៉ះពាល់ពីការជីកប្រឡាយ នៅមិនទទួលបានសំណងពីរាជរដ្ឋាភិបាលនៅឡើយទេ។ ប្រការដែលមិនទទួលបានសំណងនេះ ពួកគាត់រងការលំបាកធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ រួមមានផ្ទះសម្បែង ដីកសិកម្ម ដីកប់សព អណ្ដូងទឹក និងដើមឈើហូបផ្លែជាដើម។ ចំណែកមន្ត្រីសង្គមស៊ីវិលរកឃើញថា រដ្ឋាភិបាលអនុវត្តគម្រោងជីកប្រឡាយទឹកនេះ លើសពីផែនការដែលបានគ្រោងទុក។
ពលរដ្ឋរស់នៅភូមិចំនួន៨ ក្នុងឃុំចំនួន ២ គឺឃុំម៉ឺនជ័យ និងឃុំធ្មា ស្រុករំដួល រងផលប៉ះពាល់ដីភូមិនិងដីចម្ការរបស់ពួកគាត់ ដោយសារការជីកប្រឡាយនៃគម្រោងអភិវឌ្ឍន៍របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីដើមឆ្នាំ២០១៤។
តំណាងពលរដ្ឋដែលរងផលប៉ះពាល់នៅឃុំធ្មា លោក ព្រំ យ៉ន ឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ថា អាជ្ញាធរមូលដ្ឋានមិនបានអើពើបញ្ហារបស់ប្រជាពលរដ្ឋទេ បើទោះបីដឹងថា ការជីកប្រឡាយ ទាំងប្រឡាយធំ និងកូនប្រឡាយប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋធ្ងន់ធ្ងរ តម្រូវឲ្យអ្នកភូមិរុះរើផ្ទះ និងផលដំណាំកសិកម្មផ្សេងៗក្ដី។ លោកបន្តថា ការជីកប្រឡាយនេះ ប៉ះពាល់ដីស្រែរបស់គាត់ចំនួន ៨០០ម៉ែត្រការ៉េ និងដើមឈើហូបផ្លែចំនួន ៣៥១ដើម ព្រមទាំងដីសង់លំនៅឋានចំនួន ២.២៥០ម៉ែត្រការ៉េ។
លោកថា មានពលរដ្ឋជិត ២០០គ្រួសារផ្សេងទៀត ដែលប៉ះពាល់ផ្សេងគ្នា ក្នុងនោះមានប៉ះចំផ្ទះពលរដ្ឋចំនួន ៣២ខ្នង។ លោកបន្ថែមថា ពលរដ្ឋស្ទើរទាំងអស់កំពុងជំពាក់បំណុលធនាគារព្រោះតែយកប្រាក់ធ្វើលំនៅឋាន និងធ្វើកសិកម្មជាដើម៖ «មានការប៉ះពាល់របស់ប្រជាពលរដ្ឋច្រើន ប៉ុន្តែការប៉ះពាល់មិនដូចគ្នាទេ ខ្លះគ្រាន់តែប៉ះដីស្រែ ខ្លះគ្រាន់តែប៉ះភូមិ ប៉ុន្តែខ្លះទៀតដីស្រែក៏ប៉ះ ភូមិក៏ប៉ះ ហើយផ្ទះដែលធ្លាប់រស់នៅក៏ត្រូវរើចេញទៅនៅដីស្រែ»។
ចំណែកមេឃុំធ្មា លោក ម៉ៅ សាមឿន ទទួលស្គាល់ថា ក្នុងឃុំលោកមានផ្ទះពលរដ្ឋប៉ះពាល់ចំនួន ២៦ខ្នង តែផ្ទះទាំងនោះបានសាងសង់នៅតាមមាត់ប្រឡាយទឹកជាចំណីផ្លូវរបស់រដ្ឋ។ លោកអះអាងថា រដ្ឋាភិបាលមិនបានផ្ដល់សំណង់ជូនពលរដ្ឋឡើយ ព្រោះការកសាងប្រឡាយទឹកនោះ គ្រាន់តែជាការស្តារឡើងវិញប៉ុណ្ណោះ៖ «រស់នៅលើភ្លឺប្រឡាយកាលមិនទាន់ស្តារហ្នឹង ធ្វើផ្ទះនៅលើភ្លឺប្រឡាយ ដល់ពេលគេស្តារ គេឲ្យគាត់រុះរើចេញវាប៉ះពាល់អាហ្នឹង»។
នាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តស្វាយរៀង គឺលោក អ៊ឹង បូរ៉ា។ លោកមានប្រសាសន៍ថា អាជ្ញាធរខេត្តធ្លាប់បានទទួលពាក្យបណ្ដឹងពីពលរដ្ឋនៅស្រុករំដួល ហើយអាជ្ញាធរខេត្តបានលើកសំណើរបស់ពលរដ្ឋដាក់ជូនក្រសួងធនធានទឹក ប៉ុន្តែក្រសួងបដិសេធចំពោះការផ្តល់ជាសំណងជូនពលរដ្ឋដោយលើកហេតុផលថា ការកសាងប្រឡាយឈ្មោះមេកីចកនេះ គឺជាការស្តារប្រឡាយចាស់ឡើងវិញ៖ «គម្រោងគេអភិវឌ្ឍន៍ទៅលើប្រឡាយចាស់ បើសិនការដោះស្រាយទល់តែគម្រោងណាដែលអភិវឌ្ឍន៍កន្លែងថ្មី ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយជុំវិញបញ្ហានេះពីអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានទេ នៅថ្ងៃទី១៧ ខែឧសភា។
គម្រោងអភិវឌ្ឍន៍ប្រឡាយមេកីចក ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងធនធានទឹក កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ផ្ញើជូនអភិបាលខេត្តស្វាយរៀង គឺជួសជុលស្តារឡើងវិញនូវប្រឡាយមេកីចក ជំហានទី៤ ដែលឆ្លងកាត់ស្រុកចំនួន ៥ស្រុក គឺស្រុករំដួល ស្រុករមាសហែក ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា តែគម្រោងនេះសាងសង់មិនទាន់រួចរាល់នៅឡើយ។ បច្ចុប្បន្នគម្រោងនេះ ទើបតែជីកប្រឡាយឆ្លងកាត់តែពីរស្រុកទេ គឺស្រុករមាសហែក ឆ្ពោះទៅដល់ពាក់កណ្ដាលស្រុករំដួល។
ទាក់ទងនឹងករណីនេះ មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ ខេត្តស្វាយរៀង លោក ម៉ុម លីដា រកឃើញថា ក្រសួងធនធានទឹក មិនបានស្តារឡើងវិញនូវប្រឡាយទឹកតាមគម្រោងដែលបានកំណត់នោះទេ។ តួយ៉ាងក្នុងផែនការកំណត់ ការជីកប្រឡាយទទឹង ៣០ម៉ែត្រ ប៉ុន្តែការអនុវត្តផ្ទាល់គឺ ៧០ម៉ែត្រ ទៅ ១០០ម៉ែត្រ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងមុខរបរពលរដ្ឋជាដើម។
លោកបន្តថា រដ្ឋាភិបាលគួរសិក្សាពីផលប៉ះពាល់ឲ្យបានច្បាស់លាស់ និងផ្តល់ជាសំណងទូទាត់ជូនពលរដ្ឋតាមទំហំប៉ះពាល់។ លោកថា នៅមានពលរដ្ឋប៉ះពាល់បន្ថែមទៀតនៅពេលមានការជីកប្រឡាយបន្តទៀត បើសិនជារដ្ឋាភិបាលមិនដោះស្រាយទេនោះ ហើយប្រជាពលរដ្ឋនឹងតវ៉ាកាន់តែច្រើនថែមទៀត៖ «ចុះទៅអនុវត្តហ្នឹងគឺជីកលើពីសាបសិប ស្រូវរបស់ប្រជាពលរដ្ឋត្រូវខូចខាតទាំងអស់ ផ្ទះដែលបានធ្វើរួចហើយត្រូវគេបង្ខំឲ្យរុះរើដោយគ្មានសំណង»។
ពលរដ្ឋអះអាងថា គម្រោងកសាងស្តារឡើងវិញប្រឡាយមេកីចក បច្ចុប្បន្នបានផ្អាកជាបណ្ដោះអាសន្នប្រហែលបីខែមកហើយ តែសព្វថ្ងៃគេកំពុងកសាងស្ពាន និងធ្វើប្រព័ន្ធលូទឹក។
អ្នកភូមិស្រុករំដួល ចំនួន ១៦៤គ្រួសារធ្លាប់បានប្ដឹងទៅអាជ្ញាធរខែត្រ និងដាក់ញត្តិជូនគណៈកម្មការទី១នៃរដ្ឋសភា កាលពីទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ តែរហូតមកដល់បច្ចុប្បន្នមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
