ចំណែកនៅខេត្តស្វាយរៀង ប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅស្រុករមាសហែក ទទូចអោយអាជ្ញាធរខេត្តជួយបែងចែកដីចំនួន ៣៥៩ហិកតារ ជូនពួកគាត់កាន់កាប់ដោយស្របច្បាប់តាមការសន្យា។ សំណើសុំកាន់កាប់ដីនេះ ដោយសារពួកគាត់ធ្លាប់អាស្រ័យផលនៅលើដីនោះតាំងពីឆ្នាំ១៩៧៩ តែត្រូវបានអាជ្ញាធរដកហូតទុកជាសម្បត្តិរដ្ឋកាលពីឆ្នាំ២០១០។ ប្រជាពលរដ្ឋបាននាំគ្នាតវ៉ាជំទាស់ជាបន្តបន្ទាប់ តែមកទល់ពេលនេះ ខាងអាជ្ញាធរខេត្តមិនទាន់មានវិធានការដោះស្រាយយ៉ាងណានៅឡើយទេ។
វិបត្តិដីធ្លីនៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ចាប់ផ្តើមផ្ទុះឡើងវិញក្រោយពីប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ចេញមុខជាថ្មីទាមទារអោយអាជ្ញាធរខេត្តស្វាយរៀង ជួយចុះពិនិត្យបែងចែកដីធ្លីដែលនៅសេសសល់ជូនពួកគាត់។
តំណាងប្រជាពលរដ្ឋ ១៣១គ្រួសារ លោក ខៀវ ថុ មានប្រសាសន៍ថា អាជ្ញាធរដែនដីខេត្តស្វាយរៀង មិនបានគោរពតាមការសន្យារបស់ខ្លួន ដែលថានឹងធ្វើការបែងចែកដីជូនប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ ប៉ុន្តែជាក់ស្ដែងអាជ្ញាធរដោះស្រាយជូនប្រជាពលរដ្ឋបានតែចំនួន ៧៨គ្រួសារប៉ុណ្ណោះ។
លោក ខៀវ ថុ អំពាវនាវអោយអាជ្ញាធរបន្តដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា៖ «សំណូមពរអោយអាជ្ញាធរដែនដីចាប់ពីថ្នាក់ស្រុក រហូតដល់គណៈអភិបាលខេត្តស្វាយរៀង មេត្តាដោះស្រាយយ៉ាងណាអោយពួកយើងខ្ញុំបានដីធ្វើផង។ ចុងក្រោយសំណូមពរទៅសម្ដេច ហ៊ុន សែន និងសម្ដេច ហេង សំរិន ចំណាររបស់លោកនោះ គឺពួកយើងខ្ញុំមិនទាន់ទទួលបានដីនោះទេ សូមជួយពន្លឿនដោះស្រាយអោយពួកខ្ញុំបានដីបង្កបង្កើនផលដូចពលរដ្ឋដទៃទៀតផង»។
តំណាងប្រជាពលរដ្ឋដដែលបញ្ជាក់ថា ដីទំនាស់នោះមានទំហំ ៤៧៦ហិកតារ ដែលប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ ធ្លាប់កាន់កាប់ធ្វើស្រែ និងដាំដំណាំផ្សេងៗ តាំងពីឆ្នាំ១៩៧៩ ក៏ប៉ុន្តែនៅឆ្នាំ២០១០ រដ្ឋបាលព្រៃឈើខេត្តស្វាយរៀង បានដកហូតយកដីនោះវិញ ដោយសំអាងថា ជាដីរបស់រដ្ឋ។
ក្រោយការទាមទារមិនដកថយ អាជ្ញាធរបានកាត់ដី ១១៧ហិកតារ ពុះចែកជូនចំនួន ៧៨គ្រួសារតាមការអន្តរាគមន៍ពីលោក ហេង សំរិន ប្រធានរដ្ឋសភានៅឆ្នាំ២០១២ ដោយបន្សល់ទុកដីទំហំ ៣៥៩ហិកតារ មិនទាន់បែងចែកជូនប្រជាពលរដ្ឋចំនួន ២៣១គ្រួសារទៀត។
លោក ខៀវ ថុ បញ្ជាក់ថា ដោយនឿយណាយក្នុងការរង់ចាំដំណោះស្រាយពីអាជ្ញាធរនោះ មកទល់ពេលនេះមានប្រជាពលរដ្ឋតែ ១៣១គ្រួសារប៉ុណ្ណោះ ដែលមិនព្រមបញ្ឈប់ទាមទារសុំចែកដីនោះ។
ទាក់ទិនបញ្ហានេះ អភិបាលរងខេត្តស្វាយរៀង លោក រស់ ឆាយ មិនធ្វើអធិប្បាយអ្វីឡើយនៅថ្ងៃទី៦ ខែសីហា ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ចាំលោកផ្ដល់ព័ត៌មានពេលក្រោយ៖ «រឿងបញ្ហាដីធ្លី ៧៨គ្រួសារហ្នឹងវាយូរណាស់ទៅហើយ យើងចែកបានប៉ុន្មាន អីប៉ុន្មានកាលក្រុមយុវជនចុះវាស់វែងនុះណា។ អធ្យាស្រ័យ ខ្ញុំជាប់ពិនិត្យសុខភាពបន្តិច»។
កន្លងទៅអង្គការសិទ្ធិមនុស្សលីកាដូ បានរិះគន់អាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀង ថាហាក់ដូចជាគ្មានឆន្ទៈដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋនោះទេ ដោយអាជ្ញាធរនៅតែធ្វើការសន្យាដដែលៗ បើទោះបីជាប្រជាពលរដ្ឋតស៊ូប្ដឹងជាច្រើនលើកច្រើនសា ដោយអ្នកភូមិអះអាងថា ពួកគាត់មានលិខិតចេញពីរដ្ឋសភាឲ្យជួយអន្តរាគមន៍យ៉ាងណាក្តី។
តំណាងប្រជាពលរដ្ឋរៀបរាប់ថា ការធ្វើមិនដឹងមិនឮរបស់អាជ្ញាធរនេះ បានធ្វើអោយពួកគាត់ជួបប្រទះការលំបាកជាច្រើនក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ ដោយអ្នកខ្លះទៅធ្វើជាកម្មករនៅប្រទេសថៃ ព្រោះគ្មានដីធ្លីបង្កបង្កើនផល៖ «ឥឡូវនេះ លុយក៏ជំពាក់គេ អ្នកខ្លះទៅថៃ ទាំងខុសច្បាប់ គេចាប់ដាក់គុកដាក់ច្រវាក់នៅស្រុកគេ វេទនាណាស់ ហើយខ្លះទៅបានការងារធ្វើហើយ គេមិនអោយលុយមិនអោយអីទៀត»។
មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ ប្រចាំខេត្តស្វាយរៀង លោក មុំ លីដា ដែលឃ្លាំមើលករណីជម្លោះដីធ្លីនេះមានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងនោះរស់នៅគឺពឹងផ្អែកដីកសិកម្ម ដូច្នេះ អាជ្ញាធរគួរពន្លឿនដោះស្រាយបញ្ហានេះដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ដើម្បីកុំឲ្យប៉ះពាល់ដល់ស្មារតីពួកគាត់។ ទន្ទឹមគ្នានេះ មន្ត្រីអង្គការលីកាដូ ក៏គ្រោងនឹងជួបជាមួយគណៈអភិបាលខេត្តស្វាយរៀង នៅពេលខាងមុខដែរ ដើម្បីសួរនាំពីរឿងទំនាស់ដីធ្លីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
