ជនជាតិវៀតណាម នាំគ្នាសម្រុកមកជួលដីរបស់ប្រជាពលរដ្ឋខ្មែរនៅតាមជាយដែន យកទៅធ្វើស្រែប្រាំងយ៉ាងគគ្រឹកគគ្រេង នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចបាត់បង់ទឹកដីតាមរយៈជនជាតិវៀតណាម ជួលដីខ្មែរធ្វើស្រែនេះ។ ហើយជនជាតិវៀតណាម ក៏ពុំបានធ្វើលិខិតជួលដីស្រែពីប្រជាពលរដ្ឋដែលមានការទទួលស្គាល់ពីអាជ្ញាធរខ្មែរដែរ។
ប្រជាពលរដ្ឋបញ្ជាក់ដោយក្ដីកង្វល់ថា ដីស្រែរបស់ខ្មែរនៅតាមជាយដែនជាប់ប្រទេសវៀតណាម រាប់ពាន់ហិកតារ វាអាចនឹងបាត់បង់នៅថ្ងៃណាមួយជាពុំខាន ប្រសិនបើជនជាតិវៀតណាម នៅតែបន្តសកម្មភាពចូលមកជួលដីពីប្រជាពលរដ្ឋ យកទៅធ្វើយ៉ាងអនាធិបតេយ្យដោយពុំមានការហាមឃាត់ពីសំណាក់អាជ្ញាធរខ្មែរទៀតនោះ។
ប្រជាពលរដ្ឋសុំមិនឲ្យបញ្ចេញឈ្មោះ រស់នៅភូមិកែវជះ នៃឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ថ្លែងបញ្ជាក់នៅថ្ងៃទី១១ កុម្ភៈ ថា ជនជាតិវៀតណាម រាប់រយនាក់បានសម្រុកមកជួលដីស្រែរបស់ប្រជាពលរដ្ឋខ្មែររាប់ពាន់ហិកតារ យកទៅធ្វើស្រែប្រាំង រួមមាន ដីស្រែរបស់ប្រជាពលរដ្ឋនៅឃុំបន្ទាយក្រាំង និងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ លោកថ្លែងបន្តថា ជនជាតិវៀតណាម ទាំងនោះគេជួលដីពីប្រជាពលរដ្ឋខ្មែរ យកទៅធ្វើស្រែប្រាំងមួយឆ្នាំ ២ដង គឺលើកទី១ គេធ្វើនៅដើមខែធ្នូ ដល់ខែមីនា និងលើកទី២ ចាប់ពីខែមេសា ដល់ចុងខែកក្កដា រៀងរាល់ឆ្នាំ។
លោកបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋខ្មែរដែលមានបំណងជួលដីស្រែដែរនោះ ពុំអាចប្រកួតប្រជែងជួលដីស្រែឈ្នះជនជាតិវៀតណាម ទេ ព្រោះជនជាតិវៀតណាម គេឲ្យតម្លៃឈ្នួលខ្ពស់ គឺដីស្រែដែលជាប់ព្រែក តម្លៃឈ្នួលស្រែមួយឆ្នាំប្រមាណពី ៥០០ ទៅ ៦០០ដុល្លារអាមេរិកក្នុងមួយហិកតារ រីឯដីស្រែដែលនៅឆ្ងាយពីមាត់ព្រែក និងឆ្ងាយពីប្រភពទឹក តម្លៃប្រមាណពី ២០០ ទៅ ៣០០ដុល្លារអាមេរិកក្នុងមួយហិកតារ៖ «ទីមួយ យើងខ្លាចបាត់បង់ដីខ្មែរដែលវៀតណាម មកធ្វើជាប់ព្រំដែន ធ្វើៗយូរៗវាយកតែម្ដង។ គគ្រឹកគគ្រេង ឃុំទាំង២ហ្នឹង វៀតណាម ចូលមកចំនួន ៣គីឡូព័ន្ធជុំវិញតែម្ដង តែឃុំ ២ហ្នឹង ព្រោះអីវាបើកតែទូកមកដល់ស្រែហ្មង វាបើកអាត្រាក់ទ័រ មានជីមានថ្នាំវាមកស្តុកទុកក្នុងស្រែហ្មង»។
ទាក់ទងនឹងបញ្ហានេះ អភិបាលរងស្រុកកំពង់រោទិ៍ លោក អ៊ុច សារឿន មានប្រសាសន៍បញ្ជាក់ដោយពុំមានប្រតិកម្មអ្វីជុំវិញបញ្ហាជនជាតិវៀតណាម ជួលដីស្រែរបស់ប្រជាពលរដ្ឋខ្មែរនេះទេ គឺគ្រាន់តែបញ្ជាក់ថា ការជួលដីស្រែអោយជនជាតិវៀតណាម នេះបានផ្ដល់ផលចំណេញដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ស្រែទៅវិញទេ៖ «មានបងប្អូនខ្លះគេជួល ខ្លះគេធ្វើបោះគេ នៅក្នុងតាមខ្សែក្រវាត់ព្រំដែនហ្នឹងណា!។ គាត់ធ្វើខ្លួនឯងហ្នឹងធ្វើវាមិនរួចថ្លៃជីថ្លៃអី ជួនកាលធ្វើទៅខូចអ៊ីចឹងទៅ ជំពាក់ថែមទៀតទៅ។ បាទ! អ៊ីចឹងបើគាត់ជួលទៅគាត់បានអាកម្រៃជួលហ្នឹងតែម្ដង អត់បាច់ទៅរវល់រឿងស្រែរឿងភ្លឺអីទេ វាបានអាកម្រៃជួលហ្នឹងសម្រាប់ដោះស្រាយជីវភាពរបស់គាត់តែម្ដង។ បើគាត់ធ្វើខ្លួនជួនកាលរួច ជួនកាលមិនរួចខ្លួន ហើយហត់ទៀត»។
តែយ៉ាងណា ប្រជាពលរដ្ឋនៅតែមានក្ដីកង្វល់ថា ដីស្រែទាំងនោះអាចនឹងក្លាយទៅជាកម្មសិទ្ធិរបស់ជនជាតិវៀតណាម នៅថ្ងៃណាមួយជាពុំខាន ព្រោះជនជាតិវៀតណាម គេជួលដីស្រែពីប្រជាពលរដ្ឋដោយពុំបានធ្វើលិខិតជួលដី ដែលមានការទទួលស្គាល់ពីអាជ្ញាធររបស់កម្ពុជាឡើយ។ ហើយដីស្រែដែលប្រជាពលរដ្ឋខ្មែរជួលទៅឲ្យជនជាតិវៀតណាម រៀងរាល់ឆ្នាំ បានអូសបន្លាយអស់រយៈពេលជិត ១០ឆ្នាំមកហើយ។
ច្បាប់ភូមិបាលនៃប្រទេសកម្ពុជា បានចែងថា មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីនៃព្រះរាជាណាចក្រកម្ពុជា។ ជនបរទេសដែលបានក្លែងបន្លំប័ណ្ណសញ្ជាតិ ដើម្បីឲ្យក្លាយជាកម្មសិទ្ធិលើដីនៅកម្ពុជា នឹងត្រូវផ្ដន្ទាទោស។ ទ្រព្យដែលបានមកក្នុងលក្ខខណ្ឌនេះ ត្រូវរឹបអូសយកទុកជាសម្បត្តិរដ្ឋ ដោយរដ្ឋមិនចេញសំណងឲ្យឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
