សហគមន៍ដីធ្លីនិងប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ ដែលមានទំនាស់ដីនៅស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ មីនា បាននាំគ្នាធ្វើពិធីបួងសួងតវ៉ាទាមទារដីសហគមន៍ប្រមាណជាង ២០០ហិកតារ ដែលមានទំនាស់ជាមួយរដ្ឋបាលព្រៃឈើស្រុកនេះមករក្សាទុកជាប្រយោជន៍រួមរបស់អ្នកភូមិវិញ។
ក្រោយពីការបួងសួងរបស់សហគមន៍នៅព្រឹកថ្ងៃដដែលនេះ អភិបាលស្រុកបានសម្របសម្រួលដោយឲ្យភាគីទាំងសងខាងផ្អាកធ្វើសកម្មភាពនៅលើដីមានទំនាស់នេះមួយរយៈ។
សហគមន៍ដីធ្លីនិងប្រជាពលរដ្ឋដុតធូបអង្គុយលើកដៃសំពះក្រោមដើមឈើក្នុងដីដែលមានទំនាស់ ដោយស្រែបួងសួង ព្រមទាំងមានភ្លេងបញ្ចូលអារក្សអមជាមួយផង។
ប្រធានសហគមន៍ដីធ្លីឃុំអណ្ដូងត្របែក ស្រុករមាសហែក លោក សួន សីហា មានប្រសាសន៍បញ្ជាក់នៅថ្ងៃទី១៧ មីនា ថា ការបួងសួងនេះដោយសារការតវ៉ារឿងដីទំនាស់ជាង ២០០ហិកតាររវាងសហគមន៍និងរដ្ឋបាលព្រៃឈើកន្លងមកពុំមានដំណោះស្រាយសមរម្យពីអាជ្ញាធរឡើយ។ ដោយសារបញ្ហានេះ ទើបពួកគេសម្រេចជ្រើសមធ្យោបាយថ្មី ដោយពឹងឲ្យអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាដីនៅតំបន់នោះ ជួយពួកគាត់វិញម្ដង។
«សំឡេង»
លោក សូន សីហា បញ្ជាក់បន្ថែមថា ដីដែលមានទំនាស់នេះ ជាដីទីទូលរបស់សហគមន៍រក្សាទុកជាជាប្រយោជន៍ដើម្បីឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានអាស្រ័យអនុផលព្រៃឈើ និងជាទីទួលវាលស្មៅសម្រាប់គោក្របីរបស់អ្នកភូមិនារដូវវស្សា។
ដីប្រមាណជាង ២០០ហិកតារដែលមានទំនាស់ ឋិតឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សហគមន៍ដីធ្លីឃុំអណ្ដូងត្របែក បញ្ជាក់ថា ដីនេះមានទំនាស់ផ្ដើមឡើងដោយសាររដ្ឋបាលព្រៃឈើយកគ្រឿងចក្រទៅឈូសឆាយដីក្នុងរូបភាពអភិវឌ្ឍន៍ដាំកូនឈើ ដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីរដ្ឋបាលព្រៃឈើឃុំក្រសាំង ដើម្បីមានឱកាសឆ្លើយតបជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៧ ខែមីនា។
ប៉ុន្តែអភិបាលស្រុករមាសហែក ដែលបានចុះទៅសម្របសម្រួលនៅសាលាឃុំអណ្ដូងត្របែក លោក ពេញ ជា មានប្រសាសន៍បញ្ជាក់ថា ដីនេះមានទំនាស់ដោយខ្វែងគំនិតគ្នានៃភាពមិនច្បាស់លាស់រឿងការកាន់កាប់ និងឈូសឆាយដីអភិវឌ្ឍន៍។ ដូចនេះលោកឲ្យភាគីទាំងសងខាង គឺសហគមន៍ដីធ្លីអណ្ដូងត្របែក និងរដ្ឋបាលព្រៃឈើ ផ្អាកធ្វើសកម្មភាពបណ្ដោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេតដោះស្រាយបន្ត។
«សំឡេង»
ក្រុមប្រជាពលរដ្ឋនិងសហគមន៍បានរំសាយទៅវិញ ក្រោយពីការសម្របសម្រួលរបស់អភិបាលស្រុករមាសហែក។ ទោះជាយ៉ាងនេះក្ដី អ្នកភូមិទាំងនោះបញ្ជាក់ថា ពួកគេរំសាយទៅវិញនេះ គឺដើម្បីរង់ចាំមើលការដោះស្រាយមួយរយៈ ហើយប្រសិនបើរដ្ឋបាលព្រៃឈូសឆាយលើដីដែលមានទំនាស់នេះទៀត នោះពួកគេនឹងងើបតវ៉ាសាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
