ទំនាស់​ដី​រវាង​មេទាហាន​និង​ពលរដ្ឋ​នៅ​ខេត្ត​តាកែវ​ឡើង​ដល់​តុលាការ

ប្រជាពលរដ្ឋ​ប្រមាណ ៥០​គ្រួសារ នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​អូរសារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១១ មករា អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​រឿង​ទំនាស់​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​ទំហំ​ប្រមាណ ៥០​ហិកតារ​ ជាមួយ​មន្ត្រី​យោធា​ម្នាក់ ដែល​មក​ដណ្ដើម​យក ហើយ ​អះអាង​ថា គាត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ទាំង​នោះ​ទៀត។

ប្រជាពលរដ្ឋ ១០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំង ៥០​គ្រួសារ នឹង​ត្រូវ​ឡើង​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៥ មករា សប្ដាហ៍​ក្រោយ​នេះ ដោយសារ​ទំនាស់​ដី​តាម​បណ្ដឹង​របស់​ភាគី​នៃ​មន្ត្រី​យោធា​ខេត្ត​កំពង់ស្ពឺ ម្នាក់ ដែល​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ឈ្មោះ ស្វាយ សារ៉ាត់។

ទាំង​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ដីកា​កោះហៅ​នោះ​ចេញ​ដោយ​លោក ម៉ែន រត្ថា ចៅក្រម​សាលាដំបូង​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៤។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​តំណាង​ប្រជាពលរដ្ឋ ១០​នាក់ បញ្ជាក់​នៅ​ថ្ងៃ​ទី​១១ មករា ថា ប្រជាពលរដ្ឋ​ទាំង ៥០​គ្រួសារ​នោះ​បាន​រាន​ព្រៃ​ធ្វើ​ស្រែ​ខ្លះ​ធ្វើ​ចម្ការ​តាំង​ពី​តំបន់​នោះ​នៅ​មាន​សង្គ្រាម​ជាមួយ​ខ្មែរ​ក្រហម​ក្នុង​ទសវត្សរ៍​៨០ មក។

លោក​បាន​រំលឹក​ថា ​ស្រាប់​តែ​នៅ​ឆ្នាំ​២០១៤ បែរ​ជា​លេច​មុខ​មន្ត្រី​យោធា​ម្នាក់​មកពី​ខេត្ត​កំពង់ស្ពឺ អះអាង​ថា ខ្លួន​​បាន​ទិញ​ដី​នេះ​ពី​មនុស្ស ១០​នាក់​ផ្សេង​ទៀត តែ​អ្នក​ភូមិ​មិន​ដែល​ស្គាល់​មុខ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ៥០​គ្រួសារ​ដែល​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​មាន​កំហឹង​យ៉ាង​ខ្លាំង៖ «ដី​ហ្នឹង​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៨២-​៨៣ មក អត់​មាន​ឃើញ​ឈ្មោះ​ទាំង ១០​នាក់​ហ្នឹង​ទៅ​ឃាត់​ឃាំង​អី​ផង បាន​នាំ​គ្នា​ចេះ​តែ​ខំ​ធ្វើ​រហូត​ ស្រាប់​ដល់​ឆ្នាំ​២០១៤ ស្រាប់​តែ​មាន​ឮ​សូរ​ឈ្មោះ​លោក ស្វាយ សារ៉ាត់ ថា​ដី​នេះ​ជា​ដី​របស់​គាត់ ហើយ​ពូក​ខ្ញុំ​នេះ​ខំ​កាប់​ឆ្ការ​តាំង​ពី​យូរ​មក​ហើយ គាត់​មក​ថា​ដី​របស់​គាត់​អ៊ីចឹង ប្រជាពលរដ្ឋ​ខឹង​ដែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ស្វាយ សារ៉ាត់ បាន​នៅ​ថ្ងៃ​អាទិត្យ ទី​១១ មករា ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​ខាង​លើ​បាន​ទេ។ ក៏ប៉ុន្តែ​ជំទប់​ឃុំ​អូរសារាយ លោក ឡាយ ណម អះ​អាង​ថា ការ​ទិញ​ដី​របស់​មន្ត្រី​យោធា​ម្នាក់​ពី​មនុស្ស ១០​នាក់​ផ្សេង ដែល​ថា​ជា​ម្ចាស់​ដី​ទំហំ ៥០​ហិកតារ​នេះ​ ហាក់​មាន​អាថ៌កំបាំង ព្រោះ​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​ដែល​ឃើញ និង​ស្គាល់​ឈ្មោះ​អ្នក​ទាំង ១០​នាក់​នេះ​ទេ។

ក្រៅ​ពី​នេះ លោក​ថា ​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ទំនាស់​សព្វថ្ងៃ​ជាមួយ​មន្ត្រី​យោធា​ម្នាក់​នោះ​ក៏​មិន​មាន​ឯកសារ​កាន់កាប់​ដី​តម្កល់​ទុក​នៅ​សាលាឃុំ​ទៀត ព្រោះថា កន្លង​មក​ពួក​ទាហាន​ខ្មែរ​ក្រហម បាន​ចូល​វាយ​និង​ដុត​សាលាឃុំ​ឆេះ​ដោយ​ទាំង​ឯកសារ​ទាំង​នោះ​អស់។

លោក​ជំទប់​បន្ត​ថា ស្រប​ពេល​ដែល​មាន​ការ​គាបសង្កត់​ខាង​ផ្នែក​តុលាការ ប្រជាពលរដ្ឋ​ក៏​ទទួល​រង​ការ​គំរាម​កំហែង ដោយ​ប្រើ​អាវុធ​បាញ់​បង្ក្រាប​ បើ​សិន​ជា​ប្រជាពលរដ្ឋ​ហ៊ាន​ក្រោក​ឡើង​តវ៉ា​ប្រឆាំង​ការ​រឹប​អូស​យក​ដី​នោះ៖ «ឥឡូវ​ហ្នឹង វា​មាន​ច្រើន​គ្នា​ វា​ចេះ​តែ​រឹប​ខ្លាំង​ឡើងៗ ប្រជាពលរដ្ឋ​យើង​ខ្លាច​គេ ហើយ​ឥឡូវ​ខ្លាច​គេ។ វា​គំរាម​ថា វា​មក​លើក​ក្រោយ​ថ្ងៃ​ទី​១៥ ខែ​២ ហ្នឹង​វា​នឹង​យក​ត្រាក់ទ័រ​មក​ឈូស​ឆាយ ហើយ​យក​អាវុធយុទ្ធភណ្ឌ​មក​តាម​ទៀត អ៊ីចឹង​រឿង​នេះ​ខ្ញុំ​ដឹង​ឮ​ពី​ប្រជាពលរដ្ឋ​ដែល​គាត់​មក​ដល់​ផ្ទះ​ខ្ញុំ​គាត់​ប្រាប់​ខ្ញុំ​អ៊ីចឹង»

លោក​បន្ថែម​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​តំណាង​ប្រជា​ពលរដ្ឋ​ទាំង ១០​នាក់ ​ត្រូវ​បាន​កោះហៅ​ឡើង​តុលាការ។ កាល​ឡើង​តុលាការ​កាល​ពី​ពីរ​លើក​មុន តុលាការ​បាន​កាត់​ក្ដី​ឲ្យ​ប្រជាពលរដ្ឋ​ចាញ់ តែ​ប្រជាពលរដ្ឋ​ប្រឆាំង​ជំទាស់​មិន​ទទួល​​យក​ការ​កាត់ក្ដី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។