ប្រជាពលរដ្ឋ ២១៥គ្រួសារ នៅស្រុកបាទី ខេត្តតាកែវ ដែលមានទំនាស់ដីស្រែទំហំ ២៥ហិកតារ ជាមួយអាជ្ញាធរក្នុងតំបន់ និងឈ្មួញមានលុយ អំពាវនាវសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ឲ្យជួយស្វែងរកដំណោះស្រាយ ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងឡើងវិញ។
បដិសេធនឹងបញ្ហានេះ មេប៉ុស្តិ៍ឃុំពត់សរ ដែលរង់ការចោទថា ជាអ្នកអនុវត្តបញ្ជាក្នុងការទប់ស្កាត់ការចូលកាន់កាប់ដីនេះ អះអាងថា តាមពិតដីស្រែទាំង ២៥ហិកតារនេះ ពុំមែនជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទាំង ២១៥គ្រួសារនោះទេ។
ប្រជាពលរដ្ឋដែលមានទំនាស់លើដីស្រែដ៏រ៉ាំរ៉ៃមួយកន្លែងនៅភូមិត្រពាំងត្រាវ អះអាងនៅថ្ងៃទី៩ មិថុនា ថា ពួកគាត់ចង់បានដីមួយកន្លែងទំហំ ២៥ហិកតារ មកគ្រប់គ្រងវិញ។ ភាគីទំនាស់ក្នុងរឿងដីនេះ គឺមានប្រជាពលរដ្ឋ ២១៥គ្រួសារ ទំនាស់ជាមួយអតីតអភិបាលស្រុកនិងឈ្មួញ។
ទំនាស់ដីនោះ បានកើតមាន និងបន្តអូសបន្លាយអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ចាប់តាំងពីអតីតអភិបាលស្រុកបាទី រឹបអូសដីប្រគល់ឲ្យឈ្មួញក្នុងតំបន់ កាលណោះគឺលោក ខាន់ អ៊ុន ជាម្ចាស់កម្មសិទ្ធិ ប៉ុន្តែក្រោយមកបានសន្យាថា នឹងប្រគល់សងឲ្យពលរដ្ឋវិញ បន្ទាប់ពីលោក ខាន់ អ៊ុន អាស្រ័យផលបានមួយឆ្នាំរួច។ ជាអកុសល ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋឲ្យដឹងថា លោក អ៊ុន សេង ជាអតីតអភិបាលស្រុកបាទី ដែលទទួលបន្ទុកដោះស្រាយបញ្ហាទំនាស់ដីនោះ ស្លាប់មុនដំណោះស្រាយត្រូវបិទបញ្ចប់ទៅទៀត។
ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងត្រាវ លោក សាន់ ភឿន ឲ្យដឹងនៅថ្ងៃទី៩ មិថុនា ថា នៅពេលនេះប្រជាពលរដ្ឋទាំង ២១៥គ្រួសារ មិនចង់បានអ្វីក្រៅពីស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលជួយដោះស្រាយលើដីកំពុងមានទំនាស់នេះ ហើយប្រគល់ឲ្យម្ចាស់ដើមជាអ្នកគ្រប់គ្រងវិញប៉ុណ្ណោះ៖ «ប្រជាពលរដ្ឋឥតចង់បានអីទេ ចង់បានតែដីគាត់មកវិញ ហើយចង់បានឲ្យមានយុត្តិធម៌។ របស់គេឲ្យដឹងថារបស់គេ របស់ឯងឲ្យដឹងថាជារបស់ឯង។ កុំចេះតែយករបស់គេផ្ដេសផ្ដាសគ្មានច្បាប់ទម្លាប់ មើលតែ ពល ពត»។
ពាក់ព័ន្ធនឹងទំនាស់ដីស្រែទំហំ ២៥ហិកតារនេះ ប្រជាពលរដ្ឋ ៤នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១០មក។
ស្ថិតក្នុងវ័យ ៦៨ឆ្នាំ លោក សាន់ ភឿន ឲ្យដឹងថា ដើមបណ្ដឹងក្នុងសំណុំរឿងនេះ មានឈ្មោះ សុខ សេង អតីតមេឃុំពត់សរ អ្នកស្រី ហេង ប៊ុនផល្លា កូនប្រសារបស់ឈ្មោះ ខាន់ អ៊ុន និងមានអភិបាលរងស្រុកបាទី លោក អ៊ូ សុខជា នៅក្រោយដីទំនាស់នេះថែមទៀតផង។
ចំណែកប្រជាពលរដ្ឋរស់នៅភូមិត្រពាំងត្រាវ ឃុំពត់សរ លោក មុំ ហៀង ឲ្យដឹងដែរថា នៅមុនបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ កាលពីឆ្នាំ២០១២ កន្លងទៅនេះ គណៈពង្រឹងបក្សប្រជាជនកម្ពុជា បានសន្យាជាមួយប្រជាពលរដ្ឋថា បើគណបក្សប្រជាជនឈ្នះ ការបោះឆ្នោតឃុំនេះ ដីដែលមានទំនាស់អាជ្ញាធរឃុំនឹងចេញមុខដោះស្រាយ ដើម្បីប្រគល់ជូនពលរដ្ឋវិញ។ ប៉ុន្តែលោកអះអាងថា រហូតមកដល់ពេលនេះ ដំណោះស្រាយក៏គ្មាន បើទោះជាលទ្ធផលប្រកាសថា គណបក្សប្រជាជនកម្ពុជា ឈ្នះក៏ដោយ។ រីឯប្រជាពលរដ្ឋទៀតសោត ត្រូវជាប់បណ្ដឹងនៅតុលាការខេត្តតាកែវ ថែមទៀតផង។
លោក មុំ ហៀង៖ «តាំងពីយើងបោះឆ្នោតមេឃុំ ដូចខ្ញុំប្រាប់បងកាលពីព្រឹកនោះថា ពេលដែលបោះឆ្នោតមេឃុំ គេឲ្យថា បោះឲ្យគេទៅ ឲ្យស្រុះគ្នាទៅ ឲ្យបានមេឃុំជាប់លេខមួយ គេដោះស្រាយដីហ្នឹងឲ្យ។ ស្រាប់តែដល់ពេលប្រជាពលរដ្ឋហ្នឹង ក៏គាត់បោះទៅ។ ខ្លះក៏បោះ ខ្លះក៏ឥតបានមេឃុំជាប់លេខមួយ ស្រាប់តែគេយកដីហ្នឹង ឲ្យទៅអ្នកម្ខាងណោះវិញ។ ហ្នឹងដាច់ត្រឹមហ្នឹងមកឥតបានធ្វើទេ»។
បដិសេធនឹងបញ្ហានេះ មេប៉ុស្តិ៍ឃុំពត់សរ លោក នួន វណ្ណារ៉ា ដែលរងការចោទថា ជាអ្នកអនុវត្តបញ្ជាក្នុងការទប់ស្កាត់ការចូលកាន់កាប់ដីនេះ និយាយថា ការពិតប្រជាពលរដ្ឋទាំង ២១៥គ្រួសារនេះ បានបោះបង់ដីនេះតាំងពីឆ្នាំ១៩៨២ មកម្ល៉េះ។ លើសពីនេះ ពួកគាត់បានចាញ់ក្ដីតាំងពីសាលាដំបូងខេត្តតាកែវ រហូតតុលាការកំពូលទៀតផង។ បន្ថែមពីលើនេះទៅទៀតនោះ លោកពុំដែលបានទទួលដំណឹងណាមួយពីគណបក្សប្រជាជនកម្ពុជា ដែលសន្យាថា នឹងដោះស្រាយដីមានទំនាស់នេះហើយយកសងឲ្យប្រជាពលរដ្ឋវិញនោះទេ។ ក្រៅពីនេះ លោកអនុវត្តបញ្ជាតាមដីការបស់តុលាការប៉ុណ្ណោះ។
លោកបន្តថា៖ «គឺថាពី ៧៩ ៨០ ៨១ រហូតមកដល់ ៨២។ ខ្ញុំឮសូរអ្នកស្រុកគេនិយាយអ៊ីចឹងដីហ្នឹងគេទុកចោល។ រួចទុកចោលកាលណោះអាជ្ញាធរស្រុក ដូចថាគាត់មកឃើញដីហ្នឹងវាមានដើមអង្កាញ់ដើមអី សុទ្ធតែព្រៃពេញណាពេញណី ហើយជិត ២៥ហិកតារ។ អ៊ីចឹងគាត់ចេះតែដើរស្រាវជ្រាវថា អ្នកណាដែលមានលទ្ធភាពធ្វើដីហ្នឹង។ ដល់ពេលអ៊ីចឹងទៅគាត់ត្រូវទំនាក់ទំនងទៅភូមិក្រាំងពោធិ៍ និងភូមិកណ្ដោល។ ពេលដែលគេមកធ្វើអ៊ីចឹង ដូចថា អាជ្ញាធរគេជួយជាជី ជួយអាត្រាក់ជួយអីភ្ជួរអ៊ីចឹង។ ធ្វើបានរហូតលុះមកដល់ឆ្នាំ១៩៩៩នេះ ស្រាប់តែអ្នកត្រពាំងត្រាវ ដែលគេចោលហ្នឹង គេនាំគ្នាទៅច្រូត»។
អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តតាកែវ លោក អ៊ុន ថានន្ទ ឲ្យដឹងថា ផ្អែកតាមការអង្កេតរកឃើញថា ដើមឡើយអតីតអភិបាលស្រុកបាទី កាលណោះបានធ្វើកិច្ចសន្យាខ្ចីដីមានទំនាស់នេះពីពលរដ្ឋទេ តែក្រោយមកមិនបានប្រគល់សងម្ចាស់កម្មសិទ្ធិវិញដូចកិច្ចសន្យា។ បន្ទាប់មកទៀត លិខិតកាន់កាប់នេះ បានទៅភាគីម្ខាងវិញ គួបផ្សំនឹងមានដីកាតុលាការផង។ ហេតុនេះពួកគាត់បានបាត់បង់សិទ្ធិគ្រប់គ្រងរហូតបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
