អាជ្ញាធរស្រុកទ្រាំង ខេត្តតាកែវ អះអាងថា អតីតដីអាងបុរាណ និងបឹងរបស់រដ្ឋ ដែលមានទីតាំងលាតសន្ធឹងពីស្រុកអង្គរជ័យ ខេត្តកំពត ទៅដល់ស្រុកទ្រាំង ខេត្តតាកែវ កំពុងមានការជួញដូរ ដើម្បីធ្វើស្រូវស្រាលដោយក្រុមហ៊ុន សូ សយ មានឫទ្ធិ សហការជាមួយក្រុមហ៊ុននៅប្រទេសចិន។ ប៉ុន្តែ ដីនោះអាជ្ញាធរមូលដ្ឋានអះអាងថាជាដីសាធារណៈរបស់រដ្ឋ ដែលមិនអាចជួញដូរបាន និងគ្មានសិទ្ធិទទួលបានប័ណ្ណកម្មសិទ្ធិឡើយ។
អាជ្ញាធរស្រុកទ្រាំង ខេត្តតាកែវ ចុះទប់ស្កាត់ពលរដ្ឋច្រើនភូមិ ដែលកំពុងលក់ដីសាធារណៈរបស់រដ្ឋ ជាអតីតដីអាងទឹកបុរាណ និងជាដីអតីតព្រលានយន្តហោះ មានទំហំជាង ២ពាន់ហិកតារ ដែលក្រុមហ៊ុន សូ សយ មានឫទ្ធិ កំពុងចុះទិញ និងកក់លុយជូនពលរដ្ឋ។
អាជ្ញាធរឃុំសន្លុង ស្រុកទ្រាំង លោក ឡុក សារិ ថ្លែងនៅថ្ងៃអង្គារ ទី៥ ខែមីនា ថា ដីនោះជាអាងទឹកបុរាណពីដើម ហើយអាជ្ញាធរបានអនុញ្ញាតឲ្យអ្នកស្រុកដាំដុះបាន ប៉ុន្តែមិនអាចទទួលបានប័ណ្ណកម្មសិទ្ធិទេ ព្រោះជាដីសាធារណៈរបស់រដ្ឋ។
លោកថា កាលពីឆ្នាំ២០១១ អ្នកភូមិចំនួន ២ឃុំ មានឃុំអង្គកែវ និងឃុំសន្លុង បានលក់ដីដំណាំអស់ជាង ១០០ហិកតារ ក្នុងអាងនោះទៅឲ្យឯកឧត្តមមួយរូបដែលគាត់មិនបញ្ចេញឈ្មោះ ក្នុង ១ហិកតារតម្លៃ ១ពាន់ដុល្លារ ហើយនៅឆ្នាំ២០១២ អាជ្ញាធរឃុំ និងស្រុក ទប់ស្កាត់ប្រជាពលរដ្ឋឲ្យផ្អាកលក់។ ប៉ុន្តែលោកបន្តថា នៅចុងឆ្នាំ២០១២ និងឆ្នាំ២០១៣ អ្នកភូមិបានបន្តលក់ដីបឹងក្បែរអាងទឹកនោះទៀត ក៏ជាដីបឹងរបស់រដ្ឋដែរ គឺលក់ទៅក្រុមហ៊ុន សូ សយ មានឫទ្ធិ។
លោកថា ដីបានលក់កន្លងមកនោះ គឺអតីតមេឃុំសន្លុង លោក សៀង ហ៊ាន បានចុះហត្ថលេខាមុនគាត់មរណភាព។ នៅពេលរូបលោកឡើងកាន់តំណែងជាមេឃុំថ្មី គាត់មិនទទួលស្គាល់ការទិញលក់ដីនោះទេ ព្រោះជាដីសាធារណៈរបស់រដ្ឋ៖ «បើសិនណាលក់ឲ្យក្រុមហ៊ុន ខ្ញុំជីកប្រឡាយយកទឹកបឹង ដើម្បីបង្កបង្កើនផលនោះ ក្រុមហ៊ុនម៉េចនឹងឲ្យទឹកមកខ្ញុំ ព្រោះអីគេទិញបឹងបានហើយ។ អីចឹង ខ្ញុំមិនអនុញ្ញាតឲ្យក្រុមណាទិញបឹងទេ ហើយខ្ញុំក៏ប្ដេជ្ញាថា ខ្ញុំមិនស៊ីញេឲ្យបុគ្គលណាទិញបឹងបានដែរ»។
អភិបាលស្រុកទ្រាំង លោក កេត ម៉ៅ ថ្លែងថា អាជ្ញាធរស្រុកបានទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យជួញដូរដីនោះទេ ហើយអាជ្ញាធរស្រុកក៏បានប្រជុំជាមួយក្រុមហ៊ុននោះដែរ ហាមទិញដីសាធារណៈរបស់រដ្ឋ៖ «ក្រុមហ៊ុនហ្នឹង ក៏មិនមានទិញដីអីដែរ ទៅដើរកក់គេ ២០ដុល្លារ ១០ដុល្លារហ្នឹង»។
ពាក់ព័ន្ធបញ្ហានេះ លោក សូ សយ ប្រធានក្រុមហ៊ុន សូ សយ មានឫទ្ធិ ថ្លែងថា លោកទិញដីគ្មានប្លង់ពីប្រជាពលរដ្ឋនៅឃុំអង្គកែវ និងឃុំសន្លុង ពិតមែន ចាប់តាំងពីចុងឆ្នាំ២០១១ មកដល់ដើមឆ្នាំ២០១៣ បានប្រមាណ ១ពាន់ហិកតារ ដែលលោកបានចំណាយទឹកប្រាក់ជាង ៥០ម៉ឺនដុល្លារអាមេរិក។ លោកបន្តថា ដីប្រមូលទិញបាននេះ នឹងផ្តល់ទៅឲ្យក្រុមហ៊ុននៅប្រទេសចិន ដើម្បីអភិវឌ្ឍន៍ដំណាំស្រូវស្រាល៖ «គាត់ប្រកាសមិនទទួលស្គាល់ ក៏ជាសិទ្ធិរបស់គាត់ ព្រោះមុននឹងខ្ញុំទៅទិញ ក៏ខ្ញុំបានទៅទំនាក់ទំនងអាជ្ញាធរភូមិ ឃុំ ហើយយើងទិញបន្តិចម្តងៗ។ អីចឹងគេចុះហត្ថលេខាឲ្យបណ្ដើរៗ»។
ជំទប់ទី២ ឃុំអង្គកែវ លោក មូល ប៊ុយ ថ្លែងថា អ្នកភូមិចំនួន ៥ភូមិ បានលក់ដីរបស់ខ្លួន មានភូមិធ្នស់ ភូមិត្រពាំងស្នោរ ភូមិព្រៃអន្ទាក់ ភូមិស្រីដួច ភូមិអូរប្រឡង់ដួច ក៏បានលក់ខ្លះដែរ។
ទោះជាមានបញ្ហានេះកើតឡើងក្តី ប្រធានក្រុមហ៊ុន សូ សយ មានឫទ្ធិ លោក សូ សយ ថ្លែងថា ដើម្បីបង្ការបញ្ហាកើតឡើងនៅថ្ងៃក្រោយ គាត់បានថតរូបអ្នកលក់ដីនោះ ពេលទទួលលុយទិញដី នៅកន្លែងទីតាំងដីលក់តែម្តង ក្នុងតម្លៃមួយហិកតារចាប់ពី ៥០០ដុល្លារ ទៅ ៩០០ដុល្លារ។
ប្រភពពីអាជ្ញាធរស្រុកទ្រាំង សុំមិនប្រាប់ឈ្មោះ ឲ្យដឹងថា អ្នកទិញដីនោះកំពុងរត់ការទៅរដ្ឋសភា សុំអន្តរាគមន៍ដើម្បីជំរុញឲ្យអាជ្ញាធរមូលដ្ឋានទទួលស្គាល់ និងជួយចុះហត្ថលេខាទិញលក់ដីនោះពីមុន ទៅជាដីស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
