តុលាការ​កោះ​ហៅ​អ្នក​ភូមិ​នៅ​តាកែវ​ប្រមាណ​៧០​គ្រួសារ​ចូល​ជំនុំ​ជម្រះ​ក្ដី​រឿង​រុករាន​ដី

0:00 / 0:00

អ្នក​ភូមិ​ខ្មែរ​ក្រោម​នៅ​ស្រុក​បូរីជលសារ ខេត្ត​តាកែវ ប្រមាណ ៧០​គ្រួសារ ត្រូវ​សាលា​ដំបូង​ខេត្ត​កោះ​ហៅ​ទៅ​ជំនុំ​ជម្រះ​ក្ដី​នៅ​ថ្ងៃ​ទី​២៥ មិថុនា ក្នុង​សំណុំ​រឿង​រុករាន​ដី​តំបន់​ជលផល​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។ អ្នក​ភូមិ​អះអាង​ថា ពួក​គាត់​សុំ​ពន្យារ​ពេល​តុលាការ ដើម្បី​ស្វែងរក​មេធាវី​ការពារ​ក្ដី​ក្នុង​រឿង​នេះ ប៉ុន្តែ​ត្រូវ​តុលាការ​បដិសេធ។

អ្នក​ភូមិ​ទាំង​នោះ​សម្ដែង​ក្ដី​បារម្ភ​ខ្លាច​តុលាការ​កាត់​ក្ដី​ទាំង​បង្ខំ ហើយ​ឃាត់​ខ្លួន​ពួក​គាត់​ដាក់​ពន្ធនាគារ នៅ​ពេល​ជំនុំ​ជម្រះ​ក្ដី​ក្នុង​សវនាការ​នោះ។ អ្នក​ភូមិ​បង្ហាញ​ថា ដី​ដែល​ពួក​គាត់​រស់នៅ​មាន​ប្រមាណ​ជិត ៣០០​ហិកតារ ស្ថិត​នៅ​ភូមិ​សង្គមមានជ័យ ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ។

ប្រជាពលរដ្ឋ​ទាំង ៧០​គ្រួសារ​នោះ ត្រូវ​អាជ្ញាធរ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​តាកែវ ប្ដឹង​ចោទ​ប្រកាន់​ទៅ​តុលាការ។

អ្នក​ភូមិ​ម្នាក់ លោក វី ម៉ៃ រស់នៅ​ភូមិ​សង្គមមានជ័យ ឃុំ​កំពង់ក្រសាំង ថ្លែង​នៅ​ថ្ងៃ​ទី​២៤ មិថុនា ថា ពួក​គាត់​បាន​កាន់​កាប់ និង​ដាំ​ដុះ​អាស្រ័យ​ផល​លើ​ដី​ដែល​មាន​ទំនាស់​នោះ​តាំង​ពី​ឆ្នាំ​១៩៩៧ ជា​បន្តបន្ទាប់។ រហូត​ដល់​ឆ្នាំ​២០០៤ ពេល​នោះ​មាន​ក្រុម​ឈ្មួញ​មក​ដណ្ដើម​កាន់​កាប់​លើ​ដី​នោះ។ ក្រោយ​មក​នៅ​ឆ្នាំ​២០១៣ មន្ត្រី​ជលផល​ប្ដឹង​ពួក​គាត់​ទៅ​តុលាការ​ពី​បទ​រុករាន​ដី​តំបន់​ឡូ​នេសាទ​ដោយ​ខុស​ច្បាប់។

លោក វី ម៉ៃ ចាត់​ទុក​ការ​ប្ដឹង​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នេះ ថា​ជា​រឿង​អយុត្តិធម៌​គាប​សង្កត់​មក​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​អំណាច។ លោក​ថា ពួក​គាត់​ធ្វើ​លិខិត​ស្នើសុំ​ពន្យារ​ពេល​តុលាការ ដើម្បី​ស្វែងរក​មេធាវី​ការពារ​ក្ដី​ក្នុង​រឿង​ទំនាស់​នេះ ប៉ុន្តែ​ត្រូវ​តុលាការ​បដិសេធ៖ «ថ្ងៃ​៥​ឡើង​ម៉ាសា​ហើយ ឥឡូវ​ដល់​ថ្ងៃ​ស្អែក​ហ្នឹង​ឡើង​ម៉ាសា​ទៀត​ហើយ។ ពួក​ខ្ញុំ​មក​ដាក់​ពាក្យ​ឥឡូវ​ក្រឡា​បញ្ជី គេ​អត់​ព្រម ឥឡូវ​ពួក​ខ្ញុំ​ត្រូវ​ស្អែក​ហ្នឹង​ត្រូវ​ឡើង​មក​ដល់​តុលាការ​គេ​ជំនុំ​ជម្រះ»

ទាក់ទង​នឹង​បញ្ហា​នេះ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​តាកែវ លោក ជិន សុចិត្រា មាន​ប្រសាសន៍​បញ្ជាក់​ថា តុលាការ​កោះ​ហៅ​ពួក​គាត់​ទាំង ៧០​គ្រួសារ​មក​ជំនុំ​ជម្រះ​ក្ដី​តាម​ពាក្យ​បណ្ដឹង​របស់​ជលផល​ខេត្ត ដោយ​រក​ឃើញ​ថា ពួក​គាត់​ទាំង​នោះ​រុករាន​ដី​ដោយ​ខុស​ច្បាប់។ លោក​ថា តុលាការ​មិន​អាច​ពន្យារ​ពេល​ជំនុំ​ជម្រះ​ក្ដី​ក្នុង​រឿង​នេះ​ដល់​ពួក​គាត់ ដោយសារ​ការ​សុំ​ពន្យារ​ពេល​នោះ​រយៈពេល​ខ្លី មិន​អាច​រៀបចំ​បែបបទ​តាម​សំណើ​នោះ​បាន។

លោក ជិន សុចិត្រា៖ «ហើយ​ការ​ពន្យារ​ហ្នឹង​ពន្យារ​ពេល​ណា​អ៊ីចឹង​វិញ ហើយ​បើ​សិន​យើង​ចេះ​តែ​ឲ្យ​គាត់ ៧០​គ្រួសារ​ចេះ​តែ​គាត់​ម្នាក់​សុំ​ពន្យារ​ម្ដង​ម៉ា​គ្រួសារ​សុំ​ពន្យារ​ម្ដង តើ​នីតិវិធី​វា​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​ដែល​ឋិត​នៅ​ក្នុង​ឃុំ​ណា​លោក បាន​ជា​ប្រធាន​ក្រុមប្រឹក្សា​ខាង​ចៅក្រម​គាត់​ព្យាយាម ជំរុញ​ធ្វើ​ម៉េច​ឲ្យ​រឿង​ហ្នឹង​ជម្រះ​ឲ្យ​លឿន ព្រោះ​វា​ពាក់ព័ន្ធ​ហ្នឹង​បុគ្គល​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ»

នាយក​ប្រតិបត្តិ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច លោក អាង ច័ន្ទឫទ្ធិ ចាត់​ទុក​ការ​កោះ​ហៅ​របស់​តុលាការ​នេះ​ថា ជា​រឿង​តក់ក្រហល់ ដើម្បី​ដាក់​សម្ពាធ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​ភ័យ​ខ្លាច ដើម្បី​ប្រគល់​ដី​ស្រែ​ដែល​ពួក​គាត់​កាន់​កាប់​នោះ​ទៅ​ឲ្យ​អាជ្ញាធរ​វិញ៖ «យក​ដី​ពី​គាត់​ហើយ​មធ្យោបាយ​មួយ គឺ​ឲ្យ​តុលាការ​កាត់​ក្ដី​គាត់ ឬ​ដាក់​សម្ពាធ​ដើម្បី​សុំ​ដើម្បី​យក​ដី​គាត់ ហើយ​ឲ្យ​គាត់​ហ្នឹង​មួយ​ចំណែក​តូច ដី​ដែល​គាត់​កំពុង​កាន់​កាប់​ធ្វើ​ស្រែ​ប្រាំង ហើយ​រស់នៅ​លើ​ដី​ហ្នឹង»

ក្នុង​ចំណោម​អ្នក​ភូមិ​ទាំង ៧០​គ្រួសារ​នោះ មាន​ម្នាក់​ត្រូវ​តុលាការ​ខេត្ត​តាកែវ ឃុំ​ខ្លួន ដោយ​ចោទ​ប្រកាន់​ពី​បទ​រុករាន​លើ​ដី​តំបន់​ជលផល​ដោយ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។