ប្រជាពលរដ្ឋនៅឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមាណជាង ២០០នាក់ នាំគ្នាឡើងមកតវ៉ានៅមុខសាលាខេត្តត្បូងឃ្មុំ ដើម្បីសុំឱ្យអាជ្ញាធរខេត្តជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ នៅព្រឹកថ្ងៃទី៦ សីហា។
ពាក់ព័ន្ធនឹងការតវ៉ានេះ អាជ្ញាធរគ្រាន់តែហៅតំណាងប្រជាពលរដ្ឋចូលដាក់ពាក្យបណ្តឹង ប៉ុន្តែរឿងដោះស្រាយនោះមិនទាន់មានការកំណត់យ៉ាងណានៅឡើយ។
ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ តំណាងឱ្យប្រជាពលរដ្ឋជាង ៥០០គ្រួសារ ឈរកាន់បដាពាក្យស្លោកនៅខាងមុខសាលាខេត្តថ្មី គឺខេត្តត្បូងឃ្មុំ ដើម្បីរង់ចាំអាជ្ញាធរកោះហៅពួកគាត់ប្រជុំពិភាក្សាជុំវិញបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិខ្នងក្រពើកើត លោក កៅ អិត មានប្រសាសន៍ថា គោលបំណងដែលប្រជាពលរដ្ឋឡើងមកសាលាខេត្ត គឺដើម្បីប្រាប់នូវទុក្ខកង្វល់របស់ខ្លួនជុំវិញបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ដោយរំពឹងថា ការមកជួបអភិបាលខេត្តថ្មី នឹងមិនធ្វើឱ្យប្រជាពលរដ្ឋខកបំណងនោះឡើយ ពិសេសពួកគាត់ស្នើសុំឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិស្របច្បាប់នៅលើដីកំពុងរស់នៅ។
លោក កៅ អិត៖ «ខ្ញុំបើនិយាយទៅដំណោះស្រាយហ្នឹងកាលពីមុន គឺ ៦ឆ្នាំមកហើយ ការតវ៉ាកន្លងមក ហើយដំណោះស្រាយហ្នឹងនៅតែមិនទាន់មាន ហើយមកហ្នឹងសង្ឃឹមហើយបានមកហ្នឹង។សង្ឃឹមថា អភិបាលខេត្តថ្មីលោកនឹងមិនធ្វើដូចអ្នកមុនៗ ព្រោះកន្លងមកយើងធ្លាប់ទៅកំពង់ចាម ធ្លាប់ទៅភ្នំពេញ ធ្លាប់ទៅអីគ្រប់កន្លែងដែរ ប៉ុន្តែដំណោះស្រាយនៅតែមិនទាន់មាន»។
បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋទាំងពីរភូមិ គឺភូមិខ្នងក្រពើកើត និងខ្នងក្រពើលិច នៅឃុំត្រមូង ស្រុកមេមត់ ជាមួយក្រុមហ៊ុនចម្ការកៅស៊ូ មេមត់ គឺកើតឡើងតាំងពីឆ្នាំ២០០៨ ដែលមានប្រជាពលរដ្ឋ ៥២៤គ្រួសារ កំពុងធ្វើការទាមទារប័ណ្ណកម្មសិទ្ធិលើផ្ទៃដីប្រមាណ ២២ហិកតារ ក្នុងចំណោមប្រជាពលរដ្ឋជាង ៥០០គ្រួសារនោះ គឺមានប្រជាពលរដ្ឋជិត ៤០០គ្រួសារ ត្រូវអាជ្ញាធរចុះធ្វើអត្តសញ្ញាណកម្មដីធ្លីរួចហើយ។ ក្រៅពីនោះ មានប្រជាពលរដ្ឋមួយចំនួនក៏យល់ព្រមទទួលយកសំណងទៅរស់នៅកន្លែងថ្មីរួចហើយដែរ។
ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅភូមិខ្នងក្រពើលិច អ្នកស្រី លីម ស្រីល័ក្ខ ឱ្យដឹងថា រឿងទំនាស់ដីធ្លីរបស់ពួកគាត់ដែលកើតឡើងជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ដ៏រ៉ាំរ៉ៃនោះ គឺបន្ទាប់ពីក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិអវិនិយោគពីរាជរដ្ឋាភិបាលមកជាឯកជន។
អ្នកស្រីបន្តថា ត្បិតតែម្ចាស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់នោះ ពួកគាត់មិនដឹងច្បាស់ថា ជានរណាក៏ដោយ ប៉ុន្តែអាចជាសែស្រឡាយរបស់មន្ត្រីអ្នកមានអំណាចតែម្ដង ពីព្រោះរយៈពេល ៦ឆ្នាំមកហើយ ដែលពួកគាត់តវ៉ាតាំងពីថ្នាក់ក្រោមរហូតដល់ខុទ្ទកាល័យសម្ដេច ហ៊ុន សែន ផង ក៏នៅតែគ្មានដំណោះស្រាយដដែល ក្រៅតែប្រាប់ឱ្យពួកគាត់ទទួលយកសំណងទៅរស់នៅកន្លែងថ្មីតែប៉ុណ្ណោះ។
អ្នកស្រី លីម ស្រីល័ក្ខ៖ «ពួកខ្ញុំគឺមិនព្រមដាច់ខាត គឺទាមទារប័ណ្ណកម្មសិទ្ធិនៅនឹងកន្លែង ពួកខ្ញុំរស់នៅ។ ពួកខ្ញុំសំណូមពរទៅសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវហ្នឹង ឱ្យគាត់ជួយដល់ពួកខ្ញុំ ផ្ដល់ប័ណ្ណកម្មសិទ្ធិឱ្យពួកខ្ញុំនៅនឹងកន្លែងជាង ៣០ឆ្នាំហ្នឹងហើយ។ ម្នាក់ខ្លះទៅ ៤ម៉ែត្រ ៥ម៉ែត្រ ១០ម៉ែត្រហ្នឹង ក្នុងផ្ទះមួយខ្នង ហើយផ្ទះឡើងកញ្ចាស់រលាយរលុះអស់ហើយ ផ្ទះអស់។ ពេលខ្លះមកសឹងថា រកកន្លែងឱ្យកូនដេកមិនឃើញផង ហើយកន្លែងហ្នឹងខ្យល់ខ្លាំងភ្លៀងក៏ខ្លាំងប្រឈមមុខនឹងគ្រោះថ្នាក់ច្រើនណាស់ ពួកខ្ញុំដែលជាប្រជាពលរដ្ឋក្រីក្រ»។
អ្នកស្រីបន្តថា ពួកគាត់មិនព្រមចាកចេញទៅរស់នៅកន្លែងថ្មីឡើយ ពីព្រោះការទៅរស់នៅកន្លែងថ្មីនឹងមានការលំបាកសម្រាប់ពួកគាត់មិនខានឡើយ ពីព្រោះអីវាមិនខុសពីការចាប់ផ្ដើមជីវិតថ្មីនោះទេ។
អាជ្ញាធរខេត្តអនុញ្ញាតឱ្យតំណាងប្រជាពលរដ្ឋ ៦រូប ចូលដាក់ពាក្យបណ្ដឹងនៅម៉ោងប្រមាណជាង ៩ព្រឹក ហើយអ្នកទទួលពាក្យបណ្ដឹង គឺមិនមានវត្តមានអភិបាលខេត្ត ឬអភិបាលរងខេត្ត និងនាយករដ្ឋបាលខេត្តនោះទេ គឺមានត្រឹមតែប្រធានការិយាល័យអន្តរវិស័យជាអ្នកទទួលជួបប្រជាពលរដ្ឋ ដោយសន្យាថា នឹងយកពាក្យបណ្ដឹង និងបណ្ដាំផ្ញើរបស់តំណាងប្រជាពលរដ្ឋទៅជូនលោកអភិបាលខេត្ត។ ទឹកមុខរបស់តំណាងប្រជាពលរដ្ឋរួមនឹងប្រជាពលរដ្ឋមួយចំនួនបង្ហាញពីភាពអស់សង្ឃឹមភ្លាមៗ ក្រោយពេលដឹងថា មិនមានវត្តមានថ្នាក់ដឹកនាំខេត្តទទួលពាក្យបណ្ដឹងនោះ។ តែយ៉ាងណាក៏ដោយ ពួកគាត់ក៏នៅមានសង្ឃឹមខ្លះថា អភិបាលខេត្តថ្មីនឹងមិនធ្វើឱ្យប្រជាពលរដ្ឋអស់សង្ឃឹមនោះឡើយ។
មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា ដីដែលប្រជាពលរដ្ឋកំពុងទាមទារនោះ គប្បីបានទៅខាងប្រជាពលរដ្ឋ ពីព្រោះការធ្វើអវិនិយោគដីចម្ការកៅស៊ូរបស់រដ្ឋជាឯកជន គេមិនផ្តល់ឱ្យទាំងដីភូមិដែលប្រជាពលរដ្ឋកំពុងរស់នៅនោះឡើយ។ លើសពីនេះទៀត ប្រជាពលរដ្ឋទាំងនោះបានកាន់កាប់លើដីលំនៅឋាននោះរាប់ឆ្នាំមកហើយ គប្បីពួកគាត់ទទួលបានកម្មសិទ្ធិរស់នៅនឹងកន្លែង។
លោក ប៊ូ វីរៈ៖ «ដីភូមិទោះយ៉ាងណា ក៏គួរគប្បីឱ្យទៅប្រជាពលរដ្ឋ មិនគប្បីឱ្យទៅរដ្ឋទេ។ រដ្ឋក៏មិនមែនជាខ្វះដីអីដែរ ព្រោះថា ដីចម្ការកៅស៊ូគប្បីថា រដ្ឋយក។ បាទ! អានេះដីលំនៅឋានរបស់គាត់ គប្បីប្រគល់ឱ្យគាត់ហើយអាហ្នឹងនោះ ព្រោះមិនមានអីច្រើនណាម្នាក់មួយគ្រួសារបន្តិចៗហ្នឹង»។
លោកបន្ថែមថា ចំពោះអាជ្ញាធរខេត្តថ្មីវិញ គប្បីពន្លឿនក្នុងការដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃមួយនេះឱ្យបានឆាប់រហ័សជាជាងការពន្យារពេលក្នុងការដោះស្រាយបញ្ហានេះជូនពួកគាត់ ពីព្រោះវាអាចធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយចុងក្រោយនាំគ្នាទៅតវ៉ានៅរាជធានីភ្នំពេញ បន្តទៀត ដែលវារឹតតែធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
