ប្រជាពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាច្រើនភូមិ នាំគ្នាបង្ហោះសារទាមទារប្លង់កម្មសិទ្ធិដីធ្លីទៅកាន់គណនីហ្វេសប៊ុក (Facebook) ផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយធ្វើឡើងពីរថ្ងៃមកហើយ។ ការធ្វើបែបនេះ ក្រោយពេលពួកគាត់ស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តនៅមិនទាន់ដោះស្រាយបានសម្រាប់ពួកគេនៅឡើយ។ អាជ្ញាធរខេត្តបញ្ជាក់ថា ពួកគេកំពុងរៀបចំរបាយការណ៍ និងវាយតម្លៃដើម្បីឈានទៅរកការដោះស្រាយបញ្ហាជូនពលរដ្ឋ។
ប្រជាពលរដ្ឋជាច្រើនភូមិ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ម៉ែន សារុន នៅស្រុកមេមត់ នាំគ្នាស្នើឱ្យប្រមុខដឹកនាំ ធ្វើយ៉ាងណាផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់។ សំណើនោះធ្វើឡើងកាលពីថ្ងៃទី៧ ខែមីនា និងនៅព្រឹកថ្ងៃទី៨ ខែមីនា តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ឬគណនីហ្វេសប៊ុក ផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្ដង។
ប្រជាពលរដ្ឋឃុំចាន់មូល មួយរូប លោក ផុន ឆុន ឱ្យដឹងថា អ្នកភូមិនាំគ្នាលើកជាបដាដែលមានអត្ថន័យផ្សេងៗ ថតបង្ហោះផ្ញើទៅគណនីហ្វេសប៊ុក ប្រមុខរាជរដ្ឋាភិបាល ក្នុងគោលបំណងស្នើឱ្យលោកជួយពន្លឿនការដោះស្រាយ ពិសេសផ្ដល់ប្លង់កម្មសិទ្ធិស្របច្បាប់ ជៀសវាងមានបញ្ហាជាមួយក្រុមហ៊ុននៅពេលក្រោយ៖ «ធ្វើអ៊ីចឹងឆាប់ សម្ដេចគាត់ចេញប្លង់ឱ្យ អរណាស់ បើនៅតែអ៊ីចឹងទេ ប្រជាពលរដ្ឋនៅតែព្រួយបារម្ភ»។
តាមគម្រោង គឺមានប្រជាពលរដ្ឋប្រមាណ ២០ភូមិ ក្នុងឃុំចំនួន៣ រួមមានឃុំជាំក្រវៀន ឃុំចាន់មូល និងឃុំទន្លូង ដែលនាំគ្នាធ្វើសកម្មភាពបែបនេះ។ ក្នុងពាក្យបណ្ដឹងរបស់ពលរដ្ឋដាក់ទៅអាជ្ញាធរកន្លងមក គឺចំនួនជាង ២០០គ្រួសារ លើទំហំផ្ទៃដីប្រមាណ ៦០០ហិកតារ ហើយអាជ្ញាធរក៏បានចុះកំណត់អត្តសញ្ញាណកម្មជូនពលរដ្ឋទាំងនោះចំនួន ២លើករួចមកហើយ ប៉ុន្តែក៏បាត់ដំណឹងសូន្យទៅវិញ។
អ្នកភូមិសម្រេចនាំគ្នាបញ្ជូនពាក្យបណ្ដឹងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈគណនីហ្វេសប៊ុក លោកផ្ទាល់ ក្រោយពេលប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកទូលាយឱ្យប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហា ឬសំណូមពរផ្សេងៗ អាចផ្ញើទៅកាន់លោកតាមរយៈហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រី កាលពីពេលកន្លងទៅ។
ពលរដ្ឋមួយរូបទៀត លោក ថៃ ហ៊ើស និយាយថា ជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់នោះ គឺកើតឡើងខ្លាំងកាលពីឆ្នាំ២០១៣ ប៉ុន្តែមិនអាចដោះស្រាយឱ្យប្រជាពលរដ្ឋស្ងប់ចិត្តក្រោមហេតុផលថា អ្នកភូមិទៅកាន់កាប់ដីរបស់ក្រុមហ៊ុន ស្របពេលដីទាំងនោះប្រជាពលរដ្ឋកាន់កាប់ជាច្រើនឆ្នាំមិនមានបញ្ហាឡើយ៖ «នៅតែតោងទាម ធ្វើនៅតែធ្វើ មិនបោះបង់ចោលទេ ព្រោះខ្ញុំរស់នៅតែប៉ុណ្ណឹងហើយ»។
ចំណែកខាងតំណាងភាគីក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា កន្លងមក ធ្លាប់បញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះទៅវិញទេ ដែលនាំគ្នាទៅទន្ទ្រានកាន់កាប់ដីរបស់ក្រុមហ៊ុនដោយខុសច្បាប់។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា មានប្រសាសន៍នៅថ្ងៃទី៨ មីនា ថា ជារឿងត្រឹមត្រូវ សម្រាប់ការទាមទារណាមួយដែលស្របតាមផ្លូវច្បាប់ ពីព្រោះវាជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ លោកថា បញ្ហាដីធ្លីរបស់អ្នកភូមិទាំងនោះ អាជ្ញាធរខេត្តបានខិតខំបំពេញការងាររហូតមក ដោយមានទាំងធ្វើអត្តសញ្ញាណកម្មជូនពួកគាត់តាមសំណូមពរ។
លោកបន្ថែមថា អាជ្ញាធរកំពុងរៀបចំរបាយការណ៍ត្រៀមវាយតម្លៃលើឯកសារទាំងនោះ ដើម្បីដោះស្រាយជូនពួកគាត់ ប៉ុន្តែការងារនេះ លោកថា ត្រូវការពេលវេលាបន្តិច៖ «យើងត្រូវចុះសិក្សាស្វែងយល់មួយចំនួនសិន ថាតើពួកគាត់ចុះមកកាន់កាប់នៅពេលណា ដោយការទាមទាររបស់ពួកគាត់យ៉ាងម៉េច?»។
ទោះបីយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា កត្តាជំរុញឱ្យប្រជាពលរដ្ឋមានវិវាទដីធ្លីទាំងនោះ សម្រេចបញ្ជូនពាក្យបណ្ដឹងទៅឱ្យលោកនាយករដ្ឋមន្ត្រី គឺដោយសារតែអាជ្ញាធរខេត្តនៅតែពន្យារពេលដោះស្រាយជូនអ្នកភូមិ ដោយខ្លាចប៉ះពាល់ផលប្រយោជន៍របស់ក្រុមអាជ្ញាធរទាំងនោះ។ វិធីបែបនេះ លោក នាង សុវ៉ាត មានសង្ឃឹមថា ជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋនឹងត្រូវបានដោះស្រាយ ប្រសិនបើប្រមុខដឹកនាំបានឃើញពាក្យបណ្ដឹងផ្ទាល់មាត់ស្ដីពីទុក្ខសោករបស់ប្រជាជន៖ «ព្រោះឥឡូវនេះ វាដល់ដំណាក់កាលមួយដែលគណបក្សនយោបាយទាំងអស់គេចុះដល់មូលដ្ឋាន»។
ប្រជាពលរដ្ឋមានបញ្ហាដីធ្លីទាំងនោះបញ្ជាក់ថា ពួកគេនឹងបន្តធ្វើសកម្មភាពបែបនេះនៅមុខសាលាស្រុក ឬសាលាខេត្ត ប្រសិនដំណោះស្រាយរបស់ពួកគាត់ក្នុងការទាមទារប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់នៅតែគ្មានដំណឹងទៀតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
