សមាគម​ធាងត្នោត​ចេញ​របាយការណ៍​អង្កេត​ស្តី​ពី​ការ​ជួល​លំនៅឋាន​នៅ​ភ្នំពេញ

សមាគម​ធាងត្នោត​បាន​ផ្សព្វផ្សាយ​របាយការណ៍​អង្កេត​ស្រាវជ្រាវ​ថ្មី​មួយ​ស្តីអំពី “ការ​ជួល​លំនៅឋាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ”។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​នឹង​ផ្តល់​ការ​យល់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​មួយ​អំពី​ការ​រស់​នៅ​របស់​ពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​អសុវត្ថិភាព​នៃ​កម្មសិទ្ធិ​ដីធ្លី បញ្ហា​បរិស្ថាន និង​បញ្ហា​សុវត្ថិភាព។

ជាមួយ​នឹង​កំណើន​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មក​ពី​​បណ្តា​ខេត្ត​នានា បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​នៃ​ភាព​ឥត​ការងារ​ធ្វើ ហើយ​កត្តា​នេះ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ត្រូវ​ការ​ជួល​លំនៅឋាន​ក្នុង​តម្លៃ​ថោក កន្លែង​តូច​ចង្អៀត មាន​បន្ទប់​តូចៗ ព្រម​ទាំង​គ្មាន​កិច្ចសន្យា​ច្បាស់លាស់។ រហូត​មក​ទល់​ពេល​នេះ កម្ពុជា​នៅ​មិន​ទាន់​មាន​សារាចរ ឬ​សេចក្តី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន​នោះ​ទេ។

នាយក​ប្រតិបត្តិ​សមាគម​ធាង​ត្នោត លោក អ៊ី សារ៉ុម បាន​ផ្តល់​អនុសាសន៍​ថា សមត្ថកិច្ច​ត្រូវ​តែ​មាន​ចំណាត់ការ​ច្បាស់លាស់ និង​លក្ខខណ្ឌ​ផ្លូវ​ការ​មួយ​អំពី​ការ​ជួល​លំនៅឋាន​ស្នាក់​នៅ​រវាង​ម្ចាស់​លំនៅឋាន និង​អ្នក​ជួល​ដើម្បី​ការពារ​អ្នក​ជួល​ផ្ទះ​ពី​ការ​បណ្តេញ​ចេញ​ពី​លំនៅឋាន។

លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ដាក់​បញ្ចូល​បញ្ហា​ស្តីពី​ការ​ជួល​ផ្ទះ​ទៅ​ក្នុង​គោលនយោបាយ​ស្តីពី​លំនៅឋាន​របស់​រដ្ឋ៖ «ក្នុង​របាយការណ៍​យើង​មែន​ទែន​ទៅ យើង​រក​ឃើញ​ដល់​ទៅ ៩៨% ឯណោះ​ដែល​ប្រជាពលរដ្ឋ​លោក​ជួល​ហើយ​មិន​ត្រូវ​បាន​ម្ចាស់ផ្ទះ​ហ្នឹង​ទទួល​យក​ឲ្យ​មាន​កិច្ច​សន្យា​ជួល​ផ្ទះ​ទេ គឺ​គាត់​គ្រាន់​តែ​អនុញ្ញាត​ឲ្យ​ជួល​ដោយ​ផ្ទាល់​មាត់ ហើយ​ក្រោយ​មក​អ្វីៗ​មាន​ការ​ផ្តាស់ប្តូរ ហើយ​អ្នក​ជួល​ហ្នឹង​ជា​ទូទៅ​តែង​ទទួល​រង​ពី​ការ​ប្រមាថ​ពី​ម្ចាស់​ផ្ទះ ក៏​ដូច​ជា​តម្លៃ​ទឹក​ភ្លើង​ហ្នឹង​គឺ​គុណ​នឹង​បី នឹង​បួន ហើយ​ដំឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត​បាទ​ខណៈ​អ្នក​ជួល​ភាគ​ច្រើន​ជា​កម្មករ និង​ជា​អ្នក​រក​ចំណូល​តូចតាច​ប្រចាំ​ថ្ងៃ។ ការ​ជួល​ផ្ទះ​ថ្លៃ​ពេក​ហ្នឹង​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការ​លំបាក​ជា​ខ្លាំង»

​ក្នុង​ការ​សិក្សា​និង​ស្ទង់​មតិ​លើ ១២៤​លំនៅឋាន សមាគម​ធាងត្នោត​រក​ឃើញ​ថា តម្លៃ​ក្នុង​ការ​ជួល​ផ្ទះ​ជា​អតិបរមា​ចាប់​ពី ៦០​ដុល្លារ​ក្នុង​១​ខែ ស្រប​ពេល​ដែល​អ្នក​ជួល​ប្រមាណ ៨៦​ភាគរយ បាន​ធ្វើ​ចំណាក​ស្រុក​មក​ពី​បណ្តា​ខេត្ត​ផ្សេង​មក​កាន់​ទីក្រុង​ភ្នំពេញ។ ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​កំពុង​ប្រកបរ​បរ​ជា​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ កម្មករ​ផ្នែក​ចំណី​អាហារ អ្នក​ប្រមូល​សំរាម និស្សិត និង​ជា​កម្មក​រោងចក្រ​កាត់​ដេរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។