ការស្រាវជ្រាវដោយអង្គការសង្គមស៊ីវិល បានរកឃើញថា ការអភិវឌ្ឍកសិឧស្សាហកម្មស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ជាការអភិវឌ្ឍដែលប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋានធ្ងន់ធ្ងរ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនស្ករអំពៅ បានទទួលផលប្រយោជន៍ និងការអនុគ្រោះនានាពីរដ្ឋាភិបាល និងប្រទេសដែលបញ្ជាទិញស្ករសពីកម្ពុជា។ ផលប្រយោជន៍ទាំងនោះ គាំទ្រដល់បក្ខពួករបស់ខ្លួន ជាជាងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន។
ស្ថានភាពអភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្មស្ករអំពៅនៅខេត្តកំពង់ស្ពឺ បានរងការចោទប្រកាន់ជាបន្តបន្ទាប់ ថាបានបង្កឲ្យមានការរំលោភបំពានដល់ប្រជាពលរដ្ឋមូលដ្ឋាន ដូចជា ការបណ្ដេញដោយគ្មានសំណង និងសង្វាក់ផលិតកម្មនោះមានជាប់ពាក់ព័ន្ធការប្រើប្រាស់កម្លាំងពលកម្មកុមារ។
ប្រជាពលរដ្ឋរាប់រយគ្រួសារ បានចេញមុខតវ៉ានៅមុខក្រុមហ៊ុន ស្ថានទូតអឺរ៉ុប ដែលជាប្រទេសទិញស្ករសពីកម្ពុជា និងអង្គការសិទ្ធិមនុស្សជាច្រើនទៀត ប៉ុន្តែការតវ៉ានោះ ភាគច្រើនមិនមានដំណោះស្រាយនៅឡើយ ដោយភាគីក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ (Phnom Penh Sugar) ហាក់ស្ថិតនៅក្នុងភាពស្ងាត់ស្ងៀម។
ក្រុមអង្គការសង្គមស៊ីវិល ដែលតំណាងឲ្យប្រជាពលរដ្ឋរងគ្រោះពីគម្រោងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ច បានអះអាងថា ប្រជាពលរដ្ឋជាង ១ពាន់គ្រួសារនៅស្រុកចំនួនពីរ នៅខេត្តកំពង់ស្ពឺ បានបាត់បង់ដីស្រែចម្ការរបស់គេ និងការបណ្ដេញដោយបង្ខំ និងគ្មានសំណងសមរម្យពីគម្រោងអភិវឌ្ឍន៍ស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់។
ប្រធានអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា កន្លងមក ភាគីរងគ្រោះ និងក្រុមហ៊ុន តែងតែបានជួបពិភាក្សាគ្នាជាច្រើនលើក ប៉ុន្តែមិនអាចដោះស្រាយបាននៅឡើយ ក្នុងនោះមានប្រជាពលរដ្ឋតិចតួចបំផុត ដែលទទួលបានសំណងបន្ថែមពីសំណាក់ក្រុមហ៊ុនស្ករអំពៅ៖ «ឥឡូវនេះ បញ្ហានៅដដែល ហើយយើងបានធ្វើការជាច្រើនជាមួយក្រុមហ៊ុន។ មានប្រជាពលរដ្ឋចំនួនតិចមែនទែន ដែលទទួលបានសំណងបន្ថែម ប្រហែលជា ៤ ឬ ១០គ្រួសារប៉ុណ្ណឹង»។
គម្រោងអភិវឌ្ឍន៍ចម្ការអំពៅរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ មានតម្លៃ ២២០លានដុល្លារអាមេរិក ដែលភាគច្រើនទទួលបានកម្ចីពីធនាគារ អេអ៊ិនហ្សិត រ៉ូយ៉ាល់ (ANZ Royal)។ ប៉ុន្តែ ធនាគារនេះបានប្រកាសផ្ដាច់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយក្រុមហ៊ុនរួចហើយ កាលពីខែមិថុនា ឆ្នាំ២០១៤ បន្ទាប់ពីក្រុមហ៊ុននេះបានរងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលទទួលបានប្រាក់កម្ចី នាំឲ្យមានជម្លៀសប្រជាពលរដ្ឋដោយបង្ខំ ការរំលោភពលកម្មកុមារ និងការអភិវឌ្ឍប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាន។
ទោះជាយ៉ាងណាក៏ដោយ ប្រធានអង្គការតម្លាភាព លោក អៀង វុទ្ធី យល់ឃើញថា ទោះបីជាក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ បានសងលុយត្រឡប់ទៅធនាគារវិញក៏ដោយ ប៉ុន្តែត្រូវតែមានការទទួលខុសត្រូវរវាងអ្នករងគ្រោះ ក្រុមហ៊ុនអភិវឌ្ឍន៍ និងធនាគារអេអ៊ិនហ្សិត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងធនាគារអេអ៊ិនហ្សិត បានទេ នៅថ្ងៃទី៦ សីហា ប៉ុន្តែ ធនាគារអេអ៊ិនហ្សិត បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ការប្ដេជ្ញាចិត្តរបស់ធនាគារ គឺគោរព និងការលើកកម្ពស់សិទ្ធិមនុស្ស លើដំណើរផ្ដល់ហិរញ្ញប្បទានរបស់ខ្លួន។ ធនាគារមានវិធានការនឹងតាមដានរាល់សកម្មភាពរបស់គម្រោង និងអង្គភាពណាមួយដែលទទួលបានកម្ចីពី អេអ៊ិនហ្សិត ជៀសវាងនូវការរំលោភបំពាន ឬជាប់ពាក់ព័ន្ធនឹងអំពើហិង្សានានា។
ចំណែកក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ វិញ បានបដិសេធចំពោះការលើកឡើងរបស់អង្គការសង្គមស៊ីវិល និងបានប្រកាសផ្ដាច់ទំនាក់ទំនង និងស្វែងរកលទ្ធភាពប្រាក់កម្ចីទៅធនាគារអេអ៊ិនហ្សិត រួចហើយដែរ។
ប្រធានក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ លោក សេង ញាក់ បានប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិក ឬអ៊ីមែលថា បច្ចុប្បន្ន ក្រុមហ៊ុនស្ករអំពៅ និងធនាគារអេអ៊ិនហ្សិត មិនមានទំនាក់ទំនងនឹងគ្នាទៀតឡើយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ទុនដែលយកទៅវិនិយោគអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចស្ករអំពៅ នៅខេត្តកំពង់ស្ពឺ មានប្រភពមកពីណានោះទេ។
ការទទួលបានដីសម្បទានដាំអំពៅ គឺស្របទៅតាមច្បាប់អនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា។ តាមរយៈការទទួលបានដីសម្បទានសេដ្ឋកិច្ចនេះ ក្រុមហ៊ុនបានអភិវឌ្ឍជាកសិឧស្សាហកម្មស្ករអំពៅ ដែលបានបង្កើតការងារ និងការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មដល់ប្រជាពលរដ្ឋមូលដ្ឋាន។ ក្រៅពីនេះ ក្រុមហ៊ុនបានកសាងផ្លូវ និងការតបណ្ដាញទឹកភ្លើង ដែលជួយឲ្យសហគមន៍ដែលនៅតំបន់នោះ អាចបង្កើតជាអាជីវកម្មផ្សារភ្ជាប់នឹងទីផ្សារ។
ការស្រាវជ្រាវដោយអង្គការសមធម៌កម្ពុជា បានរកឃើញថា សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ បានទទួលសិទ្ធិអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចដាំអំពៅចំនួន ៩ពាន់ហិកតារនៅស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១០។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ក៏បានទទួលដីសម្បទានសេដ្ឋកិច្ចចំនួនជាង ៩ពាន់ហិកតារនៅស្រុកឱរ៉ាល់ និងផ្ទៃដីអភិវឌ្ឍន៍សត្វព្រៃចំនួន ៤.៧០០ហិកតារបន្ថែមទៀត។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានផ្ទៃដីសរុបចំនួន ២ម៉ឺន ៣ពាន់ហិកតារ ដែលជាទំហំលើសពីច្បាប់អនុញ្ញាត។
ព័ត៌មានអំពីជម្លោះរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនស្ករអំពៅ នៅខេត្តកំពង់ស្ពឺ បានសាយភាយនៅលើពិភពលោក រហូតដល់មានប្រទេសដែលទិញស្ករសធំៗ បានប្រកាសផ្អាកនាំចូលស្ករពីប្រទេសណាដែលសង្វាក់ផលិតកម្ម មានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សមិនអាចរកដំណោះស្រាយបាននៅឡើយ។ អន្តរាគមន៍ទាំងនោះ រួមមាន ក្រុមហ៊ុន កូកាកូឡា ប៉ិបស៊ី សហភាពអឺរ៉ុប និងក្រសួងពាណិជ្ជកម្ម ជាដើម។
ប៉ុន្តែ ប្រធានក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ លោក សេង ញាក់ មានប្រសាសន៍ថា បញ្ហាដែលបន្តនេះ ដោយសារតែមនុស្សមួយក្រុមតូច។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនបានគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ និងភាគតិចបំផុត ដែលនៅក្រាញតស៊ូប្រឆាំងនឹងក្រុមហ៊ុន។ តាមការប៉ាន់ស្មានដោយក្រុមហ៊ុន បច្ចុប្បន្នមានប្រជាពលរដ្ឋចំនួនបីភូមិប៉ុណ្ណោះ ដែលមិនទទួលយកដំណោះស្រាយ និងបានស្វែងរកការអន្តរាគមន៍ពីមជ្ឈដ្ឋានខាងក្រៅ។
តំណាងសហគមន៍ប៉ះពាល់ដីធ្លីនៅខេត្តកំពង់ស្ពឺ លោក ផល វណ្ណៈ បានឲ្យដឹងថា ចាប់តាំងពីក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានចូលទៅអភិវឌ្ឍ កាលពីឆ្នាំ២០១០ បានធ្វើឲ្យប៉ះពាល់ដីសហគមន៍ និងដីស្រែប្រជាពលរដ្ឋបង្កបង្កើនផល។ ដំណោះស្រាយរបស់ក្រុមហ៊ុនវិញ បានផ្ដល់សំណងដីគ្មានគុណភាព ដែលក្រុមអ្នករងគ្រោះនោះមិនអាចទទួលយកបាន។
បន្ថែមលើនេះ អង្គការសង្គមស៊ីវិល បានរកឃើញថា ការនាំចេញស្ករសរបស់កម្ពុជា នៅឆ្នាំ២០១៣ មានតម្លៃ ៥០លានដុល្លារអាមេរិក ដែលទឹកប្រាក់នេះកើតចេញពីការរំលោភដីស្រែចម្ការប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
