ពលរដ្ឋ​សហគមន៍​ថ្មគោល​ខ្វែង​គំនិត​គ្នា​លើ​ដំណោះស្រាយ​ក្នុង​ជម្លោះ​ដីធ្លី

ដោយ ម៉ម មុនីរតន៍
2014.03.02
ថ្មគោល ៦១០ ពលរដ្ឋ​សហគមន៍​ថ្មគោល អ្នកស្រី ធី រតនៈ ផ្ដល់​បទសម្ភាសន៍​នា​តំបន់​ថ្មគោល នៅ​ថ្ងៃ​២ មីនា ឆ្នាំ​២០១៤។
RFA/Morm Moniroth

ពលរដ្ឋ​សហគមន៍​ថ្មគោល ដែល​មាន​ជម្លោះ​ដីធ្លី​ស្ថិត​នៅ​ក្បែរ​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ ភ្នំពេញ បាន​បន្ត​ខ្វែង​គំនិត​គ្នា​ពាក់ព័ន្ធ​នឹង​វិធី​ដោះស្រាយ។ មួយ​ក្រុម​បាន​អះអាង​ថា ពួក​គាត់​ព្រម​ទទួល​យក​គោលការណ៍​តាម​តម្លៃ​ទីផ្សារ​ដី​ជា​អន្តរជាតិ ចំណែក​មួយ​ក្រុម​ផ្សេង​ទៀត​​ទាមទារ​គោលការណ៍​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង។ ទោះ​ជា​បែប​ណា មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​បញ្ហា​នេះ យល់​ថា នេះ​ជា​ជម្រើស​របស់​អ្នក​រងគ្រោះ ហើយ​ជា​អ្វី​ដែល​ពួក​គេ​សម​ទទួល​បាន។

ពិធី​ជួបជុំ​មួយ​ដែល​ធ្វើ​ឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មីនា បាន​ចាប់​ផ្ដើម​នៅ​ក្នុង​សហគមន៍​ថ្មគោល​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​មួយ​ក្រុមៗ បាន​លើក​ពី​ហេតុផល​រៀងៗ​ខ្លួន ពី​ឆន្ទៈ​ក្នុង​ការ​ទទួល​យក​គោលការណ៍​លើ​ជម្លោះ​ដីធ្លី​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​ពង្រីក​ផ្លូវ​សុវត្ថិភាព​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ថែម​ទៀត។

ភាគី​ម្ខាងៗ​មាន​​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ចាំ​សម្របសម្រួល​ផ្នែក​ផ្លូវ​ច្បាប់​រៀងៗ​ខ្លួន។ ក្រុម​ដែល​មាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) របស់​លោក ហ៊ាង រិទ្ធី បាន​ស្ដី​បន្ទោស​ក្រុម​អ្នក​ដែល​តែង​តវ៉ា​ថា ព្រោះ​មាន​អង្គការ​សិទ្ធិ​លំនៅឋាន​របស់​លោក សៀ ភារម្យ ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង។ ចំណែក​ក្រុម​លោកស្រី ច្រាយ នីម ដែល​មាន​ក្រុម​ការងារ​​ពិសេស​សិទ្ធិ​លំនៅឋាន​វិញ អះអាង​ថា ពុំ​មាន​អង្គការ​ណា​មួយ​ចាំ​ញុះញង់​នោះ​ទេ ក៏ប៉ុន្តែ​ការ​ទាមទារ​នេះ គឺ​ដើម្បី​ដំណោះ​ស្រាយ​រួម​ប៉ុណ្ណោះ។

ការ​ជួបជុំ​ដែល​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មីនា នៅ​សហគមន៍​ថ្មគោល បាន​ធ្វើ​ដាច់​ដោយ​ឡែកៗ​ពី​គ្នា ក្នុង​ពេល​តែ​មួយ។ ប្រជាពលរដ្ឋ​បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ក្រុមៗ មួយ​ចំនួន​នៅ​ក្រោម​ដើម​ក្រសាំង។មួយ​ក្រុម​ទៀត​នៅ​ក្នុង​ផ្ទះ ហើយ​មួយ​ក្រុម​ផ្សេង​ទៀត​នៅ​ខាង​មុខ​ផ្ទះ​ក្រោម​ម្លប់​ឈើ។

ប្រជាពលរដ្ឋ​មួយ​ក្រុម​ដែល​អះអាង​ថា ពួក​គេ​ព្រម​ទទួល​យក​គោលការណ៍​តាម​កិច្ច​ព្រមព្រៀង ដែល​ភាគី​អាកាសចរណ៍​ស៊ីវិល​សន្យា​នឹង​ផ្ដល់​តម្លៃ​ដី​ជា​ទី​ដែល​មាន​ជម្លោះ​នោះ ទៅ​តាម​​តម្លៃ​ទីផ្សារ​អន្តរជាតិ​ថ្លែង​ថា ការ​បន្ត​តវ៉ា​នឹង​មិន​នាំ​ឲ្យ​មាន​ផល​ចំណេញ​ណា​មួយ​ឡើយ ហើយ​អ្វី​ដែល​ខាង​អាកាស​ស៊ីវិល​សន្យា​ថា​ នឹង​ទិញ​ដី​ទៅ​តាម​តម្លៃ​ទីផ្សារ​សកល​នេះ គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ពួក​គាត់។

អាកាសចរណ៍​ស៊ីវិល​ត្រូវ​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ៥​ម៉ែត្រ បន្ថែម​ទៀត​ពី​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ស្រាប់។ ហើយ​ការ​ពង្រីក​នេះ បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ ៥០០​គ្រួសារ ដែល​មាន ៥​ភូមិ កំពុង​រស់នៅ​ក្បែរ​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រួម​មាន​ភូមិ​ថ្មគោល ភូមិ​គោកចំបក់ ភូមិ​តាងួន ភូមិ​ជ្រៃជីសាក់ និង​ភូមិ​ត្រពាំងល្វា។ក្រោយ​ពី​មាន​ជម្លោះ​ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​ចាប់​ផ្ដើម​ចងក្រង​ជា​បណ្ដាញ ព្រម​ទាំង​ជ្រើស​រើស​បាន​មនុស្ស ១០​នាក់ ធ្វើ​ជា​តំណាង ដើម្បី​ងាយ​ចរចា និង​តវ៉ា​ប្រឆាំង​ផែនការ​អភិវឌ្ឍន៍​នេះ មុន​នឹង​ជម្លោះ​ផ្ទៃ​ក្នុង​បាន​ប្រេះឆា និង​ផ្ទុះ​ឡើង។

ដោយ​ឡែក​មួយ​ក្រុម​ទៀត​ដែល​អះអាង​ថា ជា​ក្រុម​ព្រម​ទទួល​យក​គោលការណ៍​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​វិញ ដែល​ដឹក​នាំ​ដោយ​លោកស្រី ច្រាយ នីម ឲ្យ​ដឹង​ថា ពួក​គេ​ធ្វើ​អ្វីៗ​គឺ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ និង​ផ្ដល់​ផលប្រយោជន៍​ឲ្យ​សហគមន៍​ដែល​មាន​ជម្លោះ​ប៉ុណ្ណោះ។ ហើយ​ពុំ​មាន​ចេតនា​ណា​មួយ​នាំ​ផល​លំបាក​ឲ្យ​សហគមន៍​នោះ​ទេ។ លើស​ពី​នេះ ពួក​គេ​ចាត់​ទុក​ថា ការ​ទទួល​យក​គោលការណ៍​តម្លៃ​ដី​ទៅ​តាម​ទីផ្សារ ឬ​ជា​សំណង់​អាច​នឹង​មិន​មាន​លទ្ធផល​ល្អ។

អនុ​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​លោក សយ សុខាន់ ឆ្លើយ​តប​​ថា ជាប់​រវល់ ហើយ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ច័ន្ទ។

ក៏​ប៉ុន្តែ​នៅ​ក្នុង​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ដែល​មាន​ប្រជាពលរដ្ឋ សហគមន៍​ថ្ម​គោល និង​អ្នក​ពាក់ព័ន្ធ​របស់​ក្រុម​អាកាសចរណ៍​ស៊ីវិល បាន​ឲ្យ​ដឹង​ថា ការ​កំណត់​តំបន់​សន្តិសុខ និង​តំបន់​សុវត្ថិភាព​នៅ​ជុំវិញ​បរិវេណ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ​អនុលោម​តាម​បទបញ្ញត្តិ​ស្តីពី​សន្តិសុខ និង​អាកាសចរណ៍​ស៊ីវិល ព្រម​ទាំង​ស្តង់ដារ​អាកាសចរ​ស៊ីវិល​អន្តរជាតិ។

លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ដែល​សម្រប​សម្រួល​ខាង​ក្រុម​អ្នក​ដែល​តែង​ចេញ​តវ៉ា​បញ្ជាក់​ថា ការ​ជ្រើសរើស​ណា​មួយ​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ។ ក៏ប៉ុន្តែ អ្វី​ដែល​ជា​បញ្ហា​នេះ​ត្រង់​ថា ការ​បន្ត​ខ្វែងគំនិត​គ្នា គឺ​ជា​ចំណុច​ស្លាប់​រស់​របស់​ពួក​គាត់​ទៅ​វិញ​ទេ ហើយ​អង្គការ​របស់​លោក ក៏​ពុំ​បាន​កៀរគរ​ជំនួញ​ដើម្បី​ផល​ចំណេញ​ណា​មួយ​សម្រាប់​លោក​ឡើយ ផ្ទុយ​ទៅ​វិញ ជា​តម្រូវការ​របស់​សង្គម​ប៉ុណ្ណោះ។

ចំណែក​លោក ហ៊ាង រិទ្ធី នាយក​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ ចាត់​ទុក​ថា បញ្ហា​នេះ​​កើត​ឡើង​ទំនង​ទាក់ទង​ចំណេះ​ដឹង។ លើស​ពី​នេះ កង្វះ​កិច្ច​សហការ​ជា​ដើម​ចម​នៃ​បញ្ហា។

កិច្ច​ប្រជុំ​​រវាង​ប្រជាពលរដ្ឋ​ដែល​រង់​ផល​ប៉ះពាល់ និង​ភាគី​ពាក់ព័ន្ធ​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ បាន​ឯកភាព​ដោះ​ស្រាយ​ជា​ដំណាក់កាល​តាម​គោលការណ៍ ៦​ចំណុច ហើយ​ចំណុច​ចុង​ក្រោយ​គឺ​ការ​ទូទាត់​សំណង និង​ការ​ចាកចេញ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ នឹង​មាន​ចែង​លម្អិត​ក្នុង​ផែនការ​សកម្មភាព​ដោះស្រាយ​ផល​​ប៉ះពាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។