អ្នក​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ

ដោយ វ៉ែន សុមេធ
2018-01-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​នៅ​ភូមិ​ស្រែប្រាំ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ហាម៉ីនីវិន អិនវេសមេន (HAMENIVEN Investment) ដែល​ឈូស​ឆាយ និង​ជីក​ប្រឡាយ​ប៉ះពាល់​លើ​ដី​ព្រៃ​លិច​ទឹក និង​ដី​ស្រែ​ចម្ការ​ពលរដ្ឋ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៥។
ពលរដ្ឋ​នៅ​ភូមិ​ស្រែប្រាំ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ហាម៉ីនីវិន អិនវេសមេន (HAMENIVEN Investment) ដែល​ឈូស​ឆាយ និង​ជីក​ប្រឡាយ​ប៉ះពាល់​លើ​ដី​ព្រៃ​លិច​ទឹក និង​ដី​ស្រែ​ចម្ការ​ពលរដ្ឋ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៥។
Photo Adhoc

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត ពិសេស​រដ្ឋមន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ពន្លឿន​ការ​ដោះស្រាយ​វិបត្តិ​ដី​សហគមន៍​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​ចិន ឱ្យ​បាន​ឆាប់រហ័ស។ ការ​ស្នើ​សុំ​នេះ ដោយ​ពួកគេ​មើល​ឃើញ​ថា សំណុំរឿង​ទំនាស់​ដីធ្លី​មួយ​នេះ​ស្ងាត់​សូន្យ​ឈឹង ហាក់​មាន​ចេតនា​ពន្យារ​ពេល​ថែម​ទៀត​ផង។

ប្រជា​សហគមន៍​ឃុំ​ត្រពាំងព្រីង លើក​ឡើង​ថា ដោយសារ​តែ​វិបត្តិ​ដី​សហគមន៍​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ហាម៉ីនីវិន អិនវេសមេន (HAMENIVEN Investment) មិន​ទាន់​ដោះស្រាយ​ចប់​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​ភូមិ​មួយ​ចំនួន​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ជា​បន្តបន្ទាប់។ ក្រៅ​ពី​នេះ អ្នកភូមិ​មួយ​ចំនួន​នាំ​គ្នា​បង្ខំចិត្ត​ចូល​អាស្រ័យ​ផល​លើ​ដី​ជម្លោះ ដោយសារ​គ្មាន​ដី​តំបន់​ផ្សេង​សម្រាប់​ធ្វើ​ស្រែចម្ការ​ទេ។

​ប្រជា​សហគមន៍​នៅ​ភូមិ​ស្រែប្រាំង មួយ​រូប លោក សែម ចំណាន មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ពលរដ្ឋ​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ ឃើញ​អាជ្ញាធរ​ថ្នាក់​ជាតិ និង​ខេត្ត​ចុះ​ពិនិត្យ​ដី​តំបន់​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន បាន​ពីរ ឬ​បី​ដង ក៏​បាត់​ដំណឹង​សូន្យ។ លោក​បន្ត​ថា ខាង​ក្រុមហ៊ុន​ចិន ក៏​ស្ងាត់ស្ងៀម​មួយ​រយៈ​ដែរ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ២០១៨ ឃើញ​ខាង​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​ដី​នៅ​តំបន់​មាន​ជម្លោះ ដោយ​បញ្ជាក់​ថា ឈូស​ឆាយ​ដើម្បី​យក​បង្គោល​ភ្លើង​របស់​ខ្លួន​វិញ។

ប្រភព​រូប​នេះ ចេះ​តែ​បារម្ភ​ខ្លាច​ដី​សហគមន៍​ត្រូវ​បាត់បង់ ឬ​ធ្លាក់​ទៅលើ​ដៃ​របស់​ក្រុមហ៊ុន ស្រប​ពេល​នីតិវិធី​ដោះស្រាយ​ចេះតែ​បន្ត​ស្ងប់ស្ងាត់​ទៀត​នោះ៖ «គឺ​សុំ​ឱ្យ​ក្រសួង​ដែនដី និង​ក្រសួង​ពាក់ព័ន្ធ​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​ហ្នឹង សុំ​ជួយ​ពន្លឿន ដោះស្រាយ​នូវ​រឿង​ដី​សហគមន៍​ឱ្យ​បាន​ឆាប់។ ជៀសវាង​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ»

ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន​ចិន ជាមួយ​ពលរដ្ឋ​បី​ភូមិ​ក្នុង​នៅ​ឃុំ​ត្រពាំងព្រីង រួម​មាន​ភូមិ​បុស្សស្នោ ភូមិ​ជីទ្រុន និង​ភូមិ​ស្រែប្រាំង កើត​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៤ ក្រោយ​ពេល​ដី​តំបន់​នោះ​ជាង ១​ពាន់​ហិកតារ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ហើយ​ប្រគល់​ប្រាក់​ឱ្យ​ពួកគាត់​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ពី ៤០​ម៉ឺន​រៀល ទៅ​ជាង ១​លាន​រៀល ជា​ថ្នូរ​ថា​បាន​លក់​ដី​ឱ្យ​ក្រុមហ៊ុន​កាល​ពី​ឆ្នាំ​២០០៩ ស្រប​ពេល​ប្រជា​សហគមន៍​មិន​បាន​ដឹង​ថា ដី​នោះ​នៅ​ចំណុច​ណា​ឡើយ។

​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ទទួលបន្ទុក​ដីធ្លី លោក ហាក់ សុខមករា ធ្លាប់​មាន​ប្រសាសន៍​ថា សំណុំរឿង​ដី​ព្រៃ​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ជាមួយ​ក្រុមហ៊ុន​ចិន អាជ្ញាធរ​កំពុង​រៀបចំ​ដោះស្រាយ ហើយ​នៅ​ពេល​ដោះស្រាយ​ជម្លោះ​នេះ​ចប់ នឹង​បន្ត​ទៅ​ដោះស្រាយ​ជម្លោះ​ដី​សហគមន៍​ផ្សេង​ទៀត។ ប៉ុន្តែ​មក​ទល់​ពេល​នេះ អ្នកភូមិ​អះអាង​ថា គ្មាន​តម្រុយ​អំពី​ការ​ដោះស្រាយ​ណា​មួយ​ទេ។

ចំណែក​មេ​ឃុំ​ត្រពាំងព្រីង លោក មុំ សាប៊ុន ធ្លាប់​មាន​ប្រសាសន៍​ដែរ​ថា ខាង​ឃុំ​គ្មាន​សិទ្ធិ​សម្រេច​អ្វី​បាន​ឡើយ ព្រោះ​សំណុំ​រឿង​នេះ​ផុត​ដែន​សមត្ថកិច្ច​របស់​ឃុំ​ហើយ។

មន្ត្រី​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក ឡេង សេងហាន កត់សម្គាល់​ថា វិធានការ​ដោះស្រាយ​របស់​អាជ្ញា​ធរមាន​ភាព​យឺតយ៉ាវ។ លោក​ថា មក​ទល់​ពេល​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​បង្ហាញ​អំពី​ទំហំ​ផ្ទៃដី​របស់​ក្រុមហ៊ុន​ចិន ថា​មាន​ទំហំ​ប៉ុណ្ណា​ពិតប្រាកដ ហើយ​ក្រុមហ៊ុន​នេះ​ស្របច្បាប់ ឬ​មិន​ស្រប​ច្បាប់ និង​មក​វិនិយោគ​នៅ​តំបន់​នោះ​មាន​គោលបំណង​អ្វី​ពិតប្រាកដ ពោល​គឺ​ឃើញ​តែ​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​រាប់​រយ​ហិកតារ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់។

លោក​មើល​ឃើញ​ថា ប្រសិនបើ​អាជ្ញាធរ មិន​បាន​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​នេះ​ទេ ពលរដ្ឋ​នឹង​រង​ផល​ប៉ះពាល់​កាន់​តែ​ច្រើន​ថែម​ទៀត៖ «យើង​មើល​ឃើញ​ភាគច្រើន​ដី​នៅ​តំបន់​នោះ​ជា​ដី​សហគមន៍​ទៀត ហើយ​ដី​ព្រៃ​លិច​ទឹក​ទៀត។ អ៊ីចឹង​ផល​ប៉ះពាល់​របស់​គាត់​គឺ​បាត់​បង់​មុខ​របរ​របស់​គាត់ បាត់បង់​ការងារ​របស់​គាត់ ធ្វើ​ឱ្យ​ពួកគាត់​ចំណាកស្រុក​ទៅ​ប្រទេស​ទី​បី»

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ថា តាម​ផ្លូវ​ច្បាប់​ដី​សាធារណៈ​របស់​រដ្ឋ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​លក់ដូរ ឬ​កាន់​កាប់​បាន​ឡើយ។ ចំណែក​ក្រុមហ៊ុន​បរទេស គឺ​រឹត​តែ​មិន​អាច​ទិញ​ដូរ ឬ​កាន់​កាប់​ដី​សាធារណៈ​របស់​រដ្ឋ​ថែម​ទៀត។ ក្រុមហ៊ុន​បរទេស​អាច​ចូល​មក​វិនិយោគ​ដី​ក្នុង​ប្រទេស​កម្ពុជា បាន​គឺ​ទាល់​តែ​មានការ​ផ្ដល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល ពុំ​មែន​ទទួល​បាន​ដី​កាន់កាប់​តាមរយៈ​ទិញ​ពី​ពលរដ្ឋ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល