ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា រួមជាមួយអាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ កំពុងមមាញឹកសម្អាតបរិស្ថាននៅតាមឆ្នេរឯករាជ្យ និងឆ្នេរផ្សេងទៀតឲ្យមានអនាម័យ ដើម្បីត្រៀមដាក់ជូនភ្ញៀវទេសចរចូលកម្សាន្តបានទូលំទូលាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គម សាទរសកម្មភាពវិជ្ជមានរបស់មន្ត្រីគ្រប់គ្រងឆ្នេរសមុទ្រ ប៉ុន្តែស្នើឲ្យវាយកម្ទេចសំណង់រឹងមាំដែលសង់នៅលើឆ្នេរឯករាជ្យ និងរបងហ៊ុមព័ទ្ធឆ្នេរជាច្រើនទៀត ចាប់ពីឆ្នេរនៅទល់មុខសាលាខេត្តព្រះសីហនុ ដល់ឆ្នេរហាវ៉ៃ ជាដើម ដែលឈ្មួញហ៊ុមព័ទ្ធរបងទុកចោលគ្មានការអភិវឌ្ឍ។
ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា លោក អ៊ឹម ឈុនលឹម មានប្រសាសន៍ថា តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ពីរកន្លែង មានឆ្នេរឯករាជ្យ និងឆ្នេរអូរឈើទាល អតីតឆ្នេរមុខក្រុមហ៊ុនអារីស្តុន ត្រូវរៀបចំឲ្យមានបរិស្ថានអនាម័យល្អ មុនពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ ដើម្បីដាក់ជូនភ្ញៀវទេសចរចូលកម្សាន្តឲ្យបានទូលាយ។
ចំណែកឆ្នេរសមុទ្រផ្សេងទៀតដែលត្រូវបានហ៊ុមព័ទ្ធរបងថ្ម ឬរបងដែកទុកចោល លោក អ៊ឹម ឈុនលឹម បញ្ជាក់ថា ក៏នឹងត្រូវរៀបចំឲ្យមានសោភណភាពនៅពេលបន្ទាប់ ក្រោយបុណ្យចូលឆ្នាំ ឲ្យស្របតាមសារាចរលេខ០១ របស់រាជរដ្ឋាភិបាល។ លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម អះអាងថា ឆ្នេរមុខអតីតក្រុមហ៊ុនអារីស្តុន ដែលក្រុមហ៊ុនសុខា ធ្វើរបងហ៊ុមព័ទ្ធទុកចោលគ្មានការអភិវឌ្ឍយូរឆ្នាំកន្លងមក ក៏នឹងត្រូវធ្វើការបើករបងថ្ម និងរៀបចំកែលំអឆ្នេរនេះឲ្យមានសោភណភាព អាចឲ្យភ្ញៀវទេសចរចេញចូលកម្សាន្តដូចដើមនៅមុនពិធីបុណ្យចូលឆ្នាំ៖ «ចំពោះសំណង់ និងដីកម្មសិទ្ធិនៅជាប់ផ្លូវ ២ ធ្នូ នាខេត្តព្រះសីហនុ គឺយើងនឹងសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាលជាក្រោយ ថានឹងត្រូវវាយកម្ទេចចោល ឬដកហូតមកទុកជាសម្បត្តិរដ្ឋ ឬផ្តល់ជូនម្ចាស់កម្មសិទ្ធិនេះតាមរបៀបណានៅពេលក្រោយទៀត ប៉ុន្តែពេលនេះ គណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរកំពុងពិនិត្យលិខិតស្នាមផ្សេងៗទាក់ទងផ្លូវច្បាប់ ដើម្បីឈានដល់មានវិធានការបន្តឲ្យស្របតាមសេចក្ដីសម្រេចទាំង ៥ចំណុចរបស់រដ្ឋាភិបាល ជុំវិញផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា »។
ចំពោះសំណង់រឹងមាំដែលសង់នៅលើឆ្នេរឯករាជ្យ ដែលគេស្គាល់ថា ជាសំណង់របស់ក្រុមហ៊ុន លោកស្រី ស៊ាន ឈុនហេង ភរិយារបស់ លោក ស្បោង សារ៉ាត អតីតអភិបាលខេត្តព្រះសីហនុ ហើយបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងការដ្ឋានសំណង់របស់ក្រុមហ៊ុនថៅកែសណ្ឋាគារខ្សាច់មាស ឈ្មោះ អ៊ូ ឆាយ ដែលកំពុងបុកគ្រឹះសង់សណ្ឋាគារប្រណិតនៅលើឆ្នេរឯករាជ្យនេះដែរ លោក អ៊ឹម ឈុនលឹម ហាក់មានការរារែកក្នុងការឆ្លើយតបសំណួរអ្នកកាសែត។ លោកបញ្ជាក់ខ្លីថា បញ្ហានេះ មន្ត្រីជំនាញឆ្នេរសមុទ្រកំពុងសិក្សាទៅលើផ្លូវច្បាប់ ដាក់ជូនប្រមុខដឹកនាំរដ្ឋាភិបាលសម្រេច មុននឹងឈានដល់អនុវត្តតាមច្បាប់ ឬមានបទបញ្ជាពីរាជរដ្ឋាភិបាល។

បញ្ហានេះ លោក អ៊ឹម ឈុនលឹម បន្ថែមថា កន្លងមកមានជម្រើសពីរទាក់ទងសំណង់រឹងមាំសង់លើឆ្នេរឯករាជ្យ គឺជម្រើសទី១ ត្រូវវាយកម្ទេចចោលសំណង់ទាំងនេះ ដោយរដ្ឋាភិបាលជាអ្នកចេញសំណងខូចខាត និងជម្រើសទី២ អាចអនុញ្ញាតឲ្យក្រុមហ៊ុនសង់សំណង់លើឆ្នេរឯករាជ្យបាន ប៉ុន្តែត្រូវអនុវត្តតាមខ្លឹមសារសារាចរណែនាំលេខ០១ របស់រាជរដ្ឋាភិបាលបានកំណត់។ ចំណែកតូបលក់ដូរចំនួន ១១តូប ក៏ត្រូវរុះរើ ដោយមិនអនុញ្ញាតឲ្យសំណង់នេះបន្តលក់ដូរនៅលើឆ្នេរឯករាជ្យទេ ហើយតូបលក់ដូរទាំង ១១តូបនេះ នឹងត្រូវរុះរើក្រោយពិធីបុណ្យចូលឆ្នាំបានបញ្ចប់។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនទៀត លោក មាស ស្រឿន គាំទ្រសកម្មភាពមន្ត្រីរដ្ឋាភិបាលវាយកម្ទេច និងបើករបងហ៊ុមព័ទ្ធឆ្នេរឯករាជ្យ ហើយរៀបចំឲ្យមានបរិស្ថាន និងអនាម័យល្អ ដាក់ជូនប្រជាពលរដ្ឋអាចចេញចូលកម្សាន្តតាមឆ្នេរនេះដូចដើមវិញ។ លោកក៏សំណូមពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍បើកឆ្នេរហ៊ុមព័ទ្ធរបងទាំងអស់ ចាប់ពីឆ្នេរទល់មុខសាលាខេត្ត រហូតដល់ឆ្នេរអូរត្រេះ ឲ្យមានផ្លូវធ្វើដំណើរឆ្លងកាត់ និងអាចមើលឃើញទឹកសមុទ្រ៖ «ឆ្នេរសមុទ្រខេត្តព្រះសីហនុ បើយើងជិះពីមុខសាលាខេត្តព័ទ្ធតាមឆ្នេរមានចម្ងាយជាង ១គីឡូដី ក៏មិនឃើញទឹកសមុទ្រដែរ គឺឃើញតែរបងដែក ឬថ្មហ៊ុមព័ទ្ធប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ អាជ្ញាធរបានបើករបងហ៊ុមព័ទ្ធឆ្នេរឯករាជ្យ ឲ្យប្រជាពលរដ្ឋចេញចូលកម្សាន្តដូចពេលមុនវិញហើយ ហើយអាចមើលឃើញទឹកសមុទ្រ និងពលរដ្ឋអាចចូលទៅកម្សាន្តដូចដើមវិញ។ ពលរដ្ឋពួកខ្ញុំរីករាយ និងគាំទ្ររដ្ឋាភិបាល ចំពោះសកម្មភាពរុះរើរបងហ៊ុមព័ទ្ធឆ្នេរ ហើយស្នើឲ្យបន្តរុះរើរបងហ៊ុមព័ទ្ធឆ្នេរច្រើនទៀតឲ្យបានទូលំទូលាយ»។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ក៏ស្នើដល់រាជរដ្ឋាភិបាល ត្រូវវាយកម្ទេចសំណង់រឹងមាំផ្សេងៗដែលកំពុងសង់នៅតាមឆ្នេរឯករាជ្យ ឬសង់នៅតាមឆ្នេរផ្សេងទៀត មកដាក់ជាសម្បត្តិរដ្ឋ និងអភិវឌ្ឍបម្រើវិស័យទេសចរណ៍ជំនួសវិញ៖ «ខ្ញុំមានចម្ងល់ថា ដីឆ្នេរឯករាជ្យនេះ គឺជាដីសាធារណៈរបស់រដ្ឋ មិនដឹងមូលហេតុអ្វីបានជាឯកជនមានសិទ្ធិសង់សំណង់រឹងមាំធំស្កឹមស្កៃ ហើយអាជ្ញាធរស្ថាប័នពាក់ព័ន្ធ អាចចេញប្លង់កម្មសិទ្ធិជូនឯកជនទៅវិញ។ សំណង់ទាំងនេះ គឺបានអនុវត្តផ្ទុយពីសេចក្ដីសម្រេច ៥ចំណុចរបស់រដ្ឋាភិបាល ស្ដីពីផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រ ហើយបានប៉ះពាល់ដល់ចំណីឆ្នេរសមុទ្រថែមទៀត»។
ទន្ទឹមគ្នានេះ ភ្ញៀវទេសចរមកពីតាមបណ្ដាខេត្តនានា និងពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ពិសេសប្រមុខដឹកនាំរាជរដ្ឋាភិបាល ត្រូវបើករបងហ៊ុមព័ទ្ធឆ្នេរសមុទ្រដែលក្រុមហ៊ុន និងបុគ្គលមានអំណាចមួយចំនួន ឃុបឃិតរំលោភធ្វើកម្មសិទ្ធិ ហើយបិទរបងទុកចោលគ្មានការអភិវឌ្ឍជាង ១០ឆ្នាំ មកដាក់ជាសម្បត្តិរដ្ឋ ហើយអភិវឌ្ឍបម្រើដល់វិស័យទេសចរណ៍ ឬទុកជូនសាធារណជនចូលកម្សាន្តឲ្យបានច្រើនថែមទៀត ក្រៅពីឆ្នេរឯករាជ្យ។
ចំណែកមន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បង្ហាញទស្សនៈថា បើទៅថ្ងៃអនាគត រដ្ឋាភិបាលបានបើករបងថ្មហ៊ុមព័ទ្ធឆ្នេរសមុទ្រពីក្រុមហ៊ុន ឬឈ្មួញ មកដាក់ជាសម្បត្តិរដ្ឋ និងអភិវឌ្ឍបម្រើដល់វិស័យទេសចរណ៍ អាចនាំឲ្យកំណើនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ កើនច្រើនថែមទៀត។ មន្ត្រីសិទ្ធិមនុស្សរូបនេះ រិះគន់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ អាណត្តិមុនៗដែលបានឃុបឃិតលួចលក់ទ្រព្យសម្បត្តិជាតិ បម្រើមហិច្ឆតាផ្ទាល់ខ្លួន ដោយមិនបានគិតពីប្រយោជន៍ជាតិទេ ទោះបីដីចំណីឆ្នេរ បឹងអូរធម្មជាតិ ភ្នំ និងដីកោះ ជាដើម ត្រូវការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា បែបណាក្តី ក៏មន្ត្រីមួយចំនួននោះ អាចកែច្នៃឈានដល់ចេញប្លង់កម្មសិទ្ធិជូនឯកជន ឬពុះច្រៀកដីសាធារណៈរបស់រដ្ឋចែកគ្នាធ្វើកម្មសិទ្ធិ ដោយមិនញញើតច្បាប់នោះទេ៖ «ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា បានចែងយ៉ាងច្បាស់ថា ដីបឹង អូរធម្មជាតិ ដីកោះ និងឆ្នេរសមុទ្រ ជាដើម គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ដូច្នេះគួរតែយកច្បាប់ទាំងអស់ហ្នឹងមកធ្វើជាគោល ដើម្បីឈានដល់ដកហូតដល់សាធារណៈ ដែលរងការរំលោភបំពានដោយខុសច្បាប់ណាមួយ មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ។ ជាងនេះ ក៏ជាគំរូដល់ប្រជាពលរដ្ឋទូទៅ ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិជាដើម ទោះអ្នកទន្ទ្រានកាន់កាប់ដីរដ្ឋទាំងនោះមានឋានៈបុណ្យស័ក្តិធំបែបណាក្តី។ ផ្ទុយទៅវិញ បើអាជ្ញាធរអនុវត្តច្បាប់អាចអនុវត្តបានដោយដុំៗ និងមិនស្មើភាពរវាងអ្នកមាន អ្នកក្រ និងអ្នកមានអំណាចទេ គឺការអនុវត្តច្បាប់មិនមានប្រសិទ្ធភាពទេ។ បញ្ហាឃុបឃិតរំលោភយកដីសាធារណៈរបស់រដ្ឋ ផ្ដើមដោយផ្នែកពាក់ព័ន្ធណាមួយគួរតែត្រូវផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ ដើម្បីជាការព្រមានដល់អ្នកល្មើសច្បាប់ទាំងឡាយឲ្យខ្លាចរអា»។

ឆ្លើយតបកង្វល់ ឬសំណូមពររបស់ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា អាជ្ញាធរនឹងចុះអនុវត្តសេចក្ដីសម្រេច ឬផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្របម្រើដល់វិស័យទេសចរណ៍ទៅតាមដំណាក់កាលៗ។ លោកបន្តថា បន្ទាប់ពីអាជ្ញាធរកម្ទេចចោលរបងថ្មហ៊ុមព័ទ្ធឆ្នេរឯករាជ្យ និងរៀបចំឲ្យមានរបៀបរៀបរយជាស្ថាពររួចហើយ អាជ្ញាធរនឹងចុះអនុវត្តបើករបងហ៊ុមព័ទ្ធឆ្នេរផ្សេងៗទៀត មានឆ្នេរសុខា ឬឆ្នេរអតីតក្រុមហ៊ុនអារីស្តុន និងឆ្នេរអូរត្រេះ ជាដើម។
យ៉ាងនេះក្តី លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ ហាក់គ្មានជំនឿថា លោក អ៊ឹម ឈុនលឹម ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា អាចអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលទាំង ៥ចំណុចបានជោគជ័យទេ។ ជាងនេះទៀត ក៏គ្មានជំនឿថា អាជ្ញាធរខេត្តព្រះសីហនុ ហ៊ានវាយកម្ទេចរបងថ្មហ៊ុមព័ទ្ធឆ្នេរអតីតក្រុមហ៊ុនអារីស្តុន ឬឆ្នេរសុខា ដែលក្រុមហ៊ុនសុខា ព័ទ្ធរបងទុកចោលគ្មានការអភិវឌ្ឍយូរឆ្នាំ ឲ្យបានមុនពិធីបុណ្យចូលឆ្នាំនោះទេ ព្រោះតាមការសម្គាល់ មន្ត្រីទាំងនេះគឺបាននិយាយស្តីឲ្យរួចតែពីមាត់ ប៉ុន្តែការអនុវត្តជាក់ស្តែង មានលទ្ធផលតិចតួច។
ឆ្នេរសមុទ្រប្រទេសកម្ពុជា មានប្រវែងសរុប ៤៤០គីឡូម៉ែត្រ។ ខេត្តមានមូលដ្ឋានជាប់ឆ្នេរសមុទ្ររួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំងបួននេះ ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ (Senegal)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
