អ្នក​ភូមិ​ជាង​៩០​គ្រួសារ​នៅ​ឧត្ដរមានជ័យ​ទាមទារ​ដក​តំណែង​មន្ត្រី​មូលដ្ឋាន

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ ចោទ​អាជ្ញាធរ​ភូមិ​កូន​ដំរី និង​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​សំរោង ខ្លះ​ថា​បាន​ចុះ​ទៅ​វាស់វែង​ដី​ស្រែ​ចម្ការ ហើយ​បង្កើត​ឱ្យ​មាន​តំបន់​ហាម​ឃាត់​ដោយ​មិន​ឱ្យ​អ្នក​ភូមិ​ចូល​ទៅ​ធ្វើ​ស្រែ​ចម្ការ​ទៀត​ទេ។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ បញ្ជាក់​ថា គេ​ក៏​បាន​ទទួល​ញត្តិ​១​ច្បាប់​ស្ដីពី​បញ្ហា​នេះ​ដែរ ហើយ​គេ​គ្រោង​នឹង​ចុះ​ស៊ើប​អង្កេត​នៅ​ពេល​ឆាប់ៗ។

ប្រជាពលរដ្ឋ​ជាង ៩០​គ្រួសារ នៅ​ភូមិ​កូនដំរី សង្កាត់​សំរោង កំពុង​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ដក​ហូត​តំណែង​អនុ​ប្រធាន​ភូមិ​ម្នាក់ និង​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​សំរោង ២​នាក់​ទៀត​ចេញ​ពី​តួនាទី។ ការ​ទាមទារ​ធ្វើ​ឡើង​តាម​រយៈ​ពាក្យ​បណ្ដឹង ១​ច្បាប់ ដែល​គេ​អះអាង​ថា បាន​ដាក់​ជូន​ទៅ​មន្ត្រី​សាលា​ខេត្ត​រួច​ហើយ។

បុរស​អ្នក​ភូមិ​កូនដំរី ម្នាក់ ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៦ ខែ​កក្កដា ថា ​រូប​គាត់​និង​អ្នក​ភូមិ ៩០​គ្រួសារ​ទៀត កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដីស្រែ និង​ចម្ការ​ដែល​ធ្លាប់​ធ្វើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ បុរស​ដដែល​ចោទ​ប្រកាន់​ថា កាល​ពី​ថ្ងៃ​ទី​៣០ ​​ខែ​មិថុនា កន្លង​ទៅ អនុ​ប្រធាន​ភូមិ​កូនដំរី ឈ្មោះ នួន ឡី និង​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​សំរោង ២​រូប​ទៀត ឈ្មោះ ហាប់ សុគុន និង មិន ភាព បាន​ចុះ​ទៅ​វាស់វែង​ដី​ដែល​អ្នក​ភូមិ​ធ្លាប់​ដាំ​ដំឡូង​និង​ធ្វើ​ស្រែ។ បន្ទាប់​មក​អាជ្ញាធរ​មូលដ្ឋាន​ទាំង​នោះ បាន​ចាត់​ទុក​ដី​ខ្លះ​ជា​តំបន់​ហាម​ឃាត់ និង​ដី​មួយ​ចំនួន​ទៀត គឺ​រក្សាទុក​ជូន​អ្នក​ធំ។

ក្រុម​អ្នក​ភូមិ​មិន​ស្វាគមន៍ ចំពោះ​សកម្មភាព​បែប​នោះ​ទេ ហើយ​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលាខេត្ត​ឧត្តរមានជ័យ៖ «គឺ​ប្ដឹង​សុំ​ឱ្យ​ទី​១ ទម្លាក់​មេ​ភូមិ​ចេញ ហើយ​ទី​២ សុំ​ឱ្យ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដី​ទី​នោះ​ឡើង​វិញ ពីព្រោះ​ដី​នោះ​រដ្ឋបាល​ព្រៃឈើ បាន​កាត់​មក​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ៧៧២​ហិកតារ។ ផ្ទុយ​ទៅ​វិញ​ដី​នោះ ក្លាយ​ទៅ​ជា​សុទ្ធតែ​របស់​អ្នក​ធំ ឬ​ក៏​ដី​សម្រាប់​ឱ្យ​អ្នក​ផ្សេង​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កូនដំរី​វិញ មាន​ក៏ដូចជា​មិន​មាន​ព្រោះ​អី​គាត់​បាន​ធ្វើ​ហើយ តែ​គេ​យក​បង្គោល​ទៅ​បោះ​ពី​លើ​កន្លែង​ដាំ​ដំឡូង​ទៀត​ថា ជា​ដី​តំបន់​ហាម​ឃាត់ ហើយ​ហាម​ចូល​ធ្វើ​បន្ត»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អនុ​ប្រធាន​ភូមិ​កូនដំរី លោក នួន ឡី និង​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​សំរោង លោក ហាប់ សុគុន និង​លោក មិន ភាព ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​បាន​យ៉ាង​ណា​នៅ​ឡើយ។ ក៏ប៉ុន្តែ​ចៅសង្កាត់​សំរោង លោក ចៀប តុប បាន​បដិសេធ​ចោល​បណ្ដឹង​របស់​អ្នក​ភូមិ​ទាំង​នោះ ថា​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ ព្រម​ទាំង​លើក​ឡើង​ខុស​ការ​ពិត។

លោក​ចៅ​សង្កាត់​អះអាង​ថា ភូមិ​កូនដំរី គឺ​ជា​​ភូមិ​ថ្មី​ដែល​ក្រសួង​មហាផ្ទៃ ទើបតែ​ទទួល​ស្គាល់​ផ្លូវការ​កាល​ពី​ឆ្នាំ​២០១២ ហើយ​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​រស់​នៅ​ទី​នោះ មិន​ទាន់​មាន​កម្មសិទ្ធិ​ដីធ្លី​នៅ​ឡើយ ដោយ​អ្នក​ខ្លះ​បាន​ទៅ​រុករាន​ដី​ព្រៃ​ឈើ​ដែល​មាន​ដីកា​ដក​ហូត​របស់​រដ្ឋបាល​ព្រៃឈើ។ លោក​ចៅ​សង្កាត់​ថា អាជ្ញាធរ​ភូមិ​កូនដំរី និង​មន្ត្រី​របស់​លោក​ដែល​ចូល​ទៅ​ទី​នោះ មិន​មែន​វាស់វែង​ដី​ទេ គឺ​គ្រាន់​តែ​ជំរឿន​អំពី​ចំនួន​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ដែល​មិន​ទាន់​មាន​ដី​ធ្វើ​កសិកម្ម។

ចំណែក​ឯ​បណ្ដឹង​ចោទ​ប្រកាន់​មន្ត្រី​របស់​លោក​ទៀត​សោត ក៏​មិន​មាន​តំណាង​និង​ដើម​បណ្ដឹង​ច្បាស់​លាស់​ទេ៖ «នាំ​គ្នា​ធ្វើ​គោលដៅ​អត់​ច្បាស់​អ្នក​ដែល​ផ្ដិត​មេដៃ​ក៏​ចេះតែ​ផ្ដិត អា​អ្នក​អត់​បាន​ផ្ដិត​នាំ​គ្នា​ផ្ដិត​ម្រាម​ដៃ​ក៏​ចេះតែ​ផ្ដិត។ វា​មាន​កន្លែង​ខ្លះ​ខុស កន្លែង​ខ្លះ​អត់​ខុស អា​កន្លែង​គាត់​អាស្រ័យ​ផល​ក៏​គាត់​នៅ​តែ​ធ្វើ​មិន​មាន​អ្នក​ណា​ទៅ​ធ្វើ​អ្វី​គាត់»

ក្រុមប្រឹក្សា​សង្កាត់​សំរោង ធ្លាប់​កោះ​ហៅ​តំណាង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​ទៅ​ដោះស្រាយ​បញ្ហា​បណ្ដឹង​នេះ​ម្ដង​មក​ហើយ កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ក៏ប៉ុន្តែ​អ្នក​ភូមិ​មិន​បាន​ចូល​ខ្លួន​ទេ ដោយ​ពួកគេ​អះអាង​ថា​មិន​មាន​តំណាង។

អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ឱ្យ​ដឹង​ថា លោក​បាន​ទទួល​ញត្តិ​១​ច្បាប់​ពី​ប្រជាពលរដ្ឋ​ជុំវិញ​ករណី​នេះ ក៏ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​អ្នក​ភូមិ​ដាក់​ពាក្យ​បណ្ដឹង​មក​អង្គការ​របស់​លោក​នៅ​មុន​ពេល​ដែល​ចុះ​អង្កេត​ករណី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។