ឯកអគ្គរាជទូត​អង់គ្លេស​ស្វែង​យល់​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ប៉ែក​ឦសាន

មន្ត្រី​ស្ថានទូត​ប្រទេស​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ដំបូង​នៅ​ខេត្ត​រតនគិរី ដើម្បី​ស្វែង​យល់​ពី​ជីវភាព​រស់នៅ និង​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ រួម​ទាំង​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។
ដោយ រដ្ឋា វីសាល
2013-02-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម៉ាក ហ្គូតឌីង (MARK GOODING) ៣០៥
លោក​ឯកអគ្គរាជទូត​អង់គ្លេស ម៉ាក ហ្គូតឌីង (MARK GOODING) ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ការិយាល័យ​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Ratha Visal

ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោល​បំណង​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​ទាក់​ទិន​ដីធ្លី និង​ដំណោះស្រាយ​នៅ​ក្នុង​ខេត្ត​ប៉ែក​ឦសាន។

មន្ត្រី​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ខេត្ត​រតនគិរី បាន​លើក​យក​បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជន​ជាតិ​ដើម​ជា​កម្មសិទ្ធិ​សមូហភាព និង​ផល​ប៉ះពាល់​ស្ដីពី​ការ​កសាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង ជម្រាប​ជូន​លោក​ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ជួយ​ស្វែង​រក​ដំណោះស្រាយ។

លោក​ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស ម៉ាក ហ្គូតឌីង (MARK GOODING) បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ខេត្ត​ភាគ​ឦសាន​ចំនួន​ពីរ​ផ្សេង​ទៀត មាន​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

អ្នក​សម្រប​សម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មាច មៀន មាន​ប្រសាសន៍​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​មាន​សារប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ ប៉ះពាល់​តាម​ដង​ទន្លេ បណ្ដាល​មក​ពី​ការ​កសាង​ទំនប់​វារីអគ្គិសនី​ជាច្រើន​ពី​ប្រទេស​ខ្សែ​ទឹក​ខាង​ លើ និង​ជាពិសេស​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង នា​ពេល​ឆាប់ៗ​នេះ។

លោក​បន្ត​ថា បទ​បង្ហាញ​ស្ដីពី​ផល​ប៉ះពាល់​ទាំងអស់​ត្រូវ​បាន​ផ្តល់​ជូន​មន្ត្រី​ស្ថានទូត​ស្វែង​យល់ និង​ជួយ​រក​ដំណោះស្រាយ៖ «ផល ​ប៉ះពាល់​ទំនប់​នៅ​វៀតណាម គឺ​មិន​មាន​ដំណោះស្រាយ មិន​មាន​យន្តការ​ណា​បន្ធូរបន្ថយ​ខ្សែ​ទឹក​ខាង​ក្រោម​ទាល់​តែ​សោះ ក្នុង​ប្រទេស​ខ្មែរ​យើង​ហ្នឹង ហើយ​ចំណុច​ទី២ ខ្ញុំ​និយាយ​ពី​ពាក់ព័ន្ធ​ផែនការ​អភិវឌ្ឍន៍​ទំនប់​សេសាន​ក្រោម​២»

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ក៏​បាន​លើក​ជូន​មន្ត្រី​ស្ថានទូត​ជ្រាប និង​ជួយ​ស្វែង​រក​ដំណោះស្រាយ​ដូច​គ្នា។

លោក​បន្ត​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជា​ផ្នែក​សំខាន់​របស់​សហគមន៍​អន្តរជាតិ ក្នុង​ការ​ស្វែង​យល់​ការ​ពិត​កំពុង​កើត​មាន​នៅ​មូលដ្ឋាន៖ «ទាំង​អង្គការ​ សមាគម​ខ្មែរ​លើ សមាគម​អាដហុក អង្គការ​អាយស៊ីអេសអូ (ICSO) ហើយ​សហគមន៍​រង​គ្រោះ​ផ្ទាល់​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ។ អ្នក​ទាំង​អស់​គ្នា​បាន​សូម​ឲ្យ​លោក​ឯកអគ្គរដ្ឋទូត​ហ្នឹង ជួយ​យ៉ាង​ណា​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​កើត​ មក​យូរ​ហើយ និង​ជំរុញ​ល្បឿន​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព»

កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ កន្លង​ទៅ​នេះ រដ្ឋសភា​ជាតិ​បាន​អនុម័ត​ពង្រាង​ច្បាប់​ស្ដីពី​ការ​សាងសង់​ទំនប់​ វារីអគ្គិសនី​សេសាន​ក្រោម​២ ខណៈ​ពេល​ដែល​តំណាង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង បាន​ដាក់​ញត្តិ​សុំ​ឲ្យ​ស្ថាប័ន​នេះ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​នេះ​វិញ។

ឯកអគ្គរាជទូត​អង់គ្លេស លោក ម៉ាក ហ្គូតឌីង មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ចាប់​អារម្មណ៍​ពី​បញ្ហា​ប្រឈម​ទាក់​ទិន​បញ្ហា​ដីធ្លី និង​ដំណោះស្រាយ​កន្លង​មក។ លោក​បន្ត​ថា បំណង​របស់​លោក​មក​កាន់​ខេត្ត​រតនគិរី ក៏​ដើម្បី​ស្វែង​យល់​ពី​ឱកាស​ស្ដីពី​ការ​វិនិយោគ បញ្ហា​ទេសចរណ៍ ការ​អភិវឌ្ឍ​ជាដើម។

លោក ម៉ាក ហ្គូតឌីង៖ «ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​គាត់​មក​ ខេត្ត​រតនគិរី ហើយ​គាត់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ គាត់​ចង់​ដឹង​ពី​ជីវភាព​ផ្នែក​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ខេត្ត​រតនគិរី ព្រោះ​គាត់​បាន​ទៅ​ខេត្ត​ផ្សេងៗ​ដែរ​ក្នុង​ប្រទេស​កម្ពុជា គឺ​គាត់​ចង់​ដើរ​ឲ្យ​បាន​ជុំវិញ​ប្រទេស​កម្ពុជា។ គាត់​ចង់​ណែនាំ​ខ្លួន​គាត់​ទៅ​ប្រជាជន​កម្ពុជា ផង​ដែរ»

រាជ​រដ្ឋាភិបាល​អង់គ្លេស បាន​ផ្តល់​មូលនិធិ​ជាង ៦​លាន​ដុល្លារ ក្នុង​វិស័យ​ដោះ​មីន​នៅ​កម្ពុជា ក្នុង​នោះ​ថវិកា​មួយ​ផ្នែក​ត្រូវ​បាន​ផ្តល់​សម្រាប់​គម្រោង​ដោះ​មីន​នៅ​ ខេត្ត​រតនគិរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល