នៅព្រឹកថ្ងៃទី៣ ខែធ្នូ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ផ្ដើមចុះវាស់វែងពីទំហំផ្ទះ និងសម្ភាសអ្នកដែលរស់នៅក្នុងអគារស ឬអគារប៊ូឌីង។ ការធ្វើជំរឿនលើកនេះ គឺខាងក្រុមហ៊ុន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទទួលបន្ទុកលើការវិនិយោគនេះ បានផ្ដល់ជម្រើស ២ ទៅដល់ពលរដ្ឋ គឺទទួលយកសំណងហើយចាកចេញ និងជម្រើសមួយទៀត គឺយល់ព្រមអភិវឌ្ឍនៅនឹងកន្លែង។
ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារប៊ូឌីង ភាគច្រើនបានអះអាងថា ពួកគេនឹងទទួលយកសំណងជាថ្នូរនឹងការចាកចេញទៅតាំងទីលំនៅថ្មី ខណៈមួយចំនួនទៀត អាចនឹងទទួលយកគោលការណ៍អភិវឌ្ឍន៍នៅនឹងកន្លែង។
ការបញ្ជាក់ជំហរជាថ្មីទៀតរបស់ពលរដ្ឋនៅពេលនេះ ស្របពេលក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកយុទ្ធនាការធ្វើជំរឿនពលរដ្ឋ និងចុះវាស់វែងពីទំហំផ្ទះជាក់ស្ដែង នៅអគារស ឬហៅថា អគារប៊ូឌីងនេះ។ អគារដែលមានសភាពទ្រុឌទ្រោមមួយល្វែង ដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយនេះ នឹងត្រូវវិនិយោគដោយក្រុមហ៊ុនរបស់ជប៉ុន មួយឈ្មោះ អារ៉ាកាវ៉ា (Arakawa) នៅដើមឆ្នាំ២០១៧ ខាងមុខ។
ទាក់ទិនរឿងនេះ ប្រជាពលរដ្ឋដែលរស់នៅអគារជាន់លើ កណ្ដាល និងជាន់ផ្ទាល់ដីអះអាងប្រហាក់ប្រហែលគ្នាថា ពួកគេអាចនឹងយល់ព្រមទទួលយកសំណងចន្លោះពី ៧ម៉ឺន ទៅ ៨ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារ ជាថ្នូរនឹងការចាកចេញទៅតាំងទីលំនៅថ្មី។ ពួកគេនិយាយថា មូលហេតុចម្បងដែលនាំឲ្យការសម្រេចចិត្តនេះ ព្រោះគេសង្កេតឃើញថា ការវិនិយោគកន្លងទៅតែងមានភាពចម្រូងចម្រាស ដូចមានពិសោធន៍តំបន់អភិវឌ្ឍន៍បុរីកីឡារបស់អ្នកស្រី ស៊ុយ សុផាន និងតំបន់បឹងកក់ របស់លោក ឡាវ ម៉េងឃីន ជាដើម។ លើសពីនេះ ពួកគេចាត់ទុកថា ការឈឺចាប់ទាំងនេះហើយ ដែលធ្វើឲ្យពួកគេចេះតែខ្លាចរអានឹងការអភិវឌ្ឍន៍នៅនឹងកន្លែង។
សំឡេងពលរដ្ឋ៖ «ខ្ញុំដូចចាស់ដែរហើយ ហើយបើនៅទ្រាំអភិវឌ្ឍន៍ ៤ឆ្នាំទៀតមិនដឹងជាយ៉ាងទេ?។ យើងពិបាកថា គេសង់ផ្ទះឲ្យយើងនៅហ្នឹងមិនដឹងជារស់នៅបាន ឬមិនបាន។ ទីតាំងដែលគាត់ឲ្យហ្នឹងវារាងយូរបន្តិច ដល់អ៊ីចឹងយើងចង់ចេញទៅខាងក្រៅទៅដើម្បីថាទម្រាំយើងបានកន្លែងដែលត្រឹមត្រូវទៅ ទៅកន្លែងនោះយើងចាប់ផ្ដើមរកស៊ីអ៊ីចឹងទៅ»។
ការធ្វើជំរឿននៅពេលនេះ ទាំងភាគីក្រុមហ៊ុនរបស់ជប៉ុន និងក្រសួងដែនដី បានផ្ដល់ជម្រើស២ ទៅដល់ពលរដ្ឋកំពុងរស់នៅក្នុងអគារស ឬអគារប៊ូឌីង នេះ។ ជម្រើសទី១ គឺព្រមទទួលយកគោលការណ៍អភិវឌ្ឍន៍នៅនឹងកន្លែង និងជម្រើសបន្ទាប់ គឺទទួលយកសំណងហើយចាកចេញ។ ប៉ុន្តែសំណងដែលក្រុមហ៊ុននឹងផ្ដល់ឲ្យនេះ នៅមិនទាន់ដឹងពីទំហំទឹកលុយនៅឡើយទេ។ អគារវ័យចំណាស់សល់ពីសម័យរាស្ត្រនិយម មានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន សព្វថ្ងៃមានពលរដ្ឋជាង ៦០០គ្រួសារកំពុងរស់នៅ។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីថ្មី ដែលចុះពិនិត្យការធ្វើជំរឿននេះ ពុំបានផ្ដល់ការអត្ថាធិប្បាយអ្វីឡើយ ដោយគ្រាន់តែនិយាយយ៉ាងខ្លីថា លោកត្រូវការពេលសិក្សាសិន។អគារថ្មីដែលក្រុមហ៊ុនឈ្មោះ ថា អារ៉ាកាវ៉ា វិនិយោគនេះ គឺមានកម្ពស់ ២១ជាន់ ក្នុងទំហំទឹកប្រាក់ចំនួន ៨០លានដុល្លារអាមេរិក។
ឆ្លើយតបរឿងនេះ អ្នកស្រី អ៊ីមីកុ (Emiko) ដែលអះអាងថា ជាទីប្រឹក្សារបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ប្ដេជ្ញាថា ការវិនិយោគនេះ នឹងមិនផ្ដល់ការឈឺចាប់ដូចធ្លាប់មានពិសោធន៍កន្លងទៅទៀតទេ។ អ្នកស្រីមានជំនឿថា ចំណាត់ការរដ្ឋមន្ត្រីថ្មីនេះ នឹងនាំឲ្យមានការអភិវឌ្ឍមួយមានតម្លាភាព៖ «ពួកយើងនឹងព្យាយាមឲ្យអស់លទ្ធភាព ហើយសូមឲ្យម្ចាស់លំនៅឋានបន្តអត់ធ្មត់បន្តិចចុះ ដោយគ្រាន់តែបងប្អូនស្នាក់នៅទីតាំងបណ្ដោះអាសន្នណាមួយមួយរយៈពេលសិន។ ក្រោយពីយើងវិនិយោគរួចក្នុងរយៈពេល ៤ឆ្នាំបន្ទាប់ លោក-លោកស្រី អាចត្រឡប់មកវិញ ហើយចូលមករស់នៅក្នុងផ្ទះដ៏ប្រណិត ប្រកបដោយផាសុខភាព និងមានសុវត្ថិភាពបំផុត។ យើងសូមឲ្យបងប្អូនត្រូវមានជំនឿលើពួកយើងខ្ញុំចុះ។ យើងខ្ញុំមានជំនឿជឿជាក់ថា នឹងធ្វើបានយ៉ាងល្អ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក សំ ច័ន្ទគា ស្វាគមន៍គោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងភាគីក្រុមហ៊ុនដែលធានាពីសុខសន្តិភាពរបស់ពលរដ្ឋ។ យ៉ាងណាលោកមានជំនឿថា ការវិនិយោគនេះ នឹងមិននាំឲ្យមានការឈឺចាប់ទៀតទេ។ ជុំវិញដំណាក់កាលនៃការពិគ្រោះយោបល់ និងការធ្វើជំរឿននេះ លោក សំ ច័ន្ទគា ឯកភាពចំពោះការសម្រេចចិត្តណាមួយរបស់ប្រជាពលរដ្ឋម្ចាស់លំនៅឋាន៖ «សមាគមអាដហុក យើងសាទរចំពោះការសម្របសម្រួលរវាងក្រុមហ៊ុន រដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ចំណុចទាំងនេះយើងសង្ឃឹមថា រដ្ឋាភិបាលមិនឲ្យប្រជាពលរដ្ឋឈឺចាប់ដូចតំបន់មុនៗទៀតទេ»។
អ្នកស្រី អ៊ីមីកុ ឲ្យដឹងថា ប្រសិនបើពលរដ្ឋព្រមទទួលយកគោលការណ៍អភិវឌ្ឍន៍នៅនឹងកន្លែង គឺខាងក្រុមហ៊ុនតម្រូវឲ្យពួកគេត្រូវរស់នៅបណ្ដោះអាសន្ននៅខាងក្រៅមួយរយៈពេលសិន។ ៤ឆ្នាំក្រោយ បន្ទាប់ពីអគារធ្វើរួចរាល់ គឺម្ចាស់កម្មសិទ្ធិដែលទទួលបានប័ណ្ណកម្មសិទ្ធិតាមរយៈការធ្វើជំរឿននេះ នឹងទទួលបានប្លង់កម្មសិទ្ធិដូចដើមវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
