ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទំនាស់​ដីធ្លី​ទាមទារ​ឲ្យ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ថ្មី

0:00 / 0:00

ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​គម្រោង​ស្តារ ឬ​ស្ថាបនា​ផ្លូវ​រថភ្លើង ២​ខ្សែ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មិថុនា តវ៉ា​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់ អេ.ឌី.ប៊ី (ADB) ផ្ដល់​សំណង​បន្ថែម​ពី​ការ​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​ដើម្បី​យក​ដី​អភិវឌ្ឍន៍​ផ្លូវ​រទេះភ្លើង។ ប៉ុន្តែ​ការ​តវ៉ា​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​ទេ ដោយ​តំណាង​ធនាគារ អេ.ឌី.ប៊ី ស្នើ​ទុក​ពេល​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​មុន​នឹង​ឆ្លើយ​តប​ទៅ​ប្រជាពលរដ្ឋ។

មនុស្ស​ចាស់​និង​កុមារ​ប្រមាណ ២០០​នាក់ មកពី​រាជធានី​ខេត្ត​ចំនួន ៥ បាន​មក​តវ៉ា​ដល់​មុខ​ការិយាល័យ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី មាន​ទីតាំង​នៅ​ជិត​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត​វិមាន​ឯករាជ្យ​ក្រុង​ភ្នំពេញ។ ការ​ប្រមូល​ផ្តុំ​និង​មាន​លើក​បដា​របស់​សហគមន៍ គឺ​មាន​បំណង​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ​ផ្តល់​សំណង​បន្ថែម​ចំពោះ​ការ​ព្រម​ចាកចេញ​ពី​លំនៅឋាន ដើម្បី​យក​ដី​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ចំនួន ២​ខ្សែ របស់​គម្រោង​អភិវឌ្ឍន៍​របស់​ធនាគារ អេ.ឌី.ប៊ី ជាមួយ​រដ្ឋាភិបាល។

តំណាង​សហគមន៍​មក​ពី​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ បង្ហាញ​កង្វល់​ថា គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ឧបត្ថម្ភ​ថវិកា​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ពលរដ្ឋ និង​ការអប់រំ​របស់​កុមារ៖ «ខ្ញុំ​មក​នេះ​មក​ទាមទារ​សំណង ៨​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ ហើយ​និង​ដើម្បី​ស្នើ​ឲ្យ​ធនាគារ​អេ.ឌី.ប៊ី ជួយ​រក​ដំណោះស្រាយ​ដែល​ប្រជាពលរដ្ឋ​ជំពាក់​បំណុល​គេ​។ ពី​មុន​ខ្ញុំ​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខ្ញុំ​អត់​ពិបាក​អ៊ីចឹង​ទេ តែ​ឥឡូវ​ទៅ​នៅ​ត្រពាំងអញ្ចាញ ពួក​ខ្ញុំ​បាត់បង់​មុខ​របរ​រក​អ្វី​ហូប​មិន​បាន​ផង​ទេ»

ចំណែក​កុមារ​តូចៗ​បាន​ចាត់​ទុក​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​របស់​រដ្ឋាភិបាល និង​ធនាគារ អេ.ឌី.ប៊ី ថា នាំ​ឲ្យ​ពួកគេ​បាត់បង់​ការសិក្សា ព្រោះ​ត្រូវ​បំឡាស់​ទី​ទៅ​កាន់​ទីតាំង​ឆ្ងាយ​ពី​សាលារៀន និង​គ្មាន​ការ​អភិវឌ្ឍ​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ ការ​ប្រមូល​ផ្តុំ​នេះ មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ ប៉ុន្តែ​លោក គួច ចំរើន ដែល​ទើប​ប្ដូរ​មក​កាន់​ជា​អភិបាល​ខណ្ឌ​ដូនពេញ បាន​មក​ដេញ​ពលរដ្ឋ​មិន​ឲ្យ​ប្រមូល​ផ្តុំ​នៅ​មុខ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី តែ​ពលរដ្ឋ​មិន​ស្តាប់​តាម។

បន្ទាប់​ពី​បាន​ប្រមូល​ផ្តុំ មន្ត្រី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​អនុញ្ញាត​ឲ្យ​តំណាង​របស់​សហគមន៍​មួយ​ចំនួន​ចូល​ជួប​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ។ ប៉ុន្តែ​ក្រោយ​ជួបពិភាក្សា​ពេល​ពេញ ១​ព្រឹក តំណាង​ភាគី​ធនាគារ​បាន​ស្នើ​ពេល​វេលា​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​មុន​នឹង​ឆ្លើយ​តប​សំណូមពរ​ពលរដ្ឋ។ ជាង​នេះ​នឹង​មាន​កិច្ចពិភាក្សា​ម្ដង​ទៀត​រវាង​ផ្នែក​ពាក់ព័ន្ធ​ជាមួយ​តំណាង​សហគមន៍​រង​ផល​ប៉ះពាល់​នានា នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ខាង​មុខ។

ទាក់ទិន​បញ្ហា​នេះ លោក អៀង វុទ្ធី នាយក​អង្គការ​សមធម៌​កម្ពុជា ដែល​បាន​ឃ្លាំមើល​សកម្មភាព​គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​របស់​រដ្ឋាភិបាល ឧបត្ថម្ភ​ថវិកា​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ស្នើ​ដល់​ផ្នែក​ពាក់ព័ន្ធ​ពិចារណា​ដោះស្រាយ​សំណូមពរ​ពលរដ្ឋ​ចប់​ឲ្យ​បាន​ឆាប់។ លោក​បន្ត​ថា បើ​គ្មាន​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​ទេ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​អនាគត ព្រោះ​ការ​អនុវត្ត​គ្រោង​ស្ថាបនា​ផ្លូវ​រទេះភ្លើង​នេះ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន។

លោក អៀង វុទ្ធី៖ «ប្រសិនបើ អេ.ឌី.ប៊ី និង​អន្តរក្រសួង​មិន​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ទេ អ៊ីចឹង​បញ្ហា​នេះ មិន​អាច​ដោះស្រាយ​បាន​ទេ។ យើង​ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា យើង​ត្រូវតែ​អង្គុយ​ជាមួយ​គ្នា និង​ពិភាក្សា​ជាមួយ​គ្នា ដើម្បី​រក​ច្រក​ចេញ។ ប្រសិនបើ​ភាគី អេ.ឌី.ប៊ី និង​អន្តរក្រសួង​ធ្វើការ​ដោយ​ឡែក ហើយ​អ្នក​ដែល​ទាមទារ ឬ​ប្រជាពលរដ្ឋ​មិន​បាន​ចូលរួម​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ដោះស្រាយ​ហ្នឹង អ៊ីចឹង​យើង​ជឿជាក់​ថា បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​បាន​ទេ។ យើង​ឃើញ​ហើយ​មាន​បញ្ហា​ច្រើន​ណាស់​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​មិន​មាន​ការ​ចូល​រួម និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ»

លោក អៀង វុទ្ធី បញ្ជាក់​ថា តាម​គេហទំព័រ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បង្ហាញ​ថា គម្រោង​ស្ថាបនា​ផ្លូវ​រទេះភ្លើង ២​ខ្សែ ពី​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ និង​ពី​ភ្នំពេញ ទៅ​ខេត្ត​បន្ទាយមានជ័យ មាន​ចម្ងាយ​ជាង ៤០០​គីឡូម៉ែត្រ។ ការ​ស្ថាបនា​នេះ ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង ៤​ពាន់​គ្រួសារ។ ក្នុង​នោះ​មាន​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​បាន​ទទួល​យក​សំណង និង​ព្រម​ទៅ​រស់​នៅ​ទីតាំង​ថ្មី។ លោក​បន្ត​ថា គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង និង​ផល​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​មិន​ទាន់​ដោះស្រាយ​នេះ បាន​កើត​តាំង​ពី​ឆ្នាំ​២០១១ មក​ម្ល៉េះ។

ទាក់ទិន​បញ្ហា​នេះ ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ឲ្យ​ដឹង​ថា បន្ទាប់ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង​ស្តារ​ផ្លូវ​រថភ្លើង នាំ​ឲ្យ​ពួកគាត់​រង​ផល​ប៉ះពាល់​ទៅ​លើ​ជីវភាព​រស់​នៅ បាត់បង់​មុខរបរ​ដោយ​ការ​បណ្ដេញ​ចេញ និង​បំឡាស់​ទី​ទៅ​កាន់​ទីតាំង​គ្មាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​៖ គ្មាន​សាលារៀន មន្ទីរពេទ្យ និង​គ្មាន​ទីផ្សារ​ជាដើម ដែល​ផ្ទុយ​ពី​អ្វី​ដែល​ធនាគារ អេ.ឌី.ប៊ី បាន​ចុះ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។