ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅភូមិចំនួនពីរ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ឲ្យដឹងថា ការស្វែងរកដំណោះស្រាយបញ្ឈប់ការរំលោភឈូសឆាយដីធ្លីផលដំណាំប្រជាពលរដ្ឋពីសំណាក់ក្រុមហ៊ុនវៀតណាម ឈ្មោះ ៧២ មិនបានលទ្ធផលទេ។ ចំណែកភាគីក្រុមហ៊ុនវៀតណាម មួយនេះ ដែលទទួលសិទ្ធិធ្វើអាជីវកម្មបន្តពីក្រុមហ៊ុនសម្បទាន ជា ច័ន្ទរិទ្ទ និងក្រុមហ៊ុន ម៉ែន សារុន នៅតែបន្តឈូសឆាយពង្រីកដីបន្ថែមទៀត ហើយប្រជាពលរដ្ឋនាំគ្នាចេញតវ៉ាប្រឆាំងការឈូសឆាយនេះ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស នៅថ្ងៃពុធ ទី២៦ ខែមីនា សម្ដែងការបារម្ភខ្លាចមានអំពើហិង្សា ដោយសារតែក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម មួយនៅតែបន្តឈូសឆាយទៅលើដីតំបន់ជនជាតិដើមភាគតិច។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី អំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់ខេត្ត ប្រញាប់ស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះនេះ ជាពិសេសសុំឲ្យភាគីក្រុមហ៊ុនផ្អាកការឈូសឆាយដីជាបណ្ដោះអាសន្ន ដើម្បីជជែកពិភាក្សាជាមួយប្រជាពលរដ្ឋបានរួចរាល់សិន។ លោកបន្តថា អ្នកភូមិបាននាំគ្នាចេញមុខរារាំងគ្រឿងចក្រច្រើនលើក ក្នុងរយៈពេល ២សប្ដាហ៍កន្លងទៅ ដោយសារតែក្រុមហ៊ុនមិនគោរពកិច្ចសន្យាស្វែងរកដំណោះស្រាយជាមួយប្រជាពលរដ្ឋ៖ «ធម្មតាដំបូងឡើយ សហគមន៍គាត់ប្រើប្រាស់ផ្លូវច្បាប់ ប្រើប្រាស់ការជួបជជែកពិភាក្សាគ្នា ហើយជម្រើសចុងក្រោយ យើងគិតថា ការមិនព្រមគោរពកិច្ចសន្យា គាត់អ្នករងគ្រោះ ហើយមិនដឹងថាការទប់ស្កាត់ការឈឺចាប់របស់គាត់មានកម្រិតដល់ប៉ុណ្ណា»។
កាលពីសប្ដាហ៍មុន អាជ្ញាធរស្រុកអណ្ដូងមាស តំណាងក្រុមហ៊ុន មន្ត្រីភូមិឃុំ និងប្រជាពលរដ្ឋភូមិបរខាំ និងភូមិតាំងម្លូ បានជួបពិភាក្សាគ្នា ក៏ប៉ុន្តែអ្នកភូមិបញ្ជាក់ថា ក្រុមអាជ្ញាធរមិនមានចេតនាដោះស្រាយបញ្ហាប៉ះពាល់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញ អាជ្ញាធរសំអាងថា រាជរដ្ឋាភិបាលបានផ្តល់ដីតំបន់នោះសម្រាប់ក្រុមហ៊ុនវិនិយោគដំណាំកៅស៊ូ។
ប្រជាពលរដ្ឋភូមិតាំងម្លូ លោក កាឡាន មឿង បញ្ជាក់ថា បន្ទាប់ពីជំនួបគ្នានោះ ក្រុមហ៊ុនបានដាក់កងកម្លាំងប៉ូលិសយាមការពារនៅតំបន់នោះ ហើយឲ្យគ្រឿងចក្រឈូសឆាយដីទាំងថ្ងៃយប់កាន់តែខ្លាំងឡើង។ លោកបន្តថា បីលើកហើយដែលប្រជាពលរដ្ឋរាប់សិបនាក់លើកគ្នាទៅបញ្ឈប់គ្រឿងចក្រ ប៉ុន្តែគ្រឿងចក្រមិនបញ្ឈប់ការឈូសឆាយទេ៖ «គេឈូសរហូតបីថ្ងៃនេះហើយ ទាំងយប់ទាំងថ្ងៃ គេឈូសវាឈូសរហូត។ ឥឡូវ មានគេយាមនៅហ្នឹងទៀត ប៉ូលិស ៤នាក់»។
ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ទទួលបានដីសម្បទានប្រមាណជិត ១ពាន់ហិកតារ នៅស្រុកអូរយ៉ាដាវ ជាប់នឹងស្រុកអណ្ដូងមាស ក៏ប៉ុន្តែក្រុមហ៊ុននេះបានផ្ទេរសិទ្ធិធ្វើអាជីវកម្មបន្តទៅឲ្យក្រុមហ៊ុនវៀតណាម ដែលគេហៅកាត់ថា ក្រុមហ៊ុន ៧២។ ចំណែកក្រុមហ៊ុន ៧២ បានឈូសឆាយប៉ះពាល់ប្រជាពលរដ្ឋមានដីនៅជាប់តំបន់នោះ ដោយសំអាងថា ដីនោះជាដីរដ្ឋបានសម្បទានមកក្រុមហ៊ុន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបញ្ជាក់ពីអភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ ស្ដីពីករណីនេះបានទេ នៅថ្ងៃទី២៦ ខែមីនា។
យ៉ាងនេះក្តី នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភីន អះអាងថា ដីដែលកំពុងមានទំនាស់មានទំហំ ៥០ហិកតារ ជាដីរដ្ឋបានសម្បទានទៅឲ្យក្រុមហ៊ុន។ លោកបន្តថា ក្រុមនិស្សិតបានវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់នោះអស់ហើយ។ លោកបន្តថា ប្រសិនដីដែលក្រុមហ៊ុនឈូសឆាយជាដីមានប័ណ្ណកម្មសិទ្ធិ ក្រុមហ៊ុនត្រូវប្រគល់ជូនប្រជាពលរដ្ឋវិញ៖ «ដីកម្មសិទ្ធិរបស់ប្រជាជនត្រូវបានវាស់វែងតាមបទបញ្ជា០១ រួចរាល់អស់ហើយ ដែលមានប័ណ្ណកម្មសិទ្ធិរួចរាល់អស់ហើយ។ ហើយបើក្រុមហ៊ុនឈូសយកក៏ត្រូវតែប្រគល់ឲ្យប្រជាពលរដ្ឋវិញដែរ ព្រោះមានចំណុចនិយាមការអស់ហើយ»។
ផ្ទុយពីការលើកឡើងនេះ តំណាងអ្នកភូមិអះអាងថា ដីដែលក្រុមហ៊ុនកំពុងឈូសឆាយ គឺជាដីចម្ការវិលជុំ និងចម្ការមានផលដំណាំប្រជាពលរដ្ឋបានកាន់កាប់ជាក់ស្តែង ហេតុនេះក្រុមហ៊ុនត្រូវតែកាត់ចេញដីនោះចេញពីដីសម្បទានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កាលពីថ្ងៃទី២៥ និងទី២៦ ខែមីនា កន្លងទៅ ប្រជាពលរដ្ឋសហគមន៍ភូមិឡុំ ក៏បានចោទប្រកាន់ក្រុមហ៊ុន ៧២ ដែលបានទទួលសិទ្ធិធ្វើអាជីវកម្មលើដីសម្បទានរបស់ក្រុមហ៊ុន ម៉ែន សារុន ថាបានប្រើប្រាស់កម្មករវៀតណាម និងគ្រឿងចក្រចូលព្រៃសហគមន៍ លួចកាប់ឈើមូល ដឹកជញ្ជូនចូលរោងអារឈើរបស់ក្រុមហ៊ុន ហើយអារឈើនោះភ្លាមៗ ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។