ប្រជាពលរដ្ឋនៅភូមិចម្លងរមាំងលើ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ចោទប្រកាន់មេភូមិ ថាឃុបឃិតគ្នាជាមួយមន្ត្រីក្រោមឱវាទដោយស្ងៀមស្ងាត់ យកដីសាលាលក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែមេភូមិបានបដិសេធចំពោះការចោទប្រកាន់នេះ ថាជារឿងមិនពិតឡើយ។
ប្រជាពលរដ្ឋនៅតំបន់សាលារៀននៃស្រុកសំឡូត សម្ដែងការមិនពេញចិត្តទៅនឹងទង្វើរបស់អាជ្ញាធរភូមិនេះ ថាជាសកម្មភាពមួយធ្វើឲ្យដីទីធ្លាសាលាកាន់តែរួញតូច និងនាំឲ្យលំបាកដល់ការសាងសង់អគារទៅថ្ងៃអនាគត។
ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី២ វិច្ឆិកា ថា តំណាងមេភូមិចម្លងរមាំងលើ គឺលោក អ៊ុំ ឆន បានឃុបឃិតគ្នាជាមួយមេភូមិយកដីសាលាបឋមសិក្សាវាលធ្មា នៃឃុំអូរសំរិល ស្រុកសំឡូត មានទំហំទទឹងប្រមាណ ៨០ម៉ែត្រគុណនឹង ៣០០ម៉ែត្រ ក្នុងចំណោមផ្ទៃដី ១៦០ម៉ែត្រគុណនឹង ៣០០ម៉ែត្រ លក់ទៅឲ្យប្រជាពលរដ្ឋក្នុងភូមិអ្នកមានលុយកាក់ ដោយពុំមានការឯកភាពពីអ្នកភូមិឡើយ។ អ្នកភូមិព្រួយបារម្ភខ្លាចអាជ្ញាធរលក់ដីសាលាអស់ ហើយពុំមានដីសាងសង់អគារជាប្រយោជន៍សាធារណៈ និងពុំមានទីធ្លាសម្រាប់ក្មេងលេងទៅថ្ងៃខាងមុខ៖ «បាទ! កាលដីសាលាមិនទាន់លក់មានទំហំធំទូលាយណាស់ យើងអាចសាងសង់ជាមណ្ឌលសុខភាព និងទីលានបាល់ទាត់សម្រាប់ក្មេងលេងកីឡាបានយ៉ាងស្រួល។ ប៉ុន្តែឥឡូវ គេលក់ដីសាលាអស់ពាក់កណ្ដាលបាត់ទៅហើយ មិនអាចធ្វើអ្វីបានធំដុំបាននោះទេ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេភូមិចម្លងរមាំងលើ លោក ឡឹក សាវុន មានប្រសាសន៍ថា អាជ្ញាធរភូមិពុំបានយកដីសាលារៀនទៅលក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះទេ។ លោកបញ្ជាក់ថា ដីដែលប្រជាពលរដ្ឋអះអាងថា តំណាងអាជ្ញាធរភូមិលក់ឲ្យទៅប្រជាពលរដ្ឋក្បែរសាលានោះ គឺជាដីកម្មសិទ្ធិរបស់បុគ្គល ហើយពុំមានពាក់ព័ន្ធនឹងដីសាលារៀនឡើយ៖ «បាទ! ប្រជាពលរដ្ឋគាត់មានសិទ្ធិក្នុងការតវ៉ាបាន ប៉ុន្តែការតវ៉ារបស់ពួកគាត់នោះ ធ្វើឡើងដោយការយល់ដឹងមិនច្បាស់លាស់នោះទេ»។
ទោះយ៉ាងនេះក្ដី ប្រជាពលរដ្ឋ ព្រមទាំងគណៈកម្មការសាងសង់សាលាអះអាងថា ដីដែលអាជ្ញាធរភូមិលក់ឲ្យប្រជាពលរដ្ឋនោះ ពិតជាដីរបស់សាលា ហើយអាជ្ញាធរបានឆ្វៀលដីសាលាលក់បន្តបន្ទាប់ជាច្រើនមកហើយ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា លោកបានទទួលដំណឹងជុំវិញការលក់ដីរបស់សាលានេះពីប្រជាពលរដ្ឋដែរ ប៉ុន្តែលោកពុំដឹងថា ដីនោះយ៉ាងណាច្បាស់លាស់នៅឡើយទេ។ ទោះយ៉ាងនេះក្ដី លោកពន្យល់ថា ប្រសិនបើដីនោះជាដីកម្មសិទ្ធិរបស់សាលាដែលបានចុះបញ្ជីកម្មសិទ្ធិដីធ្លីត្រឹមត្រូវ គឺមិនអាចបុគ្គលណាយកដីនោះទៅលក់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបាននោះទេ៖ «បញ្ហានេះ ខ្ញុំនឹងនាំយកព័ត៌មានដែលខ្ញុំទទួលបានពីប្រជាពលរដ្ឋនេះ ទៅជម្រាបលោកអភិបាលស្រុកសំឡូត ដើម្បីធ្វើការដោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋ»។
ទោះយ៉ាងណា ប្រជាពលរដ្ឋបាននាំគ្នាផ្ដិតស្នាមមេដៃបានចំនួន ១៥០នាក់ ដើម្បីដាក់ទៅឲ្យអាជ្ញាធរស្រុកសំឡូត សុំឲ្យជួយដោះស្រាយ និងឲ្យមេភូមិបញ្ឈប់លក់ដីសាលាបន្តទៀត។ បច្ចុប្បន្ន សាលាបឋមសិក្សាវាលធ្មា មានអគារចំនួនមួយខ្នងមាន ២បន្ទប់ ហើយមានគ្រូបង្រៀនចំនួន ២នាក់ និងមានសិស្សកំពុងសិក្សាប្រមាណ ៦០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
